ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកភូមិ​នៅឡាវ​ប្រឈម​នឹងការ​បណ្តេញ​ចេញ​ ដើម្បី​អភិវឌ្ឍ​គម្រោង​សាងសង់​ទំនប់វារីអគ្គិសនី​របស់​រដ្ឋាភិបាល


រូបឯកសារ៖ ទង់ជាតិពណ៌លឿងតាមបណ្តោយទន្លេមេគង្គដែលកំណត់ទីដៅសម្រាប់សំណង់ទំនប់វារី Luang Prabang ជិតភូមិ Houaygno ប្រទេសឡាវ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​តាម​បណ្តោយ​ទន្លេមេគង្គ​នៅ​ភាគខាងជើង​ប្រទេសឡាវ​ អ្នក​រស់នៅ​ក្នុងភូមិ Houaygno ប្រហែល៣៣០នាក់​កំពុង​ប្រឈមនឹង​ការ​បណ្តេញ​ចេញ។

ក្រុមហ៊ុន​ថាមពល​របស់​រដ្ឋ​វៀតណាម​ឈ្មោះ PetroVietnam Power បាន​ជ្រើសរើស យក​ទីតាំង​ខាងលើ​ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី Luang Prabang ដែល​អាច​ផលិត ថាមពល​បាន ១៤៦០មេហ្គាវ៉ាត់​និង​ត្រូវ​ចំណាយ​ថវិកា​អស់​៣ពាន់លានដុល្លារ។ គម្រោង​សង់​ទំនប់​វារីអគ្គិសនី​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ។

អាង​ស្តុក​ទឹក​របស់​ទំនប់​វារីអគ្គិសនី​នេះ​នឹង​ជនលិច​ផ្នែកខ្លះ​ឬ​ភូមិទាំង ២៣​នៅក្នុង​តំបន់​ទាំងមូល​ដែល​ជា​ទីជម្រក​របស់​អ្នកស្រុកប្រមាណ១០.០០០នាក់​ ហើយ​អ្នកភូមិ​ទាំងនេះ​បាន​ទទួល​ដំណឹង​ឲ្យ​រៀបចំ​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ​រួច​ហើយ។

ក្រុមអ្នកភូមិ​បាន​និយាយ​ថា​ ទាំង​មន្រ្តី​រដ្ឋាភិបាល​និង​បុគ្គលិក​ក្រុមហ៊ុន​បាន​សន្យា​ថា​ និង​ចេញ​ថ្លៃ​សង​ជំងឺចិត្ត​ពេញ​ថ្លៃ​ឲ្យ​ពួកគេ​ ប៉ុន្តែ​អ្នកភូមិ​មិន​ទុកចិត្ត​លើ​ការសន្យា​នេះ​ឡើយ។

កសិករ​ម្នាក់​នៅ​ភូមិ Houaygno ដែល​កំពុង​ទទួល​ទាន​អាហារ​ថ្ងៃត្រង់​នៅ​លើ​សំយ៉ាប​ផ្ទះ​បែរ​មុខ​ទៅ​ទន្លេ​បាន​និយាយ​ថា«យើង​មិន​ទុកចិត្ត​ពួកគេ​ទេ​ ពីព្រោះ​យើង​បាន​ឮ​អំពី​គម្រោង​ទំនប់​វារីអគ្គិសនី​ដែល​ពួកគេ​បាន​សង់​កាល​ពី​មុន​ ដោយ​បាន​សន្យា​ថា​ នឹង​សង​ជំងឺ​ចិត្ត​ឲ្យ​អ្នកភូមិ​ ប៉ុន្តែ​អ្នកភូមិ​មិន​បាន​ទទួល​អ្វី​ទាល់​តែ​សោះ‍»។

នៅ​លើ​ច្រាំងទន្លេ​ កម្មករ​មួយ​ក្រុម​កំពុង​ជីកខួង​ដី​ដោយ​ម៉ាស៊ីន​ប្រើ​ប្រេងម៉ាស៊ូត​ ដើម្បី​បោះ​បង្គោល​ទំនប់។

អ្នកយកព័ត៌មាន​របស់ VOA កាល​ពី​ដើម​ខែវិច្ឆិកា​ បាន​ទៅ​មើល​ភូមិ​ពីរ​កន្លែង​ដែល​ត្រូវ​បាន​ជនលេច​ដោយ​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​នេះ​ គឺភូមិ Houaygno និង​ភូមិ Khokkham និង​បាន​និយាយ​ជាមួយ​អ្នកស្រុក​ប្រហែល​ជាង១០នាក់។ ពួកគេ​ខ្លះ​គ្មាន​សង្ឃឹម​ថា​នឹង​មាន​ជីវភាពប្រសើរ​ឡើង​នោះ​ទេ​ ប្រសិន​បើ​រដ្ឋាភិបាល​ត្រូវ​ជម្លៀស​ពួកគេ​ទៅ​រស់​នៅ​តំបន់ផ្សេង​នោះ។ ពួកគេ​ភាគច្រើន​ព្រួយបារម្ភ​ថា​នឹង​មាន​ជីវភាព​កាន់​តែ​ដុនដាប់​ជាងនេះ។ អ្នកភូមិតិចតួច​ប៉ុណ្ណោះ​ជឿ​ថា​អាជ្ញាធរ​នឹង​គោរព​តាម​ការសន្យា​ ឬ​ជឿ​ថា​ច្បាប់​នឹង​ជួយ​ពួកគេ​បាន។

VOA សុំ​មិន​បញ្ចេញ​ឈ្មោះ​របស់​អ្នកភូមិ​ទាំងនេះ​ដើម្បី​ការពារ​ពួកគេពី​ការសងសឹក​ពី​សំណាក់​រដ្ឋាភិបាល។

កសិករ​ម្នាក់​បាន​និយាយ​ថា«ខ្ញុំ​បាន​ឮ​ពី​អ្នកភូមិ​នៅ​ទំនប់វារីអគ្គិសនី Xayaburi ដែល​ត្រូវ​បាន​គេ​សន្យា​ថា​នឹង​ជួយ​ ប៉ុន្តែ​អ្នកភូមិ​ទាំងនោះ​មិន​បាន​ទទួល​ជំនួយ​អ្វី​ទាល់​តែ​សោះ»។

ទំនប់វារី​អគ្គិសនី Xayaburiដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាងក្រោម​ទំនប់Houaygno គឺ​ជា​ទំនប់​វារីអគ្គិសនី​ទីមួយ​ដែល​រដ្ឋាភិបាល​ឡាវ​បាន​អនុម័ត​ឲ្យ​សាងសង់​នៅលើ​ទន្លេមេគង្គ​កាល​ពី​ឆ្នាំ២០១០។ កាល​ពី​ថ្ងៃទី៣១ ខែកក្កដា​ទំនប់​វារី​អគ្គិសនី Luang Prabang បាន​ក្លាយ​ជា​គម្រោង​ទំនប់​វារីអគ្គិសនី​ទី៥។ គម្រោង៤ទៀត​ស្ថិត​នៅក្នុង​បញ្ចី​ដែល​ត្រូវ​អនុម័ត​ឲ្យ​សាងសង់ ដែល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទាំងនេះ​ គឺ​ជា​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ឡាវ​ក្លាយ​ជា«អាគុយ​របស់​ទ្វីបអាស៊ី» ។ ថាមពល​ភាគច្រើន​បាន​មក​ពី​ទំនប់​វារីអគ្គិសនី​ទាំងនេះ​នឹង​លក់​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​នានា​ដែល​នឹង ចេញ​ថ្លៃ​សង់ទំនប់​វារីអគ្គិសនី​នស្ទើរ​តែ​ទាំងអស់។​

គណៈកម្មការ​ទន្លេមេគង្គ​ហៅ​កាត់​ថា MRC ដែល​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​សម្រាប់ប្រទេសនានា​ដែល​មាន​ផ្លូវនាវាចរណ៍​រួមគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ព្រមាន​អំពីការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ សង្គម​និង​សេដ្ឋកិច្ច​ ប្រសិន​បើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទាំងអស់​ត្រូវ​បាន​អនុម័ត​ឲ្យ​ដំណើរការ​ រួម​ទាំង​ការថយចុះ​បរិមាណ​ត្រី​ផង​ដែរ។ ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស​កំពុង​ជំរុញ​ឲ្យ​ប្រទេសឡាវ​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​ដល់​ពលរដ្ឋ​រាប់លាននាក់​ដែលរស់​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​ក្រោម។

ក្រុមអង្គការការពារ​សិទ្ធិមនុស្ស​ក៏​បាន​រអ៊ូរទាំ​ផងដែរ​ថា​ សហគមន៍​នានា​ដែលរង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដោយសារ​ទំនប់​វារីអគ្គិសនី​ទាំងនេះ​ មិន​ត្រូវ​បាន​គេអនុញ្ញាត​ឲ្យ​ចូលរួម​ក្នុងពិគ្រោះយោបល់ជាសាធារណៈ​ទេ ហើយ​ក៏​ប្រហែល​ជា​មិនត្រូវ​បានគេ​ផ្តល់​សំណង​ឲ្យ​ផងដែរ។

ក្នុង​នាម​ជា​សមាជិក​គណកម្មការ​ទន្លេមេគង្គ​ រដ្ឋាភិបាល​ឡាវ​ត្រូវ​បញ្ជូន​របាយការណ៍​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ណា​ដែល​ខ្លួន​បាន​អនុម័តឲ្យ​ចាប់ផ្តើម​ដំណើរការប្រឹក្សា​ដែល​មាន​រយៈពេល៦ខែ​ ដើម្បី​ប្រមូល​មតិយោបល់​មុន​នឹង​ចាប់ផ្តើម​សាងសង់។ សហគម​ន៍នានា​ដែល​រង​ផលប៉ះពាល់​ មាន​ហេតុផល​ដែល​ត្រូវ​ព្រួយ​បារម្ភ។

ពួកអ្នកភូមិ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​មួយទៀត​នៅ​ទន្លេ Nam Khanនៅ​ភាគខាងជើង​ប្រទេស​ឡាវ​ តាម​បណ្តោយ​ដង​ទន្លេ​មេគង្គបាន​ប្រាប់ VOA នា​ពេល​ថ្មីៗ​នេះ​ថា​ ពួកអាជ្ញាធរ​បាន​សន្យា​ថា​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ឲ្យ​អ្នកភូមិ​រយៈពេល​ពីរឆ្នាំ​ ប៉ុន្តែ​ពួកគេ​ធ្វើ​តាម​ការសន្យា​បាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ ពួកអាជ្ញាធរ​បាន​សង់​ផ្ទះ​ថ្មី​ឲ្យ​ប្រជាជន​ ប៉ុន្តែ​មិន​បាន​ផ្តល់​ដី​ស្រែ​ចំការ​ថ្មី​ឲ្យ​អ្នកភូមិ​ទេ។

ពលរដ្ឋ​នៅក្នុង​ភូមិ Houaygno និងភូមិ Khokkham បាន​និយាយ​ថា​ ពួកមន្រ្តី​បាន​សន្យា​ថា​នឹង​សង់​ផ្ទះ​ថ្មី​ឲ្យ​ពួកគេ​ សងថ្លៃ​ដី​ស្រែចំការ​ឲ្យ​ពួកគេ​ និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​រយៈពេល​៣ឆ្នាំ​ដល់​អ្នកភូមិ ​ប៉ុន្តែពួកគេមិន​បាន​និយាយ​ជាក់លាក់​អំពី​ចំនួន​ប្រាក់​ទេ។

ពលរដ្ឋ​ខ្លះ​នៅភូមិ Khokkham មាន​ក្តី​រំភើប​បន្តិច​ ដែល​ទីតាំងថ្មី​ដែល​ផ្តល់​ឲ្យ​ពួកគេ​ដើម្បី​សង់​ផ្ទះ​នោះ​ នៅ​ជិត​ផ្លូវ​ដែល​មមាញឹក​ និង​ងាយស្រួល​ក្នុង​ការដឹក​ជញ្ជូន​ទិន្នផល​ស្រែចំការ​របស់​ពួកគេ។

កសិករ​ក្នុង​ភូមិម្នាក់​បាន​និយាយ​ថា«តំបន់​នោះ​នៅ​ជិត​ផ្លូវ​ធំ ​ដូច្នេះ​ប្រហែល​ជាមានភាព​ងាយស្រួល​ក្នុង​ការលក់ដូរ​ និង​ងាយស្រួល​សម្រាប់​គ្រួសារ​របស់​ខ្ញុំ»។ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ទុក​ចិត្ត​លើ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។

កសិករ​ដដែល​នោះ​បាន​និយាយ​បន្ត​ថា៖ «វា​ល្អ​ណាស់​ប្រសិន​បើ​រដ្ឋាភិបាល​ផ្តល់​ប្រាក់ រយៈពេល​បីឆ្នាំ​ដល់​ពួកយើង​ ប៉ុន្តែ​យើង​ប្រហែល​ជា​ទទួល​បាន​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ»។

អ្នកភូមិ​ជា​ស្រ្តី​ម្នាក់​ដែល​ចិញ្ចឹមពពែ​ និង​ជ្រូក​ដើម្បី​លក់​ បាន​និយាយ​ថា​ ពួកមន្រ្តី​រាជការ​បាន​មក​ដល់​ភូមិ​របស់​អ្នកស្រី​ប្រហែល​ជា១ឆ្នាំមុន​ ដើម្បី​វាស់វែង​ផ្ទះ​ និង​ទ្រព្យសម្បត្តិ​របស់​អ្នកភូមិ​ ដើម្បី​វាយតម្លៃ​លើ​សំណង​ដែល​អ្នកភូមិ​ត្រូវ​ទទួល​បាន។

អ្នកស្រី​បាន​លើកឡើង​ពី​ក្តីបារម្ភ​ថា «រដ្ឋាភិបាល​បាន​និយាយ​ថា​ ពួកគេ​នឹង​រក​កន្លែងថ្មី​ឲ្យ​ខ្ញុំ​ ប៉ុន្តែ​វា​ប្រហែល​ជា​មិន​គ្រប់គ្រាន់​ទេ​ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ស្វែងរក​បន្ថែម​ទៀត។ ខ្ញុំ​មិន​ចង់​ចេញ​ពី​ទី​នេះ​ទេ​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ចេញ​ ពីព្រោះរដ្ឋាភិបាល​បញ្ជា​ឲ្យ​ខ្ញុំ​ចេញ»។

ស្រ្តីម្នាក់​ទៀត​បាន​និយាយ​ថា ​នៅក្នុងភូមិ Houaygno ពួកមន្រ្តី​ចុះមក​បង្ហាញ​អ្នកភូមិ​នូវ​វីដេអូ​អំពី​ផ្ទះ​ថ្មី​ស្អាត​ ដោយ​ពួកគេ​បាន​សន្យា​ថានឹង​សង់​ឲ្យ​អ្នកភូមិ។ ប៉ុន្តែ​អ្នកស្រី​បារម្ភ​កាន់​តែ​ខ្លាំង​ថាតើ​ដីស្រែ​ចំការថ្មី​របស់​អ្នកស្រី​នឹង​នៅ​ទីណា។

អ្នកស្រី​បាន​និយាយ​ថា «ទីតាំង​ដីស្រែចំការ​នឹង​កំណត់​ថាតើ​យើង​អាចរស់​នៅទី​នោះ​បាន​ដែរ​ឬទេ។ ខ្ញុំ​ពិត​ជា​មិន​ចង់​ចេញ​ពី​ទី​នេះ​ទេ​ ខ្ញុំមិនដឹងថាកន្លែងថ្មីដែលរដ្ឋាភិបាល​ឲ្យ​យើង​ទៅ​រស់​នៅ​នោះ​ល្អ​ឬ​អាក្រក់​នោះ​ទេ»។

បុរស​ម្នាក់​បាន​និយាយ​ថា​ លោក​បាន​ទៅ​មើល​ទីតាំង​ថ្មី​ និង​ថា​នៅ​ទីនោះ​គ្មាន​ដី​គ្រប់​គ្រាន់​សម្រាប់​អ្នក​ភូមិ​ទាំងអស់​គ្នា​ទេ។

ចំណែក​ឯ​ស្រ្តី​ម្នាក់​ទៀត​ដែល​ស្គាល់​ទីតាំង​ថ្មី​នោះ​ដែរ​ បាន​និយាយ​ថា«គ្មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ចំការ​ទេ។
អ្នកស្រី​បាន​និយាយ​ថា«ពួកគេ​យក​យើង​ទៅ​រស់នៅ​លើ​ទួល​ប៉ុន្តែ​យើង​មិន​ចង់​បាន​កន្លែង​នោះ​ទេ។ យើង​ចង់​ទៅ​រស់នៅ​កន្លែង​ណា​ដែល​ជិត​ទឹក។ នេះ​គឺ​ជា​របៀបរបប​រស់នៅ​របស់​យើង»។

ស្រ្តី​រូបនោះ​បាន​និយាយ​បន្ត​ថា​ ប្រាក់​ឧបត្ថម្ភ​ដែល​ពួកគេ​បាន​សន្យា​ថា​នឹង​ឲ្យ​យើង​រយៈពេល​បីឆ្នាំ​រួមមាន​អង្ករ ២៥គីឡូក្រាម​ក្នុង​មួយ​ខែ​សម្រាប់​មនុស្ស​ពេញវ័យ និង១២គីឡូក្រាម​សម្រាប់​កូន​ក្មេង។ អ្នកស្រី​និយាយ​ទៀត​ថា«ប៉ុន្តែ​ខ្ញុំ​មិន​ទុក​ចិត្ត​ពួកគេ​ទេ។ ពេល​សង់ទំនប់វារីអគ្គិសនី​រួច​ហើយ​ ពួកគេ​នឹង​រត់​បាត់»។

លោក Chansaveng Boungnong អគ្គនាយក​នាយកដ្ឋាន​គោលនយោបាយ​ថាមពល​និង​ផែនការ​នៃ​ក្រសួងរ៉ែ​និង​ថាមពល​មិន​បាន​ឆ្លើយតប​សំណួរ​របស់ VOA ទេ និង​បាន​បង្វែរ​ឲ្យ​ទៅ​សួរ​អ្នកអភិវឌ្ឍ​គម្រោង​វិញ។ ក្រុមហ៊ុន PetroVietnam Powerក៏មិន​បាន ឆ្លើយតប​ទៅ​នឹង​សំណើរ​សុំ​អត្ថាធិប្បាយដែរ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG