ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការងារ​ព្រមាន​ប្តឹង​សហជីព​កម្មករ​ដែល​សកម្ម​ចំនួន​៤


រូបឯកសារ៖ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និយាយ​ទៅកាន់អ្នក​ការសែត​​នៅ​​ក្នុងពេល​បាតុកម្ម​​តវ៉ា​​មួយ​ នៅ​មុខ​រដ្ឋសភាជាតិ​។ (VOA) ​​​

សម្ព័ន្ធ​សហ​ជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​ ​និង​សេវាកម្ម​កម្ពុជា​ និង​សហ​ព័ន្ធ​សហជីព​កម្មករ​​កសិកម្ម​កម្ពុជា​ ​​​ក៏​រង​ការ​ព្រមាន​ដូចគ្នា។​ ​សហជីព​ទាំងបី​នេះ​ គឺ​ជា​ផ្នែក​មួយ​របស់​សហភាព​ការងារ​កម្ពុជា។​

ក្រសួង​ការងារ​បាន​ព្រមាន​សហភាព​ការងារ​កម្ពុជា​របស់​លោក​ ​អាត់ ធន់​ ​ចំពោះ​លទ្ធភាព​នៃ​ការ​លុប​បញ្ជិកា​ទៅ​តុលាការ​ប្រសិន​បើ​សហជីព​ដ៏​លេចធ្លោ​មួយ​នេះ​ ​មិនព្រម​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​និង​ចំនួន​សមាជិក​របស់​ខ្លួន។​ ​នេះបើ​យោង​តាម​លិខិត​របស់​នាយក​ដ្ឋាន​វិវាទ​ការងារ​ដែល​ VOA​ ​បាន​ទទួល​កាល​ពី​ថ្ងៃ​អង្គារ។​

សហភាព​ការងារ​កម្ពុជា​ត្រូវ​បាន​គេ​រាយការណ៍កន្លង​មក​ថា​ ​ជា​សហជីព​សកម្ម​ក្នុង​ការ​ទាម​ទារ​ប្រាក់​ឈ្នួល​ ​និង​អត្ថប្រយោជន៍​បន្ថែម​ដល់​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា។​ ​សម្ព័ន្ធ​សហ​ជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​ ​និង​សេវាកម្ម​កម្ពុជា​ និង​សហ​ព័ន្ធ​សហជីព​កម្មករកសិកម្ម​កម្ពុជា​ ​ក៏​រង​ការ​ព្រមាន​ដូចគ្នា។​ ​សហជីព​ទាំងបី​នេះ​ គឺ​ជា​ផ្នែក​មួយ​របស់​សហភាព​ការងារ​កម្ពុជា។​

យោង​តាម​លិខិត​របស់​ក្រសួង​ការងារ​ ​ចុះ​ហត្ថលេខា​ដោយ​លោក​ ​កុយ ទេពដារាវុធ​ ​ប្រធាន​នាយក​ដ្ឋាន​វិវាទការងារ​ ​កាល​ពីថ្ងៃ​ទី១២​ ​ខែមករា​ ​បាន​បញ្ជាក់​ឲ្យដឹង​ថា​ ​ដើម្បី​រក្សា​បញ្ជិកា​ដែល​ត្រូវ​បាន​យល់​ព្រម​រួចហើយ​ឲ្យ​នៅ​មាន​សុពល​ភាព​ស្របតាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​សហជីព​ ​សហជីព​ត្រូវ​ផ្តល់​ព័ត៌មាន​ ​និង​ឯកសារ​ជាអាទិ៍​ឲ្យ​បាន​មុន​ថ្ងៃ​ទី១៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៨។​ ​ព័ត៌មាន​ទាំង​នោះ​រួមមាន​ ព័ត៌មាន​គណនី​ធនាគារ បច្ចុប្បន្ន​ភាព​សមាជិក​សហភាព​សហជីព​ ​លក្ខន្តិកៈ​ ​និង​ព័ត៌មាន​អ្នក​ដឹកនាំ​គ្រប់​គ្រង​ និង​អ្នក​ទទួល​ខុស​ត្រូវ​កិច្ចការ​រដ្ឋ​បាល​ ​ចំពោះ​សហភាព​សហជីព​ ​ដែល​បាន​ចុះ​បញ្ជី​រួច​ហើយ​មុន​ច្បាប់​ស្តីពី​សហជីព​ចូល​ជា​ធរមាន។​ ​សហជីព​ក៏​ត្រូវ​ផ្តល់​របាយការណ៍​ប្រចាំ​ឆ្នាំ​ផ្សេងៗ​ដោយឡែក​ពីគ្នា​ឲ្យបាន​មុន​ខែ​មីនា​ ​ឆ្នាំ​ ​២០១៨។​

លិខិត​របស់​លោក​ ​កុយ ទេព​ដារាវុធ​ ​ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ​ ​ដែលបាន​ផ្ញើ​ទៅ​សហជីព​ទាំង​បួន​ខាងលើ​នេះ​ បាន​សរសេរ​ថា​ កន្លង​មក​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បាន​ក្រើន​រម្លឹក​លើក​ទីមួយ​ ដល់​សហជីព​អំពី​កាតព្វកិច្ច​រក្សា​បញ្ជិកា​តាម​រយៈ​លិខិត​លេខ​ ១៦៦៨​ ក.ប/វ.ក​ ចុះ​ថ្ងៃ​ទី ០១​ ខែកញ្ញា​ ឆ្នាំ​ ​២០១៧​ ​ស្តីពី​ ​កាតព្វកិច្ច​រក្សា​បញ្ជិកា​សហភាព​សហជីព​ និង​សហព័ន្ធ​សហជីព​។

លិខិត​ដដែល​បាន​សរសេរ​សង្កត់​ធ្ងន់​ ដោយ​សំដៅ​ដល់​សហភាព​ការងារ​កម្ពុជា​ ​ក្នុង​ន័យ​ដើម​ថា៖​

«​ក្នុង​ករណី​សហភាព​ខកខាន​ក្នុង​ការ​ធ្វើបច្ចុប្បន្ន​កម្ម​ព័ត៌មាន​ និង​ឯកសារ​ខាង​លើ​ជូន​អង្គភាព​ទទួល​បន្ទុក​ចុះ​បញ្ជី​តាម​ការ​កំណត់​ដូចមាន​ចែង​ក្នុង​បទ​ប្បញ្ញតិ្ត​ច្បាប់​ជា​ធរមាន​ សហភាព​សហជីព​អាច​ជា​កម្ម​វត្ថុ​នៃ​ការ​ប្តឹង​លុប​បញ្ជិកា​ទៅ​តុលាការ​ដែល​មាន​សមត្ថកិច្ច»។​

លោក​ ​អាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ប្រាប់​ VOA ​នៅថ្ងៃ​ពុធ​នេះថា​ ​ក្រុម​ការងារ​របស់​លោក​កំពុង​ពិនិត្យ​មើល​ ​ទិដ្ឋភាព​ច្បាប់​ ទាក់​ទិន​សំណើ​ស្នើ​សុំ​ព័ត៌មាន​ ​ទាក់​ទង​របាយការណ៍​ហិរញ្ញ​វត្ថុ​ និង​របាយការណ៍​សកម្មភាព​ការងារ។​ ​លោក​ថា​ការ​ស្នើ​របស់​ក្រសួង​ការងារ​ ហាក់​មាន​ភាព​ស្មុគ​ស្មាញ​និង​មិនស្រប​តាម​ច្បាប់​សហជីព។​

«នេះ​ហើយ​គឺ​ជា​លក្ខខណ្ឌ​ស្មុគស្មាញ​ ​ដែល​យើង​មាន​ការ​បារម្ភ​ហ្នឹង​ព្រោះ​ ធម្មតា​នៅ​ក្នុង​ច្បាប់​ សហជីព​ ​គាត់​ឲ្យ​យើង​ចម្លង​ជូន​ទេ​ របាយការណ៍​ហិរញ្ញវត្ថុ​ និង​របាយការណ៍​សកម្ម​ភាព​ ប៉ុន្តែ​នៅ​ក្នុង​លិខិត​នេះ​ វា​មាន​ចំណុច​ជាក់​លាក់​ច្រើន​អីចឹង​ បាន​យើង​គិត​មើល​ ថា​តើ​អាហ្នឹង​វា​ស្រប​ច្បាប់​ទេ​ ហើយ​តើ​វា​យ៉ាង​ម៉េច?​ ហើយ​តើ​ធ្វើ​ហ្នឹង​យ៉ាង​ម៉េច​ មាន​ន័យ​ថា​ យ៉ាងម៉េច​? យើង​កំពុង​ពិនិត្យ​មើល​ ហើយ​ចំពោះ​សមាជិក​របស់​យើង​ នៅ​ CLC ​វា​ជាង​ ១០ម៉ឺននាក់​ ហើយ​ខាង​ CCAWDU ប្រហែល​ជា​ ជិត​ ​៩ម៉ឺន​នាក់​ ហើយ​ខាង​ទេសចរណ៍​ មាន​រហូត​ប្រហែល​ជាង​ ​៥.០០០នាក់»។​

ច្បាប់​ស្តីពី​សហជីព​ ដែល​មាន​១៧​ជំពូក​និង​១០០​មាត្រា​នេះ​ត្រូវ​បាន​រដ្ឋ​សភា​ជាតិ​អនុម័ត​ដោយ​គ្មាន​ការ​កែប្រែ​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៦​កន្លង​ទៅ​ បើ​ទោះ​ជា​មាន​ការ​តវ៉ា​ពី​សំណាក់​កម្មករ ​និង​សហជីព​ធំៗ​មួយ​ចំនួន​យ៉ាងណា​ក៏​ដោយ។​ ច្បាប់​សហជីព​នេះ​រង​ការ​រិះគន់​ពី​ក្រុម​សហជីព ​និង​មន្ត្រី​សង្គម​ស៊ីវិល​ថា​ មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិ​សេរី​ភាព​របស់​សហជីព​និង​ភាគី​កម្មករ ​និយោជិត។​

លោក​ ​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ថ្លែងថា​ ​ក្រុមសហជីព​នៅមិន​ទាន់​អាច​ទទួល​យក​បាន​មាត្រា​ជាច្រើន​ ​ដែល​មាន​លក្ខណៈ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​របស់​សហជីព​ ក្នុង​នោះ​មាន​មាត្រា​ ១០​ មាត្រា​ ១២ ពាក់​ព័ន្ធ​នឹង​ការរៀបចំ​ចុះ​បញ្ជិកា​ មាត្រា១៤​ ពាក់​ព័ន្ធ​នឹង​ការ​មិន​ទទួល​ស្គាល់​សកម្ម​ភាព​សហជីព​ ឬក៏​សហជីព​អត់​ចុះ​ ឬក៏​ពន្យាពេល​ចុះ​បញ្ជី​ ចាត់​ទុក​ថា​ ខុសច្បាប់​ និង ​មាត្រា​១៧​ ពាក់​ព័ន្ធ​នឹង​ការ​រក្សា​បញ្ជិកា​ មាត្រា​ ២៤​ ពាក់​ព័ន្ធ​ហិរញ្ញវត្ថុ​ មាត្រា​៥៤​ ពាក់​ព័ន្ធនឹង​ សហជីព​ត្រូវមាន​ភាព​ជា​តំណាង​ និង​សហជីព​ភាគតិច​មិន​អាច​តំណាង​ ក្នុងការ​ដោះស្រាយ​វិវាទ​រួម​ជាដើម​ ក៏ដូច​ជាចំណុច​ដែល​និយាយ​ពី​ទោសពិន័យ។​

«ពាក់​ព័ន្ធ​ទៅនឹងទោស​ពិន័យ​ដែល​មាន​ចែង​នេះ​ យើង​ចង់​ឲ្យមានការ​ធ្វើ​វិសោធនកម្ម​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ គឺមិន​ឃើញ​មាន​សញ្ញា​ណា​មួយ​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ហ្នឹង​ទេ»។​

នៅ​គ្រា​មាន​ការ​រឹតបន្តឹង​សិទ្ធិសេរីភាព​របស់​ក្រុម​សហជីព​ដែល​ធ្វើការ​បម្រើ​ប្រយោជន៍​កម្មករ​ កម្មករ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ ត្រូវគេ​សង្កេត​ឃើញ​ថា​ ​នៅ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ ទាក់​ទិន​បរិយាកាស​នៅ​កន្លែង​ធ្វើការ​ ​ការ​បង្ខំឲ្យ​ធ្វើការ​ច្រើន​ម៉ោង​ និង​ការ​ដឹកជញ្ជូន​លើស​ចំណុះ​ប្រកប​ដោយ​គ្រោះ​ថា្នក់។​

តួយ៉ាង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ ​កម្មករ​ជាង​ ១០០​នាក់​ បាន​ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ​មួយ ឈ្មោះ​ KKN​ ​ស្ថិត​ក្នុង​តំបន់​ឧស្សាហកម្ម​ពិសេស​របស់​ខេត្តកោះកុង​ ដោយ​ហេតុ​ក្លិន​ប្រេង​ម៉ាស៊ីន​ បាន​សាយ​ភាយ​នៅក្នុង​តំបន់​ឧស្សាហកម្ម​នោះ​និងនៅ​កន្លែង​ធ្វើការ​របស់​កម្មករ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​កោះ​កុង។

លោក​ ​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ VOA ​បន្ថែម​ថា​ រដ្ឋាភិបាល​គួរ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​លើ​បរិយាកាស​នៅកន្លែង​ធ្វើការ​របស់​កម្មករ​ និង​លក្ខខណ្ឌ​ផ្សេង​ៗ​ទៀត​ ដែលបាន​គាបសង្កត់​កម្មករ និង​ធ្វើ​ឲ្យ​កម្មករ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ខាង​សុខភាព។​

«អីចឹង​ខ្ញុំ​គិត​ថា​ការ​សន្លប់​នេះ​ វាជា​ចំណុច​មួយ​ដែល​យើង​ឃើញ​ថា​ គាត់​ខ្សោយ​ ដោយសារ​បញ្ហា​គាត់​ធ្វើការ​ហ្នឹង​ ទីពីរ​គឺ​ បរិយាកាស​ នៅ​ក្នុងក្រុម​ហ៊ុន​អី​ហ្នឹង​គឺ​ មិនមាន​ការ​កែប្រែ​ ឲ្យបាន​ច្រើន​រួម​ទាំង​លទ្ធភាព​ដែល​ធ្វើការ​ដាក់​កំណត់​ គំរាម​កំហែង​ឲ្យ​ធ្វើការ​ច្រើន​ ឬ​ក៏​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង មានន័យ​ថា​ជា​សម្ពាធ​ជា​បន្ទុក​ដែល​ដែល​គាត់​ហ្នឹង​មាន​បញ្ហា​ការ​ងារ​ច្រើន​ ហើយ​គាត់​សុខភាព​ របស់​គាត់​ធ្លាក់​ចុះ​ហ្មង​»។​

លោក​ ​កុយ ទេពដារាវុធ​ ​ប្រធាន​នាយក​ដ្ឋាន​វិវាទ​ការងារ​ ​នៃ​ក្រសួង​ការងារ​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ដោយ​បាន​បង្វែរ​សំណួរ​ទៅ​អ្នកនាំពាក្យ​ក្រសួង​ការ​ងារ។​

«ទាក់​ទង​នឹង​ច្បាប់​លោក​សួរ​ទៅ​ខាង​ក្រសួង​ហ្នឹង​មាន​អ្នកនាំពាក្យ​បាទ​។ សួរអ្នកនាំ​ពាក្យ​»។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ហេង​ សួ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ តែ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។​

យ៉ាងណាក៏ដោយ​ កាលពី​ខែ​តុលា​ ឆ្នាំ​២០១៧​ លោក​ អ៊ិត​ សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ បាន​ប្រកាស​អំពី​ការ​សម្រួល​លក្ខខណ្ឌ​មួយ​ចំនួន​ ដើម្បី​ពង្រីក​លំហ​សេរីភាព​ ​សម្រាប់​ដោះស្រាយ​បញ្ហា​នា​នា​ទាក់ទិន​ទំនាក់ទំនង​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា។​

ការ​សម្រេច​ចិត្ត​របស់​លោក​ ​អ៊ិត សំហេង​ ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ជំនួប​របស់​លោក​ជាមួយ​លោក​ Peter McAllister​ ​នាយក​ប្រតិបត្តិ​នៃ​គំនិត​ផ្តួចផ្តើម​សីលធម៌​ពាណិជ្ជកម្ម​ ​(Ethical Trading Initiative-ETI) ​ដែល​ជា​តំណាង​ឲ្យ​ឲ្យ​អ្នក​បញ្ជា​ទិញ​ធំៗ​ពី​កម្ពុជា។​

លោក​ ​អ៊ិត សំហេង​ ​បាន​ប្រាប់​លោក​ ​Peter McAllister​ ​អំពី​ការ​ប្រែប្រួល​មួយ​ចំនួន​ក្នុង​វិស័យ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ ​រួមមាន​ការ​បញ្ឈប់​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​នីតិវិធី​ជម្រះ​ក្តី​វិវាទ​ការងារ​ទៅតាម​មតិ​យោបល់​របស់​សិក្ខាសាលា​ត្រីភាគី និង​ភាគី​ពាក់ព័ន្ធ​នានា​ ដោយ​បន្ត​ប្រើ​យន្តការ​ផ្សះផ្សា​ និង​ដោះស្រាយ​វិវាទ​ដែល​មាន​ស្រាប់​ និង​ការ​កែសម្រួល​មាត្រា​១៦​ នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ និង​ការ​បើក​ឲ្យ​មាន​ការ​ពិភាក្សា​បន្ថែម​ទៀត​ជាមួយ​ត្រីភាគី។​

ការ​សម្រេច​កែប្រែ​ចំណុច​ទាំងនេះ​ ក៏បាន​កើត​មានឡើង​ ក្រោយ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​របស់​កម្មករ​ឲ្យ​ដល់​ ១៧០​ដុល្លារ​សហរដ្ឋ​អាមេរិក។ បន្ទាប់​ពី​ការដំឡើង​នេះ​ មេ​ដឹក​នាំ​ស្ថាន​បេសកកម្ម​ការ​ទូត​របស់​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​ស្នើ​ឲ្យ​មាន​ការ​បើក​ទូលាយ​ដល់​សកម្មភាព​បង្កើត​សហជីព​និង​បន្ត​ការពារ​សិទ្ធិ​កម្មករ​នៅ​ក្នុង​ឧស្សាហ​កម្ម​កាត់ដេរ។​ លោក​ William Heidt ​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​ ​ ការ​កែ​ប្រែ​ដែល​ចេះ​តែ​បន្ត​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស​មាន​ភាព​ចាំបាច់​ដើម្បី​រក្សា​កម្រិត​បច្ចុប្បន្ន​សម្រាប់​ការ​នាំ​ទំនិញ​ចូល​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ ព្រម​ទាំង​ការ​ទទួល​បាន​ការ​ជឿ​ជាក់​ពី​អ្នក​បញ្ជា​ទិញ​អាមេរិកាំង។​

ប្រជា​ពលរដ្ឋ​ជាង​៧០​ម៉ឺន​នាក់​ទទួល​បាន​ការងារ​ពីវិស័យ​វាយនភ​ណ្ឌ​នៅ​កម្ពុជា​ ហើយ​វិស័យ​នេះបាន​ផ្តល់​ថវិកា​ស្មើនឹង​៥% ​នៃ​ផលិតផល​ជាតិ​សរុប៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG