អង្គការទាំងនោះបានព្រមានថាទំនប់វារីអគ្គិសនីនេះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរលើប្រជាពលរដ្ឋរាប់លាននាក់ ដែលពឹងផ្អែកលើទន្លេនេះសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។
«ដំណើរការប្រឹក្សាយោបល់ជាមុន» រយៈពេល ៦ ខែ សម្រាប់គម្រោងទំនប់វារីអគ្គិសនី Luang Prabang នេះ បានធ្វើឡើងកាលពីថ្ងៃទី ៨ ខែតុលា ដើម្បីផ្ដល់ឱកាសឲ្យដៃគូរបស់ប្រទេសឡាវនៅក្នុងគណៈកម្មការទន្លេមេគង្គ (MRC) ដូចជាប្រទេសកម្ពុជា ថៃ និងវៀតណាម មានលទ្ធភាពអាចពិនិត្យឡើងវិញនូវគម្រោងនេះ និងលើកឡើងពីការព្រួយបារម្ភនានា។
ប៉ុន្តែ ក្រុមអង្គការសិទ្ធិបរិស្ថានបានបញ្ជាក់ថា សហគមន៍កសិកម្ម និងនេសាទ ដែលត្រូវគេរំពឹងថានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុតដោយសារទំនប់វារីអគ្គិសនីដូចនេះ បានខកចិត្តដោយសារការប្រឹក្សាយោបល់សម្រាប់គម្រោងដែលអនុម័តរួចហើយកាលពីលើកមុន ហើយពួកគេរំពឹងថា លើកនេះក៏មិនខុសពីលើកមុនដែរ។
ទំនប់វារីអគ្គិសនី Luang Prabang គឺជាទំនប់ទី ៥ ដែលនឹងសាងសង់ឡើងតាមបណ្ដោយខ្សែទឹកទន្លេមេគង្គ ដែលប្រទេសឡាវនឹងដាក់ឲ្យពិភាក្សា។ ដោយសារតែទំនប់វារីអគ្គិសនីនេះអាចផលិតអគ្គិសនីបាន ១ ពាន់ ៤៦០ មេហ្គាវ៉ាត់ វានឹងក្លាយជាទំនប់វារីអគ្គិសនីដ៏ធំបំផុតក្នុងចំណោមទំនប់វារីអគ្គិសនីកន្លងមករបស់ឡាវ។
អ្នកស្រី Pianporn Deetes ប្រធានផ្នែកយុទ្ធនាការប្រទេសថៃនៃអង្គការ International Rivers ដែលជាអង្គការតស៊ូមតិឲ្យមានការគ្រប់គ្រងទន្លេប្រកបដោយចីរភាព និយាយដូច្នេះថា៖ «សម្រាប់ដំណើរការប្រឹក្សាយោបល់ជាមុនចំនួន ៤ លើកកន្លងមក ដែលយើងបានឃើញ យើងឃើញថាមានចន្លោះប្រហោងយ៉ាងធំ និងមិនមានការដាក់បញ្ចូលនូវសហគមន៍ដែលរងការប៉ះពាល់នៅក្នុងដំណើរការនេះទេ»។
អ្នកស្រីបានប្រាប់ VOA ដូច្នេះថា៖ «សម្រាប់ខ្លួនខ្ញុំផ្ទាល់ ដំណើរការប្រឹក្សាយោបល់នេះគឺគ្រាន់តែជាការប្រថាប់ត្រាដើម្បីឲ្យមានការសម្រេចអនុម័តលើគម្រោងនេះតែប៉ុណ្ណោះ»។
ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គមិនអាចមានសិទ្ធិជំទាស់ទៅនឹងគម្រោងរបស់សមាជិកណាមួយទាក់ទិននឹងទន្លេមេគង្គ នៅក្នុងអំឡុងពេលប្រឹក្សាយោបល់នោះបានទេ គឺគ្រាន់តែមានសិទ្ធិត្អូញត្អែរ និងស្នើជាយោបល់តែប៉ុណ្ណោះ។
ឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីទំនប់វារីអគ្គិសនី Xayaburi កាលពីលើកមុន រដ្ឋាភិបាលឡាវ និងក្រុមហ៊ុន Xayaburi Power ដែលជាអ្នកសាងសង់ទំនប់វារីអគ្គិសនីនេះ បានធ្វើការកែប្រែមួយចំនួនដើម្បីជួយឲ្យត្រីអាចហែលឆ្លងកាត់បាន។
ប៉ុន្តែ អ្នកស្រាវជ្រាវ និងអង្គការការពារបរិស្ថាននានាបានបញ្ជាក់ថា ការកែប្រែនេះប្រហែលជាគ្មានភាពខុសគ្នាច្រើនអ្វីនោះទេ ដោយទំនប់ខ្លះត្រូវបានគេប្រើធ្វើជាគំរូនៅលើទន្លេដែលមានស្ថានភាពផ្សេងៗគ្នា។ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គបានលើកឡើងថា ខ្លួនមិនអាចបញ្ជាក់បានទេថាតើទំនប់វារីអគ្គិសនីនេះអាចជួយបានច្រើនប៉ុណ្ណានោះ ដោយសារតែក្រុមហ៊ុនមិនបានចែករំលែកព័ត៌មានឲ្យបានគ្រប់គ្រាន់។
ក្រុមអង្គការការពារបរិស្ថានបញ្ជាក់ថា ការប្រឹក្សាយោបល់ទាំងនេះមិនបានជោគជ័យអ្វីនោះទេ។
យុទ្ធនាការ Save the Mekong ដែលជាសម្ព័ន្ធភាពនៃប្រជាពលរដ្ឋដែលខ្វាយខ្វល់អំពីផលប៉ះពាល់ដែលបណ្ដាលមកពីទំនប់វារីអគ្គិសនី និងក្រុមអង្គការក្រៅរដ្ឋាភិបាលនានានៅទូទាំងតំបន់អាងទន្លេមេគង្គ កំពុងជំរុញឲ្យប្រទេសឡាវលុបចោលគម្រោងទំនប់វារីអគ្គិសនី Luang Prabang នេះ និងទំនប់វារីអគ្គិសនីផ្សេងទៀត ដែលឡាវគ្រោងនឹងធ្វើឡើងនៅតាមទន្លេមេគង្គ។
យុទ្ធនាការ Save the Mekong នេះ បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា៖ «មានសញ្ញាតិចតួចប៉ុណ្ណោះដែលបង្ហាញថា ដំណើរការប្រឹក្សាយោបល់ជាមុនសម្រាប់គម្រោងទំនប់វារីអគ្គិសនី Luang Prabang នេះខុសពីដំណើរការប្រឹក្សាយោបល់ជាមុនកាលពីលើកមុនៗ ឬក៏បង្ហាញថា ដំណើរការប្រឹក្សាយោបល់នេះនឹងអាចធានាឲ្យមាននូវស្តង់ដារអប្បបរមានៃតម្លាភាព និងការទទួលខុសត្រូវនោះ នេះមិនបាច់និយាយដល់ការអនុញ្ញាតឲ្យមានការចូលរួមប្រកបដោយផ្លែផ្កាពីសហគមន៍ដែលរងការប៉ះពាល់ សង្គមស៊ីវិល និងសាធារណជនទូទៅផង»។
សេចក្ដីប្រកាសរបស់យុទ្ធនាការនេះបានបន្ថែមថា៖ «ជាជាងចាប់ផ្ដើមនូវដំណើរការប្រឹក្សាយោបល់ជាមុនដែលមានគុណវិបត្តិមួយទៀត យើងជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសស្ថិតនៅតំបន់ទន្លេមេគង្គខាងក្រោម និងគណៈកម្មការទន្លេមេគង្គឲ្យដោះស្រាយការព្រួយបារម្ភដែលមិនទាន់ដោះស្រាយនេះទាក់ទិននឹងផលប៉ះពាល់នៃទំនប់វារីអគ្គិសនីនានាតាមខ្សែទឹកទន្លេមេគង្គ និងធ្វើការវាយតម្លៃដ៏ទូលំទូលាយដើម្បីសិក្សាពីជម្រើសដទៃទៀត»។
ការសិក្សារយៈពេល ៦ ឆ្នាំ របស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរកឃើញថា ផលប៉ះពាល់ជាបន្តបន្ទាប់នៃទំនប់វារីអគ្គិសនីចំនួន ១១ ដែលគ្រោងសាងសង់ឡើងតាមខ្សែទឹកទន្លេមេគង្គនៃភាគខាងត្បូងប្រទេសចិននៅត្រឹមឆ្នាំ ២០៤០ ដែលទំនប់ ៩ នៅក្នុងប្រទេសឡាវ ហើយទំនប់ ២ នៅក្នុងប្រទេសកម្ពុជានោះ គឺគំរាមប៉ះពាល់ដល់សេដ្ឋកិច្ច និងសន្តិសុខស្បៀងអាហារនៃតំបន់ទាំងមូល។ ការសិក្សានេះបានបញ្ជាក់ថា ទំនប់វារីអគ្គិសនីទាំងនេះនឹងកាត់បន្ថយទិន្នផលត្រីនៅទូទាំងអាងទន្លេមេគង្គយ៉ាងតិចត្រឹម ៤០ ភាគរយ ឬក៏អាចច្រើនជាងនេះពីរដងក៏ថាបាន។
ការវាយតម្លៃអំពីផលប៉ះពាល់សម្រាប់ទំនប់វារីអគ្គិសនី Luang Prabang នេះផ្ទាល់ បានបង្ហាញថា ទំនប់វារីអគ្គិសនីនេះនឹងធ្វើឲ្យត្រីដែលផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយមានការលំបាកជាងមុននៅក្នុងការហែលបញ្ច្រាសចរន្តទឹក ហើយភាគច្រើននៃត្រីដែលអាចហែលបញ្ច្រាសចរន្តទឹករួចនឹងអាចរកជម្រកសម្រាប់បង្កបង្កើតពងបានតិចតួចប៉ុណ្ណោះ។
ការវាយតម្លៃនេះបានបន្ថែមថា ការសិក្សាមួយចំនួនដែលមានគោលបំណងជួយប្រទេសឡាវឲ្យធ្វើឲ្យស្ថានការណ៍នេះមានភាពធូរស្រាលជាងមុន នឹងធ្វើឡើងនៅពេលដែលគម្រោងនេះឈានដល់ដំណាក់កាលសាងសង់តែប៉ុណ្ណោះ។
ទោះបីជាមានការព្រមានក៏ដោយ រដ្ឋាភិបាលឡាវនៅតែបន្តទៅមុខនូវគម្រោងរបស់ខ្លួននៅក្នុងការសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គនេះឲ្យបានឆាប់ ដើម្បីឲ្យប្រទេសឡាវបានក្លាយជា «អាគុយនៃទ្វីបអាស៊ី»។
ប៉ុន្តែ ក្រុមអង្គការការពារបរិស្ថានបានបញ្ជាក់ថា ការទស្សន៍ទាយអំពីការប្រើប្រាស់អគ្គិសនីបានបង្ហាញថា បណ្ដាប្រទេសជិតខាងនឹងមិនត្រូវការបរិមាណអគ្គិសនីដែលទំនប់វារីអគ្គិសនីទាំងនេះនឹងផលិតបាននោះទេ ដោយសារតែមានជម្រើសដែលប្រសើរជាងនេះច្រើនណាស់។
អ្នកស្រី Pianporn នៃអង្គការ International Rivers បាននិយាយថា៖ «គេចាំបាច់ត្រូវចោទសួររកមូលហេតុនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនី Luang Prabang នេះ ហើយសំណួរនេះត្រូវឆ្លើយដោយអ្នកធ្វើសេចក្ដីសម្រេចចិត្តអំពីមូលហេតុដែលធនធានសំខាន់ៗនៃអាងទន្លេមេគង្គត្រូវបានក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនី ធនាគារ និងអ្នកអភិវឌ្ឍកេងប្រវ័ញ្ចជាបន្តបន្ទាប់ ដោយធ្វើព្រងើយកន្តើយចំពោះផលប៉ះពាល់ដែលកំពុងមានសព្វថ្ងៃដែលបណ្ដាលមកពីគម្រោងនេះ»។
លោក Syamphone Sengchandala ប្រធានផ្នែកគ្រប់គ្រង និងសម្របសម្រួល នៃក្រសួងធនធានធម្មជាតិ និងបរិស្ថានប្រទេសឡាវ បានប្រាប់ VOA ថា លោកគ្មានការពាក់ព័ន្ធនឹងរឿងទំនប់វារីអគ្គិសនីទាំងនេះទេ ហើយលោកបានបង្វែរសំណួរនេះទៅឲ្យក្រសួងថាមពលជាអ្នកឆ្លើយវិញ ប៉ុន្តែ VOA មិនអាចទាក់ទងក្រសួងថាមពលនោះសុំការបំភ្លឺបានទេ។
អ្នកទទួលភ្ញៀវនៃក្រុមហ៊ុន PetroVietnam ដែលជាសហគ្រាសរបស់ប្រទេសវៀតណាមទទួលបន្ទុកសាងសង់ទំនប់វារីអគ្គិសនី Luang Prabang នេះ បានបដិសេធមិនព្រមភ្ជាប់ទូរស័ព្ទរបស់ VOA ជាមួយនឹងមន្ត្រីក្រុមហ៊ុន ឬក៏បុគ្គលិកផ្នែកទំនាក់ទំនង និងបាននិយាយថា បើតាមគោលនយោបាយរបស់ក្រុមហ៊ុន សំណើសុំការអត្ថាធិប្បាយណាមួយគឺត្រូវធ្វើឡើងតាមការផ្ញើជាសំបុត្រ។
នៅក្នុងចម្លើយដែលត្រៀមសម្រាប់ VOA លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គបានទទួលស្គាល់ថា ដំណើរការប្រឹក្សាយោបល់នេះ «គ្មានលទ្ធផលជាផ្លែផ្កាអ្វីនោះទេនៅពេលបច្ចុប្បន្ននេះ»។
លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គនេះបានបញ្ជាក់ថា ខ្លួនបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទទួលបានការឆ្លើយតបពី «ភាគីពាក់ព័ន្ធនានា» និងកំពុងសិក្សាលើការធ្វើឲ្យបានប្រសើរជាងមុនសម្រាប់គម្រោងនីមួយៗ ដែលក្នុងនោះមានទាំងការបន្ថែមនូវ «ផែនការសកម្មភាពរួមគ្នា» ផងដែរ ដែលជាដំណើរការមួយដែលប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងប្រទេសផ្សេងទៀតអាចបន្តពិភាក្សាគ្នាបាន នៅពេលដែលដំណើរការប្រឹក្សាយោបល់រយៈពេល ៦ ខែនេះ បានបញ្ចប់។
លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គបានបញ្ជាក់ថា ប្រសិនបើគ្មានការប្រឹក្សាយោបល់នេះទេ នោះការធ្វើឲ្យគម្រោងទំនប់វារីអគ្គិសនី Xayaburi មានភាពប្រសើរឡើងនោះ នឹងមិនបានកើតឡើង ហើយឯកសារនៃគម្រោងទំនប់វារីអគ្គិសនីមួយចំនួនផ្សេងទៀតនឹងមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះឡើយ។
លេខាធិការដ្ឋាននេះបានបន្ថែមទៀតថា៖ «យើងជឿថា ដំណើរការប្រឹក្សាយោបល់ជាមុនបានធ្វើតាមគោលបំណងរបស់ខ្លួន និងបានឆ្លើយតបស្របតាមបេសកកម្មរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។ ប៉ុន្តែ ដោយសារតែវាជាដំណើរការ យើងទទួលស្គាល់ថា វាតែងតែមានចន្លោះប្រហោងជាមិនខាន»។
លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គបានលើកឡើងថា ការធ្វើឲ្យប្រសើរជាងមុនទាំងនោះមានដូចជាការវាយតម្លៃអំពីផលប៉ះពាល់នៃគម្រោង ដែលផ្ដោតលើផលប៉ះពាល់នៃទំនប់វារីអគ្គិសនីនីមួយៗដែលអាចនឹងកើតឡើងលើប្រទេសផ្សេងក្រៅពីប្រទេសដែលសាងសង់ទំនប់វារីអគ្គិសនី និងការស្ដាប់ការព្រួយបារម្ភរបស់អ្នកភូមិ និងរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលនានា ទោះបីជាបន្ទាប់ពីពេលដែលដំណើរការប្រឹក្សាយោបល់នេះបញ្ចប់ទៅក៏ដោយ៕
ប្រែសម្រួលដោយ ភី សុភាដា