ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។

១៩:១៥ ៩.៤.២០២០

អាជ្ញាធរកម្ពុជា​រក​ឃើញ​អ្នក​ជា​សះស្បើយ​ម្នាក់ ​កើត​ជំងឺ​កូវីដ១៩ ឡើង​វិញ

ភ្នំពេញ — ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​១​នាក់​ទៀត​ ដែល​កើត​លើ​ជន​បរទេស និង​អ្នក​ជំងឺ​ម្នាក់​ដែល​ជា​សះស្បើយ​ហើយ តែកើត​ជំងឺ​កូវីដ​១៩​នេះឡើង​វិញ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ។

ការ​ឆ្លង​ថ្មី​ដែល​កើត​ឡើង​លើ​ជនជាតិ​ចិន​នេះ នាំ​ឲ្យ​ករណី​ឆ្លង​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ទៅ​១១៨។ ក្រសួង​បញ្ជាក់​ថា ជន​ជាតិ​ចិន​ដែល​ឆ្លង​នោះ គឺ​ជា​ស្រ្តី​អាយុ​៣០​ឆ្នាំ ជា​ភ្ញៀវទេសចរ និង​មាន​បំណងរក​ស៊ី​បើ​កហាង​នៅ​កម្ពុជា ហើយ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​នៅ​ភ្នំពេញ។ ស្រ្តី​នោះ​ជាអ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជន​បរទេសដែល​ត្រូវ​បាន​រក​ឃើញ​ថាផ្ទុក​វីរុស​កូរ៉ូណា កាល​ពី​កន្លង​ទៅ។

ក្រសួង​បន្ថែម​ថា បុរស​ខ្មែរ​ម្នាក់​អាយុ​៤០​ឆ្នាំ រស់​នៅ​ភ្នំពេញ ដែល​បាន​ជាសះស្បើយ​ហើយ ប៉ុន្តែ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​មេរោគ​ឡើង​វិញ ក្រោយ​ពី​ជា​សះស្បើយ​១៥​ថ្ងៃ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល មនុស្ស​៦​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​នះ​នៅ​ថ្ងៃ​នេះ។ គិ​ត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ សរុបអ្នក​ជា​សះ​ស្បើយ​ មាន​ទៅ​ដល់​៦៨​នាក់។

កន្លង​ទៅ អ្នក​ដែល​ជា​សះ​ស្បើយ ត្រូវ​បាន​ក្រសួង​សុខាភិបាល​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ តែ​ពួកគេ​ត្រូវ​ត្រឡប់​មក​ធ្វើ​តេស្ត​ឡើង​វិញ ​ក្រោយ​រយៈ​ពេល​២​សប្តាហ៍។ ក្រសួង​បាន​ណែនាំ​ពួកគេ​ឲ្យ​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ និង​រក្សា​អនាម័យ​ជា​ប្រចាំ។

លោក​ ម៉ាត់លី ​អាយុ​៤១​ឆ្នាំ នៅ​ខេត្ត​បាត់​ដំបង បាន​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា លោក​បាន​ជា​សះស្បើយ​ពី​ជំងឺ​នេះ កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​មីនា ហើយត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក​នឹង​ត្រូវ​ធ្វើ​តេស្ត​ជា​ថ្មី​រក​វីរុស​នេះ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩ ខែមេសា។ ប៉ុន្តែ​លោក​ថា​ សុខភាព​របស់​លោកមិន​ប្រែប្រួល​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «សុខភាព​របស់​ខ្ញុំ​នេះ​ធម្មតា ក្អក​ក៏​អត់​មាន ផ្តាសាយ​ក៏​អត់​មាន ក្តៅ​ក៏​អត់​មាន ដូច​យើង​រស់​នៅ​ធម្មតា»។ លោក​បន្ត​ថា​ការ​រស់​នៅ​ក្នុង​ផ្ទះ លោក​ស្នាក់​នៅ​ជាមួយ​មនុស្ស​៣នាក់​ផ្សេង​ទៀត រួម​មាន​កូន​២​នាក់ និង​បង​ថ្លៃ តែ​ពួកគេ​មាន​បន្ទប់​ផ្សេងៗ​គ្នា។

លោក​បញ្ជាក់​ថា៖ «នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែរ តែ​វា​តែង​តែ​ដើរ​ជួប​គ្នា​ខ្លះ​ដែរ​ហើយ»៕

២៣:៣២ ៨.៤.២០២០

សហជីព​បារម្ភ​ពី​ជីវភាព​កម្មករ​ព្យួរ​ការងារ ខណៈ​គោល​ការណ៍​ថ្មី​ផ្តល់​ឲ្យ​ពួកគេ​តែ​៧០​ដុល្លារ​ក្នុង​មួយ​ខែ

កម្មកររោងចក្រកាត់ដេរប្រភឹសឹស ខេមបូឌា ហ្គាមេន អិលធីឌី ក្នុងខេត្តកណ្តាល ចាប់ផ្តើមចេញពីរោងចក្រដើម្បីទទួលទានបាយថ្ងៃត្រង់ ដោយមានពាក់ម៉ាសគ្រប់គ្នា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)
កម្មកររោងចក្រកាត់ដេរប្រភឹសឹស ខេមបូឌា ហ្គាមេន អិលធីឌី ក្នុងខេត្តកណ្តាល ចាប់ផ្តើមចេញពីរោងចក្រដើម្បីទទួលទានបាយថ្ងៃត្រង់ ដោយមានពាក់ម៉ាសគ្រប់គ្នា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)

ភ្នំពេញ — លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ កាល​ពី​ថ្ងៃអង្គារ​ បាន​ប្រកាសថា កម្មកររោងចក្រ​កាត់​ដេរ​និង​ស្បែក​ជើង​ដែល​ត្រូវ​ព្យួរ​ការងារដោយ​សារ​រោងចក្រ​ផ្អាក​ផលិតកម្មព្រោះមេរោគ​កូរ៉ូណា​នោះ ​នឹងទទួល​បាន​អត្ថ​ប្រយោជន៍​ ៧០​ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​អ្នក​ធ្វើ​ការក្នុង​វិស័យ​កាត់​ដេរ​បារម្ភ​ថា ប្រាក់​នេះ​មិន​គ្រប់​សម្រាប់​ជីវភាព​របស់​ពួកគេ​ទេ។​

ក្នុង​សន្និសីទ​ស្តីពី​បច្ចុប្បន្ន​ភាព​ជំងឺ​កូវីដ-១៩​នៅថ្ងៃ​អង្គារ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ថ្លែង​ថា​ ក្រោយ​រោង​ចក្រ​ជាង ១០០​ បាន​ស្នើ​សុំ​ព្យួរព្រោះ​តែ​ខ្វះ​វត្ថុធាតុ​ដើម​ និង​មិនមាន​អ្នក​បញ្ជា​ទិញ​ដោយ​សារ​តែ​មេរោគ​កូរ៉ូណា​រាតត្បាត ​រដ្ឋាភិបាល​សម្រេច​ផ្តល់​ឲ្យ​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​ចំនួន​ ៤០​ដុល្លារ​ និង​ម្ចាស់​រោងចក្រ​ផ្តល់​ឲ្យ​ ៣០​ដុល្លារ​ក្នុង​មួយ​ខែ។​

លោក​បន្ត​ថា​ ចំនួន​នេះ​តិច​ជាង​ការ​សម្រេច​លើក​មុន​ដែល​រដ្ឋ​ផ្តល់​ឲ្យ​ ២០​ភាគ​រយ ​ ហើយ​ម្ចាស់​រោង​ចក្រ​ផ្តល់​ឲ្យ​ ៤០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ ១៩០​ដុល្លារ ​ សរុប​ជា​គឺ ១១៤​ដុល្លារ។ ​ប៉ុន្តែ​លោក​ហ៊ុន សែន​ថា​ ​ប្រាក់​អត្ថ​ប្រយោជន៍​៧០​ដុល្លារ​នេះ​ជា​លទ្ធ​ភាព​ដែល​រដ្ឋាភិបាល​និង​ម្ចាស់​រោង​ចក្រ​អាច​ធ្វើ​បាន។​

«កម្មករ​ម្នាក់​នឹង​ទទួល​បាន​ត្រឹមតែ​៧០​ទេ​តែ​មិន​តម្រូវ​ឲ្យ​កម្មករ​នេះ​ទៅ​ធ្វើការហ្វឹក​ហាត់​ដូច​ពេល​មុនទេ។ពេល​មុន​ថា​អ្នក​ឯង​ទទួលបាន​នូវការ​ឧបត្ថម្ភ​រយៈពេល​ ៦​ខែ​ តម្រូវ​ឲ្យ​ហ្វឹក​ហាត់៤​ខែ​ និង​ត្រៀម​ ២​ខែ​ទៀត។​ ប៉ុន្តែ​ឥឡូវ​អត់​ហ្វឹក​ហាត់​បាន​ទេ​ ដោយ​សារ​តែ​យើង​បាន​បិទ​អស់​ហើយ​នូវ​កន្លែង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ផ្សេង»។​

អ្នកស្រី​រស់ ធាវី ​កម្មការិនីកាត់​ដេរ​នៅ​រោង​ចក្រ​ Crystal Land Martin​ ក្នុង​ស្រុក​ខ្សាច់​កណ្តាល​ខេត្ត​កណ្តាល​ និយាយ​ថា​ អ្នកស្រី​ត្រូវ​បាន​ព្យួរ​ការងារ​រយៈ​ពេល​ពីរ​ខែ​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១​ ខែ​មេសា។​ អ្នកស្រី​បន្ត​ថា​ អ្នកស្រី​ត្រូវ​បាន​រោង​ចក្រ​បើក​ឲ្យ​ ៤០​ភាគ​រយ​នៃ​ប្រាក់​ខែ​គោល​ដែល​ស្មើ​នឹង​ ៧៥​ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ផ្តល់ពី​រដ្ឋាភិបាល​ចំនួន​ ២០​ភាគ​រយ​នោះ​ទេ។​

អានព័ត៌មានលម្អិត

២៣:២៨ ៨.៤.២០២០

អាជ្ញាធរ​រក​ឃើញពលរដ្ឋ​កម្ពុជា​២​នាក់​ទៀត​ឆ្លង​វីរុស​កូរ៉ូណា ករណីសរុប​កើន​ដល់​១១៧

ភ្នំពេញ — ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា២​នាក់​ទៀត​ ដែល​កើត​លើ​ពលរដ្ឋ​កម្ពុជា នាំ​ឲ្យ​ករណី​ឆ្លង​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ទៅ​១១៧។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ។

ក្រសួង​បញ្ជាក់​ថា មនុស្ស​ដែល​ឆ្លង​នោះ មានស្រ្តីម្នាក់ អាយុ​៤៥​ឆ្នាំ ជា​ភរិយា​របស់​បុរស​ ដែល​មាន​វីរុស​កូរ៉ូណា កាល​ពី​កន្លង​ទៅ។ ស្រ្តី​នោះ​ត្រូវ​ដាក់​ឲ្យ​សម្រាក​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ។ អ្នក​ឆ្លង​ម្នាក់​ទៀត គឺ​ជា​បុរស អាយុ​៤៧​ឆ្នាំ ត្រូវ​ជា​ស្វាមី​របស់​ស្រ្តី​ម្នាក់​រស់​នៅ​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ ដែល​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នេះ​ដែរ។ បើ​តាម​ក្រសួង​សុខាភិបាល បុរស​នេះ​ជា​មិត្តភក្តិ​របស់​បុរស​ជនជាតិ​ចិន​ចូល​មក​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ ហើយ​បាន​ចាក​ចេញ​ពី​កម្ពុជា នៅ​ថ្ងៃទី​៣ ខែមេសា និង​ត្រូវ​បាន​រក​ឃើញ​ថា​ផ្ទុក​វីរុស​កូរ៉ូណា ដោយ​អាជ្ញាធរសុខាភិបាល​នៅ​ប្រទេស​ចិន។

ក្រសួង​បញ្ជាក់​ថា​ជនជាតិ​ចិន​រូប​នេះ ឧស្សាហ៍​ចេញ​ចូល​ប្រទេស​កម្ពុជា និង​ជាមិត្ត​ប្រុស​របស់ស្រ្តី​ជនជាតិ​វៀតណាម​ ដែល​ត្រូវ​បាន​រក​ឃើញផ្ទុក​វីរុស​កូរ៉ូណា និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា កាលពី​ថ្ងៃ​អង្គារ។

រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បិទ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ផ្សេងៗ មក​កម្ពុជា​នោះ​ទេ។ លោក ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ដោយសារ​ប្រទេស​ទាំង​នោះបាន​បិទ​ជើង​យន្ត​ហោះ និង​ការ​ធ្វើ​ដំណើរ​អស់​ហើយ ដូច្នេះ​កម្ពុជា​មិន​បាច់​បិទ​នោះ​ទេ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល មនុស្ស​៥​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ។ គិ​ត​ត្រឹម​ថ្ងៃ​ពុធ​នេះ សរុបអ្នក​ជា​សះ​ស្បើយ​ មាន​ទៅ​ដល់​៦៣​នាក់​៕

០២:១១ ៨.៤.២០២០

លោក ​ហ៊ុន សែន ​ការពារ​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ថា ​មិន​មែន​ជា​លេស​ដើម្បី​បំបិទ​សិទ្ធិ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំចលាចលអំពីការឆ្លងមេរោគនេះ ដែលនៅកម្ពុជាទើបតែមានមួយករណីប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំចលាចលអំពីការឆ្លងមេរោគនេះ ដែលនៅកម្ពុជាទើបតែមានមួយករណីប៉ុណ្ណោះ។

ភ្នំពេញ — លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន​ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ថ្លែង​ការ​ពារ​ថា ​ការ​បង្កើត​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ គឺ​ដើម្បី​អនុវត្ត​ពេល​ស្ថានភាព​ទាំង​ឡាយ​ណា ​«ដែល​មិន​អាច​គ្រប់​គ្រង​បាន» ​នា​ពេល​ខាង​មុខ​ ហើយ​ថា ​មិន​មែន​ជា​លេស​ ដើម្បី​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ​នោះ​ទេ។​

ក្នុង​សន្និសីទ​ស្តីពី​បច្ចុប្បន្ន​ភាព​ជំងឺ​កូវីដ-១៩​ នៅ​វិមាន​សន្តិភាព ​លោក​ ហ៊ុន សែន​ ថ្លែង​ថា ​សេចក្តី​ព្រាង​ច្បាប់​ស្តី​អំពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដែល​កំពុង​ពិនិត្យ​ដោយ​រដ្ឋសភា​នោះ​ បង្កើត​ឡើង​ដើម្បី​ជា​ឧបករណ៍​ច្បាប់​សម្រាប់​អនុវត្ត​ពេល​ស្ថាន​ការណ៍​ណា​មួយ​ដែល ​«មិន​អាច​គ្រប់​គ្រង​បាន»​ នា​ពេល​អនាគត។​ លោក​បន្ត​ថា ​បើ​ទោះបី​ជា​ច្បាប់​នេះ​កំពុង​បង្កើត​ឡើង ​ប៉ុន្តែ​លទ្ធភាព​នៃ​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន អាច​នឹង​មាន​ត្រឹម​តែ​ «០,១​ភាគ​រយ» ប៉ុណ្ណោះ។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​លោក ​ហ៊ុន សែន ​បើក​ឲ្យ​អ្នក​សារ​ព័ត៌មាន​សួរ​សំណួរ ​អ្នក​យក​ព័ត៌មាន ​VOA​ បាន​សួរ​ថា​ តើ​ស្ថានភាព​មិន​អាច​គ្រប់​គ្រង​ណា​ខ្លះ​ក្រៅ​ពីការ​រាត​ត្បាត​មេរោគ​កូរ៉ូណា ​ដែល​នឹង​ត្រូវ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន?​

លោក​ ហ៊ុន សែន​ មាន​ប្រសាសន៍​ថា៖ «ក្រៅ​ពី​អាសន្ន​ខាងសុខភាព​សាធារណៈ ​ វា​មាន​អាសន្ន​ខាង​ផ្នែក​ស្អី​ទៅ​ទៀត ​សង្គ្រាម​ ឬ​ក៏​ស្អីៗ​ថែមទៀត។​ វា​មាន​បញ្ហា​អស់​ទាំង​នោះ​ដែល​ទាមទារ​ត្រូវ​មាន​ការ​ដាក់ លើ​ការ​ជាក់​ស្តែង។ ​អង្កាល់​ពី​អាមេរិក​មក​ជួយ​ លន់ នល់ ​គ្រាន់​តែ​ភ្នំពេញ​ប៉ុណ្ណឹង​ ត្រួត​ត្រា​ភ្នំពេញ​មួយ ​ដាក់​បំរាម​គោចរណ៍​ប៉ុន្មាន​ទៅ? ​ប្រើ​ច្បាប់​អាជ្ញា​សឹក​ប៉ុន្មាន​ដង?​ អា​នេះ​និយាយ​ឲ្យ​ពិត។ ​ហេតុ​អី​បាន​ជា​កម្ពុជា​មិន​អាច​ធ្វើ​បាន​ ហើយ​មក​បន្ទោស​ថា ​ឆ្លៀត​យក​អាកូវីដ​ដើម្បី​ធ្វើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ដើម្បី​បំបិទ​មាត់ បិទ​សិទ្ធិ​អ្នក​បញ្ចេញ​មតិ​នៅ​ពេល​ក្រោយ»។​

អានព័ត៌មានលម្អិត

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG