ក្រុមសហជីពកម្មករ និងសាច់ញ្ញាតិរបស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ គ្រោងនឹងជួបជុំគ្នានៅមុខរូបសំណាករបស់លោកនៅចុងខែមករាខាងមុខ ដើម្បីធ្វើគោរពវិញ្ញាណក្ខន្ធនិងរំឭកដល់វីរភាពរបស់ប្រធានសហជីពដែលត្រូវបានឃាតករបាញ់សម្លាប់កាលពី១៤ឆ្នាំមុន។ នេះបើយោងតាមការឱ្យដឹងរបស់តំណាងសហជីព។
គេរំពឹងថា យ៉ាងហោចណាស់មានក្រុមសហជីព អ្នកគាំទ្រនិងញាតិមិត្តរបស់លោក ជា វិជ្ជា ជាង១៥០នាក់ចូលរួមក្នុងកម្មវិធីនៅមុខរូបសំណាករបស់លោក ក្បែរវិមានឯករាជ្យ នៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែមករាខាងមុខ។ នេះបើតាមការអះអាងរបស់ លោក ម៉ាន់ សេងហាក់ អនុប្រធានសហជីពសេរីកម្មករ។
លោក ម៉ាន់ សេងហាក់ បញ្ជាក់ប្រាប់ VOA នៅថ្ងៃអង្គារនេះផងដែរថា ក្រៅពីការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ក៏មានការអំពាវនាវឱ្យមានការពន្លឿនការស៊ើបអង្កេតនឹងចាប់ខ្លួនជនដៃដល់ដែលសម្លាប់ប្រធានសហជីពដ៏ល្បីល្បាញនេះផងដែរ។
«យើងទៅគោរពជាធម្មតានោះទេ។ ក៏ប៉ុន្តែយើងនឹងមានការថ្លែងអំពាវនាវ ដល់រដ្ឋាភិបាលដើម្បីពន្លឿននូវការស៊ើបអង្កេតឱ្យបានឆាប់ ពីព្រោះយើងឃើញហើយ១៤ឆ្នាំ! មកដល់ពេលនេះគឺ១៤ឆ្នាំហើយ ឃាតករមិនត្រូវបានរកឃើញនៅឡើយនោះទេ។ អីចឹងយើងគ្រាន់តែថ្លែងបន្តិចបន្តួចទេ ពីព្រោះថា យើងចង់បង្ហាញពីការទាមទារឱ្យរដ្ឋាភិបាលវែកមុខ រកជនដៃដល់ដែលនៅពីក្រោយ»។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករដ៏ល្បីល្បាញត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ខណៈលោកចូលទិញកាសែតនៅក្បែរវត្តល័ង្កាក្នុងក្រុងភ្នំពេញ។ មួយសប្តាហ៍ក្រោយមក ជនសង្ស័យពីររូបដែលក្រុមសង្គមស៊ីវិលហៅថា ជាឃាតករសប្បនិមិ្មតគឺ លោក ប៊ន សំណាង និង លោកសុខ សំអឿន ត្រូវបានចាប់ខ្លួន។ ក្រោយការឃុំខ្លួនជាច្រើនឆ្នាំ លោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលគេជឿថា គ្មានទោសកំហុសនោះ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ដោយដីកាសម្រេចរបស់តុលាការកំពូលនៅចុងឆ្នាំ២០១៣។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ការស៊ើបអង្កេតលើករណីឃាតកម្មលើរូបលោក ជា វិជ្ជា នៅតែបន្ត ក៏ប៉ុន្តែមន្ត្រីជំនាញមិនទាន់បានទទួលតំរុយថ្មីអ្វីនោះទេ។ បញ្ហាគឺដោយសារតែសាក្សីក្នុងករណីឃាតកម្មនេះ បានភៀសខ្លួនទៅរស់នៅឯបរទេស។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្ថែមយ៉ាងដូច្នេះ៖
«ទោះយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនទាន់បញ្ជាឱ្យបិទសំណុំរឿងនោះនៅឡើយទេ ហើយក៏សុំឱ្យនរណា ដែលមានព័ត៌មានច្បាស់! ច្បាស់លាស់ណា! មកសហការជាមួយសមត្ថកិច្ចយើង។ សូមកុំឱ្យបញ្ហាហ្នឹង កើតរឿងរាល់ឆ្នាំហ្នឹង ឱ្យតែដល់ឆ្នាំហ្នឹង ឱ្យតែដល់ឆ្នាំហ្នឹង ថ្ងៃហ្នឹង ថ្ងៃ២០ផ្លាយហ្នឹងគឺចាប់ផ្តើមហើយ! រឿងពីរបីហ្នឹងវាដដែលៗហ្នឹង»។
ស្របពេលដែលក្រុមសហជីព និងអ្នកគាំទ្រលោក ជា វិជ្ជា រៀបចំរំឭកខួបនៃការបាញ់ប្រហារលើរូបប្រធានសហជីពនេះ នៅថ្ងៃទី២២ ខែមករា តុលាការរាជធានីភ្នំពេញបានចេញដីការកោះហៅលោក ជា មុន្នី ប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ឱ្យចូលបង្ហាញខ្លួននៅថ្ងៃដដែលនោះដែរ។
លោក ជា មុន្នី អតីតប្រធានសហជីពសេរីកម្មករដ៏សកម្មបានរងនូវបណ្តឹងទារសំណងជាទឹកប្រាក់១លានដុល្លារចំពោះការបញ្ចញមតិផ្ទាល់ខ្លួនរបស់លោកទាក់ទងការដាក់ទណ្ឌកម្មពីសភាពអឺរ៉ុបលើការនាំទំនិញចេញពីកម្ពុជា។
VOA មិនអាចទាក់ទងលោក ជា មុន្នី ដើម្បីសុំសេចក្តីអធិប្បាយបានទេនៅថ្ងៃអង្គារនេះ។ ទោះជាយ៉ាងណាក្តី លោក ម៉ាន់ សេងហាក់ អនុប្រធានសហជីពសេរីកម្មករ បញ្ជាក់ថា នោះគឺគ្រាន់តែការបញ្ចេញមតិផ្ទាល់ខ្លួនរបស់លោក ជា មុន្នី តែប៉ុណ្ណោះទេ ហើយការសម្រេចដាក់ទណ្ឌកម្មឬមិនដាក់គឺជាសិទ្ធរបស់ក្រុមប្រទេសនៃសហភាពអឺរ៉ុបឯណោះទេ៕