ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង​បារម្ភ​បាត់​បង់ដីស្រែ​​ទុក​ចែក​កូន ខណៈ​ជីវភាព​ពឹង​ផ្អែក​លើ​កូន​ធ្វើ​ការរោងចក្រ


អ្នកស្រី ឡាយ សៅ ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង អង្គុយជាមួយស្វាមី និងកូនប្រុស ផ្តល់បទសម្ភាសន៍ដល់វីអូអេអំពីការព្រួយបារម្ភបាត់បង់ដីស្រែរបស់អ្នកស្រី កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (ស៊ុន ណារិន/VOA)
អ្នកស្រី ឡាយ សៅ ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង អង្គុយជាមួយស្វាមី និងកូនប្រុស ផ្តល់បទសម្ភាសន៍ដល់វីអូអេអំពីការព្រួយបារម្ភបាត់បង់ដីស្រែរបស់អ្នកស្រី កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (ស៊ុន ណារិន/VOA)

អ្នកស្រី​ ឡាយ សៅ ​និយាយ​ថា ​អ្នកស្រី​កំពុង​តែ​បារម្ភ​ថា​បាត់​បង់​ដី​ស្រែ​ប្រមាណ​៧ហិកតា ​ដែល​អ្នកស្រី​ទុក​ចែក​ឲ្យ​កូន​ចំនួន​៧នាក់ ​ដែល​ម្នាក់​កំពុង​ធ្វើ​ការ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់។ កសិករ​អាយុ​៤២ឆ្នាំរូប​នោះបាន​ឲ្យ​ដឹងថា ​ដី​ស្រែ​ដែល​បន្សល់ទុក​ពី​ឪពុក​ម្តាយ​របស់​អ្នកស្រី​ ​ស្ថិត​ក្នុង​ឃុំ​អន្សាចំបក់ ​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​ ដែល​មាន​ចម្ងាយ​ប្រមាណ​២គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​អ្នកស្រី​កំពុង​រស់នៅ​បច្ចុប្បន្ន​ ​ក្នុង​ភូមិ​ក្បាល​ដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។

ដី​របស់​អ្នកស្រី​កំពុង​មាន​ជម្លោះ ដោយ​ពលរដ្ឋ​អះអាង​ថា​ អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ជាង​៥០០គ្រួសារអាចគ្រប់គ្រង​ដីច្រើន​ហិកតានេះ ដោយ​ស្រប​ច្បាប់​នោះ​ទេ។ រហូត​មក​ដល់​ពេល​នេះ អ្នកស្រី​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​ដីស្រែ​ទាំងនោះ​ នឹង​ត្រូវ​អភិវឌ្ឍ​ទៅ​ជា​តំបន់​អ្វីឡើយ។ អ្នកស្រីអះអាងបន្ត​ថាអាជ្ញាធរក៏មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី​គ្រប់គ្រង​ដី​ ដែល​មាន​ការ​ឈូសឆាយថ្មីៗ​ដែរ។

អ្នកស្រីប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​ថា៖ «គាត់​[អាជ្ញាធរ​ពាក់​ព័ន្ធ​]ដើរ​វាស់​ហ្នឹង ក៏គាត់​អត់​ហៅ​យើង​ដើរ​វាស់​ដែរ។ គាត់​ថា​ឆ្វៀល​ឲ្យ​អាចាស់ អា​ដី​ថ្មី​អត់​ឆ្វៀលបាន​ទេ ព្រោះ​យើង​ឈូស​ឆាយ​ដីព្រៃ»។

បច្ចុប្បន្ន​អ្នកស្រី​ពឹង​ផ្អែក​លើចំណូល​របស់​កូនស្រី​ម្នាក់​ដែល​ធ្វើ​ការនៅរោងចក្រ​កាត់​ដេរ​ក្នុង​ខេត្ត​ពោធិ៍ សាត់​ ហើយ​ប្រាក់​ខែ​របស់​កូនស្រី អ្នកស្រី​ដោះស្រាយ​បំណុល​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ដែល​អ្នកស្រី​ត្រូវ​បង់ជាង​៦០ម៉ឺន​រៀល​ជា​រៀង​រាល់​ខែ​ ហើយ​ត្រូវ​បង់​ជាង​១​ឆ្នាំ​ទៀត។​

អ្នកស្រី​បន្ថែម​ថា៖«ដីឈូស​ឆាយ​ហ្នឹង ក៏​ខ្ចី​អង្គការ​ដែរ។ ទៅឈូស​ហ្នឹង​ខ្ចី​លុយ​អង្គការ​[មីក្រូហិរញ្ញវត្ថុ]ទេ​ ទៅឈូសហ្នឹង។ ហើយ​រាល់​ថ្ងៃ កូន​ខ្ញុំ​រក​ហ្នឹង រក​តែ​បង់​អង្គការ​ទេ ព្រោះ​ខ្ញុំ​ខ្ចី​លុយ​អង្គការ​ទៅឈូសដី ដល់​កូន​ធ្វើ​ការ​រោងចក្រ​។ ដល់​កូន​ធ្វើ​ការ​រោងចក្រ​ហ្នឹង មួយ​ខែ​រំលស់​មួយ​ខែ​ទេ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «មាន​តែ​ក្តី​អស់​សង្ឃឹម រស់​ពិបាកជាង​ស្លាប់ទៀត ព្រោះ​ខ្ញុំជំពាក់​អង្គការ ដោយ សារ​ទិញដីហ្នឹង​ហើយ»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ក្នុង​ភូមិក្បាល​ដំរី ដូច​អ្នកស្រី​ ឡាយ សៅ​ ដែរ​ គឺអ្នកស្រី​ ឆេង សាវី បាន​ថ្លែង​ថា ​អ្នកស្រី​ក៏​បារម្ភ​បាត់​បង់ដី​ដែល​អ្នកស្រី​មាន​ប្រមាណ​៥ហិកតា​៧០អា ​ដែល​អ្នកស្រី​ទុក​ចែក​ឲ្យកូន​ចំនួន​៧នាក់​ដែរ ដែល​មាន​ពីរនាក់​ធ្វើ​ការ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ។

អ្នកស្រី​ប្រាប់វីអូអេ​ថា៖«គេ​មិន​មែន​យក​ទាំងអស់​ទេ។ គេ​ឆ្វៀល​ទុក​ឲ្យ​។ បើ​ឆ្វៀល​ទុក​ឲ្យ ខ្ញុំសួរ​ថាចុះ​បើ​ឆ្វៀល​ទុក​ឲ្យហ្នឹង​ តើ​ឲ្យ​ដី​ប្រជាពលរដ្ឋ​ និង​ខ្ញុំ​ហ្នឹង នៅ​កន្លែង​ចាស់​ហ្នឹង​វិញ ​ឬ​ក៏​អត់? គាត់ថា​អត់​ដឹង​នៅ​កន្លែងណា​ទេ តែ​មួយ​គ្រួសារ​បាន​ដី​កន្លះហិកតា​»។

ការ​ផ្តល់ដីកន្លះ​ហិកតា​នេះ អ្នកស្រី​អះអាង​ថា​ អ្នកស្រីមិន​យល់​ព្រម​ឡើយ​ ដោយសារ​អ្នកស្រី​មិន​ទាន់​ដឹង​ថា​អ្នកស្រី​នឹង​ទទួល​បានដី​នៅ​ទីតាំង​ណា​ ហើយ​បារម្ភ​តំបន់​នៅឆ្ងាយ ពិបាក​រស់នៅ។

អ្នកស្រី​បន្ថែម​ថា៖ «មាន​តែ​ថា​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គ្រប់ជាន់​ថ្នាក់​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ពួកខ្ញុំ រក​ភាព​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ។ តើខ្ញុំ​នឹង​អាច​បាន​ដី​ខ្ញុំ​មក​វិញ​ទាំងអស់​អត់? បើខ្ញុំ​កូនច្រើន ​ហើយ​ខ្ញុំស្រ្តីមេម៉ាយ ​ខ្ញុំអត់​មាន​ប្តី អត់​មានអីទៀត​ទេ»។

បើ​តាម​កសិករ​រូប​នោះ ​កូនស្រី​ម្នាក់​ឈ្មោះ​ម៉ៅ ស្រីណូ​ អាយុ​១៨ឆ្នាំ ​ទើប​តែ​ឈប់​រៀន​ថ្នាក់​ទី​១១ ហើយ​ទៅ​ធ្វើ​ការ​រោងចក្រ​នៅ​ភ្នំពេញ​ជាមួយ​បង​ស្រី​។

កសិករ​រូប​នោះ​ក៏ជាប់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ ដែល​ត្រូវ​បង់​សង​ជាង​២ឆ្នាំទៀត ហើយ​ក្នុង​មួយខែ​បង់​ប្រមាណ​៦០ម៉ឺន​រៀល។

លោក ​គិត សុផា​ អភិបាល​រង​ខេត្ត​ពោធិ៍សាត់ ​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ បាន​បដិសេធ​មិន​អត្ថាធិប្បាយភ្លាមៗ ​ដោយ​ថា​មិន​មាន​របាយ​ការណ៍​អំពី​ជម្លោះ​ដីធ្លីនេះ។ លោក​ស្នើ​ឲ្យ​ទាក់​ទង​ទៅ​អភិបាល​រង​ខេត្ត​ពោធិ៍សាត់​ម្នាក់​ទៀត គឺ​លោក​ ចេង ឡៃ​ ប៉ុន្តែ​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​នៅឡើយ​ទេ។

ចំណែក​លោក​ ស្រ៊ន សំឫទ្ធី ​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង ​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ បាន​ប្រាប់វីអូអេ​យ៉ាង​ខ្លី​ថា ​ភាគីពាក់​ព័ន្ធ​កំពុង​តែ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ។

គួរ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១ ​ប្រជា​ពលរដ្ឋរស់​នៅ​ក្នុង​ឃុំ​ត្រពាំងចាន់ ​ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់ឆ្នាំង​ បានតវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥ ដើម្បី​ទាមទារដំណោះស្រាយវិវាទ​ដីធ្លី ដោយលើក​បដា​ដែល​មាន​រូប​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន។ ពលរដ្ឋ​អះអាង​ថា​ពួកគេ​ក៏​បាន​ប្តឹង​ករណី​នេះ​ទៅ​ជំនួយ​ការ​របស់​នាយករដ្ឋមន្រ្តី គឺ​លោក ​ដួង​ តារា ​ដែល​តែង​តែ​ចេញ​មុខ​ដោះស្រាយ​វិវាទដីធ្លី​ជូន​ប្រជាពលរដ្ឋ ​កាល​ពី​កន្លង​ទៅ៕

XS
SM
MD
LG