ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឡាវ​ព្យាយាម​ឡើង​ឋានៈ​​ចេញ​ពី​​ក្រុម​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​បំផុត


រូបឯកសារ៖ បុគ្គលិក​ម្នាក់​ស្រោច​ដំណាំ​នៅ​មុខ​អគារ​ខុនដូរ​កម្ពស់​ ៨ ជាន់​នៅ​ក្នុង​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០០។
រូបឯកសារ៖ បុគ្គលិក​ម្នាក់​ស្រោច​ដំណាំ​នៅ​មុខ​អគារ​ខុនដូរ​កម្ពស់​ ៨ ជាន់​នៅ​ក្នុង​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០០។

ក្រុម​សេដ្ឋវិទូ​និង​អ្នក​វិភាគ​និយាយ​ថា ប្រទេស​ឡាវ​មាន​ឱកាស​ច្រើន​នៅ​ក្នុង​ការ​ងើប​ចេញ​ពី​ចំណាត់​ថ្នាក់​ជាប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​បំផុត បន្ទាប់​ពី​អង្គការ​សហប្រជាជាតិបាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​វិវត្តផ្នែក​សង្គម​និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះសម្រាប់​ឆ្នាំ​ក្រោយ ប៉ុន្តែដំណើរការត្រួត​ពិនិត្យ​នេះ​ប្រហែល​ជា​ត្រូវ​ប្រែប្រួល​ដោយ​សារ​តែ​ការ​រាតត្បាត​វីរុស​កូរ៉ូណា និង​កំណើន​បំណុលដែល​ឡាវ​ជំពាក់​ចិន។​

ប្រទេសឡាវ​ដែល​ជា​ប្រទេស​កុម្មុយនីស្ត​តូច​មួយ​ដែល​មាន​ប្រជាជន​ចំនួន ៧,២​លាន​នាក់​និង​ស្ថិត​នៅជាប់​នឹង​ព្រំដែន​ភាគ​ខាង​ត្បូង​ប្រទេសចិន​ គឺ​ជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​ប្រទេសចំនួន​ ៤៧​ ដែល​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ថា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច និង​មាន​ជំនួយ​អន្តរជាតិ និង​សិទ្ធិ​អាទិភាព​ផ្នែក​ពាណិជ្ជកម្ម​សេរី។ កាល​ពី​ខែ​កុម្ភៈ គណៈកម្មាធិការ​ពិសេស​មួយ​នៃ​អង្គការ​សហប្រជាជាតិដែល​តាមដាន​វឌ្ឍនភាព​របស់​បណ្តា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​រាល់​បី​ឆ្នាំ​ម្តង​ អាច​សម្រេច​ឲ្យ​ប្រទេស​ឡាវ​ឡើង​ផុត​ពី​ចំណាត់ថ្នាក់​នេះ ដោយ​ដក​ចេញ​នូវជំនួយ​ និង​ផលប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម ​ផ្តល់​ទៅ​ឲ្យ​បណ្តា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​ ប៉ុន្តែផ្តល់​មក​វិញ​នូវ​ការ​ជំរុញលទ្ធភាព​ទាក់ទាញ​ការ​វិនិយោគ​បរទេស​បន្ថែម​និង​កម្ចីដែល​មាន​ការ​ប្រាក់​ទាប ដែល​អាច​រក្សា​កំណើន​និង​ចីរភាព​សេដ្ឋកិច្ច។

ឡាវបាន​ចាត់​ទុក​ការ​ដកខ្លួន​ចេញ​ពី​ចំណាត់ថ្នាក់​ជា​ក្រុម​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​ជា​គោលនយោបាយ​ចម្បង​មួយ​សម្រាប់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។​ កាល​ពី​ឆ្នាំ​២០១៨ ឡាវបាន​ជាប់​ជា​ស្ថាពរ​ពី​ការត្រួត​ពិនិត្យ​លើកដំបូង​ក្នុង​ចំណោម​ការ​ត្រួត​ពិនិត្យ​ជាប់​គ្នា​ចំនួន​ពីរ​លើក តាមរយៈ​ការ​បំពេញ​នូវ​លក្ខខណ្ឌ​ដែល​គណៈកម្មាធិការប្រើប្រាស់​ដើម្បី​វាស់ស្ទង់​លើ​ការ​អភិវឌ្ឍ ដែល​រួម​មាន​ចំណូលជាតិ​សរុប​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ ដែល​ត្រូវ​បាន​កំណត់​ឡើង​លើស​ពី ១២៤២ ដុល្លារ និង​មូលធន​សង្គម រួម​មាន​ការ​វាស់ស្ទង់​ទៅ​លើ​ការ​វិវត្តផ្នែក​សុខាភិបាល ការអប់រំ និង​អក្ខរកម្ម​របស់​ប្រជាជន។ ប្រទេស​ឡាវ​បាន​ខកខានក្នុង​ការ​សម្រេច​បាននូវ​លក្ខខណ្ឌ​តម្រូវ​ទី​បី​គឺ ដំណោះស្រាយ​លើ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច ដែល​ជាការ​វាស់ស្ទង់​ថា​តើ​សេដ្ឋកិច្ច​របស់​ប្រទេស​ងាយរងគ្រោះ​ពី​ការ​ធ្លាក់​ចុះផ្នែក​សេដ្ឋកិច្ច និង​បរិស្ថាន​កម្រិត​ណា ដែលអាច​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព។ ​

​កត្តា​ដទៃ​ទៀត

អ្នក​វិភាគ​ម្នាក់និង​អ្នកសេដ្ឋកិច្ច​ពីរ​រូប​ដែល​តាមដានស្ថានភាព​ប្រទេស​ឡាវ​ជិត​ដិត​បាន​ប្រាប់ VOA នា​ពេល​ថ្មីៗ​នេះ​ថា ឡាវ​ទំនង​នឹង​សម្រេច​នូវ​លក្ខខណ្ឌ​តម្រូវចំនួន​ពីរ​ដែល​ខ្លួន​សម្រេច​បាន​កាល​ពី​ឆ្នាំ​២០១៨ បន្ទាប់​ពី​ការ​ពិនិត្យ​ពិច័យ​លើក​ទី​ពីរ​នៅ​ខែ​កុម្ភៈ ឆ្នាំក្រោយ។ ប្រសិន​បើ​ដូច្នេះ​មែន ឡាវ​អាច​ឆ្លង​ផុត​ពី​ឋានៈ​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍតិចតួច​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០២៤ បន្ទាប់​ពីបាន​ឆ្លងកាត់រយៈពេល​៣​ឆ្នាំ​ដែល​ជា​បទដ្ឋានដើម្បី​ត្រៀម​លក្ខណៈ។

ជា​រឿងល្អ​ផង​ដែរ​ដែល​ទិន្នន័យ​ដែល​គណៈកម្មការ​នឹង​ប្រើប្រាស់​នៅ​ខែ​កុម្ភៈខាង​មុខ​សម្រាប់​លក្ខខណ្ឌ​តម្រូវទាំង​បី​ខាងលើ​គឺ ​គិត​ត្រឹម​ឆ្នាំ២០១៩​ប៉ុណ្ណោះ មុន​ពេលមាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ប៉ុន្តែ​គណៈកម្មការ​ក៏​នឹង​ពិនិត្យ​ទៅ​លើ​សូចនាករ​បន្ថែម​មួយ​ចំនួន​ទៀត និង​ការ​សិក្សាវិភាគ​ទៅ​លើ​ប្រទេស​ឡាវ​ផ្ទាល់» ដែល​នឹង​បង្ហាញ​ពីផល​ប៉ះពាល់​ពី​ការ​រាតត្បាត​ជំងឺ​មក​លើសង្គម​ និង​សេដ្ឋកិច្ចឡាវ។

លោក Matthew Johnson-Idan អ្នកសេដ្ឋកិច្ច​ជាន់​ខ្ពស់​នៃការិយាល័យ​សម្របសម្រួល​បុគ្គលិកអង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ឡាវ​បាន​និយាយ​ថា៖ «​ផ្អែក​តែ​ទៅ​តាមលក្ខខណ្ឌ​តម្រូវ​ទាំង​បី​នេះ ខ្ញុំ​អាច​និយាយ​បាន​ថា ឡាវ​ទំនង​នឹង​អាច​គ្រប់​តាម​លក្ខខណ្ឌ​យ៉ាង​ហោច​ណាស់​២ បើ​មិន​អាច​គ្រប់​លក្ខខណ្ឌ​ទាំងបី។ មាន​កត្តា​ដទៃ​ទៀត​ដែល​ត្រូវ​យក​មក​ពិចារណា​ ដូច្នេះ​ខ្ញុំមិន​ចង់​វាយតម្លៃ​ទុក​ជា​មុន​ទៅ​លើ​លទ្ធផល​នៃ​ការ​សិក្សា​នោះ​ទេ»។ ​

​លោក​Johnson-Idan បាន​ថ្លែង​ថា សូចនាករ​បន្ថែម​ដែល​គណៈកម្មការ​នឹងពិនិត្យ​មើល​គឺ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ប៉ុន្តែ​គណៈកម្មាធិការ​នឹង​ផ្តោត​ទៅ​លើសូចនាករ​ណា​ដែល​ជួយ​ឲ្យ​ខ្លួន​សម្រេច​ថា​តើ​វឌ្ឍនភាព​ដែល​រដ្ឋាភិបាល​ប្រទេស​មួយ​ធ្វើ​បានអាច​បំពេញ​លើ​លក្ខខណ្ឌ​តម្រូវ​ប្រកប​ដោយ​ចីរភាព​ឬ​ទេ។ ការ​វិវត្ត​ទៅ​មុខ​របស់​ប្រទេសមួយ​កាន់​តែ​មាន​ចីរភាព​ លទ្ធភាពឡើង​ចំណាត់ថ្នាក់​គឺ​មាន​កាន់​តែ​ខ្ពស់។ ​

លោក Johnson-Idan រំពឹង​ថា ជំងឺ​រាតត្បាត​នឹង​ជះ​ឥទ្ធិពលយ៉ាង​ខ្លាំង​ទៅ​លើ​សូចនាករ​បន្ថែម​ទាំង​នោះ។

ទោះ​បី​ជា​ជំងឺ​កូវីដ១៩ បាន​ឆ្លង​ទៅ​លើមនុស្ស​ត្រឹមតែ​២៤​នាក់ គិត​ជា​តួលេខ​ផ្លូវ​ការ នៅ​ប្រទេស​ឡាវ​ និង​មិន​មាន​ការ​ស្លាប់​ក៏​ដោយ ការរឹតបន្តឹង​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​និង​ក្រៅ​ប្រទេស​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ទៅលើ​សេដ្ឋកិច្ច​ប្រទេស​នេះ។ ធនាគារ​ពិភពលោក​បាន​ទស្សន៍ទាយ​ថា កំណើន​អត្រា​ផលិតផល​ក្នុង​ស្រុក​សរុប​ឬ GDP របស់​ប្រទេស​ឡាវ​នឹង​ធ្លាក់​ចុះ​ពី​កំណើន​មធ្យម​ប្រមាណ​៧ភាគរយ​មក​នៅ​១ភាគរយ​ឬ​តិច​ជាង​នេះ​នៅ​ក្នុង​ឆ្នាំ២០២០។

មូលដ្ឋាន​សារពើពន្ធ

លោក Johnson-Idan ថ្លែង​ថា ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ចនេះ​ធ្វើ​ឲ្យ​ឡាវ​កាន់​តែ​ពិបាក​ ក្នុង​ការ​ដោះ​បំណុល​ដែល​កំពុងតែ​កើន​ឡើង​របស់​ខ្លួន និង​ពិបាករក្សា​ការ​ចំណាយ​លើ​សេវាកម្ម​សង្គម​ដែល​បាន​ជួយ​លើក​កម្ពស់​វិស័យ​សុខាភិបាល និង​អប់រំ និង​ដែល​បាន​ជួយ​ឲ្យ​ប្រទេស​ឡាវ​មាន​ឱកាស​ឆ្លង​ផុតពី​ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច។​

លោក​បាន​បន្តថា រដ្ឋាភិបាលឡាវ​កំពុង​រៀបចំ​ផែនការ​ដើម្បី​លើកកម្ពស់​ស្ថានភាព​សារពើពន្ធ​របស់​ខ្លួន។

លោក​ Johnson-Idan បាន​ថ្លែង​ថា៖«ទោះ​បី​វា​ជា​រឿង​ល្អ​មួយ​ក៏ដោយ ខ្ញុំ​រំពឹង​ថា [គណៈកម្មការ] ​នឹង​ពិនិត្យ​ទៅ​លើ​រឿង​នេះ​យ៉ាង​ជិត​ដិត ហើយ​នេះ​នឹង​ជា​កត្តា​មួយ​នៅ​ក្នុង​ចំណោម​កត្តាសំខាន់ៗ​ដែល​នឹង​កំណត់​ថា​តើ​ពួកគេ​គិត​ថា ការ​វិវត្តទៅ​មុខ​នេះ​នឹងប្រកប​ដោយ​ចីរភាព​ ឬ​ទេ​បន្ទាប់​ពី​ឡាវ​ឆ្លងផុត​ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច»។ ​

ធនាគារ​ពិភពលោក​ប៉ាន់ប្រមាណ​ថា បំណុល​របស់​ឡាវ​នឹង​កើន​ដល់​ ៦៨​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន​នា​ឆ្នាំ២០២០​នេះ ដែល​ភាគច្រើន​ជា​បំណុលជំពាក់ប្រទេសចិន​សម្រាប់​ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗមួយ​ចំនួន។ កាល​ពី​ខែ​សីហា ទីភ្នាក់ងារ​កំណត់​ចំណាត់ថ្នាក់​ Moody របស់​សហរដ្ឋអាមេរិក​បាន​ព្រមាន​ពី​ហានិភ័យ​ដែល​ប្រទេស​ឡាវ​មិន​មាន​លទ្ធភាពសងបំណុលរបស់​ខ្លួន «នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ»។ ​

អ្នកស្រី Imogen Page-Jarrett អ្នកវិភាគ​លើ​ប្រទេស​ឡាវ​នៅអង្គភាពស្រាវជ្រាវ​សាកល​ Economist Intelligence Unit បាន​និយាយថា ប្រទេស​ឡាវ​នៅ​តែ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ឧស្សាហកម្ម​តិចតួច​រួម​មាន​ វារីអគ្គិសនី ​រ៉ែ និង​ការ​នាំចេញ​ទំនិញ​ដូចជា សម្លៀកបំពាក់ និង​វត្ថុធាតុដើម។ អ្នកស្រី​បាន​និយាយ​ថា​ រដ្ឋាភិបាលឡាវ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​បោះជំហាន​ទៅ​មុខ​ច្រើន​នោះ​ទេ​ដើម្បីពង្រឹង​កម្លាំង​ពលកម្ម​ជំនាញ​ទាប។

អ្នកស្រី Page-Jarrett បាន​ថ្លែងថា៖ «មិន​មាន​ការ​វិវត្ត​នៅ​មុខ​នៅ​ក្នុង​ផ្នែក​ទាំង​នេះ​នោះ​ទេ​នៅរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ដូច្នេះ​ខ្ញុំ​អាច​និយាយ​ថា ភាព​ងាយ​រងគ្រោះ​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឡាវ​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​នៅ​ខ្ពស់​នៅ​ឡើយ។ ហើយ​ប្រសិន​បើ​យើង​គិត​បញ្ចូល​នូវកម្រិត​នៃ​ការ​កើន​ឡើង​បំណុល ហើយ​ជា​ពិសេស​កំណើន​បំណុល​ដែល​ជំពាក់​ប្រទេស​ចិន ខ្ញុំ​គិត​ថា បំណុល​ទាំងនេះ​នឹង​ដាក់​សម្ពាធទៅ​លើ​ភាព​ងាយ​រងគ្រោះ​នៃ​សេដ្ឋកិច្ច​របស់​ឡាវ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ប្រសិន​បើ​ពួកគេ​គ្រាន់​តែ​គិត​ពិចារណា​លើ​លក្ខខណ្ឌ​តម្រូវចំនួន​បី​នោះ នោះ​ប្រទេស​ឡាវ​នឹង​ទទួល​ជោគជ័យ​ក្នុង​ការ​ត្រួត​ពិនិត្យ​នោះ។ ប៉ុន្តែ​មាន​លទ្ធភាព​ដែលថា គណៈកម្មាធិការនឹង​មិន​គិត​តែ​លើ​លក្ខខណ្ឌ​តម្រូវ​ចំនួន​បី​តែ​ប៉ុណ្ណោះ​នោះ​ទេ​ ពីព្រោះ​ពួកគេ​កំពុងតែ​ពិចារណា​លើ​លក្ខខណ្ឌ​បន្ថែម»។​

ប្រទេសក្នុង​តំបន់​ដែល​នៅ​ក្បែរ​ប្រទេសឡាវ​

​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ទស្សនៈ​ទូលាយ​ជាង​នេះ អ្នកស្រី​ Page-Jarrett និង​លោក Johnson-Idan បាន​ចាត់​ទុក​ថា កំណើន​សេដ្ឋកិច្ច​របស់​ឡាវ​ ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹងប្រទេស​ចិននៅ​ជិត​ខាង​ បាន​ជួយជ្រោមជ្រែង​ជាជាង​បង្ក​ជា​ឧបសគ្គ​ចំពោះ​ការ​ចាកចេញ​របស់​ប្រទេស​ឡាវ​ពី​ចំណាត់ថ្នាក់ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច។ អ្នក​ទាំង​ពីរនិយាយ​ថា ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​របស់​ចិន​បាន​ជួយយ៉ាង​ច្រើន​ទៅ​ដល់​ការ​ពង្រីក​សេដ្ឋកិច្ច និង​លើកកម្ពស់​ចំណូលជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់​ឲ្យ​លើស​ពីកម្រិត​ ១២២២ ដុល្លារ ​កំណត់ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​ត្រួតពិនិត្យ​នៅ​ឆ្នាំ ២០២១។​

លោក Mana Southichack អ្នកសេដ្ឋកិច្ច​និង​នាយក​ក្រុមហ៊ុន Lao Integro ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ក្នុង​ស្រុក​មួយ​បានយល់ស្រប។ លោក​បាន​និយាយ​ថា ប្រទេស​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​មួយ​របស់​ឡាវ ជាមួយ​នឹង​ប្រទេស​ថៃ និង​វៀតណាម​ដែល​ស្ថិត​នៅ​ជិត​ខាង​ ហើយ​នា​ពេល​ថ្មីៗ​នេះ​ប្រទេស​ចិន​បាន​ដណ្តើម​តំណែង​ពី​ប្រទេស​ថៃ​ដែល​ជា​អ្នកវិនិយោគ​ធំ​ជាង​គេ​បង្អស់​នៅ​ឡាវ។

​លោក​ Mana បាន​និយាយ​ថា លំហូរ​ទំនិញ​ក្នុង​តម្លៃ​ថោក​ពី​ចិន រួម​មាន​គ្រឿង​ឧបករណ៍កសិកម្ម និង​ទោចក្រយានយន្ត​ជា​ដើម បាន​ជួយ​ជំរុញ​ជីវភាពរស់​នៅ​តាម​រយៈ​ការ​ជួយ​ឲ្យ​ប្រជាជន​ឡាវ​សន្សំ និង​ប្រកប​អាជីវកម្ម​ធុន​តូច​ប្រកប​ដោយផលិតភាព​ជាង​មុន។ ​

លោក​បាន​ថ្លែង​ថា៖«ទាំង​នេះ​ជា​រឿង​ដែល​មនុស្ស​មួយ​ចំនួន​បាន​មើល​រំលង ប៉ុន្តែ​វា​មាន​សារៈសំខាន់»។

​លោក​ Mana បាន​និយាយ​ថា អង្គការ​សហប្រជាជាតិ​ប្រហែលមិនទាន់​អនុម័ត​លើ​សំណើ​សុំ​ឡើង​ចំណាត់ថ្នាក់​របស់​ប្រទេស​ឡាវ​នៅ​ខែ​កុម្ភៈខាង​មុខ​នោះ​ទេ។ លោក​ព្រួយបារម្ភ​ថា ផលប៉ះពាល់​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ ​អាច​រុញ​ច្រាន​ឲ្យប្រទេស​ឡាវ​ធ្លាក់​ចូល​ក្នុង​ចំណាត់ថ្នាក់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​វិញ ប៉ុន្តែ​លោក​ជឿ​ថា ប្រទេស​ឡាវ​អាច​រក្សា​ចំណាត់ថ្នាក់​ថ្មី​បាន​ ដរាប​ណា​ប្រទេស​ចិន ថៃ វៀតណាម​ អាច​រើប​ចេញ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ។ ​

លោក​ Johnson-Idan បាន​និយាយ​ថា នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ទាំង​ប្រាំ​ដែល​បាន​ឆ្លង​ផុត​ចំណាត់ថ្នាក់​មក​ទល់​ពេល​នេះ មិន​មាន​ប្រទេស​ណា​មួយ​ធ្លាក់​ចំណាត់ថ្នាក់​វិញ​ទេ ហើយ​ប្រទេស​ទាំង​អស់​នៅ​តែ​បន្ត​អភិវឌ្ឍ​ទៅ​មុខ។

អង្គការ​សហប្រជាជាតិ​ក៏​មាន​ជម្រើស​មួយ​ចំនួនក្រៅ​ពី​ដាក់​ឲ្យ​ឡើង​ចំណាត់​ថ្នាក់ ឬ​រក្សា​ចំណាត់ថ្នាក់​ដដែល​សម្រាប់ប្រទេស​ឡាវ​ផង​ដែរ។ ប្រសិន​បើ​ឡាវ​អាចបំពេញ​លក្ខខណ្ឌ​តម្រូវ​ចម្បង​ចំនួន​បី​គិត​ត្រឹម​ខែ​កុម្ភៈខាង​មុខ ប៉ុន្តែ​ខកខាន​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវសូចនាករ​បន្ថែម​ចំនួន​បី​ផ្សេង​ទៀត គណៈកម្មាធិការ​អាច​ពិចារណា​ពន្យារ​សេចក្តីសម្រេច​រហូត​ដល់​ឆ្នាំ​ ២០២៤ ឬ​អនុម័ត​នូវ​ការ​ឡើង​ចំណាត់ថ្នាក់ ហើយ​បន្ថែម​ពេលវេលា​លើ​ពី​រយៈពេលបទដ្ឋានចំនួន​បី​ឆ្នាំ។ លោក Johnson-Idan បាន​និយាយ​ថា អង្គការសហប្រជាជាតិធ្លាប់​ធ្វើ​ដូចនេះ​ពី​មុន​មក​ផង​ដែរ។

សារព័ត៌មានគាំទ្រ​ដោយ​រដ្ឋ​ឡាវ Vientiane Times បាន​រាយការណ៍​កាល​ពី​ដើម​ខែ​វិច្ឆិកានេះ​ថា ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​អាច​ពន្យារ​ពេល​ឡើង​ចំណាត់ថ្នាក់​របស់​ប្រទេស​ឡាវ ប៉ុន្តែ​មិន​បាន​លើកឡើង​ពី​ការ​ផ្លាស់ប្តូរ​ណា​មួយ​ទៅ​លើ​ផែនការ​របស់​រដ្ឋាភិបាល​នោះ​ទេ។ រដ្ឋមន្ត្រីក្រសួង​ផែនការ និង​វិនិយោគ​ឡាវ​លោក Sonexay Siphandone បាន​ប្រាប់​ទៅ​សារព័ត៌មាន​នេះ​ថា រដ្ឋាភិបាល​កំពុង​បន្ត​វាយ​តម្លៃ​ទៅ​លើ​ផល​ប៉ះពាល់​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្ត្របញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG