ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​បន្ត​ជំរុញ​ឲ្យ​មាន​ការ​ការពារ​សិទ្ធិ​កម្មករ​ក្នុង​ឧស្សហកម្ម​កាត់​ដេរ


រូបឯកសារ៖ ក្រុមកម្មករ​​រោងចក្រ​ ធ្វើដំណើរ​ទៅផ្ទះ​ ក្រោយ​ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាចមួយ​​ ឯ​ជាយ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)

សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ជំហរ​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​កម្មករ​ និងបន្ត​ឲ្យ​លើក​ទឹកចិត្ត​ឲ្យ​ការ​បង្កើត​សហជីព​ ដែល​ជ្រើស​រើស​ដោយ​កម្មករ​ខ្លួន​ឯង​នៅតាម​រោងចក្រ។

ភ្លាមៗ​បន្ទាប់​ពី​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ ត្រូវ​បាន​ដំឡើង​ដល់​ ១៧០​ដុល្លារ​ក្នុង​មួយខែ​ ​សហគមន៍​អន្តរជាតិ​ធំៗ​ពីរ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ជំហរ​ក្នុង​ការ​ការពារ​សិទ្ធិ​កម្មករ​ និង​បន្ត​ឲ្យ​លើក​ទឹកចិត្ត​ការ​បង្កើត​សហជីព​ ដែល​ជា​ការ​ជ្រើស​រើស​ដោយ​កម្មករ​ខ្លួន​ឯង​នៅ​តាម​រោងចក្រ។

មេ​ដឹក​នាំ​ស្ថាន​បេសក​កម្ម​ការទូត​របស់​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​ស្នើ​ឲ្យ​មាន​ការ​បើក​ទូលាយ​ដល់​សកម្មភាព​បង្កើត​សហជីព​ និង​បន្ត​ការពារ​សិទ្ធិ​កម្មករ​នៅ​ក្នុង​ឧស្សាហ​កម្ម​កាត់ដេរ​ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​ដល់​១៧០​ដុល្លារ។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ដែល​ចេញ​ផ្សាយ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​នា​ថ្ងៃ​ចន្ទ​នេះ។

ការ​ស្នើ​របស់​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ លោក​ William Heitd ​និង​ លោក​ George Edgar ​ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ត្រូវ​បាន​សាទរ​ដោយ​មេ​ដឹកនាំ​សហជីព​ដែល​មិន​រណប​ថៅកែ​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​លោក​ William Heitd ​និង​ ​លោក​ George Edgar​ ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ​អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​អំពីសារៈ​សំខាន់​នៃ​ការ​បង្កើន​កិច្ច​សហ​ប្រតិបតិ្តការ​រវាង​ប្រទេស​កម្ពុជា​ និង​ដៃគូ​អន្តរជាតិ​របស់​កម្ពុជា​ ​ក្នុង​កិច្ច​ការពារ​សិទ្ធិ​កម្មករ​ នៅ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ឯកអគ្គ​រដ្ឋទូត​ទាំង​ពីរ​បាន​លើក​ឡើង​ពី​បញ្ហា​នានា​ស្តីពី​សិទ្ធិ​កម្មករ​ ដែល​មាន​សារៈ​សំខាន់​ដល់​ម្ចាស់​ម៉ាក​ ឬ​យី​ហោធំៗ​ និង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ។​ ​ពួកគាត់​បាន​បញ្ជាក់​ឡើង​វិញ​ពី​ភាព​ចាំ​ចាច់​នៃ​ការ​ធ្វើ​ឲ្យ​បាន​ប្រសើរ​នូវ​អនុសាសន៍​ជា​ច្រើន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (International Labor Organization) ​ដែល​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​សិទ្ធិ​កម្មករ​ ដើម្បី​ឲ្យ​ពួក​គេ​ជ្រើស​រើស​សហជីព​ដោយ​ខ្លួន​ឯង​ ចុះ​បញ្ជី​សហជីព​តាម​ដំណើរការ​ត្រឹមត្រូវ​ និង​តម្លាភាព​ និង​ដោះស្រាយ​វិវាទ​ការងារ​រួម​ ទៅ​តាម​ពេល​វេលា​ជាក់​លាក់​ និង​ប្រកប​ដោយ​តម្លាភាព»។​

សេចក្តី​ប្រកាស​ដដែល​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បន្ត​ថា៖​

«ពួក​គេ​បាន​លើក​ទឹកចិត្ត​រដ្ឋាភិបាល​ឲ្យ​ពិគ្រោះ​យោបល់​ជាមួយ​ អង្គការ​ពលកម្ម​អន្តរជាតិ​ និង​ដៃ​គូ​ផ្សេង​ទៀត​ នៅមុន​ការ​បង្ហើយ​សេចក្តី​ព្រាង​នានា​ នៅ​ក្នុង​បញ្ហា​ទាំងនេះ​ ដើម្បី​ធ្វើ​ឲ្យប្រាកដ​ថា​ សេចក្តី​ព្រាង​ទាំង​នោះ​ឆ្លុះ​បញ្ចាំង​និយាម​អន្តរជាតិ​ទាំងឡាយ»។​

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​អាមេរិក​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​កិច្ច​ស្វាគមន៍​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ​២០១៨។​ ​លោក​ឯក​អគ្គ​រដ្ឋទូត​ William Heitd​ ​បាន​កត់​សម្គាល់​ថា​ ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ កិច្ច​សហ​ប្រតិបត្តិការ​របស់​កម្ពុជា​ជាមួយ​ដៃគូ​អន្តរជាតិជាច្រើន​ បាន​បង្កើន​ទំនុក​ចិត្ត​ច្រើន​គួរ​សម​នៃ​ម្ចាស់​ម៉ាក​ធំៗ​ ពី​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ដើម្បី​ទាញ​ផលិតផល​ចេញ​ពី​កម្ពុជា។​ លោក​បាន​បន្ត​ថា​ ការ​កែ​ប្រែ​ដែល​ចេះតែ​បន្ត​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស​មាន​ភាព​ចាំបាច់​ដើម្បី​រក្សា​កម្រិត​បច្ចុប្បន្ន​សម្រាប់​ការ​ចូល​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ ព្រមទាំង​ការ​ទទួល​បាន​ការ​ជឿ​ជាក់​ពីអ្នក​បញ្ជា​ទិញ​អាមេរិកាំង។​

ឧស្សាហ​កម្ម​កាត់​ដេរ​កម្ពុជា​បាន​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ស្ត្រី​ប្រមាណ​៧០០.០០០​នាក់។​ តាម​តួលេខ​ចុង​ក្រោយ​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ​កម្ពុជា​បាន​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​បរទេស​គិតជា​ទឹកប្រាក់​ប្រមាណ​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៦​ កន្លង​ទៅ។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ ​តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។​ ​យ៉ាងណាក្តី​ អ្នក​នាំពាក្យ​រូបនេះ​បាន​ប្រាប់​អង្គភាព​ព័ត៌មាន​ ដែល​ជិត​ស្និត​នឹង​រដ្ឋាភិបាល​ ​Fresh News ​កាល​ពី​សប្តាហ៍​មុន​ថា​ សហរដ្ឋ​អាមេរិក​ និង​សហ​ភាព​អ៊ឺរ៉ុប​ នឹង​មិន​ភ្ជាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​គោរព​លក្ខខណ្ឌ​ការងារ​ ទៅ​នឹង​ភាព​តានតឹង​ផ្នែក​ផ្សេង​ទៀត​ឡើយ។​ ​សហរដ្ឋ​អាមេរិក​ និង​សហភាព​អ៊ឺរ៉ុប​នឹង​បន្ត​បើក​ទីផ្សារ​របស់​ខ្លួន​ដល់​កម្ពុជា ​និង​បង្កើន​ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា។

ទោះ​ជាយ៉ាងណា​ វីអូអេ​មិន​អាច​សុំការ​បញ្ជាក់​ពី​មន្ត្រីអាមេរិក​ថា​ តើការ​លើក​ឡើង​របស់​មន្ត្រី​កម្ពុជា​អំពី​ការ​បញ្ជាទិញ​បន្ថែម​នេះ​ជា​ការណ៍​ពិត​ឬ​យ៉ាងណា​ទេ។

រូបឯកសារ៖ ក្រុម​កម្មករ​និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
រូបឯកសារ៖ ក្រុម​កម្មករ​និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

ទោះ​យ៉ាង​ណាក៏​ដោយ​ ​អ្នកស្រី​ យ៉ាង​ សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ថ្លែង​ប្រាប់​ VOA ​នៅថ្ងៃ​ចន្ទ​នេះ​ថា ​ការ​ជ្រើសរើស​តំណាង​កម្មករ​ ដើម្បី​ការពារ​ប្រយោជន៍​កម្មករ​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​ ​បាន​ក្លាយ​ជាក្តី​បារម្ភ​មួយ​ ដែល​ទាមទារ​ឲ្យ​មន្ត្រី​ក្រសួង​ការងារ​ធ្វើការ​កែ​សម្រួល។

«ឧបមា​ថា​ គាត់​ចង់​កែប្រែ​លក្ខខណ្ឌ​ការ​ងារ​ក្នុង​រោងចក្រ​របស់​គាត់។​ ឧទាហរណ៍​អីចឹង។​ ចឹង​ឥឡូវ​ហ្នឹង​នៅ​ក្នុង​ច្បាប់​សហជីព​ហ្នឹង​ និយាយ​ឲ្យ​ចំ​ទៅ​គេ​ អត់មាន​បាន​ផ្តល់​សិទ្ធិ​សេរីភាព​ឲ្យ​កម្មករ​ហ្នឹង​ ទៅ​ពឹង​ពាក់​សហជីព​ ដែល​ផ្សេង​ពី​សហជីព​ ដែល​ផ្សេង​ពី​សហជីព​ដែល​មានភាព​ជា​តំណាង​បំផុត​ទេ ​ពីព្រោះ​នៅក្នុង​ច្បាប់​ហ្នឹង​ និយាយ​ឲ្យ​ចំ​ គេ​តម្រូវ​ឲ្យ​កម្មករ​និយោជិត​ហ្នឹង​ គឺ​ពឹង​ពាក់​សហជីព​ណា​ ដែល​មាន​ភាព​ជាតំណាង​បំផុត​នៅ​ក្នុង​រោងចក្រ។​ ចុះបើ​អា​សហជីព​ដែលមាន​ភាព​ជា​តំណាង​បំផុត​ក្នុង​រោង​ចក្រ​ហ្នឹង​ គឺគាត់​មាន​និន្នាការ​គាំទ្រ​ក្រុមហ៊ុន​ហ្នឹង​ គាំទ្រ​រោងចក្រ​ហ្នឹង​ អីចឹង​កម្មករ​គ្រាន់​តែ​ចង់​កែប្រែ​លក្ខខណ្ឌ​តូចតាច​មួយ​ ដូចជា​បន្ទប់​ទឹក​ ដូចជា​អី​ផ្សេងៗ​ហ្នឹង​ គឺកែ ​ក៏កែ​អត់បាន​ដែរ​ ពីព្រោះ​កម្មករ​គាត់​បាត់​បង់​សិទ្ធិ​ហ្នឹង»។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​គណៈ​កម្មការ​ប្រឹក្សា​ការងារ​ ​(Labor Advisory Commission)​ ដែល​មាន​ភាគី​និយោជក​ សហជីព​ និង​រដ្ឋាភិបាល ​បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទ​កំណត់​យក​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៦៥​ដុល្លារ​ ហើយ​ដោយ​មាន​ការ​បន្ថែម​ពី​ភាគី​រដ្ឋាភិបាល​ចំនួន​៥​ដុល្លារ​ ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៨​ ​បាន​កើន​ដល់​ចំនួន ​១៧០​ដុល្លារ​ ក្នុង​មួយ​ខែ។

ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​កើត​មាន​ឡើង​ នៅ​ចំ​ពេល​ដែល​កម្ពុជា​កំពុង​មាន​បញ្ហា​រកាំ​រកូស​ជាមួយ​សហរដ្ឋ​អាមេរិក​ ក្រោយពី​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ត្រូវគេ​ដឹង​ថា​ បានបើក​យុទ្ធនាការ​បង្ក្រាប​អង្គភាព​ព័ត៌មាន​ឯករាជ្យ​ និង​អង្គការ​ដែល​ធ្វើ​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។

លោក​ អ៊ិត​ សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ បាន​បញ្ជាក់​ប្រាប់​ VOA ​ក្រោយ​ការ​ប្រកាស​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ថា​ ក្រសួង​ការងារ​មិន​មាន​សិទ្ធិ​បកស្រាយ​លើ​ស្ថានភាព​ល្អក់​កករ​នៃ​ទំនាក់​ទំនង​អាមេរិក​ និង​កម្ពុជា​នោះ​ទេ។​

«រឿង​នេះ​ ខ្ញុំ​មិន​អត្ថាធិប្បាយ​ទេ​ ព្រោះ​មិនមែន​ជា​ភារកិច្ច​របស់​ក្រសួងការ​ងារ​ទេ»។​

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នោះ​ ថ្លែង​គាំទ្រ​ចំពោះ​ប្រាក់​ឈ្នួល​ថ្មី​នេះ​ ហើយ​បាន​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ស្វែង​រក​ច្រក​បញ្ចប់​ជម្លោះ​ និង​ស្តារ​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​ប្រទេស​លោក​ខាង​លិច​ឡើង​វិញ​ ប្រយោជន៍​ដើម្បី​រក្សា​សិ្ថរភាព​ក្នុង​ឧស្សហ​កម្ម​កាត់​ដេរ​នៅ​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ចេញ​ផ្សាយ​នៅថ្ងៃ​ចន្ទ​នេះ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​សមាជិក​សហ​ភាព​អឺរ៉ុប​នាំចូល​៦៥​ភាគរយ​នៃ​ទំនិញ​កម្ពុជា៕

XS
SM
MD
LG