ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ឡាវ​បាន​ការ​ពារ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង

  • សាយ មុន្នី

លោកសាយ មុន្នី ​អ្នកយក​ព័ត៌មាន​​វីអូអេ​ខ្មែរ​ពេលចុះ​យក​ព័ត៌មាន​​​អំពី​គម្រោងសាងសង់ទំនប់​វារីអគ្គិសនី​

រដ្ឋាភិបាល​ឡាវ​បាន​ការ​ពារ​គោល​ជំហរ​របស់​ខ្លួន​ទាក់​ទង​នឹង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង​ នា​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ​ដោយនិយាយ​ថា ពួកគេ​បាន​ធ្វើ​កិច្ច​ការ​ភាគ​ច្រើន​ដែល​ពួកគេ​អាច​ធ្វើ​បាន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​នានា​របស់​ប្រទេស​ដែល​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​និង​ក្រុម​អ្នក​ជំនាញ​ឯករាជ្យ ​អំពី​ផល​ប៉ះពាល់​នៃ​ចរាចរ​ត្រី​និង​លំហូរ​ទឹក ដែល​អាច​បណ្តាល​មក​ពី​ការ​កសាង​ទំនប់​ដនសាហុង។

លោក​សាយ​ មុន្នី​នៃ​វីអូអេ​បាន​ធ្វើ​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​លោក​បណ្ឌិតដាវវង្ស ផនកែវ (Daovong Phonekeo) ​ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​ផែនការ​ និង​គោល​នយោបាយ​ថាមពល​នៃ​ក្រសួង​រ៉ែ ​និង​ថាមពល​របស់​ប្រទេស​ឡាវ ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​របស់​លោក​ទៅ​កាន់​ទី​តាំង​នៃ​ទំនប់​ដែល​មាន​ចម្ងាយ​ប្រមាណ​តែ​២​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ។​

សូម​លោក​អ្នក​នាង​តាមដាន​ស្តាប់បទ​សម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៖​

សំណួរ៖ ជម្រាប​សួរ​ លោក​ដាវវង្ស​ ផនកែវ។ ដូច​លោក​បាន​ជ្រាប​ហើយ​ថា ​មាន​ការ​ព្រួយបារម្ភ​ជាច្រើន​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​ទំនប់​ដនសាហុង​របស់​ប្រទេស​ឡាវ ជាពិសេស​ទាក់​ទង​នឹង​បញ្ហា​ចរាចរ​របស់​ត្រី​ និង​លំហូរ​ទឹក​តាម​បណ្តោយ​ទន្លេ​មេគង្គ​ទាំង​មូល។ តើ​លោក​ឆ្លើយតប​យ៉ាង​ដូចម្តេច​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​ទាំង​នេះ?​

ចម្លើយ៖​ យើង​បាន​ដឹង​អំពី​ការ​ព្រួយ​បារម្ភ​ទាំង​នោះ។​ យើង​បាន​ចាប់​ផ្តើម​សិក្សាគម្រោង​នេះ​តាំង​ពី​ឆ្នាំ​២០០៦​មក​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ យើង​មាន​ព័ត៌មាន​ ​និង​ទិន្នន័យ​ជាច្រើន។​ យើង​ជឿជាក់​យ៉ាង​ខ្លាំង​ថា ​វិធានការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​យើង​នឹង​ធ្វើ​នឹង​មាន​ឥទ្ធិពល​តិច​តួច​ណាស់​ទៅ​លើ​ចរាចរ​ត្រី​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ និង​ខាង​លើ។​

ដូច​លោក​ឃើញ​ស្រាប់​ហើយ​ ឥឡូវ​យើង​កំពុង​ធ្វើការ​ទៅ​លើ​ច្រក​ទាំង​ពីរ​ដើម្បី​ជំនួស​ច្រក​ដនសាហុង​ សម្រាប់​ឲ្យ​ត្រី​ហែល​ឆ្លងកាត់។ ​ដូច្នេះ ​យើង​មាន​ភស្តុតាង​ដ៏ល្អ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ ដែល​បង្ហាញ​ថា ​ត្រី​អាចប្រើប្រាស់​ច្រក​ផ្សេង​ទៀត ​ដើម្បី​ហែល​ឆ្លង​កាត់​បាន។ ​ហេតុ​ដូច្នេះ​ហើយ ​យើង​គិត​ថា ​វានឹងគ្មាន​ផល​ប៉ះពាល់​ទៅលើ​ប្រទេស​នៅ​ខ្សែទឹក​ខាង​ក្រោម​ទេ។​

សំណួរ៖​ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ​មួយ​ចំនួន​និយាយ​ថា ​ច្រក​ទាំង​ពីរ​គឺ​ច្រក ​សាដាម និង​ច្រក​សាម​ភឿក​ទំនង​ជា​មិន​អាច​ជំនួស​បាន​ទេ ​ដោយសារ​ច្រក​ទាំង​ពីរ​មាន​ទំហំ​តូច​ និង​រាក់​ជាង​ច្រក​ដនសាហុង។ ​ហើយ​ប្រភេទ​ត្រី​ ដែល​ធ្លាប់​តែ​ហែល​ឆ្លងកាត់​ច្រក​ដនសាហុង​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ ​ក៏​ប្រហែល​ជា​មិន​ស៊ាំ​នឹង​ច្រក​ជំនួស​ទាំង​ពីរ​នោះ​ដែរ។​

ចម្លើយ៖ មាន​ការ​យល់​ខុស​ថា ត្រី​ផ្លាស់​ទី​តែតាម​ច្រក​ដនសាហុង​តែ​មួយ​គត់។​ ប្រសិន​បើ​យើង​សួរ​ប្រជាជន​នៅ​ទីនេះ ​ត្រីអាចហែល​ឆ្លង​កាត់​តាម​គ្រប់​ច្រក​នានា។ របាយការណ៍​ខ្លះ​និយាយ​ថា ត្រី​ភាគ​ច្រើន​ហែល​ឆ្លងកាត់​តែ​តាម​ច្រក​ដនសាហុង ពីព្រោះ​ច្រក​ផ្សេងៗ​ទៀត​មាន​ទំហំ​តូចជាង ​និង​ត្រី​ត្រូវ​រាំង​ខ្ទប់​ដោយ​កំណក​ដី​ល្បាប់​ និង​ថ្ម ​ហើយ​គ្មាន​នរណា​ធ្វើ​អ្វីមួយ​នៅ​លើ​ច្រក​ដនសាហុង​ ដូច្នេះ​ត្រី​អាច​ហែល​ឆ្លងកាត់​យ៉ាង​ស្រួល។​

ពី​មុន គ្មាន​បទ​បញ្ញត្តិ​ណា​មួយ​ឡើយ ​ដូច្នេះ​ អ្នក​នេសាទ​បាន​ដាក់​លប​នៅ​តាម​ច្រក​ផ្សេងៗ ​ដែល​ធ្វើ​ឲ្យ​ត្រីភ័យ​ខ្លាច ​មិន​អាច​ប្រើប្រាស់​ច្រក​ទាំង​នោះ​បាន។ ​ អញ្ចឹង​ហើយ​បាន​ជា​រដ្ឋាភិបាល​បាន​ដាក់​បទ​បញ្ញតិ្ត​មួយ​ចំនួន មិនមែន​ត្រឹម​តែ​លើ​ច្រក​ដែល​ត្រូវ​ធ្វើ​ទំនប់​នោះ​ទេ ​គឺ​នៅ​គ្រប់​ច្រក​ទាំង​អស់ ​គឺ​ហាម​មិន​ឲ្យ​អ្នក​នេសាទ​ដាក់​លប​កាត់​តាម​ច្រក​ទាំង​នោះ​ឡើយ។ ពួក​គេ​នៅ​តែ​អាច​នេសាទដោយ​ប្រើប្រាស់​វិធី​ងាយៗ ដូចជា​ប្រើ​សន្ទូច​ ឬសំណាញ់​ជា​ដើម​ ប៉ុន្តែ​មិនមែន​លប​ទេ។​ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​លប ​ត្រី​មិន​អា​ច​ហែល​ឆ្លងកាត់​បាន​ទេ។ អញ្ចឹង​ហើយ​បាន​ជា​យើង​ដាក់​បទ​បញ្ញត្តិ​ស្តី​ពី​របៀប​ធ្វើ​នេសាទ​នៅតាម​ច្រក​ទាំង​នោះ ដើម្បី​កែ​លម្អ​ចរាចរ​ត្រី។​

សំណួរ៖​តើ​វា​ជា​ការណ៍​ពិត​ទេ​ ដែល​ថា ច្រក​ដនសាហុង គឺ​ជា​ច្រក​តែ​មួយ​គត់​ដែល​ត្រី​អាច​ហែល​ឆ្លងកាត់ចុះ​ឡើង​បាន​ពេញ​មួយ​ឆ្នាំ​នោះ?​

ចម្លើយ៖​ទេ វា​មិន​ពិត​ទេ ដែល​ថា ​ច្រក​ដនសាហុង ​គឺ​ជា​ច្រក​តែ​មួយ​គត់​ដែល​ត្រី​ហែល​ឆ្លងកាត់​នោះ។ ​យើង​មើល​ឃើញ​ថា ​វា​ប្រហែល​ជា​ច្រក​ដែល​សំខាន់​ជាង​គេ ​ប៉ុន្តែ​មិនមែន​ជា​ច្រក​តែ​មួយ​គត់​នោះ​ទេ។​

សំណួរ៖ អ្នក​ខ្លះ​លើក​ឡើង​ថា ​នៅ​រដូវ​ប្រាំង ​ច្រក​ដនសាហុង ​គឺ​ជា​ច្រក​តែ​មួយ​គត់​ដែល​មាន​ទឹក​ហូរ​កាត់​បាន​ ដោយ​សារ​វា​មាន​ជម្រៅជ្រៅ​ជាង​គេ។ ​ចំណែក​ឯ​ច្រក​ដទៃ​ទៀត​ មិន​មាន​ទឹក​ច្រើនទេ?​

ចម្លើយ៖ ​មិន​ពិត​ទេ។ ​យើង​អាច​មើល​ឃើញ​លំហូរ​ទឹក​ពី​ច្រក​ពីរ​ផ្សេង​ទៀត​ដែល​អ្នក​ជំនាញ​យក​មក​ពិសោធន៍​នៅ​ពេល​នេះ​ គឺ​ថា​ លំហូរ​ទឹក​នៅ​លើ​ច្រក​ហ៊ូសាដាម ​និង​ច្រក​ហ៊ូសាមភឿក​គឺ​មាន​បរិមាណ​ច្រើន​ជាង​លំហូរ​ទឹក​នៅ​លើ​ច្រក​ហ៊ូសាហុង​កាល​ពី​១០​ឆ្នាំ​មុន។​ នេះ​មាន​ន័យ​ថា ​លំហូរ​ឥឡូវ​នេះ គឺ​ស្រដៀង​គ្នា ដូច្នេះ​មាន​ន័យ​ថា ​មាន​ទឹក​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​ត្រី​អាច​ប្រើ​ប្រាស់​បាន។​ អញ្ចឹង​ហើយ​បាន​ជា​យើង​ចង់​បង្ហាញ​ និងអញ្ជើញភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ឲ្យ​មក​មើល​ដល់​ទីតាំង​ផ្ទាល់​ ពីព្រោះ​ប្រសិន​បើ​ពួក​គេ​អាន​តែ​កាសែត​ ឬ​របាយ​ការណ៍​ ហើយ​មិន​ឃើញ​ទី​កន្លែង​ផ្ទាល់​ទេ នោះ​ពួក​គេ​មិន​អាច​ឃើញ​ទិដ្ឋភាព​ជាក់ស្តែង​បាន​ល្អ​នោះ​ទេ។ ​អញ្ចឹង​ហើយ​បាន​ជា​យើង​ចង់​ឲ្យមនុស្ស​គ្រប់គ្នា​មក​មើល​អ្វី​ដែល​យើង​កំពុង​ធ្វើ។​ ​នេះ​គឺ​ជា​វិធី​ដ៏​ងាយ​បំផុត​ដើម្បី​ឲ្យ​យល់​ថា​ ទំនប់​នេះ​នឹង​គ្មាន​ផល​ប៉ះពាល់​ធំដុំ​ណា​មួយ​ឡើយ។​

សំណួរ៖ តើ​ទំនប់​ដនសាហុង​នេះ មាន​សារៈ​សំខាន់​យ៉ាង​ដូច​ម្តេច​ទៅ​សម្រាប់​ប្រទេស​ឡាវ?​

ចម្លើយ៖ ​ជា​ការណ៍​ពិត​ណាស់ ​សម្រាប់​ប្រទេស​ឡាវ ​ទំនប់​ណា​ក៏​ដោយ​គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​ឡាវ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​របស់​ខ្លួន​នោះ​ទេ។ ​យើង​ជា​ប្រទេស​ដែល​សម្បូរ​ភ្នំ។ យើង​គ្មាន​ដី​ច្រើន​សម្រាប់​ធ្វើ​ស្រែ​នោះ​ទេ។​ យើ​ងក៏​គ្មាន​សមុទ្រ។​ ដូច្នេះ យើង​មិន​អាច​យក​ត្រី​ពី​សមុទ្រ​មក​ចិញ្ចឹម​ប្រជាជន​យើង​បាន​ទេ។ ​ហើយ​ជា​ការណ៍ពិត​ណាស់ ​យើង​ក៏គ្មាន​ធនធាន​ធម្មជាតិ​ ដូចជា​ឧស្ម័ន​ ឬ​ប្រេង​កាត​ដែរ។​ ដូច្នេះ​ជម្រើស​តែ​មួយ​គត់​របស់​យើង​គឺ​អភិវឌ្ឍ​ថាមពល​វារី​អគ្គិសនី។ ដូច​ខ្ញុំ​និយាយ​ពី​ខាងដើម​ស្រាប់​ ប្រទេស​របស់​យើង​គឺ​ជាប្រទេស​សម្បូរ​ភ្នំ ដូច្នេះវា​សមស្រប​សម្រាប់​ការ​អភិវឌ្ឍ​វារី​អគ្គិសនី ពី​ព្រោះ​យើង​មាន​ទី​ខ្ពស់ៗ ​ហើយ​យើង​មាន​ទន្លេ​ជាច្រើន​ដែល​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គ។ ​នេះ​គឺជា​ស្ថាន​ភាព​អំណោយ​ផល​ពី​ធម្មជាតិ​ដើម្បី​អភិវឌ្ឍ​វារីអគ្គិសនី​ដ៏​ល្អ។​

សំណួរ៖ តើ​ប្រទេស​ឡាវ ឬក៏​ក្រុមហ៊ុន​ម៉ាឡេស៊ី Mega First នឹង​សាងសង់​ទំនប់​ដនសាហុង​នេះ នៅ​ពេល​ណា?​

ចម្លើយ៖ ​យើង​រំពឹង​ថា ​នឹង​ចាប់​ផ្តើម​ធ្វើ​វា​នៅ​រដូវ​ប្រាំង​នេះ ​បន្ទាប់​ពី​បញ្ចប់​ការ​ពិគ្រោះ​យោបល់​ជាមុន។ ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមុន​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥​ខែ​មករា​ ឆ្នាំ​២០១៥។ ​បន្ទាប់​ពី​នោះ ​ក្រុមហ៊ុន​នឹង​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ជាប់​កិច្ច​សន្យា​មួយ​ចំនួន​ ពី​ព្រោះ​យើង​មាន​ក្រុមហ៊ុន​ជាប់​កិច្ច​សន្យា​ជាច្រើន។ ​យើង​មាន​ខាង​ស៊ីវិល ខាង​គ្រឿង​ម៉ាស៊ីន។ល។ ដូច្នេះ​ក្រុម​ហ៊ុន​ជាប់​កិច្ច​សន្យា​ផ្សេងៗ​គ្នា​នឹង​ចុះ​កិច្ច​សន្យា​ដើម្បី​ចាប់​ផ្តើម​ធ្វើការងារ។ បន្ទាប់​មក​នឹង​មាន​ការ​ប្រមូល​ផ្តុំ​កម្លាំង​គ្នា​នៅ​ក្នុង​ជំរំ​មួយ ដែល​ចំណាយ​ពេល​ប្រមាណ​ពីរ​ខែ។ បន្ទាប់​ពី​នោះ​ទៅ ពួកគេ​អាច​ចាប់​ផ្តើម​ការ​ងារ​ជីក​កកាយ​ និង​សាងសង់​បាន​ហើយ។ ​គម្រោង​នេះ​នឹង​ត្រូវ​បញ្ចប់​រួចរាល់​នៅ​ឆ្នាំ​២០១៨។​

សំណួរ៖ ​ក្រុម​អ្នក​រិះគន់​ខ្លះ​និយាយ​ថា ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមុន​នេះ គឺ​គ្រាន់​តែ​ជា​ដំណើរ​ការ​ដែល​គ្មាន​ន័យ គ្មាន​ខ្លឹមសារ​អ្វី​ទាំង​អស់​ ពី​ព្រោះ​ ​ទោះ​បី​ជា​ប្រទេស​ខ្លះ​ ដែលជា​សមាជិក​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ ​មិន​ចង់​ឲ្យ​មា​នការ​សាងសង់​ទំនប់​នេះ​ក៏​ដោយ ក៏​ប្រទេស​ឡាវ​នៅ​តែ​អាច​សង់​បាន ប្រសិនបើ​ខ្លួន​ចង់​នោះ។​

ចម្លើយ៖ ​សម្រាប់​ការអភិវឌ្ឍ​ទន្លេ​មេគង្គ​ យើង​មិន​ត្រូវ​ការ​ឯកច្ឆ័ន្ទ​ ឬ​ទាល់​តែ​ព្រមព្រៀង​គ្នា​ទាំង​អស់​នោះ​ទេ។ ​គោល​បំណង​នៃ​ការ​ពិគ្រោះ​យោបល់​ជា​មុន​នេះ គឺ​ដើម្បី​ផ្តល់​ឲ្យ​ប្រទេស​ជា​សមាជិក​ផ្សេង​ទៀត​នូវ​ព័ត៌មាន ​ហើយ​ត្រូវ​ស្តាប់​ការ​ព្រួយ​បារម្ភ​ពី​បណ្តា​ប្រទេស​ជា​សមាជិក​ទាំង​នោះ ហើយ​បន្ទាប់​មក​យើង​នឹង​សិក្សា​ពី​ក្តីព្រួយ​បារម្ភ​ទាំង​នោះ។​ ប្រសិន​បើ​ការ​ព្រួយ​បារម្ភ​នោះ ​សម​ហេតុ​សម​ផល ​ហើយ​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​អញ្ចឹង​មែន ​យើង​នឹងកាត់​បន្ថយ​ផល​ប៉ះពាល់​ និង​សហការ​ជាមួយ​គ្នា។ ​ហើយ​យើង​អាច​បង្ហាញ​អ្វី​ដែល​ក្រុមហ៊ុន​អភិវឌ្ឍ​ទំនប់​អាច​ធ្វើ​បាន ​ដែល​នឹង​មិន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។​

ខ្ញុំ​គិត​ថា ប្រសិន​បើ​គេ​និយាយ​ថា ​ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមុន​នេះ​ គ្មានប្រយោជន៍​ ​វា​មិន​ត្រឹមត្រូវ​ទេ។ ​ប្រសិន​បើ​យើង​មិន​ពិគ្រោះ​គ្នា​ជាមុន ​តើ​ប្រទេសដទៃ​ទៀត​អាច​ផ្តល់​ក្តី​កង្វល់​របស់​ពួក​គេ​មក​ឲ្យ​យើង​ជា​ផ្លូវការ​យ៉ាង​ដូច​ម្តេច​បាន? យើង​មិន​អាច​ស្តាប់​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​ក៏​មនុស្ស​មួយ​ចំនួន​ ដែល​និយាយ​ដោយ​គ្មាន​មូលដ្ឋាន​ ឬ​ភស្តុតាង​ណាមួយ​នោះ​ទេ។ ​ខ្ញុំ​បាន​ឮ​ក្តី​កង្វល់​ខ្លះ​ថា ​ប្រសិន​បើ​ទំនប់​ដនសាហុង​ត្រូវ​បាន​សាងសង់មែន នោះ​នឹង​មាន​ការ​បាត់​បង់​ទឹក​៥០%។​ ខ្ញុំ​គិត​ថា​ នោះ​គឺ​ជា​អំណះ​អំណាង​ដែល​គ្មាន​ន័យ​សោះ។​ តើ​យើង​អាច​រក្សា​ទឹក​ទុក​បាន​៥០%បាន​យ៉ាង​ដូចម្តេចទៅ? បើ​ទោះ​ជា​យើង​ចង់​ ក៏​យើង​មិន​អាច​ធ្វើ​បាន​ដែរ។​

សំណួរ៖ ​ប៉ុន្តែ​ប្រទេស​បី​ទៀត​ ដែល​ជា​សមាជិក​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គបាន​សម្តែងក្តី​កង្វល់​របស់​ពួក​គេ​កន្លង​មក។ ​តើ​ប្រទេស​ឡាវ​បាន​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​ពួក​គេ​យ៉ាង​ដូច​ម្តេច?​

ចម្លើយ៖ ​យើង​បាន​ឆ្លើយ​តប​ទៅ​នឹង​ក្តី​ព្រួយ​បារម្ភ​ទាំង​នោះ​ហើយ។ ​យើង​បាន​ជួល​អ្នក​ផ្តល់​ប្រឹក្សា។ ​យើង​បាន​ជួល​អ្នក​ជំនាញ​ការ​ឲ្យ​មក​មើល​គម្រោង​និង​ផលប៉ះពាល់។ ​ប្រសិន​បើ​ផល​ប៉ះពាល់​ទាក់​ទង​នឹង​ត្រី ​យើង​ជួល​អ្នក​ជំនាញ​ខាង​ត្រី​ឲ្យ​មក​សិក្សា។ ​ដូច​ខ្ញុំ​និយាយ​ពី​ខាង​ដើម​អញ្ចឹង ​ការ​សិក្សា​នេះ​មិនមែន​ធ្វើ​ឆ្នាំ​មុន​ទេ។​ ​ពួកគេ​បាន​សិក្សា​តាំង​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​យោគយល់​គ្នា (MoU)។​ វា​បាន​កន្លង​ទៅ​ជិត​៧​ឆ្នាំ​ទៅ​ហើយ ហើយ​យើង​បាន​ប្រមូល​ភស្តុតាង​ជាច្រើន។​ប្រសិន​បើ​មាន​ផល​ប៉ះពាល់​ យើង​នឹង​កាត់​បន្ថយ​វា។ ​របៀប​កាត់​បន្ថយ​គឺ​អាច​ទទួល​យក​បាន។​

ខ្ញុំ​គិត​ថា អ្នក​ដែល​មាន​ការ​ព្រួយបារម្ភ​ ត្រូវ​តែ​មក​ទីនេះ​ មក​មើល​អ្វី ដែល​យើង​កំពុង​ធ្វើ​ឲ្យ​ជាក់ស្តែង ​មិនមែន​គ្រាន់​តែ​ស្តាប់​អ្នក​ផ្សេង​ ដែល​មិន​ដឹង​ថា យើង​កំពុង​ធ្វើ​អ្វី​នោះ​ទេ។ ​ខ្ញុំ​យល់​ថា ​អ្នក​ខ្លះ​គិត​ថា ​យើង​កំពុង​រាំង​ខ្ទប់​ទន្លេ​មេគង្គ​ទាំង​មូល​តែ​ម្តង​ អញ្ចឹង​ហើយ​បាន​ជា​ពួក​គេ​បារម្ភ ​ពី​ព្រោះ​ពួក​គេ​មិន​ដឹង​ការណ៍​ពិត។ ខ្ញុំ​យល់​ពី​ពួក​គេ។ ​អញ្ចឹង​ហើយ​បាន​ជា​យើង​ចង់​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​នេះដើម្បី​យើង​ផ្តល់​ព័ត៌​មាន​ដល់​ពួក​គេ។ ​យើង​អញ្ជើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឲ្យ​មក​មើល ​ដើម្បី​ពន្យល់​ពួក​គេ ​និង​ស្តាប់​ក្តី​កង្វល់​របស់​ពួក​គេ។ ​ដូច្នេះ​ កុំ​នៅ​តែ​ផ្ទះ ហើយ​និយាយ​ថា ​«ខ្ញុំ​បារម្ភ​ណាស់​ខ្លាច​អត់​មាន​ត្រី​ឆ្លងកាត់​បាន»។ល។ ​ដោយ​មិន​បាន​ឃើញ​អ្វី​ដែល​យើង​កំពុង​ធ្វើ។ ​ នេះ​ប្រហែល​មិន​មែន​ជា​របៀប​ដ៏​ត្រឹមត្រូវ​នោះ​ទេ។​ ខ្ញុំ​ឃើញ​ថា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ ដែល​ពី​មុន​និយាយ​ថា​ ពួកគេ​បារម្ភ​ខ្លាំង​ណាស់ ​ប៉ុន្តែ​ពួកគេ​មិន​ដែល​មក​មើល​ទី​តាំង​ផ្ទាល់​ទេ​ ​ពេល​ដែល​យើង​អញ្ជើញ​ពួក​គេ។ ​យើង​បាន​រៀបចំ​ទស្សនកិច្ច​សិក្សា​ចំនួន​ពីរ​លើក​រួច​មក​ហើយ ​ប៉ុន្តែ​អង្គការ​ទាំង​នោះ​មិន​ដែល​ចូលរួម​ទេ។ ​ពួក​គេ​និយាយ​ថា ​ទំនប់​នេះ​គ្មាន​និរន្តរភាព ​និង​មាន​ផល​ប៉ះពាល់​ច្រើន ប៉ុន្តែ​ពួកគេ​មិន​ដែល​មក​ទេ ដោយ​រួម​ទាំង​ទស្សនកិច្ច​សិក្សា​ ដែល​រៀបចំ​ដោយ​លេខាធិការ​ដ្ឋាន​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​នេះ​ផង​គឺ​ពួកគេ​មិន​ចូលរួម។​ ដូច្នេះ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​ដូច​ម្តេច​ទេ ​មិន​ដឹង​ពន្យល់​ពួកគេ​យ៉ាង​ម៉េច ឬ​ផ្តល់​ព័ត៌មាន​ដល់​ពួក​គេ​យ៉ាង​ដូចម្តេច​ទេ។​

យើង​មិន​អាច​ដើរ​គោះ​ទ្វារ​គ្រប់​គ្នាដើម្បីផ្តល់​ព័ត៌មាន​ឲ្យ​គេ​នោះ​ទេ។ ​វា​ច្រើន​ពេក។ យើង​មិន​អាច​ធ្វើ​បាន​ទេ។ វា​ហួស​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន។​

សំណួរ៖ ​ឥឡូវ​ លោក​អាច​ជម្រាប​បាន​ទេ ​ថា​តើ​ប្រទេស​ឡាវ​គ្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ប៉ុន្មាន​នៅ​លើ​ទន្លេមេ​នៃ​ទន្លេមេគង្គ ​ហើយ​ប៉ុន្មាន​ទៀត​នៅ​លើ​ដៃ​ទន្លេ​នេះ។​

ចម្លើយ៖ នៅ​លើ​ទន្លេ​មេគង្គ ដោយ​ផ្អែក​តាម​របាយ​ការណ៍​ពី​គណៈ​កម្មការ​ទន្លេ​មេគង្គ ​យើង​បាន​កំណត់​យក​គម្រោង​ចំនួន​៥ នៅ​ផ្នែក​ខាង​លើ​ទីក្រុង​វៀង​ច័ន្ទ ​និង​គម្រោង​ចំនួន​ពីរ​ទៀត​នៅ​ភាគ​ខាង​ត្បូង។​ ដូច្នេះ ​ប្រទេស​ឡាវ មាន​៧​គម្រោង​ដែល​អាច​អភិវឌ្ឍ​បាន។ ​យើង​ក៏​មាន​គម្រោង​រួម​គ្នា​ជាមួយ​ប្រទេស​ថៃ ​ចំនួន​២​ទៀត។ ​បើ​ប្រទេស​ថៃ​យល់​ព្រម​អភិវឌ្ឍ​ យើង​អាច​អភិវឌ្ឍ​បាន។ ​បើ​ថៃ​មិន​យល់​ព្រម ​យើង​ក៏​មិន​អាច​អភិវឌ្ឍ​បាន​ដែរ ព្រោះ​គម្រោង​ទាំង​ពីរ​ជា​គម្រោង​រួមគ្នា។​

នៅ​លើ​ដៃ​ទន្លេមេគង្គ ឥឡូវ​យើង​មាន​គម្រោង​ដែល​កំពុង​ដំណើរ​ការ​សាងសង់​ចំនួន​១៤​គម្រោង​ដែល​អាច​ផលិត​ថាមពល​បាន​ប្រមាណ​៥ពាន់​មេហ្គាវ៉ាត់ និង​គម្រោង​ប្រមាណ​៥០​ទៀត​កំពុងស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​នៅឡើយ ​ដែលគ្រោង​នឹង​ផ្តល់​ថាមពល​ប្រមាណ​៩ពាន់​មេហ្គាវ៉ាត់​ទៀត។​សំណួរ៖តើ​លោក​មាន​អ្វី​បន្ថែម​ជា​ចុង​ក្រោយ​ទេ?​

ចម្លើយ៖ខ្ញុំ​ចង់​បញ្ជូន​សារ​មួយ​ចំនួន​ថា អ្នក​ត្រូវ​តែ​ស្តាប់​ភាគី​ទាំង​ពីរ​គឺ​អ្នក​នៅ​ខ្សែ​ទឹកខាងក្រោម​ និង​អ្នក​ដែល​ចង់​អភិវឌ្ឍ។ ​អ្នក​ត្រូវ​តែ​ស្តាប់​ការណ៍​ពិត​ទាំង​អស់។​ ខ្ញុំ​យល់​ថា ​អ្នក​ខ្លះ​ដែល​កំពុង​ប្រឆាំង​នឹង​ទំនប់​របស់​ឡាវ គឺ​ដើម្បី​កុំ​ឲ្យ​មាន​ការ​សាង សង់​ទំនប់​ដទៃ​ទៀត ​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាដើម​ ឬ​មួយ​ក៏​ពួក​គេ​មាន​របៀប​វារៈ​អាថ៌​កំបាំង​ណាមួយ។ យើង​មិន​ដឹង​ទេ ​ប៉ុន្តែ​យើង​កំពុង​ព្យាយាម​និយាយ​ថា​ សូម​អ្នក​ទាំង​អស់​គ្នា​មើល​ទំនប់​ទាំង​អស់​ម្តង​មួយៗ ពី​ព្រោះ​ទំនប់​មិន​ដូច​គ្នា​ទេ។ ​ទំនប់​ទាំង​នេះ​មាន​ទិដ្ឋភាព​និង​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​គ្នា។ ​អញ្ចឹង​ហើយ ​សូម​មក​មើល​ដោយ​ផ្ទាល់​និង​ផ្តល់​យោបល់​របស់​លោក​អ្នក​ទៅ​តាម​អ្វី​ដែល​លោក​អ្នក​បាន​ឃើញ។ ​កុំ​គ្រាន់​តែ​និយាយហើយ​និយាយ​ទៀត ដោយ​មិន​បាន​ឃើញ​ទីតាំង​គម្រោង​ផង​នោះ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ផ្តល់​អនុសាសន៍​ដល់​អ្នកទាំង​ឡាយ ​អង្គការ​ទាំង​ឡាយ ​ដែល​ជឿ​ថា យើង​មិន​បាន​ធ្វើ​អ្វី​សោះ​នោះ។ ​តាម​ពិត​យើង ​បាន​ធ្វើ​អ្វីៗ​ ដែល​យើង​អាច​ធ្វើ​បាន​ភាគច្រើន ​ដូច​ជា​ការ​ជួល​អ្នក​ជំនាញ​ការ​និង​ស្តាប់​មនុស្ស​គ្រប់គ្នា​ ហើយ​នឹង​យោបល់​គ្រប់​យ៉ាង ដើម្បី​ធ្វើ​ឲ្យ​វិធានការបន្ថយ​ផលប៉ះពាល់ ​មាន​លក្ខណៈ​ប្រសើរ​ឡើង​និង​កាត់បន្ថយ​ផលប៉ះពាល់​ឲ្យ​ដល់​កម្រិត​តិច​តួច​បំផុត។​

សំណួរ៖ បាទ​ សូម​អរគុណ​សម្រាប់​ពេល​វេលា​របស់​លោក។​

ចម្លើយ៖ បាទ​មិន​អី​ទេ។ សូមអរគុណ៕

XS
SM
MD
LG