ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​កម្ពុជា​និង​តុលាការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ការ​ចូលរួម​របស់​ពលរដ្ឋ


រូបឯកសារ៖ សកម្មជនសិទ្ធិមនុស្សរៀបចំតាំងជញ្ជីងយុត្តិធម៌ ក្នុងកម្មវិធីដើរហែក្បួនមួយដើម្បីអបអរសាទរខួប៧៥ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ សកម្មជនសិទ្ធិមនុស្សរៀបចំតាំងជញ្ជីងយុត្តិធម៌ ក្នុងកម្មវិធីដើរហែក្បួនមួយដើម្បីអបអរសាទរខួប៧៥ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់​ដែល​ជា​បណ្ដឹង​ធ្វើ​ឡើង​ដោយ​ចេតនា​ដើម្បី​បំបាក់​ទឹក​ចិត្ត បំភិត​បំភ័យ ​រំខាន ​បង្អាក់​ បំបិទ​សំឡេង​ប្រឆាំង​ ការ​រិះគន់​ ឬ​ការ​មិន​យល់​ស្រប ​ត្រូវ​បាន​ដែល​រដ្ឋាភិបាល​កម្ពុជា​ និង​តុលាការ​ប្រើប្រាស់​ជា​ញឹកញាប់ ​ដែលប៉ះពាល់​ដល់​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​បន្ទុច​បង្អាក់​ការ​ចូលរួម​របស់​ពលរដ្ឋ។​ នេះ​បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ដែល​រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ សមាគម​អាដហុក ​និង​មជ្ឈមណ្ឌល​សាមគ្គីភាព​ដែល​បាន​ចង​ក្រង​សាលា​កប័ត្រ​ព័ត៌មាន​ស្តីពី ​«យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ការ​ចូលរួម​ជា​សាធារណៈ​នៅ​កម្ពុជា»​ ចាប់​ពី​ខែ​មករា​រហូត​ដល់​ខែ​ធ្នូ ​ឆ្នាំ ​២០២៣។​

ពួកគេ​លើក​ឡើង​ថា នៅ​កម្ពុជា ​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់​ត្រូវ​បាន​រដ្ឋាភិបាល ​ឬ​តុលាការ​ប្រើប្រាស់​ជា​ញឹកញាប់​ក្នុង​ទម្រង់​ជា​ការដាក់​ទោស​ព្រហ្មទណ្ឌ ​ដូចជា​ការ​កោះ​ហៅ​មក​សាកសួរ ​ឬ​ដាក់​ឱ្យ​ជាប់​បណ្តឹង​អាជ្ញា ​ហើយ​ចំនួន​មនុស្ស​ដែល​ជាប់​ក្នុង​បណ្តឹង​នេះ​មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ​ ២០២៣​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២។​

យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​បំភិត​បំភ័យ​បុគ្គល​ទាំងឡាយ​ ដូច​ជា​តួអង្គ​សង្គម​ស៊ីវិល​ ថ្នាក់​ដឹកនាំ​សហគមន៍​ អ្នក​សារ​ព័ត៌មាន​ អ្នក​ផ្សាយ​ព័ត៌មាន​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ឱ្យ​មាន​ការភ័យ​ខ្លាច​ និង​ស្ងៀមស្ងាត់។​

បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់​មាន​គោលដៅ​ការពារ​រដ្ឋាភិបាល ​និង​បុគ្គល​មាន​អំណាច​ប្រឆាំង​នឹងការ​រិះគន់ ​ឬ​ការ​ជំទាស់​ ដើម្បី​បំបិទ​សំឡេង​រិះគន់​ និង​បំបាក់​ទឹកចិត្តមិន​ឱ្យ​ប្រជា​ពលរដ្ឋចូល​រួម​ក្នុង​កិច្ចការ​សង្គម។​ អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ទៀត​ថា មាន​ការ​ចាប់​ខ្លួន​បុគ្គល​ជា​ច្រើន​ និង​ការ​ជំនុំ​ជម្រះ​រឿង​ក្តី​ព្រហ្មទណ្ឌ ​ដែល​មាន​រយៈ​ពេល​យូរ​ មិន​កំណត់​ ព្រម​ទាំង​ចំណាយ​ធនធាន​ជា​ច្រើន​ ហើយ​ជារឿយៗ​ ករណី​ទាំង​នោះ​តែង​មាន​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ជា​ច្រើន​ខែ​ឆ្នាំ។ ​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់​នេះ​ធ្វើ​ឱ្យ​ការ​ចូលរួម​របស់​ពលរដ្ឋ​នៅ​ក្នុង​សង្គម​ធ្លាក់​ចុះ ​ដោយ​សារ​តែ​ភ័យខ្លាច​ជាប់​ពន្ធនាគារ ​និង​ខ្លាច​បង្ក​ជា​បន្ទុក​ធ្ងន់ធ្ងរ​ផ្នែក​ថវិកា​ក្នុង​ការ​ចំណាយ​លើ​សេវា​ច្បាប់ ​និង​ប្រាក់​ពិន័យ​ផ្សេងៗ។​

យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ការ​ចូលរួម​ជា​សាធារណៈ​ត្រូវ​បាន​ប្រើប្រាស់​ចំនួន​ ៣៩ ​ដង ​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ ​២០២៣។ ​នេះ​បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល។​ ៣១% ​នៃ​ករណី ​ដែល​មាន​មនុស្ស​៥២​នាក់​ពាក់ព័ន្ធ​ គឺ​ជា​បណ្ដឹង​លើ​សកម្មជន​នយោបាយ ​ឬ​អ្នក​នយោបាយ​ពាក់ព័ន្ធ​ករណី​បង្ហោះ​ ឬ​ចែករំ​លែក​មតិ​យោបល់​អំពី​ការ​បោះឆ្នោត​សកល​ឆ្នាំ​ ២០២៣។ ​បន្ថែម​ពី​នេះ ​២១% ​នៃ​ករណី​សរុប​ដែល​មាន​មនុស្ស​ ៩ ​នាក់​ពាក់ព័ន្ធ​គឺ​ជា​បណ្ដឹង​ជំទាស់​មក​លើ​អ្នក​សារ​ព័ត៌មាន ​បន្ទាប់​ពី​រាយ​ការណ៍​ឬ​បក​ស្រាយ​រឿង​អំពើ​ពុក​រលួយ ​ឬ​បញ្ហា​រសើប។ ​នេះ​បើ​តាម​ការ​រក​ឃើញ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។​

មាន​ការ​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់​ចំនួន ​១០ ​ករណី ​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​ ក្នុង​ខែ​កក្កដា​ ឆ្នាំ​ ២០២៣ ​ដែល​ជា​ខែ​មាន​ករណី​កើត​បណ្តឹង​នេះ​ច្រើន​ជាង​គេ។​ ទន្ទឹម​នឹង​នេះ​ ករណី​ភាគ​ច្រើន​ គឺ​រដ្ឋាភិបាល​ ឬ​តុលាការ​ជា​អ្នក​ប្រើ​បណ្ដឹង​នេះ​ ព្រម​ទាំង​កំណត់​មុខ​សញ្ញា​លើ​បុគ្គល​ចម្រុះ។​

នៅ​ក្នុង​ឆ្នាំ ​២០២២ ​មាន​ការ​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់​ចំនួន​ ៣៧​ ករណី ពាក់​ព័ន្ធ​នឹង​មនុស្ស​ ៧៩ ​នាក់។​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ​២០២៣​ មាន​បុគ្គល​ចំនួន ​១២៧ ​នាក់។ ​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា​ ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់​នេះ​កើន​ឡើង​ជា​លំដាប់។​

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ​លោក ​ជិន ម៉ាលីន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​រដ្ឋាភិបាល​មិន​មាន​ការ​អនុវត្ត​យុទ្ធសាស្រ្ត​បណ្តឹង​ផ្លូវ​ច្បាប់ ​ដូច​ជា​ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឡើយ។

លោក​ថ្លែង​ថា៖​ «រដ្ឋាភិបាល​ដូច​អត់​មាន​យុទ្ធសាស្រ្ត​បណ្តឹង​ផ្លូវ​ច្បាប់​អី​ទេ។​ រដ្ឋាភិបាល​មាន​តែ​ជំរុញ ​និង​ការ​អនុវត្ត​ច្បាប់​តាម​បែប​ប្រជា​ធិបតេយ្យ ​និង​នីតិរដ្ឋ។ ​ហើយ​ខាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​តូច​លើក​ឡើង ​ដោយសារ​តែ​គាត់​ភ័យ​ខ្លួន​ខ្លួន​គាត់​ ដោយសារ​គាត់​អាច​ថា ​ខ្លួន​គាត់​ធ្វើ​សកម្មភាព​ក្នុង​ចេតនា​នយោបាយ​ ឬ​ក៏​ចេតនា​មិន​ល្អ​ណា​មួយ។ គាត់​ភ័យ​ខ្លួន​គាត់»។​

លោក ​ស៊ឹង សែនករុណា ​អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​ស្រាវជ្រាវ​សាលាកប័ត្រ​យុទ្ធសាស្រ្ត​បណ្តឹង​ផ្លូវ​ច្បាប់​នេះ ​ធ្វើ​ឡើង​ដើម្បី​កុំ​ឱ្យ​រដ្ឋាភិបាល​ ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​ទាំង​ឡាយ​ណា​ដែល​តែងតែ​ប្រើ​ប្រាស់​ចេតនា​ យុទ្ធសាស្រ្ត​បណ្តឹង​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​នយោបាយ ​សកម្ម​ជន​ដីធ្លី សហជីព ​អង្គការ​សង្គម​ស៊ីវិល ​និង​អ្នក​សារ​ព័ត៌មាន​ប្រើប្រាស់​យុទ្ធសាស្រ្ត​នេះ​ជាបន្ត​ទៀត។​

លោកថ្លែង​ថា៖ ​«យើង​ចង់​ជំរុញ​ឱ្យ​មាន​ច្បាប់​ហាម​ប្រាម​យុទ្ធសាស្រ្ត​បណ្តឹង​ផ្លូវ​ច្បាប់​ ប្រឆាំង​ការ​ចូល​រួម​ជាសាធារណៈ ​ហើយ​ច្បាប់​ហ្នឹង​ក៏​ត្រូវ​តែ​ចែង​ពី​ការ​ផ្តន្ទាទោស​ដល់​បុគ្គល​ ឬ​ក៏​ស្ថាប័ន​ ដែល​ប្រើប្រាស់​យុទ្ធសាស្រ្ត​បណ្តឹង​ផ្លូវច្បាប់​ហ្នឹង។​ នៅ​ត្រឹម​ឆ្នាំ​ ២០២៦​ គឺ​ចង់​ឱ្យ​មាន​ច្បាប់​ហ្នឹង ​បាទ»។​

ដើម្បី​ទប់ស្កាត់​ករណី​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ រដ្ឋាភិបាល​គួរ​តែ​ជំរុញ​ឱ្យ​មាន​ច្បាប់​ដែល​ហាម​ប្រាម​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ការ​ចូលរួម​ជា​សាធារណៈ​ ហើយ​ច្បាប់​នោះ​មាន​ចែង​ពី​ការផ្តន្ទា​ទោស​ដល់​បុគ្គល​ ឬស្ថាប័ន​ដែល​ប្រើប្រាស់​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់ ​ពិនិត្យ​ និង​វិសោធន​កម្ម​ក្រម​ព្រហ្មទណ្ឌ​ជាពិសេស​បទ​ល្មើស​បរិហារកេរ្តិ៍ ​និង​ការ​ញុះញង់​ឱ្យ​ស្រប​ទៅ​តាម​ក្រប​ខណ្ឌ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ​ផ្តល់​ការ​បណ្តុះបណ្ដាល​ដល់​មន្ត្រី​នគរបាល ​និង​មន្ត្រី​តុលាការ​ឱ្យ​យល់​ដឹង​ពី​យុទ្ធសាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ការចូល​រួម​ជា​សាធារណៈ ​បង្ក​និង​បង្កើត​បរិយាកាស​ល្អ​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ អ្នក​សារ​ព័ត៌មាន​ឯករាជ្យ ​និង​សកម្មជន ​ដោយ​អនុញ្ញាត​ឱ្យ​អ្នក​ទាំង​នោះ​អាច​ធ្វើការ ​និង​ធ្វើ​សកម្ម​ភាព​ស្រប​តាម​ច្បាប់៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG