ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញថា ករណី​ប្តឹង​មន្រ្តី​អាដហុក​ត្រូវការ​ភស្តុតាង​ជា​បទសម្ភាសន៍​ទាំង​ស្រុង​ដើម្បី​ដោះ​បន្ទុក


រូបឯកសារ៖ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

ខណៈ​លោក ហ៊ុន សែន ប្តឹងមន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដ​ហុកមួយ​រូបដោយ​យកភស្តុតាង​ជា​អត្ថបទ​សារព័ត៌មាន​មក​ដាក់​បន្ទុក ក្រុម​អ្នក​ជំនាញ​ផ្នែក​ច្បា​ប់ លើក​ឡើង​ថា ​អ្នក​រងពាក្យ​បណ្តឹង​ត្រូវ​តែមាន​ភស្តុតាង​រឹងមាំ​ក្នុង​ការ​ដោះ​បន្ទុក ដូចជា​បទ​សម្ភាសន៍​ទាំង​ស្រុង ដើម្បី​ផ្ទៀង​ផ្ទាត់និង​តតាំង​ក្តី​នៅ​តុលាការ។ ក្រុម​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ទាំង​នោះ​បន្ថែម​ថា​ ស្ថាប័ន​សារព័ត៌​មាន​ក៏​ត្រូវ​តែ​បញ្ជាក់​ការ​ពិត ជុំវិញព័ត៌មាន​ដែល​ខ្លួន​បាន​សរសេរ​ផ្សព្វផ្សាយ​នោះផង​ដែរ។

កាល​ពី​ថ្ងៃ​ចន្ទ ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន បាន​ដាក់​ពាក្យប្តឹង​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ទៅ​តុលាការ ​ពាក់ព័ន្ធនឹង​អត្ថបទ​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​សារព័ត៌​មាន The Cambodia Daily ​កាល​ពី​ថ្ងៃ​ទី ​២ ខែ​កុម្ភៈ ដោយ​ដកស្រង់​សម្តី​របស់​លោក ស៊ឹង សែន​ករុណា។

ក្នុង​អត្ថបទសារព័ត៌មាន​The Cambodia Daily ​ដែល​មាន​ចំណង​ជើ​ងថា «លោក សុន ឆ័យ គ្រោង​លក់​ផ្ទះ​ចុង​ក្រោយ​របស់​លោក​ជាង​ ១​លាន​ដុល្លារ ដើម្បី​សង​ជំងឺ​ចិត្ត​បក្ស​កាន់​អំណាច» លោក ស៊ឹង សែនករុណា ត្រូវ​បាន​ដក​ស្រង់សម្តី​មក​សរសេរ​ថា៖ «វិវាទ​របស់​អ្ន​កនយោបាយ​គួរបញ្ចប់​ដោយ​នយោ​បាយ មិនគួរ​ប្រើប្រព័ន្ធ​តុលាការ​មកដោះ​ស្រាយ​ទេ​។ .​.. គណបក្ស​កាន់​អំណាច​តែង​តែ​យក​តុលាការ​មកធ្វើជា​របាំង​ក្នុង​ការ​គាប​សង្កត់​ដៃគូ​នយោបាយ​ប្រឆាំង​របស់​ខ្លួន​។ ... គណបក្ស​នយោបាយ​ទាំង​អស់​គួរ​តែ​ប្រើប្រាស់​វិធី​ចាស់ទុំ ដើម្បី​ធ្វើការប្រកួត​ប្រជែង​គ្នា គួរ​បញ្ឈប់​នូវ​វប្បធម៌​គំរាម​កំហែង​ដៃគូនយោបាយ​របស់ខ្លួន​ ដើម្បី​ទុក​ជា​គំរូ​សម្រាប់​អ្នក​នយោ​បាយ​ជំនាន់​ក្រោយ​»។

ក្រុមមេធាវី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ក្នុង​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ថា​ ការ​ថ្លែង​របស់​លោក ស៊ឹង សែនករុណា នៅ​ក្នុង​អត្ថបទ​នោះ ជា​ការ​«ទម្លាក់​កំហុស​ដោយ​អសុទ្ធ​ចិត្ត និង​មូល​បង្កាច់​នាំ​ឱ្យ​ប៉ះ​ពាល់ដ៏​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​គណបក្សប្រជាជន​កម្ពុជា»។ លោក ហ៊ុន សែន បានទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២ ​ពាន់​លាន​រៀល ឬ​ប្រមាណ ​៥០ ​ម៉ឺន​ដុល្លារ។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ម្នាក់ ​លោក សឺន ជុំជួន ថ្លែង​ថា ភស្តុតាង​សំខាន់​ជាង​គេ គឺ​សម្តី​ដើម​ដែល​ជា​សំឡេង ឬ​សំណេរ​ជាអក្សរ ដើម្បី​យក​មក​ផ្ទៀង​ផ្ទាត់ ជាមួយ​អត្ថបទ​នោះ​ថា​តើ​លោក ស៊ឹង សែន​ករុណា ពិត​ជា​បាន​និយាយ​បែប​នោះ​ឬ​យ៉ាងណា។

លោក​ថ្លែង​ថា៖ «អ្វី​ដែល​ជា​សំឡេង​របស់​គាត់​ពិត​ ​សំណេរ​របស់​គាត់​ពិត​ជា​ដើម​ហ្នឹង​ គេ​ឆ្លុះ​បញ្ចាំង​ទៅមើល​ឃើញ​ថា​វា​មិន​មាន​ធាតុ​ផ្សំ​ ឬ​ក៏​រក​មិន​ឃើញ​មាន​ពិរុទ្ធភាព​ទេ រក​មិន​ឃើញ​ទេ គឺ​ត្រូវ​បាន​ទម្លាក់​បទ​ចោទ​វិញ​ លើក​លែង​បទ​ចោទ​»។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ រាជធានីភ្នំពេញ នៅខេត្តកណ្តាល ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ រាជធានីភ្នំពេញ នៅខេត្តកណ្តាល ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​រូប​នេះ​បន្ថែម​ថា ​បើ​ទោះ​បី​ជា​សារព័ត៌​មាន The Cambodia Daily បាន​លុប ​និង​កែ​សម្រួល​ពាក្យ​ពេចន៍​ដែល​ចុះ​ផ្សាយ​នោះ​ក្តី ​ក៏​ត្រង់​ចំណុច​នេះ ​មិន​ទាន់​ជា​ភស្តុតាង​រឹងមាំ​ក្នុង​ការ​ដោះ​បន្ទុក​នោះ​ទេ ព្រោះ​សមត្ថកិច្ច និង​តុលាការ​បាន​រក្សា​ទុក​ភស្តុតាង​ដែល​ជា​អត្ថបទ​ដើម ដើម្បី​ចោទ​ប្រកាន់។ លោក​បន្ថែម​ថា ​ស្ថាប័ន​សារ​ព័ត៌មាន​គួរ​តែ​ចេញ​លិខិត​បញ្ជាក់​មួយ​ក៏​ជា​ការ​ល្អ ដើម្បី​បង្ហាញ​ភាព​ស្អាត​ស្អំ​របស់​លោក ស៊ឹង សែនករុណា ដោយ​សារ​លោក​អះអាង​ថា​លោក​មិន​បាន​ប្រើប្រាស់​ពាក្យ​ពេចន៍​ចំៗ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។

លោក​ សឺន ជុំជួន ​ថ្លែង​ថា៖«Cambodia Daily គាត់​អាច​ធ្វើ​លិខិត​ជា​សាធារណៈ​មួយ​ក៏​ល្អ​ដែរ ដើម្បី​បង្ហាញ​ភាព​ស្អាត​ស្អំ​របស់​លោក​ ស៊ឹង សែនករុណា។ គួរតែ​ធ្វើ​ បើ​មិន​ធ្វើ​ទេ​វា​មិន​មាន​អ្វី​មួយ​សម្រាប់​ជា​ការ​ដោះ​បន្ទុក​សម្រាប់​គាត់​ទេ ដោយ​សារ​ The Cambodia Daily ជា​ភាគី​ពាក់ព័ន្ធ​ មិន​អាច​គេច​វេះ​បាន​ទេ ដើម្បី​ដោះ​បន្ទុក​ឱ្យ​ភាគី​ដែល​ត្រូវ​បាន​សង្ស័យ​ឬ​ក៏​ត្រូវ​ចោទ​ជា​ដើម»។

បើ​តាម​លោក​ សឺន ជុំជួន ការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ប្រមាណ​ ៥០ ​ម៉ឺន​ដុល្លារ​អាមេរិក​នោះ​ បើ​សិន​ជាលោក​ ស៊ឹង សែន​ករុណា មិន​មាន​លទ្ធភាព​បង់​សង នោះ​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​អាច​រង​ទណ្ឌ​កម្ម​លើ​រូបកាយ ឬ​ជាប់​ពន្ធនាគារ ឬ​អាច​រួច​ផុត​ពី​ទោស​ទណ្ឌ ប្រសិន​បើ​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​មិន​មាន​ចេតនា​គេច​វេសក្នុង​ការ​បង់​សង​សំណង​ទៅ​ដើម​បណ្តឹងពេល​សាល​ក្រម ឬ​សេចក្តី​សម្រេច​របស់​តុលាការចូល​ជា​ស្ថាពរ​នោះ។

ចំណែក​មេធាវី​ម្នាក់​ទៀត លោក គង់ សំអុន ប្រាប់​វីអូអេ​ថា ​ជុំវិញ​ករណី​នេះ​ត្រូវ​តែ​រក​អ្នក​ដែលទទួល​ខុស​ជា​មុន​សិន មុន​ឈាន​ទៅ​រក​ភស្តុតាង​ដោះ​បន្ទុក ព្រោះ​លោក​ថា​«​ការ​ទម្លាក់​កំហុស​ដោយ​អសុទ្ធ​ចិត្ត» មាន​ន័យ​ថា​ជា​ចេតនា​ធ្វើ​ឱ្យ​ព័ត៌មាន​មួយមិន​ពិត ធ្វើ​ឱ្យ​គេ​ជឿ ឬ​ថា​ទម្លាក់​កំហុស​បង្កាច់​បង្ខូច។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ទៅ​ពីរ​ភាគី​ហ្នឹង​ត្រូវ​ដោះ​ស្រាយ​គ្នា​សិន​ បាន​រក​អ្នក​ទទួល​ខុស​ត្រូវ​ឃើញ​ ព្រោះ​ការ​ទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត បាន​ន័យ​ថា ​វា​មាន​ចេតនា​ធ្វើ​ឱ្យ​ព័ត៌មាន​មួយ​ដែល​វា​មិន​ពិតហ្នឹង​ឱ្យ​គេ​ជឿ អ៊ីចឹង​មាន​ទស្សនៈ​មួយ​គេ​ថា​ទម្លាក់​កំហុស​បង្កាច់​បង្ខូច​»។

លោក​ពន្យល់​បន្ត​ថា៖ «ឥឡូវ​នេះ ដំណាក់​កាល​មុន​នឹង​ឈាន​ទៅ​ដល់​ទម្លាក់​កំហុស​ហ្នឹង​ត្រូវ​រក​ថា​អ្នក​ណា​អ្នក​ធ្វើ​។ Cambodia Daily មួយ​ទៀត​តួ​អង្គ​សំខាន់​ថា​ តើ​គាត់​បាន​ព័ត៌មាន​ហ្នឹង​មក​ពី​ណា ហើយ​បើ​អត់​មាន​ ធ្វើ​ម៉េច​មាន​ភស្តុតាង​មក​ដាក់​បន្ទុក​លើ​លោក ស៊ឹង សែន​ករុណា បាន​ព្រោះ​គាត់​បដិសេធ​»។

ទាក់​ទង​នឹង​សំណង​រដ្ឋប្បវេណី មេធាវី គង់ សំអុន លើក​ឡើង​ថា ​តុលាការ​ក៏​គួរ​តែ​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ជីវភាព​របស់​ជន​ត្រូវ​ចោទ​ដែរ ព្រោះ​បើកាល​ណា ​តុលាការ​បង្គាប់​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ​ដូច​ការ​ទាមទារ​របស់​ដើម​បណ្តឹង​ នោះ​វា​នឹង​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ចគ្រួសារ​របស់​បុគ្គល​ដែល​រង​បណ្តឹង​នោះ។

លោក ស៊ឹង សែនករុណា បដិសេធ​មិន​អត្ថាធិប្បាយ​នា​ពេល​នេះ ដោយ​ចង់​រក្សា​ភាព​ស្ងៀម​ស្ងាត់។

វីអូអេ​មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក តាំង សារ៉ាដា ប្រធាន​សារព័ត៌​មាន ​The Cambodia Daily ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​សារព័ត៌មាន​ The Cambodia Daily កាល​ពី​ថ្ងៃ​ពុធ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា ​ខ្លួន​បាន​កែ​សម្រួល​សម្តី​ដក​ស្រង់​របស់​លោក ស៊ឹង សែន​ករុណា មួយ​ចំនួន ដែល​ក្នុង​នោះ​លុប​ចោល​នូវ​សម្តី​ចម្រូង​ចម្រាស ដូច​ជា​«គណបក្ស​កាន់​អំណាច​តែង​តែ​យក​តុលាការ​មកធ្វើជា​របាំង​ក្នុង​ការ​គាប​សង្កត់​ដៃគូ​នយោបាយ​ប្រឆាំង​របស់​ខ្លួន»។

វីអូអេ​បាន​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​ក្រុម​មេធាវី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​មេធាវី​លោក ម៉ម ចាន់​ណែត និង​លោក ​ផូ សុធាផល បានបដិសេធ​មិន​អត្ថាធិប្បាយ ដោយ​ថា​«ដើម្បី​រក្សា​ការ​សម្ងាត់​ចំពោះ​វិជ្ជា​ជីវៈ​មេធាវី»។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ទោះ​បី​ជា​សារព័ត៌​មាន ​The Cambodia Daily ​បាន​កែ​សម្រួល​ខ្លឹមសារ​អត្ថបទ​របស់​ខ្លួន​ក្តី ក៏​គណបក្ស​កាន់​អំណាច​នៅ​តែ​បន្ត​រក្សា​ពាក្យ​បណ្តឹង​ដែរ។ លោក​ថា​ករណី​នេះ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច​ទៅ​ចុះ។

លោក​ថ្លែងថា​៖ «អាស្រ័យ​ទៅ​លើ​តុលាការ​ពីព្រោះ​ពាក្យ​បណ្តឹង​បាន​ចូល​ដល់​ដៃ​តុលាការ​រួច​ហើយ​។ ការ​កែ​តម្រូវ​ពាក្យ​ ឬ​ខ្លឹមសារ​និយាយ​យ៉ាង​ម៉េច វា​អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​តុលាការ​ ទាំង​ភាគី T​he Cambodia Daily ទាំង​ភាគី​របស់​លោក​ ស៊ឹង សែន​ករុណា ហ្នឹង​ឯង​បាទ»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត សោក​ស្តាយ​ចំពោះ​បញ្ហា​ដែល​កើត​ឡើង​ចំពោះ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ​លោក​ ស៊ឹង សែនករុណា ​នា​ពេល​នេះ។ ទោះ​ជា​យ៉ាង​ណា​ លោក​ អំ សំអាត ថា ​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​មាន​សារៈសំខាន់​នៅ​ក្នុង​សង្គម​ប្រជាធិប​តេយ្យ​ ដើម្បី​ចូល​រួមអភិវឌ្ឍ​ប្រទេស។

លោក​ថ្លែង​ថា៖ «ទោះជា​យ៉ាង​ណា​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ហ្នឹង នៅ​តែ​លើក​ទឹក​ចិត្ត​សូម​ឱ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ហ្នឹង​នៅ​បន្ត​ការ​បញ្ចេញ​មតិ​របស់​ខ្លួន ព្រោះ​ការ​បញ្ចេញ​មតិ​ ដើម្បី​កែ​លម្អ​ ការ​បញ្ចេញ​មតិ​ ដើម្បី​ស្ថាបនា ការ​បញ្ចេញ​មតិ​ ដើម្បីចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស វា​ជា​រឿង​ចាំបាច់​នៅ​ក្នុង​សង្គម​ប្រជាធិប​តេយ្យ»។

គួរ​បញ្ជាក់​ថា ​ក្រោយ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន ក្នុង​ការ​ប្តឹង​ផ្តល់ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​បង្ហោះ​សារជា​អក្សរ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក ​កាល​ពីថ្ងៃ​ទី ៥ ខែ​កុម្ភៈ​ថា៖ ​«បេសក​កម្ម ​សកម្ម​ភាព ​និង​ការផ្តល់​បទ​សម្ភាសន៍​របស់ខ្ញុំ​ក្នុង​បំណង​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស ច្បាប់ ​យុត្តិធម៌​សង្គម និង​ប្រជាធិប​តេយ្យ ​ដោយ​មិន​បម្រើបក្ស​នយោបាយ​ណាមួយ​នោះ​ទេ ហើយ​ក៏គ្មាន​ចេត​នា​ណាមួយ​វាយ​ប្រហារ​បក្ស​នយោ​បាយ​ណាមួយ​ឡើយ។ រាល់ការ​សម្រង់​សម្តី​របស់​ខ្ញុំ​ទៅ​បន្ថែម​បន្ថយ​បញ្ចេញ​បញ្ចូល​វាយ​ប្រហារ​ចំៗ​លើ​ឈ្មោះ​បក្ស​នយោបាយ​ណា​មួយ​នោះ​ វា​មិន​មែន​ជា​ចេតនា និង​គោល​បំណង​របស់​ខ្ញុំ​នោះទេ ដូច្នេះ​ខ្ញុំ​មិន​ទទួល​ស្គាល់​ឡើយ»។

លោក ស៊ឹង សែនករុណា ​ក៏​បាន​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​លោក​មិន​បាន​ប្រើប្រាស់​ពាក្យ​ពេចន៍​ចំៗ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​ឡើយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG