ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​៩​នាក់​ត្រូវ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន ក្នុង​ជម្លោះ​ដី​ធ្លី​នៃ​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​ក្នុង​ខេត្ត​កណ្តាល


ប៉ូលិស​ដាក់​របាំងការពារ និង​បាញ់​ទឹក​ដាក់​ពលរដ្ឋ ដែល​មាន​ជម្លោះ​ដីធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។ (រូបភាព​ថត​ពី​វីដេអូ​ Facebook/ព័ត៌មាន​ពលរដ្ឋ - CJ News)

នៅ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ដែល​ប្រជា​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​ការ​ផ្តល់​សំណង​ដែល​មាន​តម្លៃ​ដី​ទាប​ជាង​ទី​ផ្សារ ប្រជាពលរដ្ឋ​ចំនួន​៩​នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាល​ពី​ថ្ងៃ​អង្គារ។

ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ចេញ​មុខ​តវ៉ា កាល​ពី​ថ្ងៃអាទិត្យ រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុនOCIC​របស់​ឧកញ៉ា ពង់ ឃាវសែ ដែល​សាង​សង់ព្រលាន​យន្ត​ហោះ​ថ្មី ក្នុង​ស្រុក​កណ្តាល​ស្ទឹង។ មនុស្ស​៣០​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន ប៉ុន្តែ​២១​នាក់​ត្រូវ​បាន​ដោះ​លែង​វិញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២១។

សមត្ថកិច្ច​ខេត្ត​កណ្តាលបាន​អះអាង​ថា​អ្ន​ក​ភូមិ​ទាំង​៩​នាក់​នោះ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បង្ក​របួស​ស្នាម​ធ្ងន់​ធ្ងរ​ដល់​កម្លាំង​សមត្ថកិច្ច ដោយ​មាន​ភស្តុតាង​នៃ​ការថត​រូបភាព​ពី​កន្លែង​ផ្ទុះ​ហិង្សាក្នុង​ការ​តវ៉ា កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ២០២១។

លោក ជួន សុបញ្ញា អ្នកនាំពាក្យ​អយ្យការ​សាលា​ដំបូង​ខេត្ត​កណ្តាល បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក ​វ៉ាន់ សុបញ្ញា បាន​សម្រេច​ចោទ​ប្រកាន់​ប្រជា​ពលរដ្ឋ​៩​នាក់​នោះ ចំនួន​៣​បទ​ចោទ ហើយ​សម្រេច​ឃុំ​ខ្លួន​របស់​ពួកគេ។

លោក​ថ្លែង​ថា៖ «ពី​បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ប្រឆាំង​រាជ​ការ​សាធារណៈ​មាន​ស្ថានទម្ងន់​ទោស​ និង​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ»។

បទ​ចោទ​ទាំង​៣នេះ អាច​នាំ​ឲ្យ​ពួកគេ​ជាប់​ពន្ធនា​គារ​រហូត​ដល់​៣​ឆ្នាំ ប្រសិន​បើ​រក​ឃើញ​កំហុស។

នៅ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ដែល​តាន​តឹង​នេះ រដ្ឋបាល​ខេត្ត​កណ្តាល​បាន​ចោទ​ប្រកាន់​ប្រជា​ពលរដ្ឋ​ថា​ប្រើ​អំពើ​ហិង្សា និង​ជេរ​ប្រមាថ​កម្លាំង​សមត្ថកិច្ច ហើយ​បាន​ដុត​កៅ​ស៊ូ​កង់ និង​ប្រើ​ដំបង គប់​ដុំថ្ម បាញ់​ចំពាម​កៅស៊ូ គប់​ដប​សាំង​ ទៅ​លើ​សមត្ថកិច្ច។ រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា ​សកម្ម​ភាព​ទាំង​នេះ​បណ្តាល​ឲ្យ​កង​កម្លាំង​សមត្ថ​កិច្ច​ចំនួន​១៣​នាក់​រង​របួស។

ប៉ុន្តែ​ក្រុម​គ្រួសារ​ដែល​សមាជិកត្រូវបាន​តុលាការចោទ​ប្រកាន់យល់​ថា​ការ​ចោទ​ប្រកាន់​នេះ«អយុត្តិធម៌​ណាស់​»សម្រាប់​សាច់​ញាតិ​របស់​ខ្លួន ដែល​គ្រាន់​តែ​ទាម​ទារ​រក​ដំណោះ​ស្រាយ​បញ្ហាដីធ្លីស្រប​ច្បាប់​តែ​ប៉ុណ្ណោះ។

អ្នកស្រី សុង សុរិន អាយុ​៤១​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​បឹង​ខ្យាង ស្រុក​កណ្តាល​ស្ទឹង ប្រាប់​វីអូអេ​ថា​ប្អូន​ប្រុស​បង្កើត​ម្នាក់​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន និង​ប្អូ​នប្រុស​ម្នាក់​ទៀត ត្រូវ​បា​ន​ចាប់​ខ្លួន ប៉ុន្តែ​ដោះ​លែង​វិញ​កាល​ពី​ថ្ងៃ​អង្គារ។ អ្នកស្រីស្នើឲ្យដោះ​លែង​ប្អូន​ប្រុស និង​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​ឲ្យ​មាន​សេរី​ភាព​វិញ ដោយ​អ្នកស្រី​អះអាង​ថា​ពួកគេ​មិន​មាន​កំហុស​អ្វី​នោះ​ទេ ហើយ​ក៏​មិន​បាន​ប្រើ​ប្រាស់​ដំបង​ ឬ​សម្ភារៈ​ផ្សេង​ទៀត ដូច​ការចោទ​ប្រកាន់​របស់​សមត្ថកិច្ច​ឡើយ។

អ្នកស្រី​ថ្លែង​ថា៖«វត្ថុ​តាង​ហ្នឹង​ខ្ញុំ​ក៏​មាន​ឃើញ​ រណា ​ចប​ជីក ចក​ចក់ តែ​គាត់​[សមត្ថកិច្ច​]ប្រមូល​ហ្នឹង​មិន​មែន​ជា​ភស្តុតាង​ដែល​[សម្រាប់]​ប្រើ​ហិង្សា​នេះ​ទេ គេ​[ពលរដ្ឋ​]យក​មក​ជីក​បង្គោល​របង​ ដែលបាំង​រនាំង​កុំ​ឲ្យ​គាត់​[សមត្ថកិច្ច​]​ហ្នឹង​ លើក​ខិត​ចូល​មក​ដី​ភូមិ​យើង​ទៀត​អញ្ចឹង។ ជីក​ដីធ្វើ​របង​ហ្នឹង​ទេ កុំ​ឲ្យ​គាត់​[សមត្ថកិច្ច​]ខិត​រនាំង​របស់​គាត់​ចូល​កណ្តាល​ភូមិ​ពេក»។

អ្នកស្រី​ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «អំពាវ​នាវដល់​សម្តេច​ពុក​សម្តេច​ម៉ែ​ ជួយ​ដោះ​លែង​បង​ប្អូន​ទាំង​៩​នាក់​ របស់​ខ្ញុំ​វិញមក​ ហើយ​សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ដី​ហ្នឹង​ផង។ ហើយ​ក្នុង​ចំណោម​ហ្នឹង​មា​ន​ស្ត្រី​មេម៉ាយ​ [ម្នាក់​ដែល​]មាន​កូន​៤​ មាន​ចាស់ ហើយ​មាន​ក្មេង​រៀង​ដល់តែ​២​[នាក់]​»។

អ្នកស្រី​បាន​ចោទ​ប្រកាន់​ថាតំណាង​ក្រុមហ៊ុនធ្លាប់​គំរាម​ប្រជាពលរដ្ឋ​ឲ្យលក់​ដី​ក្នុង​តម្លៃ​៨​ដុល្លា​រ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ទៅ​ឲ្យ​ក្រុម​ហ៊ុន ដែល​ពលរដ្ឋ​អះអាង​ថា​ខុស​តម្លៃ​ទីផ្សារ​ឆ្ងាយ។

អ្នកស្រី​ថ្លែង​ថា៖ «ល្ងាច​មិញ​ហ្នឹង​គាត់ [លោក ជូ កុកសាយ តំណាង​ក្រុមហ៊ុន] មិន​ហ៊ាន​និយាយ​[គំរាម​ឲ្យ​លក់​តម្លៃ​៨​ដុល្លា​រ]​ទេ ប៉ុន្តែ​ពី​កន្លង​មក​ គាត់​និយាយគំរាម​កំហែង​ហ្មង។ តែ​ដល់​យប់​ម៉ិញ​នេះ​ គាត់​អត់​ហ៊ាននិយាយ​អញ្ចឹង​ទៀត​ទេ ហើយ​[លោក ជូ កុកសាយ]​ថា​និយាយ​អត់​បាន​ទេ សុទ្ធ​តែ​ថា​ខ្ញុំដាក់​គំរាម​កំហែង​ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​ថា​គំរាម​កំហែង​មែន​ហ្នឹង​ ហើយ​ឥឡូវ​គាត់​លែង​គំរាម​កំហែង​ហើយ ​[គឺ​]ច្បាប់​ផ្សេង [ដោះ​]ដូរ​ដី​ផ្សេង​ គាត់​ធ្វើ​និយាយ​អញ្ចឹង​វិញ»។

ចំណែក​អ្នកស្រី ទូច កែវ អាយុ​៤០​ឆ្នាំ បាន​ថ្លែង​ថា​ស្វាមីរបស់​អ្នកស្រី គឺលោក ស្រ៊ុន ញក់ អាយុ​៤២ឆ្នាំ ត្រូវ​បាន​តុលា​ការ​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួននៅ​ពន្ធនាគារ។ អ្នកស្រី​អំពាវនាវ​ឲ្យ​តុលាការ​ដោះ​លែង​ស្វាមី​ឲ្យ​បាននៅ​ក្រៅ​ឃុំ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «​ចំណែកខ្ញុំ​ ខ្ញុំ​គិត​ថាអយុត្តិធម៌​ណាស់ ប្តីខ្ញុំ​មិន​ទៅ​ធ្វើ​បា​បអ្នកណា​...។ ហើយ​បើ​ពួក​គាត់​[សមត្ថកិច្ច]ឲ្យ​ខ្ញុំ​ទៅ​មើល​ដីស្រែ​ខ្ញុំ ក៏​អត់​មាន​រឿង​អញ្ចឹង​ដែរ»។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ខាង​អាជ្ញា​ធរ​ដោះ​លែង​ប្តី​ខ្ញុំ​ឲ្យឆាប់​ៗ ពីព្រោះ​ថា​រឿង​ប៉ុណ្ណឹង​មិន​គួរ​ណា​យក​គាត់​ទៅ​ដាក់​គុក​អញ្ចឹង​ទេ»។

តំណាង​ក្រុមហ៊ុន លោក ជូ កុកសាយ ​បាន​ប្រាប់វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ក្រុមហ៊ុន​នៅ​តែ​ផ្តល់​ជម្រើស​២​ទៅ​ប្រជា​ពលរដ្ឋ ដែល​រួម​មាន​ការ​ផ្តល់​សំណងចំនួន​៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​ដោះ​ដូរ​ដី​ចំពោះ​ដី​ប្រជា​ពល​រដ្ឋ​មាន​ការ​ប៉ះ​ពាល់​ផ្លូវ​យន្ត​ហោះ​រត់។ លោក​បញ្ជាក់​ថា​ក្រុមហ៊ុន​មិន​បាន​បង្ខំ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ក្នុង​ការ​លក់ដី​ឲ្យ​ក្រុម​ហ៊ុន​នោះ​ទេ ហើយការ​ចរចា​តម្លៃ​ដី​យ៉ាង​ណា​ លោក​មិន​អាច​បញ្ជាក់​បាន​ទេ ដោយ​លោក​ថា​ធ្វើ​តាម​គោល​ការណ៍​របស់ក្រុម​ហ៊ុន​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «អត់​ទេ​ អត់​មាន​បង្ខំ​ទេ សិទ្ធិ​របស់​គាត់... គ្រាន់​តែ​ខ្ញុំ​មាន​ភារ​កិច្ច​ដើរ​ទិញដី​សម្រាប់​ឲ្យ​ព្រលាន​យន្ត​ហោះ»។

លោក អំ សំអាត នាយក​រង​នៃ​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ រឿង​ទំនាស់​ដីធ្លី​នេះ ប្រសិន​បើ​មិន​ចរចា​រកដំណោះ​ស្រាយ​ឲ្យ​បានសមរម្យ​នោះទេ វា​នឹង​ធ្វើ​ឲ្យ​មាន​ការរិះគន់​យ៉ាងខ្លាំង​ ហើយ​នឹង​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​មុខ​មាត់រដ្ឋា​ភិបាល។

លោក​ជំរុញ​ឲ្យ​អាជ្ញាធរ និងក្រុម​ហ៊ុន ជជែក​ចរចា​ជាមួយ​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ផ្តល់​សំណងឲ្យ​បាន​សម​រម្យ​ ប្រកប​ដោយ​តម្លាភាព ដោយ​មាន​ការ​ព្រមព្រៀង​ពី​ពួកគេ។ លោក​ប​ន្តថា​ប្រសិនបើ​មិន​ការ​ដោះ​ស្រាយ​បាន​លឿន និងតាម​សន្តិ​វិធី​នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ និង​មា​ន​ការ​រំលោភ​ដីធ្លី​របស់​ប្រជា​ពល​រដ្ឋ។

លោកថ្លែងថា៖ «ការ​អភិវឌ្ឍន៍​[ដែល​]​ប្រជា​ពលរដ្ឋ​មិន​ទាន់​ទទួល​បាន​ផល​ប្រយោជន៍ដែល​រង​ផល​ប៉ះ​ពាល់​ទេ បែប​ហ្នឹង​អភិវឌ្ឍ​បាន​យ៉ាង​ម៉េច​កើត ពីព្រោះ​យើង​ឃើញ​ហើយ​ក្រុមហ៊ុន​នឹង​អាច​មាន​ផល់​ប្រយោជន៍​ទៅ​ថ្ងៃ​ក្រោយ ប៉ុន្តែ​បើ​ពលរដ្ឋមិន​ទាន់​ទទួល​បាន​ការ​ដោះ​ស្រាយ​ហើយ​បញ្ហា​កើត​ឡើង​បន្ត​បន្ទាប់​ បែប​ហ្នឹង​ វា​ប៉ះ​ពាល់​ដល់ជី​វ​ភាព​រស់​នៅរបស់​គាត់​[ប្រជាពលរដ្ឋ]​។ បែប​ហ្នឹង​គេ​ហៅ​ការ​អភិវឌ្ឍន៍​មិន​ទាន់​ប្រកប​ដោយ​តម្លា​ភាព​និង​យុត្តិ​ធម៌​ទេ»។

គួរ​បញ្ជាក់​ថា​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​ក្នុង​ខេត្ត​កណ្តាល​នេះ ធ្វើ​ឡើង​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​២.៦០០​ហិក​តា ដែល​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​១៥០០​លាន​ដុល្លារ​អាមេរិក៕

XS
SM
MD
LG