ប្រទេសអ៊ីតាលី (Italy) បាននិយាយថា ពួកអ្នកដំណើរនៅសេសសល់ទាំងអស់ត្រូវបានជួយសង្គ្រោះរួចហើយពីនាវាចម្លងដឹកទ្បានដែលមានអគ្គីភ័យនៅក្នុងលំហសមុទ្រទល់មុខនឹងកោះ Corfu។
ក៏ប៉ុន្តែ ចំនួនមនុស្សស្លាប់នៅក្នុងមហន្តរាយក្នុងសមុទ្រ Adriatic នេះបានកើនទ្បើងដល់១០នាក់ហើយ បន្ទាប់ពីសាកសពមនុស្ស៥នាក់ទៀតត្រូវបានរកឃើញនៅក្នុងកប៉ាល់នោះនៅ ក្រោយពេលពួកអ្នកជួយសង្គ្រោះបានយកពួកអ្នកនៅរស់ចុងក្រោយបង្អស់ទៅកាន់កន្លែងមានសុវត្ថិភាព។
លោក Argilio Giacomazzi ប្រធានក្រុមនាវិកដែលគោរពតាមប្រពៃណីនៃការធ្វើដំណើរតាមសមុទ្ររាប់សតវត្សរ៍មកហើយនោះ បានបន្តឋិតនៅលើនាវាចម្លង ដែលមានដាក់ទង់ជាតិអ៊ីតាលីឈ្មោះ Norman Atlantic រហូតដល់មនុស្សឯទៀតៗត្រូវបានជួយសង្គ្រោះ។ អាជ្ញាធរនាវាចរណ៍អ៊ីតាលីគ្រោងនឹងសណ្តោងកប៉ាល់ចម្លងនេះទៅកាន់កំពង់ផែ។
លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកអ្នកជួយសង្គ្រោះដោយលោកបានមានប្រសាសន៍ថា ពួកគេបានបញ្ចៀសមិនឲ្យមាន«ការស្លាប់មនុស្សច្រើននាក់ក្នុងសមុទ្រ»។
ពួកមន្ត្រីបាននិយាយថា អ្នកដំណើរជាង៤០០នាក់ត្រូវបានជួយសង្គ្រោះពីនាវាចម្លងនោះដោយពួកអ្នកធ្វើការនៅក្នុងឧទ្ធម្ភាគចក្របានយោងយកពួកអ្នកនៅរស់ពីជាន់ខ្ពស់ជាងគេនៃកប៉ាល់ចម្លងនេះទៅកាន់កន្លែងមានសុវត្ថិភាព។ ខ្យល់បោកបក់ខ្លាំង សីតុណ្ហភាពត្រជាក់ខ្លាំងនិងរលកសមុទ្រធំៗបានរំខានដល់កិច្ចប្រតិបត្តិការជម្លៀសពួកអ្នកដំណើរនេះដែលត្រូវចំណាយពេលអស់២៤ម៉ោង៕