នាវិកនាយក ដែលបានបោះបង់នាវាចម្លងកូរ៉េខាងត្បូងមួយគ្រឿងនៅពេលវាលិចកាលពីខែមេសានោះ បានត្រូវកាត់ទោសឱ្យជាប់គុក៣៦ឆ្នាំ។ តុលាការមួយបានរកឃើញថា លោកនិងសមាជិកនៃពួកនាវិករបស់លោកមានការធ្វេសប្រហែស ក៏ប៉ុន្តែមិនទទួលខុសត្រូវដល់ការបណ្តាលឱ្យមានការស្លាប់នៃអ្នកដំណើរ៣០០នាក់ដែលភាគច្រើនជាពួកសិស្សទេ។
នាវិកនាយក Lee Joon-seok ទំនងជានឹងចំណាយពេលវេលាសេសសល់ក្នុងជីវិតលោកនៅក្នុងគុក។ ពួករដ្ឋអាជ្ញាចង់ឱ្យនាវិកនាយកអាយុ៦៨ឆ្នាំរូបនេះទទួលទោសប្រហារជីវិត ក៏ប៉ុន្តែពួកចៅក្រមនៅក្នុងតុលាការនេះក្នុងក្រុង Gwangju បានសម្រេចថា គ្មានភ័ស្តុតាងគ្រប់គ្រាន់ដែលបង្ហាញថា លោក Lee ឬពួកនាវិករបស់លោកចង់ធ្វើឱ្យអ្នកដំណើរទាំងនេះស្លាប់ទេ។ លោក Lee បានត្រូវរកឃើញថា មានទោសពីបទ«ធ្វេសប្រហែសធ្ងន់ធ្ងរ»។
នាវិកនាយករូបនេះឋិតនៅក្នុងចំណោមពួកមនុស្សដំបូងគេដែលបានត្រូវជួយសង្គ្រោះនៅពេលនាវានោះលិច។
ការកាត់ទោសឱ្យលោក Lee ជាប់គុក៣៦ឆ្នាំមិនគ្រប់គ្រាន់ទេសម្រាប់សមាជិកខ្លះនៃគ្រួសារពួកជនរងគ្រោះ ដូចជាលោក Kwon Oh-hyun ជាដើមដែលមានប្អូនប្រុសស្លាប់នៅក្នុងកប៉ាល់ចម្លងនោះ។
លោក Kwon និយាយថា ជាការមិនអាចយល់បានជាដាច់ខាតថា តើសាលក្រមនេះបានត្រូវសម្រេចដោយបែបណា។ លោកនិយាយថា សាលក្រមនេះមិនអាចយកមកទូទាត់គ្នាជាមួយការស្លាប់របស់មនុស្ស៣០៤នាក់បានទេ។
ជន២៥០នាក់ក្នុងបណ្តាអ្នកដំណើរទាំងនោះជាពួកសិស្សវិទ្យាល័យដែលធ្វើដំណើរទស្សនសិក្សា។
សេចក្តីរាយការណ៍នានាចែងថា ពួករដ្ឋអាជ្ញាក៏មិនសប្បាយចិត្តនឹងសេចក្តីសម្រេចរបស់ចៅក្រមដែរ ហើយនឹងតវ៉ាទ្បើងឧទ្ធរណ៍។
ជនខ្លះក្នុងបណ្តាពួកអ្នកដំណើរដែលរួចជីវិតពីមហន្តរាយនេះបាននិយាយថា ពួកនាវិកបាននិយាយប្រាប់ពួកគេឱ្យឋិតនៅក្នុងនាវានោះ នៅពេលវាចាប់ផ្តើមលិច។
មនុស្សខ្លះក្នុងបណ្តាពួកនាវិក១៤នាក់ទៀតដែលបានត្រូវកាត់ទោសបានទទួលទោសជាប់គុក រយៈពេលផ្សេងៗគ្នា។
វិស្វករទីមួយនៃនាវាចម្លង Sewol បានត្រូវរកឃើញថា ទទួលខុសត្រូវដល់ការស្លាប់នៃនាវិកពីរនាក់ដែលពួកចៅក្រមនិយាយថា លោកអាចជួយសង្គ្រោះបាន។
លោកត្រូវបានកាត់ទោសឱ្យជាប់គុក៣០ឆ្នាំ។
នៅពេលជាមួយគ្នានេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ឈប់ការស្វែងរកអ្នកដំណើរ៩នាក់ដែលគេមានជំនឿថា សាកសពពួកគេឋិតនៅក្នុងកប៉ាល់ដែលលិចនោះ។
លោក Lee Joo-young រដ្ឋមន្ត្រីក្រសួងនាវាចរណ៍សមុទ្រនៃប្រទេសកូរ៉េខាងត្បូង បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរកសាកសពអ្នកដំណើរទាំងនេះមានគ្រោះថ្នាក់ច្រើនណាស់។
លោក Lee និយាយថា នៅពេលនេះរដ្ឋាភិបាលនឹងសម្រេចថា នឹងស្រង់កប៉ាល់នោះពីទឹកនៅពេលណា និងដោយបែបណា។ ក៏ប៉ុន្តែរដ្ឋាភិបាលនឹងពិគ្រោះជាមួយគ្រួសារនៃពួកជនដែលនៅបាត់ខ្លួននៅទ្បើយនោះ។
លោករដ្ឋមន្ត្រី Lee បានមានប្រសាសន៍បន្ថែមថា ការគ្មានជោគជ័យក្នុងការនាំយកសាកសពទាំងនោះមកកាន់ច្រាំងសមុទ្រជាបន្ទុករបស់លោក។
លោក ឈឹម សុមេធ ប្រែសម្រួល