ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​ចិន​លោក Jiang Zemin ត្រូវ​បាន​លើក​តម្កើង​នៅឯ​ពិធី​បុណ្យ​សព


នៅក្នុង​រូបថត​ដែល​ដកស្រង់​ចេញពី​វីដេអូ​របស់​ទូរទស្សន៍ CCTV ​របស់​រដ្ឋាភិបាល​ចិន​ បង្ហាញ​អ្នកចូលរួម​បាន​ឱនក្បាល​ក្នុង​អំឡុងពេល​គោរព​វិញ្ញាណក្ខន្ធ​ជាផ្លូវការ​ដល់​អតីត​ប្រធានាធិបតីចិន​លោក Jiang Zemin ដែល​បាន​ធ្វើ​ឡើង​នៅ​សាល Great Hall of the People នៅ​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

នៅ​ថ្ងៃ​អង្គារ​នេះ ​ថ្នាក់​ដឹកនាំ​គណបក្ស​កុម្មុយនីស្ដ​ចិន​បាន​ធ្វើ​បសំសកថា​អំពី​អតីត​មេដឹកនាំ​ចិន​លោក Jiang Zemin​ ដែល​ទើបតែ​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​ កន្លង​ទៅ​នេះថា​ជា​អ្នក​ប្រកាន់​លទ្ធិ​ម៉ាក្ស​លេនីន​ដ៏​ស្មោះស្ម័គ្រ​មួយ​រូប​ដែល​បាន​មើល​ការ​ខុស​ត្រូវ​លើ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ដ៏​ឆាប់​រហ័ស​របស់​ប្រទេស​ចិន​ និង​ស្រប​ពេល​នោះ​ដែរ​រក្សា​ការ​គ្រប់គ្រង​តឹងរ៉ឹង​របស់​គណបក្ស​លើ​សង្គម​ជាតិ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ប្រធានាធិបតី​ចិន​លោក Xi Jinping ​ដែល​ជា​មេដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ចិន ​បាន​សរសើរ​លោក Jiang នៅ​ក្នុង​សុន្ទរកថា​រយៈពេល​មួយ​ម៉ោង​នៅ​ឯ​សាល Great Hall of the People ក្នុង​ទីក្រុង​ប៉េកាំង​ ខណៈ​ដែល​មន្ត្រី​ជាន់​ខ្ពស់​នានា​និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​យោធា​ឈរ​គោរព​ស្មឹងស្មាធ។

លោក Xi បាន​រំឭក​អំពី​អាជីព​នយោបាយ​ដ៏​យូរ​របស់​លោក Jiang ដោយ​សង្កត់ធ្ងន់​អំពី​តួនាទី​របស់​លោក​នៅ​ក្នុង​ការ​រក្សា​ស្ថិរភាព​នយោបាយ ដែល​នេះ​ចង់​សំដៅ​លើ​ការ​លេច​ឡើង​របស់​លោក Jiang ជា​មេដឹកនាំ​កំពូល​នៅ​មុន​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​របស់​យោធា​ចិន​លើ​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​និស្សិត​នៅ​ឆ្នាំ ១៩៨៩ នៅ​ទីលាន Tiananmen ក្នុង​ទីក្រុង​ប៉េកាំង។

លោក Jiang បាន​ស្លាប់​នៅ​អាយុ ៩៦ ឆ្នាំ គឺ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​មាន​ការ​តវ៉ា​ដ៏​ធំ​បំផុត​នៅ​តាម​ដង​ផ្លូវ​ក្នុង​ប្រទេស​ចិន​តាំងពី​ឆ្នាំ ១៩៨៩ មក។​ ការ​តវ៉ា​ទាំង​នេះ​គឺ​ជំរុញ​ឡើង​ដោយ​ការ​ខឹង​សម្បា​នឹង​វិធានការ​បង្ការ​ជំងឺ​កូវីដ១៩ ​ដ៏​តឹងតែង​បំផុត​របស់​ចិន។

នៅ​ក្នុង​ការ​តវ៉ា​ទាំង​នោះ អាជ្ញាធរ​បាន​បញ្ជូន​កង​សន្តិសុខ​ជា​ច្រើន​ទៅ​តាម​ដង​ផ្លូវ​នានា​នៅ​តាម​ទីក្រុង​ដែល​មាន​ការ​តវ៉ា​ដើម្បី​បង្ក្រាប ​ហើយ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន។

អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក Jiang នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ធ្វើ​ពិធី​ស្មឹងស្មាត​រយៈពេល ៣ នាទី​ហើយ​ផ្សារ​ភាគហ៊ុន​បាន​ផ្អាក​ដំណើរការ​មួយ​រយៈ។

កាលពី​ថ្ងៃ​ចន្ទ ទូរទស្សន៍ CCTV ​របស់​រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​រូបភាព​លោក Xi Jinping ​អតីត​ប្រធានាធិបតី​ចិន​លោក Hu Jintao ​និង​មន្ត្រី​ផ្សេង​ទៀត​ឱន​ក្បាល​គោរព​នៅ​ពី​មុខ​មឈូស​របស់​លោក Jiang នៅ​ឯ​មន្ទីរពេទ្យ​យោធា​មួយ​កន្លែង​ក្នុង​ទីក្រុង​ប៉េកាំង ​មុន​ពេល​សាកសព​របស់​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ចុះ​នៅ​ឯ​ទី​បញ្ចុះ​សព Babaoshan ​ដែល​ជា​កន្លែង​ដែល​សាកសព​របស់​មេដឹកនាំ​ចិន​ជា​ច្រើន​ត្រូវ​បាន​បញ្ចុះ៕

XS
SM
MD
LG