ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ឃ្លាំ​មើល​ថា​យុវជន​ខ្វះ​ជំនាញ​និង​ផលិកម្ម​តិចតួច​មុន​សមាហរណកម្ម​អាស៊ាន

  • សុខ ខេមរា

លោក ប៉ែន សុមុនី នាយក​ប្រតិបត្តិ​អង្គការ​ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម​ ចូល​រួម​ជា​វាគ្មិន​អំពី​«យុវជន​និង​ការងារ​នៅ​មុន​សមាហរណកម្ម​អាស៊ាន‍» នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

ជំនាញ​ទន់​ខ្សោយ​របស់​យុវជន​កម្ពុជា​និង​ផលិតកម្ម​តិច​តួច​របស់​កម្ពុជា​នឹង​ក្លាយ​ ជា​ការ​ប្រឈម​ខ្លាំង​សម្រាប់​កម្ពុជា​និង​អាស៊ាន​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​ អាស៊ាន​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ​ប៉ែន សុមុន្នី ​នាយក​ប្រតិបត្តិ​អង្គការ​ស្ម័គ្រចិត្ត ​ដើម្បី​សង្គម​ដែល​បាន​ថ្លែង​ក្នុង​កម្មវីធី ​ហេឡូ​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៥​ខែ​កុម្ភៈ​ឆ្នាំ​២០១៥។

«បើ​យើង​ប្រើប្រាស់​កម្លាំង​យុវជន​ឲ្យ​បាន​ត្រឹមត្រូវ ​វា​អាច​ជួយ​អភិវឌ្ឍ​កម្ពុជា​ក៏​ដូច​ ជា​អាស៊ាន ​តែ​បើ​ប្រើប្រាស់​មិន​ត្រឹម​ត្រូវ​ទេ​ យុវជន​អាច​ជា​កម្លាំង​មួយ​ដែល​អាច​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្ពុជា​និង​អាស៊ាន​ដែរ​ក្នុង​ហ្នឹង»។

លោក​ថា​ យុវជន​គឺ​ជា​កម្លាំង​ខ្លាំងក្លា​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​កម្ពុជា​និង​អាស៊ាន។ ​សមាជិក​អាស៊ាន​១០​ប្រទេស​រួមទាំង​កម្ពុជា​មាន​ពលរដ្ឋ​ជាង​៦០០​ លាន​នាក់។​ ក្នុង​នោះ​មាន​ប្រមាណ​៦០​ភាគរយ​ដែល​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ​ ហើយ​ជា​មនុស្ស​ពេញ​កម្លាំង​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច។​ ដោយ​ឡែក​កម្ពុជា​មាន​ ចំនួន​៣៣​ភាគ​រយ​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ចំនួន​១៥​លាន​នាក់​ ដែល​រដ្ឋាភិបាល ​និង​យុវជន​ខ្លួន​ឯង​ត្រូវ​ពង្រឹង​សមត្ថភាព​ពេល​នេះ។

លោក​ថ្លែង​ថា ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​មាន​ន័យ​ថា​ ជា​លំហូរ​ដោយ​សេរី​ ទាំង​វិនិយោគ ​សេវាកម្ម ​ធនធាន​មនុស្ស ​ហើយ​បើក​របាំង​ពន្ធ​ដោយ​សេរី ​គ្មាន​ការ​បង់​ពន្ធ ​គឺ​ប្រកួត​ប្រជែង​គ្នា​ដោយ​សេរី។​ ហើយ​ចំពោះ​ធនធាន​មនុស្ស ​ក៏​ដូច​គ្នា​ដែរ​ គេ​អាច​មក​ស្រុក​យើងៗ​អាច​ទៅ​ស្រុក​គេ​ដើម្បី​ធ្វើ​ដូច​គ្នា។

«បើ​សិន​ជា​ប្រទេស​កម្ពុជា​យើង​មាន​សមត្ថភាព​ខ្សោយ​ជាង​គេ​ យើង​នឹង​ចាញ់​ គេ។ ​យើង​នឹង​ប្រកួត​ប្រជែង​អត់​ឈ្នះ​គេ​ទេ។ ​ឧទាហរណ៍​ថា​យើង​មាន​ទំនិញ​មួយ​ មាន​ស្រូវ​ឬ​អង្គរ​ហ្នឹង​ យើង​អាច​នាំ​ទៅ​លក់​នៅ​ប្រទេស​ថៃ​ ឬ​ក៏​ផលិតផល​៤ ​ទៅ​៥​មុខ​ទៀត​ តែ​យើង​ក្រឡេក​មើល​ប្រទេស​ថៃ​វិញ​គឺ​គេ​មាន​ផលិតផល​ច្រើន​ គេ​អាច​ផលិត​ច្រើន​ ហើយ​នាំ​ចូល​មក​ប្រទេស​កម្ពុជា​យើង​ច្រើន​ ហើយ​អត់​មាន​របាំង​ពន្ធគយ​ទេ។​ អញ្ចឹង​ធ្វើ​ឲ្យ​លទ្ធភាព​នៃ​ការ​ប្រកួត​ប្រជែង​ពី​សំណាក់​ថៃ​ហ្នឹង​ផ្តល់​ នៅ​ភាព​ងាយ​ស្រួល​ដល់​គេ​ខ្លាំង​មែនទែន។ ​អញ្ចឹង​ហើយ​វា​អាច​ប៉ះពាល់​ដល់​ ផលិតកម្ម​នៅ​ក្នុង​ស្រុក​ដែរ​នៅ​ពេល​ដែល​មាន​ការ​ប្រកួតប្រជែង​ពី​ខាង​ក្រៅ​ដោយសារ​យើង​ដឹង​ហើយ​ថា ភាគ​ច្រើន​នៅ​ប្រទេស​យើង​ផលិតផល​ដែល​យើង​ផលិត​បាន​ហ្នឹង​ច្រើន​តែ​មាន​តម្លៃ​ខ្ពស់​ ហើយ​នៅ​ស្រុក​គេ​ផលិត​បាន​ក្នុង​តម្លៃ​ទាប។ អញ្ចឹង​ហើយ គ្មាន​របាំង​ពន្ធ​គយ​ទៀត​ គេ​នាំ​ចូល​មក​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​និង​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងៗ​ទៀត​ពិបាក​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​ដែរ»។

លោក​បាន​បន្ត​ថា​ នៅ​ពេល​យើង​ធ្វើ​សមាហរណកម្ម​អាស៊ាន​គឺ​នឹង​មាន​ឱកាស​និង​ការ​ប្រឈម​មុខ​ដូច​គ្នា។​ ឱកាស​គឺ​ការ​បង្កើត​ការងារ​ធ្វើ​ច្រើន​ក្នុង​ស្រុក​យើង ​ពេល​មាន​លំហូរ​ចូល​មក​របស់​ក្រុម​អ្នក​វិនិយោគ។​ តែ​ក្រឡេក​មើល​ធនធាន​មនុស្ស​គឺ​យុវជន​និង​បុគ្គលិក​ផ្សេងៗ​អាច​មក​ធ្វើ​ការ​នៅ​ស្រុក​យើង​ផង​ដែរ។​ គេ​អាច​ធ្វើ​មេ​យើង ​គេ​អាច​បាន​ប្រាក់ខែ​ច្រើន​ជាង​យើង ​តែ​បើ​សមត្ថភាព​យើង​ទាប​ជាង​គេ​ យើង​អាច​ធ្វើ​ការងារ​ទាប​ជាង​គេ ​និង​បាន​ប្រាក់ខែ​ទាប​ជាង​គេ។ ​នេះ​ជា​ឱកាស​ផង​និង​ឧបសគ្គ​ផង។

លោក​បាន​ស្នើ​ថា​ការ​ហ្វឹកហ្វឺន​ជំនាញ​ដល់​យុវជន​នៅ​ថ្នាក់​អនុវិទ្យាល័យ​ គឺ​ជា​ រឿង​សំខាន់​ដើម្បី​ជួយ​ដល់​យុវជន​មាន​ជំនាញ​សម្រាប់​អនាគត​របស់​ពួកគេ​ ទោះ​បី​គេ​គ្មាន​លទ្ធភាព​នឹង​បញ្ចប់​ថ្នាក់​ឧត្តមសិក្សា។​ លោក​ក៏​មិន​រំពឹង​ខ្លាំង​ថា​ ពលករ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ថៃ​រាប់​ម៉ឺន​នាក់​ អាច​មាន​ជំនាញ​ពិត​ប្រាកដ​នៅ​ពេល​ពួក​គេ​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដែរ​ក្រៅ​ពី​មាន​ផល​ល្អ​សម្រាប់​ពួកគេ​ដែល​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ដោយ​ការ​ប្រើ​កម្លាំង​នោះ៕

XS
SM
MD
LG