ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​របស់​ចិន​ផ្តោតទៅ​លើ​បក្សពួក​ដើម្បី​បញ្ចៀស​ចលាចល​នយោបាយ


លោក​ប្រធានាធិបតី​ចិន Xi Jinping ដើរនៅ​ពី​មុខ​ក្រុម​មន្រ្តី​​ជាន់​ខ្ពស់​ចិន​ក្នុង​​អំឡុង​នៃ​ពិធីស្វាគមន៍​មួយ​នៅឯ​មហា​សាល​នៃប្រជា​ជននៅ​ក្នុង​ទីក្រុង​ប៉េកាំង​ កាល​ពីថ្ងៃទី​៩ ខែ​ធ្នូ​ ឆ្នាំ​២០១៤។
លោក​ប្រធានាធិបតី​ចិន Xi Jinping ដើរនៅ​ពី​មុខ​ក្រុម​មន្រ្តី​​ជាន់​ខ្ពស់​ចិន​ក្នុង​​អំឡុង​នៃ​ពិធីស្វាគមន៍​មួយ​នៅឯ​មហា​សាល​នៃប្រជា​ជននៅ​ក្នុង​ទីក្រុង​ប៉េកាំង​ កាល​ពីថ្ងៃទី​៩ ខែ​ធ្នូ​ ឆ្នាំ​២០១៤។

ទោះបី​ជា​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ថា​ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​របស់​ខ្លួន​នឹង​បន្ត​ដោយ​គ្មាន​រើស​មុខ​នៅ​ក្នុង​ឆ្នាំ២០១៥​ ដោយ​ប្រើ​យុទ្ធសាស្រ្ត​«ពញ្ញាក់អារម្មណ៍» ក៏ដោយ​ អ្នក​ឃ្លាំ​មើល​ជាច្រើន​នៅ​តែ​ជឿជាក់​ថា​ ការ​បង្រ្កាប​លើ​បក្សពួក​ក្នុង​ជួរ​បក្សកុម្មុយនីស្ត​ គឺ​ជាការ​ចាំបាច់​មួយ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើពុក​រលួយ​នៅ​ឆ្នាំ​នេះ។

កាល​ពីដើម​ខែ​មករា​ បណ្តាញផ្សព្វ​ផ្សាយ​រដ្ឋចិន​បាន​រិះគន់​វត្តមាន​នៃ​បក្សពួក​ក្នុង​ជួរ​បក្សកុម្មុយនីស្ត។ វា​ជា​ការ​ពិត​មួយដែល​គេ​បាន​ដឹង តែ​កម្រត្រូវ​បាន​និយាយ​ជា​សាធារណៈ​ណាស់។ ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Xinhua ​បាន​ផ្សាយ​រិះគន់​ជា​សាធារណៈ​ជា​លើក​ដំបូង​នៃវត្តមាន​ក្រុម​«ជើង​កាង​លេខា» «ជើងកាង​ប្រេងកាត»​ និង​«ជើង​កាងShanxi» ដោយ​លើក​ឡើង​ថា​ ក្រុម​ទាំងអស់​នៅ​ក្នុង​ជួរ​បក្ស​ បាន​មក​ដល់​ចំណុច​មួយ​ដែល​ពួក​គេ​មិន​អាច​លាក់​ខ្លួន​បាន​ទៀត​ទេ។

គណៈកម្មការ​កណ្តាល​ចិន​ទទួល​បន្ទុក​ផ្នែក​វិន័យ​ក៏បាន​រៀបចំ​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ខែ​នេះ​ ដើម្បី​ប្រកាសពី​ការ​ចោទ​ប្រកាន់​លោកZhou Yongkang អតីត​សមាជិក​ជាន់​ខ្ពស់​នៃ​ការិយាល័យ​នយោបាយ។ ពួក​គេ​ក៏​បាន​ពិភាក្សាពី​ការស៊ើបអង្កេត​ដែល​កំពុង​ធ្វើឡើង​ប្រឆាំង​នឹង​មន្រ្តី​ជាន់​ខ្ពស់​ដែលគេ​យល់​ឃើញ​ថា​ស្ថិតក្រោម​ការ​ឧបត្ថម្ភ​របស់​លោក​ Zhouផង​ដែរ​។

កាល​ពីឆ្នាំមុន​ លោក​ប្រធានាធិបតី​ Xi Jinping ​បាន​ប្រាប់​អង្គ​ប្រជុំ​នៃ​ការិយាល័យ​នយោបាយ​ថា​ បក្ស ​នឹង​មិន​អត់ធ្មត់​ចំពោះ​ក្រុម​ណា​មួយ​នៅ​ក្នុង​ជួរ​បក្ស​ឡើយ។ ទន្ទឹម​នឹង​នេះ​ដែរ​ ទី​ភ្នាក់ងារ​ផ្សព្វផ្សាយ​ចម្បងៗ​របស់​រដ្ឋ​បាន​ផ្សាយ​ថា​ គោលដៅ​នៃ​យុទ្ធនា​ការ​ប្រឆាំង​អំពើពុករលួយ​នៅ​ឆ្នាំ​នេះ​ គឺ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​បក្ស​ពួក​ទាំងឡាយ​នៅ​ក្នុង​ជួរបក្ស។ លោក​ Yang Jianli ស្ថាបនិក​អង្គការ​សិទ្ធិ​ជន​ស៊ីវិល​ ដែលមាន​ឈ្មោះ​ថា​ «អំណាច​ប្រជាជន»​ ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ចង្អុល​បង្ហាញ​ថា​ ភាព​ខ្វែង​គ្នា​នៅ​ក្នុង​ជួរ​បក្សដែល​កំពុង​កើត​មាន​ឡើង​នៅពេល​នេះ​ គឺ​មិន​ដូច​កាល​ពី​គ្រា​មុនៗ​ទេ។

លោក​ Yang Jianli​ មាន​ប្រសាសន៍​ថា៖​ «មាន​ហេតុផល​ជា​ច្រើន​ដែល​ទី​ភ្នាក់ងារ​ផ្សព្វផ្សាយ​ចិនបាន​ប្រកាស​អំពី​វត្តមាន​នៃ​ក្រុម​បក្សពួក​ផ្សេងៗ​ក្នុង​ជួរ​បក្ស។ ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ជា​ច្រើន​គឺថា​ បក្ស​កុម្មុយនីស្ត​ចិន គ្មាន​វិធីលាក់​បាំងការ​ប៉ះទង្គិច​គ្នា​របស់ក្រុម​ផ្សេងៗ​នៅ​ក្នុង​យុគ​សម័យ​ព័ត៌មាន​ឬ​សម័យ​អ៊ិនធឺណិត​នេះ​ទេ។ រឿង​និទាន​នឹង​ចាប់​ផ្តើម​ក្លាយ​ជា​ការ​ពិត​បន្តិចម្តងៗ។ លោក​ Xi Jinping បាន​ដាក់​សញ្ញា​ទៅ​លើក្រុម​ទាំង​នោះ​ជា​ចម្បង​ថា​ជា​ ក្រុម​ដែល​គិត​ពីផល​ប្រយោជន៍​អ្វី​មួយ ដែល​ជាឫសគល់​នៃ​អំពើ​ពុក​រលួយ ជា​ជាង​បញ្ហា​ណា​មួយ​របស់​បក្ស។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​នៅតែ​ផ្តោត​គោល​ដៅ​ជាសំខាន់​ទៅ​លើ​អ្នក​ទាំងឡាយ​ណា​ដែល​បង្ក​ការ​គំរាម​កំហែង​ដល់​អំណាច​របស់​លោក។ គ្រាន់តែ​ថា​ លោក​មិន​អាច​សារភាព​ថា​ មាន​ការ​កើតឡើង​ក្រុម​ផ្សេងៗ​ក្នុង​បក្ស ដែល​នេះ​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់ទំនុកចិត្ត​ទៅ​លើ​បក្ស​កុម្មុយនិស្តចិន​។»

លោកYang បាន​បង្ហើប​ហេតុផល​មួយ​ទៀត​នៅ​ពី​ក្រោយ​ការ​បង្រ្កាប​ក្រុម​បក្ស​ពួក​នៅ​ក្នុង​ជួរ​បក្ស​។ លោក​បាន​និយាយថា​៖ «វា​បង្ហាញ​ជា​ចម្បង​ថា​ ការគំរាម​កំហែង​ផ្ទៃក្នុងត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ​សម្រាប់​លោក Xi Jinping ជាពិសេស​ការ​គំរាម​កំហែង​ដែល​មាន​មុន​ពេល​លោក Jiang Zemin ចាក​ចេញ​ពី​តំណែងរបស់​ខ្លួន។ ក្រុម​ជើង​កាង​ទាំង​នោះ​អាច​បង្ក​ការ​ប៉ះពាល់​ដល់​អំណាច​របស់​លោក​ Xi Jinping ​ជាពិសេស​ដោយសារ​ក្រុម​ជើង​កាង​ខ្លះ​មាន​តំណែង​កំពូល​ក្នុងបក្ស​កុម្មុយនីស្ត​ចិន»។

លោក​បន្ថែម​ថា​ យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​ បាន​ឆ្លង​ផុត​ការ​វាយប្រហារ​ជា​លក្ខណៈ​បុគ្គលទៅ​ដល់​ចំណុច​មួយ​ទៀត​គឺ​ផ្តោតលើ​បក្សពួកផ្ទៃក្នុង​ និង​ពួក​អ្នក​នយោបាយ​ប្រឆាំង។

លោក​ Chen Kuide និពន្ធ​នាយក​សារព័ត៌មាន China Observe បាន​កត់​សម្គាល់​ឃើញ​ថា​ លោក Xi Jinping មាន​ទំនោរ​នៅ​ក្នុង​ការ​គ្រប់គ្រង​អំណាចបក្ស​កុម្មុយនីស្ត​ចិន​ ដោយ​ប្រឆាំង​នឹងអ្នក​ដែល​ជំទាស់នឹងលោក​ បើធៀប​ទៅ​នឹង​អ្នក​កាន់​តំណែង​ពីមុន​គឺ​លោក​ Hu Jintao។ លោក​បាន​និយាយ​ថា​ វាជា​រឿងធម្មតា​ទេ​ដែល​មាន​បក្សពួកផ្សេងៗ​ក្នុងជួរ​បក្ស។

«ចំណុច​ទី​មួយ​គឺថា ​តើពួក​គេ​មាន​ក្បួន​ល្បែង​ជាក់លាក់​ណាមួយ​ឬទេ ដែល​នេះ​មាន​ន័យ​ថា តើវា​ដើរ​ស្របនឹង​ច្បាប់​ដែរទេ? ក្បួន​ទីពីរ​គឺ​ថា​ តើ​វា​មាន​តម្លាភាព​គ្រប់​គ្រាន់​ដែរឬទេ?» លោក​ Chen បានបន្ថែម​ថា​ កត្តាទី​៣គឺ​យុត្តិធម៌។

លោក Xi Jinping បាន​និយាយ​ក្នុង​ខែ​នេះ​ដែរ​ថា​ យុទ្ធនាការ​របស់​លោក​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុក​រលួយ​គួរ​តែ​ត្រូវ​ធ្វើ​ឡើង​ដោយ​ទូលំ​ទូលាយ ​និង​មានការ​រឹតត្បិតយ៉ាង​តឹង​រឹង​ដើម្បីត្រួត​ពិនិត្យ​មន្រ្តីពុក​រលួយ។ ទោះជាយ៉ាង​ណា​ លោក​ Chen ​បាន​និយាយថា​ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ធ្វើ​ឡើង​ដោយ​ការ​ជ្រើសរើស​ ដោយសារតែលោក​ Xi Jinping មិន​ចង់​ឲ្យ​ប៉ះពាល់ដល់​មូលដ្ឋាន​អំណាច​របស់​លោក​ ដែល​នោះ​ជា​ «ព្រះអង្គម្ចាស់តូច»​របស់​បក្ស​ ដែល​ជា​សាច់ញាតិ​អ្នក​មាន​អំណាច​រាប់​ចាប់​តាំង​ពីជំនាន់​ទីមួយ​នៃ​ការ​ដឹកនាំ​បក្ស​កុម្មុយនីស្ត។

លោក​ Chen បាន​បន្ត​ថា៖ «យើង​ដឹងហើយ​ថា​ គ្រួសារ​របស់​លោក​ Li Peng ​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​អំពើពុករលួយ​ដ៏​ធំមួយ។ អំពើ​ពុករលួយ​របស់​លោក​ជាប់​ពាក់​ព័ន្ធ​រហូត​ដល់​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ និង​ការ​រក្សា​ធនធាន​ទឹក​ ហើយ​គ្មាន​អ្នក​ណា​ហ៊ាន​ប្រឈម​មុខ​ជា​មួយអ្វី​ដែល​គាត់​ធ្វើ​លើស​លប់​នោះ​ទេ។ នេះ​មាន​ន័យថា​ មេដឹកនាំ​បក្សកុម្មុយនីស្ត​ជំនាន់ក្រោយៗ​ ដែល​យើង​ហៅថា​ »ព្រះអង្គម្ចាស់តូច» នោះ​ មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​បញ្ចប់​អំណាច​នេះ​ទេ ​លើកលែង​តែ​លោក​ Bo Xilai ​ដែល​ជា​គូ​បដិបក្ខ​របស់​លោក​ Xi»។

ក្រុម​អ្នក​ជំនាញបាន​កត់​សម្គាល់​ឃើញ​ថា​ ការ​ប្រកាន់​បក្សពួក​ ក៏​អាច​មាន​ផល​ប្រយោជន៍​ផង​ដែរ ប៉ុន្តែ​ដរាប​ណា​ការ​ប្រកាន់​បក្ស​ពួក​នោះនាំ​បក្សឲ្យដើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ។

ក៏ប៉ុន្តែ​ ក្រុម​ជំនាញ​បាន​ព្រមានថា ក្រុម​បក្ស​ពួក​ទាំង​នោះ​មិន​មាន​ទំនោរ​ជំរុញ​ឲ្យមាន​ការ​បង្កើត​ប្រព័ន្ធ​នយោបាយ​ពហុនិយម​មួយ​ទេ​ ពីព្រោះ​ចិន​នៅ​តែ​មាន​កង្វះ​ខាត​ការ​ពិភាក្សា​បើក​ចំហរ​ដើម្បី​ទទួល​យក​គំនិត​នយោបាយ​ផ្សេងៗ​គ្នា។ លោក Yang បាន​មាន​ប្រសាសន៍ថា​ ស្ថានភាព​បច្ចុប្បន្ន​នេះ​ ធ្វើ​ឲ្យ​សមាជិក​បក្ស​មួយចំនួន​គ្មាន​ជម្រើស ក្រៅពី«តោង​ឲ្យ​ជាប់​ជាមួយ​បក្ស​កុម្មុយនីស្តចិន»​៕

រាយការណ៍​បន្ថែម​ដោយ​ Yuru Peng និង​ Anqi Hu។
ប្រែសម្រួលដោយ នៀម ឆេង

XS
SM
MD
LG