តំណាងអ្នកផលិតក្នុងឧស្សាហកម្មកាត់ដេរនៅប្រទេសកម្ពុជា ឬ GMAC បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងធ្វើទៅតាមប្រកាសថ្មីរបស់រដ្ឋាភិបាល ដែលបានតម្រូវឲ្យម្ចាស់រោងចក្រ និងសហគា្រសផ្សេងទៀត បើកប្រាក់បំណាច់អតីតភាពការងារប្រចាំឆ្នាំពីរដងក្នុងមួយឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៩នេះ។
ការអធិប្បាយរបស់តំណាងអ្នកផលិតក្នុងឧស្សាហកម្មកាត់ដេរនេះបានធ្វើឡើង នៅក្រោយពេលកម្មកររាប់ពាន់នាក់នៅតាមរោងចក្រកាត់ដេរមួយចំនួនក្នុងទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត ក្នុងនោះមានទាំងខេត្តតាកែវ បាននាំគ្នាតវ៉ាទាមទារប្រាក់អតីតភាពការងារប្រចាំឆ្នាំសរុបពោលគឺពួកគេទាមទារបើកផ្តាច់រាល់ប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩។
ក្រុមកម្មករបានធ្វើការទាមទារយ៉ាងដូច្នេះ ដោយពួកគេមានការភ័យខ្លាចថា ថៅកែរោងច្រកមិនទូទាត់ប្រាក់អតីតភាពការងារប្រចាំឆ្នាំមុនឆ្នាំ២០១៩។ តែទាំងថៅកែរោងចក្រ និងមេដឹកនាំកម្ពុជាបានអះអាងថា ការតវ៉ារបស់កម្មករគឺផ្ទុយនឹងច្បាប់។
លោក ខេន លូ (Ken Loo) អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ម្ចាស់រោងចក្រមិនអាចធ្វើទៅតាមការចង់បានរបស់កម្មករនោះទេ តែម្ចាស់រោងចក្រនឹងគោរពទៅតាមច្បាប់របស់កម្ពុជា។
«រឿង រឿងអតីតភាពចាស់ៗ យើងបង់តាមច្បាប់តើ! យើង...បង់តាមច្បាប់មានន័យថា ៦ខែបង់ម្តង ៦ខែបង់ម្តង។ ឥឡូវកម្មករទាមទារបង់មួយកញ្ចប់ អាហ្នឹងខុសច្បាប់ទេ។ ហើយសម្តេចហ៊ុន សែន ម្សិលម្ង៉ៃបាន ម្សិលមិញតើ បានបញ្ជាក់ច្បាស់លាស់ហើយ»។
ក្នុងជំនួបជាមួយកម្មករនៅឯខេត្តតាកែវកាលពីថ្ងៃពុធម្សិលមិញនេះ លោកហ៊ុន សែនបានហៅការតវ៉ារបស់កម្មករឲ្យបើកប្រាក់បំណាច់អតីតភាពការងារទាំងអស់ មុនឆ្នាំ២០១៩ថា ខុសពីច្បាប់ថ្មីរបស់រដ្ឋាភិបាល។
លោកក៏ព្រមានថា រោងចក្ររាប់រយនឹងត្រូវបិទទ្វារ បើក្រុមកម្មករនៅបន្តទាមទារនូវអ្វីដែលលោកយល់ថា មិនអាចទៅរួចនោះ។
«សុំក្មួយៗមេត្តាយោគយល់! មិនអាចធ្វើទៅរួចទេៗ ហើយបើចង់ចាប់បង្ខំធ្វើ ថៅកែហ្នឹងមានតែបិទទ្វាររោងចក្រ ហើយទីចុងបំផុតក្មួយៗ មានតែអស់ការងារធ្វើតែប៉ុណ្ណឹង អស់ការងារធ្វើ»។
លោកហ៊ុន សែនអះអាងថា ការបើកប្រាក់អតីតភាពការងារប្រចាំឆ្នាំពីឆ្នាំចាស់ពីរដងក្នុងមួយឆ្នាំគឺប្រៀបដូចជាការសន្សំ ហើយបើសិនជាក្នុងករណីថៅកែរោងចក្រណាមួយមិនអាចបំពេញកាតព្វកិច្ចនេះបានទេ ហើយបង់ប្រាក់អតីតភាពការងារប្រចាំឆ្នាំពីរដងក្នុងមួយឆ្នាំនេះ នោះរដ្ឋាភិបាលរបស់លោកជាអ្នកទទួលខុសត្រូវ។
«ឥឡូវនេះ ប្រាក់ហ្នឹងវាអត់ទៅណាទេ តែគ្រាន់តែសុំ៦ខែ បើកយកម្តង ៦ខែបើកយកម្តង។ នែនៅទីចុងបំផុត វាក៏នៅតែជាប្រាក់សន្សំរបស់យើងដដែលទេៗ ហើយប្រសិនបើកំពុងតែដំណើរការ ម្ចាស់រោងចក្រនោះរត់ចោលទៅទៀត បន្ទុកនោះវាក៏គង់តែធ្លាក់មកលើរដ្ឋាភិបាលដដែល មិនដែលឲ្យក្មួយៗណាខាតទេ បាត់បង់ទេ បាត់បង់ទេ»។
ភ្លាមៗក្រោយការប្រកាសរបស់លោកហ៊ុន សែននោះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅថា GMAC បានចេញសេចក្តីថ្លែងអំណរគុណលោកហ៊ុន សែន និងបានចាត់ទុកថា ការអធិប្បាយរបស់លោកហ៊ុន សែនបានឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុរបស់រោងចក្រ។
លិខិតថ្លែងអំណរគុណរបស់ GMAC ចុះថ្ងៃទី៩ខែមករាឆ្នាំ២០១៩ ដែលត្រូវបានចេញផ្សាយដោយអង្គភាពព័ត៌មានក្នុងស្រុក បានសរសេរក្នុងន័យដើមថា៖
«សមាគមរោងចក្រកាត់ដេរនៅកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ប្រសាសន៍ពន្យល់ណែនាំដ៏មានសារៈសំខាន់នេះបានធ្វើឲ្យបងប្អូនកម្មករនិយោជិតរបស់យើងបានយល់ច្បាស់អំពីលក្ខខណ្ឌហិរញ្ញវត្ថុរបស់រោងចក្រ និងបានយល់ច្បាស់ពីគោលការណ៍ច្បាប់ដែលត្រូវអនុវត្ត ដែលនាំឲ្យចៀសវាងបាននូវការទាមទារមិនសមស្របនានាក្រោមការញុះញង់របស់សហជីព និងសកម្មជនទុច្ចរិតមួយចំនួនតូច»។
GMAC បានបន្តក្នុងន័យដើមថា៖
«សមាគមសូមគាំទ្ររាជរដ្ឋាភិបាល និងខិតខំបន្តនូវកិច្ចសហការផ្នែកវិនិយោគឲ្យកាន់តែរឹងមាំបន្ថែមទៀត សំដៅធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ»។
យ៉ាងណាក៏ដោយ ក្នុងកូដកម្មតវ៉ាទាមទារប្រាក់អតីតភាពការងារប្រចាំឆ្នាំដែលបានផ្ទុះឡើងនៅតាមក្រុមហ៊ុនយ៉ាងហោចណាស់៦ក្រុមហ៊ុននោះ មានការបញ្ឈប់កម្មករប្រមាណ១៦០០នាក់នៅរោងចក្រW&D Cambodia Co., LTD ដែលជាសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅថា GMAC។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមសហជីពដែលបម្រើប្រយោជន៍កម្មករ។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមកម្មករនៅរោងចក្រ W&D Cambodia Co., LTD បានស្វះស្វែងមករកការជួយពីសហជីពលោក ដោយសារពួកគេត្រូវបានក្រុមហ៊ុនបណ្តេញចេញតាមអំណាចស្រាលក្រមរបស់តុលាការ។
លោកបន្តថា នៅពេលនេះ ខាងភាគីក្រសួងការងារ និងថៅកែរោងចក្រ W&D Cambodia Co., LTD កំពុងធ្វើការចរចាគ្នាដើម្បីបើកផ្លូវឲ្យកម្មករដែលត្រូវបានបណ្តេញចេញនោះ បានត្រឡប់ចូលមកធ្វើការដូចដើមវិញ។
«យើងគ្រាន់តែដឹងក្រៅផ្លូវការថា ក្រុមហ៊ុន និងក្រសួងហ្នឹងកំពុងតែសម្រួលដើម្បីឲ្យកម្មករចូលធ្វើការវិញ បន្ទាប់ពីដាក់ពាក្យបណ្តឹងមកយើងរយៈពេលមួយថ្ងៃ ហើយយើងកំពុងតែធ្វើការរឿងហ្នឹង។ ឥឡូវយើងដាក់បណ្តឹងទៅក្រុមហ៊ុន ដាក់ទៅក្រសួងហ្នឹង ហើយចង់មានកិច្ចព្រមព្រៀងមួយច្បាស់លាស់ជាមួយក្រុមហ៊ុន ដើម្បីកុំឲ្យគេដាក់កម្មករចូលទៅកិច្ចសន្យាថ្មី ឬក៏គ្មានកិច្ចសន្យាច្បាស់លាស់ ដែលអាចបញ្ឈប់គាត់ថ្ងៃណាមួយ រយៈពេលខ្លីហ្នឹង ហើយកម្មករហ្នឹងគឺកំពុងតែនៅរង់ចាំការដោះស្រាយរបស់យើង ដើម្បីមានកិច្ចព្រមព្រៀងច្បាស់លាស់ដែរបាទ»។
លោក អាត់ ធន់ អះអាងថា ការតវ៉ារបស់កម្មករដើម្បីទាមទារប្រាក់អតីតភាពការងារប្រចាំឆ្នាំនេះគឺមិនផ្ទុយនឹងច្បាប់ស្តីពីការងារនោះទេ។ លោកថា បើកម្មករទាមទារបានពីថៅកែក៏មិនខុសឆ្គង តែបើថៅកែមិនឲ្យគឺភាគីខាងថៅកែជាអ្នកខុស។
មេដឹកនាំសហជីពរូបនេះបន្ថែមថា កម្មករមិនសូវយល់ពីនីតិវិធីនៃការទទួលបានប្រាក់អតីតភាពការងារប្រចាំឆ្នាំ ពីរដងក្នុងមួយឆ្នាំ ដែលនឹងត្រូវអនុវត្តពីឆ្នាំ២០១៩ ទើបបណ្តាលឲ្យពួកគេក្រោកតវ៉ា។ លោកបញ្ជាក់ទៀតថា ដើម្បីបញ្ចប់វិវាទនេះ ក្រសួងការងារត្រូវផ្តើមពន្យល់ក្រុមកម្មករឲ្យច្បាស់អំពីប្រភេទកិច្ចសន្យាការងារ និងភាគីនិយោជកត្រូវពន្យល់កម្មករឲ្យបានច្បាស់ពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារប្រចាំឆ្នាំនេះ។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
លោកខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រាប់ VOA ថា រោងចក្រ W&D Cambodia Co., LTD បានធ្វើតាមច្បាប់ក្នុងការបញ្ឈប់កម្មករ តែលោកថា ខាងសមាគមកំពុងសម្របសម្រួលឲ្យរោងចក្រនេះ ពិចារណាទទួលយកកម្មករវិញ ព្រោះរោងចក្រក៏ត្រូវការកម្លាំងកម្មករផងដែរ។
«ទទូល ឬមិនទទួលកម្មករចូលធ្វើការវិញ អាហ្នឹងស្ថិតនៅលើរោងចក្រទេ។ យើងគ្រាន់តែបានប្រាប់រោងចក្រថា ពិចារណា ព្រោះរោងចក្រត្រូវការកម្មករដែរ។ រោងចក្រអត់មានកម្មករ ក៏ដំណើរការអត់កើតទេ»។
VOA ព្យាយាមសុំការអធិប្បាយពីភាគីរោងចក្រ W&D Cambodia Co., LTD តាមលេខទូរស័ព្ទដែលមាននៅលើគេហទំព័ររបស់ GMAC តែមិនទាន់អាចទាក់ទងបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ឧស្សាហកម្មកាត់ដេរ ដែលជាឆ្អឹងខ្នងសំខាន់មួយសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជាបានផ្តល់ការងារដល់កម្មករជាង៧០ម៉ឺននាក់ដែលភាគច្រើនជាស្ត្រី។ ឧស្សាហកម្មនេះត្រូវក្រុមអ្នកវិភាគមើលឃើញថា កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយសារតែការគំរាមដកការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបមកលើការនាំចេញទំនិញរបស់កម្ពុជាចូលទីផ្សារអឺរ៉ុប។ សហភាពអឺរ៉ុបគឺជាទីផ្សារដ៏បំផុត បន្ទាប់ពីសហរដ្ឋអាមេរិកសម្រាប់ទំនិញកាត់ដេរកម្ពុជា។
ធនាគារពិភពលោកក៏បានព្រមានកាលពីពេលកន្លងមកថា សេដ្ឋកិច្ចកម្ពុជាក៏នឹងត្រូវប្រឈមនឹងហានិភ័យធំមួយផងដែរ ក្នុងករណីមានការសើរើឡើងវិញនៃការអនុគ្រោះពន្ធដល់ទំនិញកម្ពុជា និងការធ្លាក់ស្រុតចុះរបស់សេដ្ឋកិច្ចប្រទេសចិន។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាធ្លាប់បានលើកឡើងថា ការផ្អាកបណ្តោះអាសន្ននូវកម្មវិធីអនុគ្រោះពន្ធលើ«គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBA ឬក៏ការដាក់ទណ្ឌកម្មឯកតោភាគីរយៈពេលខ្លីណាមួយ អាចនឹងមានផលប៉ះពាល់រយៈពេលវែងលើជីវិតកម្មករ និងគ្រួសាររបស់ពួកគេ។
ដោយឡែក លោកអាត់ ធន់បានឲ្យដឹងថា ចលនានៃការតវ៉ាមិនបង់ប្រាក់អតីតភាពការងារប្រចាំឆ្នាំពីរដងក្នុងមួយឆ្នាំនេះ កំពុងតែកើតឡើងនៅក្នុងវិស័យផ្សេងទៀត ក្រៅពីវិស័យកាត់ដេរនេះ៕