ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឡាវ​ចេញ​អនុក្រឹត្យ​ថ្មី​ស្តីពី​ទំនប់​ទឹក​ដែល​មាន​គោល​បំណង​កាត់​បន្ថយ​ផល​ប៉ះពាល់​ឲ្យ​ដល់​កម្រិត​អប្បបរមា


រូបឯកសារ៖ ទិដ្ឋភាពដងទន្លេមេគង្គដែលហូរកាត់ប្រទេសថៃ កំពុងរីងស្ងួតហួតហែងគួរឲ្យព្រួយបារម្ភ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

បណ្ដាញ​ព័ត៌មាន​របស់​រដ្ឋ​ក្នុង​ប្រទេស​ឡាវ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​ឡាវ​បាន​ចេញ​សេចក្តី​ណែនាំ​ថ្មី​មួយ​ សម្រាប់​រៀបចំ​ចាត់ចែង​ទំនប់​វារី​អគ្គិសនី​ ដែល​មាន​គោល​បំណង​ធ្វើ​ឲ្យ​ការ​ខ្វះ​ខាត​ទឹក និង​ទឹក​ជំនន់មាន​តិច​បំផុត ខណៈ​ដែល​មាន​ការជជែក​ដេញ​ដោល​គ្នា​អំពី​ថា តើ​ទំនប់​វារី​អគ្គីសនី​របស់​ខ្លួន​បាន​ផ្លាស់ប្តូរ​ទន្លេ​មេគង្គ​ដ៏​សំខាន់​នោះ​យ៉ាង​ដូចម្តេច។ នេះបើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កាសែត Vientiane Times បាន​រាយការណ៍​ថា អនុក្រឹត្យ​ថ្មី​ដែល​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី៤ ខែ​មីនា​ខាង​មុខ​នេះ តម្រូវ​ឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង​វារី​អគ្គីសនី​ទាំងអស់ជូន​ដំណឹង​ដល់​ពួក​អាជ្ញាធរ​ នៅពេល​ណា​អាង​ទឹកទាំង​នោះផ្ទុក​ទឹក​ដល់​កម្រិត​អតិបរមា​ ឬ​នៅពេល​ដែល​កម្រិត​ទឹក​ទន្លេផ្នែក​ខាង​ក្រោម​ធ្លាក់​ចុះ​ដល់​កម្រិតទាប​គួរ​ឲ្យ​ព្រួយបារម្ភ។​

កាសែត​នោះ​បាន​រាយការណ៍​ទៀត​ថា៖ «ការរៀប​ចំចាត់​ចែង​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ធនធាន​ទឹក​និង​ទន្លេ ជាពិសេស​ធនធានទាំងឡាយ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​រោងចក្រ​វារី​អគ្គីសនី​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជាការ​សំខាន់​ នៅពេល​ដែល​ឡាវ​ខិតខំ​ស្ថាបនា​ទំនប់​ទឹក​កាន់​តែ​ច្រើនថែម​ទៀត ហើយ​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​អគ្គីសនី​ដ៏​សំខាន់​មួយ»។

ក្រសួង​ថាមពល និង​ក្រសួង​ការបរទេស​ឡាវ​ មិន​បាន​ឆ្លើយ​តប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ទៅនឹងសំណើ​សុំ​ធ្វើ​អត្ថាធិប្បាយ​ស្តីពី​អនុក្រឹត្យ​នេះ​ទេ។ ការអភិវឌ្ឍ​ទំនប់​វារី​អគ្គីសនី​ជា​ផែនការ​ដ៏​សំខាន់​របស់​ឡាវ​ដើម្បី​នាំចេញ​អគ្គីសនី​ប្រហែល​ ២ ម៉ឺន​ម៉េហ្គាវ៉ាត់​ ទៅកាន់​បណ្តា​ប្រទេសជិត​ខាង​ត្រឹម​ឆ្នាំ​ ២០៣០។

តាម​គម្រោង​ឃ្លាំមើល Mekong Infrastructure Tracker ដែល​ផ្តល់​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ទំនប់​ទឹក​យ៉ាងហោច​ណាស់​ចំនួន ​៥០​ ត្រូវ​បាន​ស្ថាបនា​ក្នុង​រយៈពេល ​១៥ ​ឆ្នាំ​ចុងក្រោយ​នេះ​នៅលើ​ទន្លេនិង​ស្ទឹងរាប់​រយ​ក្នុង​ប្រទេស​ឡាវ ហើយ​ទំនប់​ទឹក​ថ្មី​យ៉ាង​ហោច​ណាស់​ចំនួន​ ១៤​ ដែល​ស្ថិត​នៅលើ​ដង​ទន្លេ​មេគង្គ និង​នៅ​តាម​ដៃ​ទន្លេ​មេគង្គ​ ត្រូវ​បាន​សាងសង់​រួច​រាល់​ចាប់​តាំង​ពី​ឆ្នាំ ២០១៨​ មក។

ក្រុម​អ្នក​បរិស្ថាន​និយាយ​ថា ទំនប់ទឹក​ទាំង​នេះ​បាន​បំផ្លិចបំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ផុយស្រួយ​របស់​ទន្លេ​មេគង្គ។​

ការ​បញ្ចេញ​ទឹក​ភ្លាមៗ​បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់ ហើយ​ការ​ទប់ទឹក​ទុក​បណ្ដាល​ឲ្យ​មាន​ការ​ខ្វះខាត​ទឹក​នៅ​ខ្សែ​ទឹក​ខាង​ក្រោម ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ត្អូញត្អែរ​ពី​សំណាក់​អ្នក​នេសាទ និង​កសិករទាំង​នៅ​ក្នុង​ប្រទេស​ឡាវ និង​នៅ​តាម​បណ្ដា​ប្រទេស​ជិត​ខាង​ ដែល​ស្ថិត​នៅ​តាម​ខ្សែ​ទឹក​ខាង​ក្រោម ដែល​រួម​មាន​ទាំង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​ផងដែរ ដែល​មាន​ប្រជាជន​រាប់​លាន​នាក់​ពឹងផ្អែក​លើ​ទន្លេ​មេគង្គ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​របស់​ពួកគេ៕

XS
SM
MD
LG