ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សហជីព​ក្នុងវិស័យ​កាត់ដេរ​ ​ស្នើ​សហភាព​អឺរ៉ុប​ កុំ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា


រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

ដោយសារក្តី​បារម្ភអំពី​ទណ្ឌកម្មខាង​សេដ្ឋកិច្ច​ពី​ក្រៅ​ប្រទេស​ នាំឲ្យ​ប៉ះពាល់​ដល់ជីវភាព​កម្មករ​រាប់​សែន​នាក់នោះ​ ក្រុម​សហជីព​បាន​ស្នើ​សហភាព​អឺរ៉ុប​ កុំឲ្យដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹង​កម្ពុជា។

​ក្រុម​មេដឹកនាំ​សហជីព​ចំនួន​ប្រាំ​នៅ​ក្នុងប្រទេសកម្ពុជា​ បានស្នើ​ឲ្យ​សហភាព​អឺរ៉ុប​បែង​ចែក​ឲ្យ​ដាច់​ពី​ដំណើរការ​នយោបាយ​ និង​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​នេះ​ ដើម្បីបញ្ចៀស​ការ​គំនាប​ខាង​ហិរញ្ញវត្ថុ​នានា​ ដែលអាច​បង្កផល​ប៉ះពាល់​ជាអវិជ្ជមាន​របស់​កម្មករ​ខ្មែរ​រាប់​សែន​នាក់​ដែល​កំពុង​ទាញ​បាន​ផល​ប្រយោជន៍​ពី​ឧស្សាហកម្ម​កាត់​ដេរ។​ ​នេះ​បើ​យោង​តាម​លិខិត​របស់​ក្រុម​សហជីព​ដែល​បាន​ផ្ញើជូន​ស្ថានទូត​សហភាព​អឺរ៉ុបប្រចាំនៅ​កម្ពុជា​នាថ្ងៃ​ពុធ​នេះ។​

ការ​ស្នើ​របស់​ក្រុម​សហជីព​ទាំងប្រាំនេះ​ កើតមានឡើង​ក្រោយតុលាការ​កំពូល​នៅប្រទេស​កម្ពុជា​បាន​ចេញ​សេចក្តីសម្រេច​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក​ កឹម សុខា​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ។ ​

លិខិត​របស់​ក្រុម​សហជីព​ចុះថ្ងៃ​ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៧​ បាន​ពណ៌នា​ពីដំណើរហេតុនៃ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ ដែល​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​មានការ​ព្រួយ​បារម្ភ​លើ​ការ​វិវត្ត​ខាង​នយោបាយ​នៅ​កម្ពុជា។​

ក្រុមសហជីព​ បាន​សរសេរ​ថា​ កម្ពុជា​ គឺ​ជាប្រទេស​ដែលកំពុង​អភិវឌ្ឍន៍​ ហើយ​ក្នុង​នោះ​ សហគមន៍​អឺរ៉ុប​ គឺជា​បណ្តុំ​នៃ​ប្រទេស​ជាច្រើន​ ដែលបាន​រួម​ចំណែក​ដ៏សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍ប្រទេសនេះ។ បច្ចុប្បន្ននេះ​ វិស័យកាត់​ដេរ​ និង​ស្បែក​ជើង គឺ​ជាវិស័យ​មួយដ៏សំខាន់​ ដែលបាន​ជម្រុញ​ឲ្យ​កំណើន​ខាង​សេដ្ឋកិច្ច​ និង​ផ្តល់​ឱកាស​ការងារ​ ដល់ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណជា​ ៨០ម៉ឺននាក់​។ ផលិតផល​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​ប្រមាណ​ជា​ ៨០​ភាគរយ​ ត្រូវបាន​នាំចូល​ទៅកាន់​ទីផ្សារ​អន្តរ​ជាតិ​ ក្នុង​នោះ​នាំចូល​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ ចន្លោះ​ពី​៤០​ភាគរយ​ ទៅ​ ៥០​ភាគរយ។​

ក្រុមសហជីព​បាន​បន្តថា​ ពួកគេ​ដែល​តំណាង​ឲ្យ​ក​ម្មករ​គ្រប់​វិស័យ​នៅ​កម្ពុជា​ ពិត​មាន​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សារព្រមាន​របស់​ សហគមន៍​អឺរ៉ុប​ ក្នុង​ការ​ដាក់​គំនាប​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធនាំចេញ​សម្លៀក​បំពាក់​ និង​បញ្ឈប់​ការ​លើក​លែង​ពន្ធ​លើ​ការ​នាំ​ចេញ​ផលិតផល​ផ្សេងៗ​ ទៀត​ពីកម្ពុជា​ ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ វាជា​ «សញ្ញាដ៏គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​ ចំពោះ​ផល​ប៉ះពាល់ដល់​សដ្ឋកិច្ច​កម្មករ​នយោជិត​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​មួយ​ភាគធំ​បាន​ពឹង​ផ្អែក​វិស័យ​ទាំងនេះ»។​

ក្រុម​សហជីព​បាន​បញ្ជាក់​បន្ថែម​ក្នុង​លិខិត​របស់​ពួកគេ​ ដោយ​មានន័យ​ដើម​ថា៖​ «​ក្នុងនាមយើង​ខ្ញុំ​ តំណាង​ឲ្យ​កម្មករ​និយោជិត​នៅកម្ពុជា​ ដែល​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ការងារ​យ៉ាង​សកម្ម​ ក្នុងការ​ជម្រុញ​ឲ្យមានការ​លើក​កម្ពស់​លក្ខខណ្ឌការងារ​ និង​ជីវភាព​រស់​នៅ​ជូនកម្មករ​និយោជិត​ ពិត​ជាពុំចង់​ឃើញ​កម្មករ​និយោជិត​ក្លាយ​ជា​ជន​រងគ្រោះ​ និង​ជាចំណាប់​ខ្មាំង​របស់​ក្រុម​អ្នក​នយោបាយ​ណាមួយឡើយ»។​

ក្រុម​សហជីពបាន​បញ្ជាក់​បន្ថែមអំពី​សំណើរបស់​ពួកគេ​ថា៖​ «ហេតុដូច្នេះ​ហើយ​ ដើម្បី​ធានា​នូវ​និរន្តន៍ភាព​ការ​ងារ​ និង​សេដ្ឋកិច្ច​កម្មករ​និយោជិត​ និង​ពលរដ្ឋ​កម្ពុជា​ យើង​ខ្ញុំ​ សូមសំណូមពរ​ សហគមន៍​អឺរ៉ុប​ ដូចខាងក្រោម៖​ ១ នៅ​តែ​បន្ត ការ​នាំចូល​ផលិតផល​សម្លៀក​បំពាក់​កាត់​ដេរ​ និង​ស្បែក​ជើង​ រួមទាំង​ផលិតផល​ផ្សេង​ៗពីកម្ពុជា​ ចូលទីផ្សារ​សហគមន៍​អឺរ៉ុប​ដោយ​អនុគ្រោះ​ពន្ធ។ ២​ បន្ថែមការ​បញ្ជាទិញ​ពីកម្ពុជា​ ឲ្យកាន់​តែ​ច្រើន​ជាងមុន​ ដើម្បី​ផ្តល់​ឱកាស​ និង​បង្កើន​ការ​ងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ ៣​ បន្តពង្រឹង​ និង​ពង្រីក​ការទំនាក់​ទំនង​រវាងប្រទេស​កម្ពុជា​ និង​សហគមន៍​អឺរ៉ុប​ ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាងមុន»។

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពី​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ លោក George Edgar ​តាម​សារ​អេឡិចត្រូនិក​ ឬ​ Email ​តែមិន​មាន​ការ​ឆ្លើយ​តប​ ហើយ​មន្ត្រីទំនាក់​ទំនងរបស់​ស្ថានទូត​សហភាព​អឺរ៉ុប​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យយោងទៅ​សេចក្តីថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប ដែល​ចេញ​ក្នុង​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧​ ជាពេល​ដែលតុលាការ​កំពូល​ចេញសេចក្តី​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នកតំណាង​រាស្ត្រ៥៥​នាក់​នៅ​ក្នុង​សភា។​

ប្រទេស​កម្ពុជាបាន​នាំចេញទំនិញទៅសហភាព​អឺរ៉ុបក្នុង​ទឹកប្រាក់​៤,៥៥៥លានដុល្លារ​ (៤ពាន់ ៥រយ ហាសិប ៥លាន) និងនាំចូល​ទំនិញ​ពីសហភាពអឺរ៉ុប​ក្នុង​ទឹកប្រាក់​ ៦៤៣​លានដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​ ២០១៦។​ ប្រទេស​កម្ពុជា​ក៏បាន​ចេញ​ទំនិញ​ទៅសហរដ្ឋ​អាមេរិក​ក្នុង​ទឹកប្រាក់​ ២,៨១៤​លានដុល្លារ​អាមេរិក​ និង​នាំចូលទំនិញ​ពីសហរដ្ឋ​អាមេរិក​ក្នុង​ទឹកប្រាក់​ ២៨៥​លានដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦។

នេះ​បើ​យោង​តាម​ទិន្នន័យរបស់​ការិយាល័យ​ស្ថិតិ​របស់​សហភាព​អឺរ៉ុប​ និង​ការិយាល័យ​ស្ថិតិ​របស់​អាមេរិក។​

លោក​ ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនាកម្មករ​កម្ពុជា​ ហៅកាត់ថា​ (CCW) ​ដែល​ជា​ហត្ថលេខី​លើ​លិខិត​ផ្ញើជូន​សហភាព​អឺរ៉ុប​ បានប្រាប់​ VOA ​ថា​ ប្រតិកម្ម​ជាបន្ត​បន្ទាប់​ពី​បស្ចិម​ប្រទេស​ និង​សហរដ្ឋ​អាមេរិក​ពិត​ជា​បាន​បង្កក្តី​បារម្ភ​មួយ​ ដល់ជីវភាពរស់នៅរបស់​កម្មករ។

​លោក​ថ្លែង​យ៉ាង​ដូច្នេះ៖​

«​ខ្ញុំមើល​ឃើញថា​ បន្ទាប់​ពី​មានការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដោយ​អំណាច​តុលាការ​កំពូល​មក​ យើង​ឃើញ​មានការ​ចេញ​សារ​ព្រមាន​ជាបន្ត​បន្ទាប់​ ពី​សំណាក់​សហគមន៍​អន្តរជាតិ​ក្នុងនោះ​ យើង​ឃើញ​មាន​ស្ថានទូត​អាមេរិក​ សហគមន៍​អឺរ៉ុប​ ឬស៊ុយអែត​ អីជាដើម​ បារាំង​អី​ជាដើម​ យើង​ឃើញ​គេបាន​សម្តែង​នូវ​ក្តីបារម្ភ​ផ្សេង​ៗ​ គោល​នយោបាយ​នៅ​កម្ពុជា ដូច្នេះ​ហើយ​ ក្នុង​នោះ​គេបាន​លើក​អំពី​ការ​ពិនិត្យ​ឡើង​លទ្ធភាព​ ពិនិត្យ​ឡើងវិញ​ចំពោះ​ការ​អនុគ្រោះពន្ធ​ ការ​នាំ​ទំនិញ​ផ្សេង​ៗ​ ទៅកាន់​ប្រទេស​របស់​ពួកគេ​ហ្នឹង​។ អីចឹង​ហើយ​ ទើបខ្ញុំ​មើល​ឃើញ​ថា​ នេះ​ជា​សារ​មួយដែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅដល់​សេដ្ឋកិច្ច​ កម្មករ​ ដូច​ជាប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​ដែល​គាត់​បច្ចុប្បន្ន​នេះ​ បាន​ពឹងផ្អែក​ទៅ​វិស័យ​ទាំង​អស់​នេះ»។​

លោក​បាន​ថ្លែង​បន្ថែមថា​ មានតែ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ដែល​ជា​ទីផ្សារ​របស់​ទំនិញ​កម្ពុជា ដោយ​ហេតុ​រហូតមកដល់​ពេល​នេះ​ មិន​មាន​ការ​បញ្ជាទិញ​ណាមួយ​ចេញពីប្រទេស​រុស្សី​ និង​ចិន​នោះឡើយ​។ លោកអះអាង​ថា​ ចិន​ក៏ផលិត​ទំនិញ​កាត់ដេរ​ទៅអឺរ៉ុប​ផងដែរ​ ម្ល៉ោះហើយ​គ្មាន​ហេតុផល​ណា​ដែល​ចិនត្រូវការ​ទំនិញ​កាត់​ដេរ​កម្ពុជា​នោះឡើយ។ លោកថា​ សហភាព​អឺរ៉ុប​ និង​អាមេរិក​គួរពិចារណាលើ​ហានិភ័យ​ខាង​សេដ្ឋកិច្ច​របស់​កម្មករ និង​ប្រជាពលរដ្ឋ​ខ្មែរ​ ដែលអាចកើត​ចេញពីទណ្ឌកម្ម​សេដ្ឋកិច្ច​ ដោយ​សារតែ​រឿងរ៉ាវ​នយោបាយ​ ដែលកម្មករ​ និង​ប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅ​មិន​សូវ​ជា​បាន​ដឹង​ល្អិត​ល្អន់នោះ។ ​

«​ពលរដ្ឋ​កម្មករ​និយោជិត​ អត់​បាន​ទេ​ទៅលើ​រឿង​អស់​នេះ​។​ អីចឹង​គាត់​កំពុង​តែ​ដំណើរ​ការ​ជីវភាព​រស់​នៅ​ ដោយ​សេចក្តី​សុខ​ យើង​កាល​ណា​យើង​ដាក់​អាហ្នឹង​មក​ទៅ​ វា​ធ្វើ​ឲ្យ​គាត់​ស្លាប់​ដោយ​មិន​ដឹង​ខ្លួន​ អាហ្នឹង​វាអីចឹង​ អីចឹង​បាន​គិត​ថា​ ខ្ញុំ​អំពាវនាវ​សារ​ខ្ញុំ​ហ្នឹង​ គឺ​ជា​សារ​មួយ​អាច​បង្ហាញ​ទៅដល់​អ្នក​នយោ​បាយ​ទាំង​អស់​ គាត់​ត្រូវ​តែ​គិត​ហើយ​ ម៉ោងនេះ​ ពីព្រោះ​ថា​ខ្ញុំ​ តំណាង​កម្មករ​ ខ្ញុំមិនមែន​តំណាង​ឲ្យ​បក្ស​នយោបាយ​ណាទេ​ អីចឹង​ខ្ញុំ​តំណាង​កម្មករ​ បើ​សិន​ខ្ញុំ​មើល​ឃើញ​ថា​ កម្មករ​នឹង​រងគ្រោះ​ កាល​ណា​កម្មករ​រងគ្រោះ​ ក្រុមគ្រួសារ​កម្មករ​ក៏ក្លាយ​ជាក្រុម​រងគ្រោះ​ដែរ​ ពីព្រោះថា​ បច្ចុប្បន្ននេះ​ កម្មករ ​ជា​អ្នក​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​របស់​គាត់​ អីចឹង​ហើយ​ទើបយើង​បារម្ភហ្នឹង​អ្ហ៎ា​»។

សហគមន៍​អឺរ៉ុប​បាន​ខិតខំ​ប្រឹងប្រែង​បង្វែរ​ស្ថានការណ៍​កម្ពុជា​ឱ្យ​មក​ដូច​ដើម​នៅមុន​តុលាការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីពាក់​កណ្តាល​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧​។ ប៉ុន្មាន​ម៉ោង​មុន​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​នាថ្ងៃ​ទី​១៦ ​ខែវិច្ឆិកា​ ឆ្នំា​ ២០១៧​ ​លោក​Gunnar Wiegand ​មន្ត្រី​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​ និង​ជា​នាយក​គ្រប់​គ្រង​សេវា​កិច្ចការ​បរទេស​របស់​អឺរ៉ុប​ និង​លោក​ Goerge Edgar​ ​បាន​ជួប​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជាដើម្បីបង្ហាញ​ពីការព្រួយ​បារម្ភ​របស់​ខ្លួន​ពី​ស្ថាន​ភាព​ធ្លាក់ដុនដាប​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ប៉ុន្តែ​រដ្ឋាភិបាលកម្ពុជា​មិន​ត្រឹម​តែ​មិន​ចាប់​អារម្មណ៍​នឹង​ការបារម្ភរបស់​សហភាព​អឺរ៉ុបនោះ​ទេ​ រដ្ឋាភិបាល​ថែមទាំងបាន​ការ​ពារ​វិធាន​ការ​នា​នា​ទាក់ទិន​ ​នឹង​ការ​គាប​សង្កត់​លើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​និង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា​ ​ជា​កិច្ច​ខិតខំ​ដើម្បី​រក្សា​សន្តិភាព​និង​សិ្ថរភាព​ក្នុង​ប្រទេស។​

យ៉ាង​ណាមិញ​ ភ្លាម​ៗក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថាន​បេសកកម្ម​ការទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ បាន​ហៅ​ការសម្រេច​នោះ​ ថា​ជា​ជំហាន​មួយ​ដ៏សំខាន់​ នៃ​ការ​នាំ​ប្រទេស​កម្ពុជា​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ប្រជាធិបតេយ្យ​ សេរីពហុបក្ស​ ដែល​បាន​ដាក់​តម្កល់​ក្នុងរដ្ឋធម្មនុញ្ញ​ប្រទេសកម្ពុជា​ ដែល​ទទួល​បាន​ការគាំទ្រ​ពីដៃគូ​អន្តរជាតិ​របស់​កម្ពុជា​ រួម​ទាំង​សហភាព​អឺរ៉ុប​ជាង​ពីរទសវត្សរ៍​មក​នេះ​។

សហភាព​អឺរ៉ុបបាន​បញ្ជាក់​ឲ្យ​ដឹង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ចុះថ្ងៃទី​ ១៦ ​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧​ ​ថា​ ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ប៉ះពាល់​ដល់​ភាព​ស្របច្បាប់​នៃដំណើរ​ការ​បោះឆ្នោត​មួយ។​

សហភាព​អឺរ៉ុបបាន​ថ្លែងថា៖​

«​ដំណើរការ​បោះឆ្នោត​មួយ​នឹង​មិន​មាន​ភាពស្រប​ច្បាប់​ នៅពេល​ដែល​គណបក្ស​ប្រឆាំង​សំខាន់​មួយ​មិន​ត្រូវបាន​រាប់​បញ្ចូល​។ ការ​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​លក្ខណៈចាប់​បង្ខំ​ បាន​ដកហូតយ៉ាង​មាន​ប្រសិទ្ធភាព​ នូវ​សិទ្ធិ​របស់​អ្នកដែលបាន​ផ្តល់​ការគំាទ្រ​របស់ពួកគេ​ទៅលើគណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣​ និង​ឆ្នាំ​ ២០១៧។ ស្ថានភាព​មួយ​ដែល​នឹង​អនុញ្ញាតឲ្យ​រាល់​គណបក្ស​នយោបាយ​រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មេដឹកនាំ​ ក៏ដូចជា​ អ្នកគាំទ្រ​របស់​គណបក្ស​នេះ​បាន​អនុវត្តន៍​មុខងារ​ស្របច្បាប់​របស់​ពួកគេ​បាន​បន្តទៀត​ ត្រូវតែ​ស្តារឡើងវិញ​ឲ្យបាន​ជាបន្ទាន់​»។

សហភាព​អឺរ៉ុបក៏បាន​ព្រមាន​ថា​ ប្រសិនបើកម្ពុជា​ចង់ទទួលបាន​ផលប្រយោជន៍​ពីកម្មវិធី​ពាណិជ្ជកម្ម​របស់​ខ្លួន​ តាម​អ្វី​ដែល​គេដឹង​ថា​ អ្វីៗទាំងអស់​លើកលែង​តែ​អាវុធ​ «Everything But Arms»​ នោះ ប្រទេស​នេះ​ ត្រូវតែ​ធានា​ឲ្យបាន​នូវការ​គោរពសិទ្ធិ​មនុស្ស​។

ចំណែក​ ​សេតវិមាន​របស់​ប្រធានាធិបតី​អាមេរិក​បាន​ប្រតិកម្ម​ខ្លាំង​ៗ​ ដោយប្រកាស​ផ្តាច់​ការ​គាំទ្រ​ខាង​ថវិកា​ដល់​គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះឆ្នោត​ (គ.ជ.ប)​។ ប្រទេសស៊ុយអែត​ ដែល​ជាម្ចាស់​ជំនួយ​ធំទីបួន​របស់​កម្ពុជា​ ក៏ប្រកាស​ផ្តាច់​ជំនួយ​សម្រាប់​កំណែទម្រង់​វិមជ្ឈការ​។ កាលពីថ្ងៃ​អង្គារ​ម្សិល មិញ​នេះ​ លោក ឆៀរី​ ម៉ាធូ​ (Theirry Mathou) ប្រធាននាយក​ដ្ឋាន​អាស៊ី​ និង​អូសេអានី​នៃ​ក្រសួង​អឺរ៉ុប​ និង​ការ​បរទេស​បារាំង​ បាន​បញ្ជាក់ឲ្យដឹង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាទូត បារាំង​ប្រចាំកម្ពុជា​ថា​ ការ​រំលាយ​គណបក្ស​ប្រឆាំង​ធំជាង​គេ​ ការ​ចាប់​ខ្លួន​ និង​ការ​ឃុំ​ខ្លួន​មេដឹកនាំ គណបក្ស​នេះ​ រួមទាំង​ការ​ហាម​ឃាត់​សមាជិក​គណបក្ស​ចំនួន​ ១១៨រូប​ ធ្វើ​នយោបាយ​ក្នុង​អំឡុង ពេល​៥ឆ្នាំ​ បាន​ចោទ​ជា​បញ្ហា​ ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ​VOA ​មិន​អាច​សុំការ​អធិប្បាយ​ពី​លោក​ ហេង​ សួ​ អ្នកនាំពាក្យ​ក្រសួង​ការងារបាន​ទេ​នៅ​ថ្ងៃ​ពុធនេះ៕​ ​

XS
SM
MD
LG