ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន ​ការពារ​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ថា ​មិន​មែន​ជា​លេស​ដើម្បី​បំបិទ​សិទ្ធិ​


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំចលាចលអំពីការឆ្លងមេរោគនេះ ដែលនៅកម្ពុជាទើបតែមានមួយករណីប៉ុណ្ណោះ។

លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន​ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ថ្លែង​ការ​ពារ​ថា ​ការ​បង្កើត​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ គឺ​ដើម្បី​អនុវត្ត​ពេល​ស្ថានភាព​ទាំង​ឡាយ​ណា ​«ដែល​មិន​អាច​គ្រប់​គ្រង​បាន» ​នា​ពេល​ខាង​មុខ​ ហើយ​ថា ​មិន​មែន​ជា​លេស​ ដើម្បី​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ​នោះ​ទេ។​

ក្នុង​សន្និសីទ​ស្តីពី​បច្ចុប្បន្ន​ភាព​ជំងឺ​កូវីដ-១៩​ នៅ​វិមាន​សន្តិភាព ​លោក​ ហ៊ុន សែន​ ថ្លែង​ថា ​សេចក្តី​ព្រាង​ច្បាប់​ស្តី​អំពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដែល​កំពុង​ពិនិត្យ​ដោយ​រដ្ឋសភា​នោះ​ បង្កើត​ឡើង​ដើម្បី​ជា​ឧបករណ៍​ច្បាប់​សម្រាប់​អនុវត្ត​ពេល​ស្ថាន​ការណ៍​ណា​មួយ​ដែល ​«មិន​អាច​គ្រប់​គ្រង​បាន»​ នា​ពេល​អនាគត។​ លោក​បន្ត​ថា ​បើ​ទោះបី​ជា​ច្បាប់​នេះ​កំពុង​បង្កើត​ឡើង ​ប៉ុន្តែ​លទ្ធភាព​នៃ​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន អាច​នឹង​មាន​ត្រឹម​តែ​ «០,១​ភាគ​រយ» ប៉ុណ្ណោះ។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​លោក ​ហ៊ុន សែន ​បើក​ឲ្យ​អ្នក​សារ​ព័ត៌មាន​សួរ​សំណួរ ​អ្នក​យក​ព័ត៌មាន ​VOA​ បាន​សួរ​ថា​ តើ​ស្ថានភាព​មិន​អាច​គ្រប់​គ្រង​ណា​ខ្លះ​ក្រៅ​ពីការ​រាត​ត្បាត​មេរោគ​កូរ៉ូណា ​ដែល​នឹង​ត្រូវ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន?​

លោក​ ហ៊ុន សែន​ មាន​ប្រសាសន៍​ថា៖ «ក្រៅ​ពី​អាសន្ន​ខាងសុខភាព​សាធារណៈ ​ វា​មាន​អាសន្ន​ខាង​ផ្នែក​ស្អី​ទៅ​ទៀត ​សង្គ្រាម​ ឬ​ក៏​ស្អីៗ​ថែមទៀត។​ វា​មាន​បញ្ហា​អស់​ទាំង​នោះ​ដែល​ទាមទារ​ត្រូវ​មាន​ការ​ដាក់ លើ​ការ​ជាក់​ស្តែង។ ​អង្កាល់​ពី​អាមេរិក​មក​ជួយ​ លន់ នល់ ​គ្រាន់​តែ​ភ្នំពេញ​ប៉ុណ្ណឹង​ ត្រួត​ត្រា​ភ្នំពេញ​មួយ ​ដាក់​បំរាម​គោចរណ៍​ប៉ុន្មាន​ទៅ? ​ប្រើ​ច្បាប់​អាជ្ញា​សឹក​ប៉ុន្មាន​ដង?​ អា​នេះ​និយាយ​ឲ្យ​ពិត។ ​ហេតុ​អី​បាន​ជា​កម្ពុជា​មិន​អាច​ធ្វើ​បាន​ ហើយ​មក​បន្ទោស​ថា ​ឆ្លៀត​យក​អាកូវីដ​ដើម្បី​ធ្វើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ដើម្បី​បំបិទ​មាត់ បិទ​សិទ្ធិ​អ្នក​បញ្ចេញ​មតិ​នៅ​ពេល​ក្រោយ»។​

យ៉ាង​ណា​ក្តី​លោក​ថា ​ សម្រាប់​ករណី​នៃ​ការ​បះបោរ ​ឬ​ផ្តួល​រំលំ​រដ្ឋាភិបាល ​អាជ្ញាធរ​នឹង​បង្ក្រាប​លើ​ក្រុម​ទាំង​នោះ ​ដោយ​មិន​ចាំ​បាច់​មាន​ច្បាប់​ប្រកាស​ភាព​អាសន្ន​នោះ​ទេ។

មុន​នឹង​ឆ្លើយ​សំណួរ​របស់​ VOA​ លោក​ ហ៊ុន សែន​បាន​ហៅ​សារ​ព័ត៌មាន ​VOA​ ថា​«ខូច» ​ដែល​លោកបាន​ចោទ​ថា​ កាត់​សំឡេង​របស់​លោក​ចាក់​ផ្សាយ​ខ្លីៗ​តែ​ប៉ុណ្ណោះ ​បើ​ទោះ​លោក​ផ្តល់​បទ​សម្ភាសន៍​វែង​ក៏​ដោយ។​

លោក​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​ពូ​ឆ្លើយ​សំណួរ។ ​ពូ​មិន​ស្អប់​ខ្ពើម​ VOA ​ទេ ​ព្រោះ​ក្មួយៗ​គ្រាន់​តែ​ធ្វើ​ការ​ឲ្យ​គេ​តែ​ប៉ុណ្ណឹង​ទេ!​ពូ​យល់!​ហើយ ​VOA ​ប្រៀបធៀប​ជាមួយ​អាមួយ​ទៀត​គឺវា​មិន​អាក្រក់​អី​ប៉ុន្មាន​ទេ»។​

ចំពោះ​សំណួរ​នេះ ​លោក​ ហ៊ុន សែន ​ក៏​បាន​ចោទ​សួរ​អ្នក​យក​ព័ត៌មាន ​VOA​ ថា​ តើ​មាន​ការ​បង្គាប់​ឲ្យ​សួរ​ពី​ក្រុម​ការងារ​នៅវ៉ាស៊ីនតោន ​ឬ​យ៉ាងណា?ហើយ​លោក​ក៏​បាន​បបួល​អ្នក​សារ​ព័ត៌មាន​ស្បថ ​ដោយ​លោក​ចាត់​ទុក​សំណួរ​នេះ​ថា​ជា​«សំណួរ​ចាក់​ដោត»។​

លោក​មាន​ប្រសាសន៍​ថា៖ «មើល៎! ​ក្មួយ​ឯង​ហ៊ាន​ស្បថ​ឲ្យ​ងាប់​ទេ​ បើ​ក្មួយ​ឯង​មិន​មាន​អ្នក​បោះ​ព្រី​យ៉ុង​ឲ្យ​សួរ​ពី​ក្រោយ?»

បើ​តាម​មាត្រា​២២​ នៃ​រដ្ឋ​ធម្មនុញ្ញ​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រះ​មហា​ក្សត្រ ​អម​ជាមួយ​មតិ​ឯកភាព​ពី​នាយក​រដ្ឋមន្ត្រី ​និង​ប្រធាន​រដ្ឋ​សភា ​និង​ប្រធាន​ព្រឹទ្ធ​សភា។​ ប៉ុន្តែ​បើ​តាម​សេចក្តី​ព្រាង​ច្បាប់​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​រដ្ឋ​សភា​នេះ​«ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន ​ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រះ​រាជ​ក្រឹត្យ»​តែ​ប៉ុណ្ណោះ។​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា​ ទុក​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​អ្នក​បកស្រាយ​លើ​ករណី​នេះ​ថា ​តើ​ប្រមុខ​រដ្ឋស្តី​ទី​អាច​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​បាន​ ឬ​យ៉ាង​ណា ​នៅ​ពេល​ព្រះ​មហា​ក្សត្រ​អវត្តមាន។ ​ប៉ុន្តែ​លោក​យល់​ថា​ព្រះ​មហា​ក្សត្រ​ជា​អ្នក​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។​

លោក​ តាំង រតនា ​អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​មិន​អាច​អត្ថា​ធិប្បាយ​លើ​រដ្ឋ​ធម្មនុញ្ញ ​និង​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ឡើយ​ទេ ​ដោយ​រង់ចាំ​ការ​ស្នើ​សុំ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឲ្យ​បកស្រាយ​ជាមុន។​

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ឆ្លើយ​ជូន​អត់​បាន​ទេ ទាល់​តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​អាច​ឆ្លើយ​ជូន​បាន​នៅ​ពេល​មាន​សំណើ»។​

លោក​សុក សំអឿន ​មេធាវី​ជើង​ចាស់​មួយ​រូប​ដែល​តែង​ការពារ​ក្តី​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ​មាន​ប្រសាសន៍​ថា​ យោង​តាម​មាត្រា​២២​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ដាច់​ខាត​គឺ​ព្រះ​មហា​ក្សត្រ​ជា​អ្នក​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។​ លោក​បន្ថែម​ថា ​មាត្រា​១១​នៃ​រដ្ឋ​ធម្មនុញ្ញ ​ប្រមុខ​រដ្ឋ​ស្តីទី​អាច​ប្រកាស​ជំនួស​ ក្នុង​ករណី​ដែល​ព្រះ​មហា​ក្សត្រ​មាន​ប្រឈួន​ជា​ទម្ងន់ ​និង​មាន​ការ​បញ្ជាក់​ពីក្រុម​គ្រូ​ពេទ្យ​ជំនាញ​តែ​ប៉ុណ្ណោះ។​

សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​ត្រូវ​បាន​អនុម័ត​ជា​ប្រញាប់​ដោយ​គណៈ​រដ្ឋមន្រ្តី ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ប្រកាស​ចង់​ឲ្យ​ចេញ​បាន​ឆាប់ៗ ​ដោយ​មិន​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​ចូលរួម​ផ្តល់​យោបល់​ពី​អង្គការ​សង្គម​ស៊ីវិល ​និង​សាធារណជន។​

កាល​ពី​សប្តាហ៍​មុន ​ខណៈ​សេចក្តី​ព្រាង​ច្បាប់​នេះ​ស្ថិត​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្រ្តី ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Amnesty International​ និង​អង្គការ ​Human RightsWatch​ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​នេះ ​ដោយ​ពួក​គេ​ថា​ ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សិទ្ធិ​មនុស្ស។ ​ពួកគេ​ក៏​បាន​លើក​ឡើង​ថា ​ច្បាប់​នេះ​នឹង​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​កាន់តែ​រឹត​បន្តឹង​សិទ្ធិ​ស៊ីវិល ​សិទ្ធិ​នយោបាយ ​និង​ដាក់​គោល​ដៅ​បង្រ្កាប​លើ​ក្រុម​សិទ្ធិ​មនុស្ស ប្រជា​ធិបតេយ្យ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

បើតាម​សេចក្តី​ព្រាង​ច្បាប់​នេះ ​ការ​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ​អាច​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ជាអាទិ៍​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម​ ឬ​ការ​ឈ្លាន​ពាន​ពី​កម្លាំង​បរទេស​ គ្រោះ​អាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ ​បណ្តាល​មក​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ព្រម​ទាំង​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​ ដែល​គំរាម​កំហែង​ ឬ​អាច​បង្ក​គ្រោះ​ថ្នាក់​រីករាល​ដាល​ដល់​កម្រិត​ទូទាំង​ប្រទេស៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG