ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​ជាង​១​ពាន់​នាក់​នៅ​រោងចក្រ ​W&D​ ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ​​ក្រោយ​កូដកម្ម​ទាម​ទារ​ប្រាក់​បំណាច់​អតីតភាព


កម្មករ​នៅ​រោងចក្រ​កាត់ដេរ​​ដាប់​ប៊ិលយូ​ អ៊ែនដ៍​ ឌីកម្ពុជា(W&D Cambodia Co., LTD) ​​រាប់រយ​នាក់​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ​​ ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃសៅរ៍​ទី​៥​ ខែមករា​ ឆ្នាំ​២០១៩​ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ពី​ថៅកែ​រោង​ចក្រ។​​ (ហ៊ុល​​ រស្មី/VOA)
កម្មករ​នៅ​រោងចក្រ​កាត់ដេរ​​ដាប់​ប៊ិលយូ​ អ៊ែនដ៍​ ឌីកម្ពុជា(W&D Cambodia Co., LTD) ​​រាប់រយ​នាក់​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ​​ ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃសៅរ៍​ទី​៥​ ខែមករា​ ឆ្នាំ​២០១៩​ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ពី​ថៅកែ​រោង​ចក្រ។​​ (ហ៊ុល​​ រស្មី/VOA)

ក្រុម​កម្មករ​ជាច្រើន​នាក់​​នៅ​រោងចក្រ ​W&D ​ ដែល​បាន​ធ្វើ​កូដកម្មទាមទារ​ប្រាក់​អតីត​ភាព​ប្រចាំ​ឆ្នាំ​មុន​ឆ្នាំ​២០១៩​​បាន​ប្រឈម​​នឹង​ការ​រើស​អើង​ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ ដោយសារ​តែ​ការ​ទៅ​ពឹងពាក់​ឲ្យ​សហជីព​ដែល​បម្រើ​ប្រយោជន៍​កម្មករ​​ផ្តល់​ការ​គាំទ្រ​ដល់​សកម្ម​ភាព​តវ៉ា​របស់​ពួកគេ​ កាល​ពី​ពេល​កន្លង​មក។ ​ដោយ​ការ​មិន​ពេញចិត្ត​នឹង​ការ​រើសអើស​បែបនេះ​ កម្មករ​ឯទៀត​​ប្រមាណ​១០០០​នាក់​បាន​សម្រេច​មិន​ចូល​ធ្វើ​ការ​ ដរាបណា​​កម្មករ​ដែល​រង​ការ​រើស​អើង​ត្រូវ​បាន​ថៅកែ​រោងចក្រ​អនុញ្ញាត​ឲ្យបាន​ចូល​ធ្វើ​ការ​វិញ។

ក្រុម​កម្មករ​ជាង​១០០០​នាក់​នៅ​រោងចក្រ​ ​W&D Cambodia Co., LTD​ ​បាន​បន្ត​អត់​ការងារ​ធ្វើ ​បន្ទាប់​ពី​ការ​ធ្វើ​កូដកម្ម​ជាប់ៗ​គ្នា​ជាច្រើន​ថ្ងៃ​ តាំងពី​ថ្ងៃ​ទី​ ២៤ ខែ ​ធ្នូ​ ដើម្បី​ទាមទារ​ឲ្យ​ថៅ​កែ​រោងចក្រ​កាត់​ដេរ​នេះ​ផ្តល់​ប្រាក់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំ​មុន​ឆ្នាំ​២០១៩។​

កូដកម្ម​របស់​ក្រុម​កម្មករ​ក៏បាន​ឈាន​ដល់​ការ​បិទ​ផ្លូវ​ កាលពី​ថ្ងៃ​ទី​៥ខែ​មករា​ឆ្នាំ​២០១៩​ គឺ​នៅ​គ្រា​ដែល​ម្ចាស់​រោងចក្រ​មិន​ព្រម​បើក​ប្រាក់​ខែ​សម្រាប់​ខែ​ធ្នូ​ឆ្នាំ​២០១៨​ដល់​កម្មករ​ និង​បាន​បណ្តេញ​កម្មករ​ចំនួន​ប្រមាណ​១៦០០​នាក់ពី​ការងារ។​

ក្រុម​កម្មករ​មួយ​ចំនួន​បាន​ប្រាប់​ ​VOA​ ​នៅ​ក្នុង​សប្តាហ៍​នេះ​ថា​ ក្រោយ​ការ​ធ្វើ​កូដកម្ម​នោះ​មក​ មាន​ខាង​ក្រសួង​ការងារ​ ​សហជីព​ដែល​បម្រើ​ប្រយោជន៍​កម្មករ​ និង​អាជ្ញា​ធរ​ពាក់​ព័ន្ធផ្សេង​ទៀត​បាន​ព្យាយាម​ចរចា​ជាមួយ​ថៅកែ​រោងចក្រ​ដើម្បី​អនុញ្ញាត​ឲ្យ​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ទាំង​អស់បាន​ចូល​ធ្វើការ​ដូច​ដើម​វិញ។

ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ​ ​កម្មករ​ជាង​១០០០​នាក់​ ក្នុង​ចំណោម​កម្មករ​សរុប​ទាំង​អស់​១៨០០​នាក់​ មិន​ទាន់​បាន​ចូល​ធ្វើ​ការ​នៅឡើយ​ ព្រោះមាន​ការ​រើស​អើង​លើ​កម្មករ​ដែល​មាន​ភាព​សកម្ម​ក្នុង​ការ​ធ្វើ​កូដកម្ម​កាលពី​ពេល​កន្លង​មក។​

ក្រុម​កម្មករ​និយាយ​ទៀត​ថា​ ថៅកែ​រោងចក្របាន​បដិសេធ​មិន​ទទួល​យក​កម្មករ​ដែល​មាន​វ័យ​ចំណាស់​ និង​កម្មករ​ដែល​ជា​បុរស​ទេ។​

អ្នកស្រី​យ៉ា គីមស្រ៊ីម​ ​វ័យ​៣៦ឆ្នាំ​ជា​កម្មករ​មួយ​រូប​ ប្រាប់​ ​VOA​ ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖​

«ពួក​ខ្ញុំ​ធ្វើ​នេះ​ ដោយ​សន្តិវិធីបង!​ កូដកម្ម​នេះ​មិនមែន​ប្រើ​អំពើ​ហិង្សាអីទេ។​ សុំ​ឲ្យ​គាត់​ហ្នឹង​យក​កម្មករ​ទាំងអស់​ចូល​ធ្វើការ​វិញ​ទៅ​ កុំ​ជ្រើស​យក​តែ​ក្មេងៗ​ ចាស់ៗ​មិន​យក ហើយប្រុសៗ​មិន​យក។​ កុំ​ធ្វើ​អ៊ីចឹង!​ បើ​យើង​ធ្វើ​អ៊ីចង​ បីដូច​ជា​យើង​ហ្នឹង​ជ្រើស​យក​បុគ្គលិក​ថ្មី​ កម្មករ​ថ្មី​ ហើយ​មិន​មែនយក​អ្នក​ចាស់ចូល​ធ្វើ​ការ​ទេ​ ​បើគាត់​ធ្វើ​បែប​ហ្នឹង​នោះ»។​

កម្មករ​នៅ​រោងចក្រ​កាត់ដេរដាប់​ប៊ិលយូ​ អ៊ែនដ៍​ ឌីកម្ពុជា(W&D Cambodia Co., LTD) រាប់រយ​នាក់​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃសៅរ៍​ទី​៥​ ខែមករា​ ឆ្នាំ​២០១៩​ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ពី​ថៅកែ​រោង​ចក្រ។ (ហ៊ុល រស្មី/VOA)
កម្មករ​នៅ​រោងចក្រ​កាត់ដេរដាប់​ប៊ិលយូ​ អ៊ែនដ៍​ ឌីកម្ពុជា(W&D Cambodia Co., LTD) រាប់រយ​នាក់​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃសៅរ៍​ទី​៥​ ខែមករា​ ឆ្នាំ​២០១៩​ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ពី​ថៅកែ​រោង​ចក្រ។ (ហ៊ុល រស្មី/VOA)

​អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​ ខាង​រោង​ចក្រ​បាន​ឲ្យ​កម្មករ​ផ្តិតមេដៃ​លើ​លិខិត​មួយ​ ជា​ថ្នូរ​នឹង​ការ​បាន​ចូល​ធ្វើ​ការ​វិញ​ តែ​ក្រោយ​ពេល​កម្មករ​ផ្តិត​មេដៃ​ហើយ​ ក្រុម​កម្មករ​នៅតែ​មិន​អាច​បាន​ធ្វើ​ការ​វិញ​ដដែល។​

«គេ​ឲ្យ​ចូល​ ​ឲ្យ​ចូល​រហូត​ហ្នឹង!​ ឲ្យ​ចូល ពួក​ខ្ញុំ​ចូល​ទៅ​ប៉ុន្មាន​ អាសារ​ក្រោយ​នេះ២០០​នាក់​ជាង​ ចូល​ទៅ​ឲ្យ​ចូល​ហ្នឹងយក​តែ​មេដៃ​ហ្នឹង។​ ជ្រើស​រើសៗ​យក​តែ​អ្នក​ក្មេង។​ ចាស់ៗ​អត់​ឲ្យ​ធ្វើ​ផង​ហ្នឹង»។​

អ្នកស្រី យ៉ា គីមស្រ៊ីម​ មិន​បាន​ដឹង​ពី​ខ្លឹមសារ​នៃ​លិខិត​នោះ​ទេ។

ប៉ុន្តែ​កម្មករ​ម្នាក់​ទៀត​វ័យ​៤៥​ឆ្នាំដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​បារម្ភ​ពីសុវត្ថិភាព​ផ្ទាល់​ខ្លួន បាន​ប្រាប់​ VOA ​នៅថ្ងៃ​អង្គារ​នេះ​ថា៖​

«ក្នុង​លិខិត​ហ្នឹង​គេ​ថា​ ឲ្យ​បង​ព្រម​ព្រៀង។ ​ចង់​ចូល​ធ្វើការ!​ ចិត្ត​ចង់​ចូល​ធ្វើការ។​ ព្រម​ព្រៀង​ហ្នឹង​និង​ចុះ​ហត្ថលេខា​ហ្នឹង​ ស្ម័គ្រចិត្តចូល​ធ្វើ​ការ​វិញ​ហ្នឹង​គឺ​ផ្តិត​មេដៃ​មក។​ អ៊ីចឹង​ ពួក​បងៗ​ហ្នឹងក៏ផ្តិត​មេដៃ​ទៅ!​ អត់​ដឹង​ថា​ នឹង​ឃើញ​ថា ​ពេល​បង​ចូល​ទៅ​ supervisor ​កាន់​ក្រុម​អ៊ីចឹង​ គេ​អត់​យក​ គេ​រើស​អើង។​ គេ​យក​បុគ្គល​មួយៗ​អ៊ីចឹង​ ​ហើយ​ពេល​ហើយ​ក្រសួង​ ហើយ​នឹង​ខាងអភិបាល​រង​ខណ្ឌ​ស្ទឹង​មានជ័យ​ហ្នឹង​ គាត់​ឲ្យ​ចូល​ទៅ​ ដល់​ពេល​ពួក​បង​ចូល​ ទៅ​ផ្តិត​មេដៃ​ ផ្តិត​មេដៃ​ហើយ​ អត់​ឲ្យ​បង​ចូល​ យក​តែ​ប៉ុន្មាន​នាក់​ទៅ​ ហើយ​យក​តែ​មេដៃ​ពួក​បងៗ​ទៅ»។

កម្មករ​ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ ខាង​ភាគី​រោង​ចក្រ​ បាន​រើស​អើង​ទៅ​លើ​ក្រុម​កម្មករ​ ដែល​ហ៊ាន​ចេញមុខ​ធ្វើ​ជា​តំណាង​ក្នុង​ការ​ដឹកនាំ​ធ្វើ​កូដកម្ម​ ដែល​ឈាន​ដល់​ការ​បិទ​ផ្លូវ​មួយ​កំណាត់​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ ​ឆ្ពោះ​ទៅ​កាន់​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ជើង​ឯក​ កាលពី​ដើម​ខែ​មករា​នេះ។

«បង​បាន​ចូល​ដោះស្រាយ​ជា​តំណាង​មួយរូប​ ហើយ​ទៅ​ក៏គេ​ ខាង​ក្រុម​ហ៊ុន​ គឺ​គេប​ដិសេធ​ អត់​យក​យើង។ ​ហើយ​តែ​ចំណែក​កម្មករទាំង​អស់​គ្នា​ហ្នឹង​គឺ​ គឺ​ស្រឡាញ់​គ្នា​ ​រាប់​អាន​គ្នា​ អ៊ីចឹង​ទាំង​អស់​គ្នា​ហ្នឹង​គឺអត់​ចង់បែក​គ្នា​ គឺ​អត់​ចង់​ឲ្យ​កម្មករ​ណាមួយ​ត្រូវ​បាត់​បង់ការងារ​ធ្វើ​ ​អ៊ី​ចឹង​ឲ្យ​មាន​ការងារ​ធ្វើ​ទាំង​អស់​គ្នា​វិញ»។​

កម្មករ​នៅ​រោងចក្រ​កាត់ដេរដាប់​ប៊ិលយូ​ អ៊ែនដ៍​ ឌីកម្ពុជា(W&D Cambodia Co., LTD) រាប់រយ​នាក់​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃសៅរ៍​ទី​៥​ ខែមករា​ ឆ្នាំ​២០១៩​ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ពី​ថៅកែ​រោង​ចក្រ។ (ហ៊ុល រស្មី/VOA)
កម្មករ​នៅ​រោងចក្រ​កាត់ដេរដាប់​ប៊ិលយូ​ អ៊ែនដ៍​ ឌីកម្ពុជា(W&D Cambodia Co., LTD) រាប់រយ​នាក់​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃសៅរ៍​ទី​៥​ ខែមករា​ ឆ្នាំ​២០១៩​ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ពី​ថៅកែ​រោង​ចក្រ។ (ហ៊ុល រស្មី/VOA)

អ្នកស្រី​និយាយ​បន្ថែម​ថា​ ក្រុម​កម្មករ​ក៏​បាន​ស្វះស្វែង​រក​ការ​ជួយ​ពី​សហភាព​ការ​ងារ​កម្ពុជារបស់​លោក​អាត់ ធន់​ ​តែ​នៅមិន​មាន​លទ្ធផល​ច្បាស់​លាស់​នៅ​ឡើយ​ទេ។​

លោកអាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ប្រាប់​ ​VOA​ ​នៅថ្ងៃ​អង្គារ​នេះ​ថា នឹង​មានការ​ជួប​ចរចារវាង​ភាគី​ពាក់​ព័ន្ធ​ដើម្បី​សម្រួល​ឲ្យកម្មករ​បាន​ចូលធ្វើ​ការ​វិញ។​

លោក​និយាយ​ថា​ ការ​ចរចា​នេះ​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ពុធស្អែក​នេះ​ ដោយខាង​ភាគី​សហជីព​នឹង​លើក​ឡើង​នូវ​សំណើជាច្រើន​របស់​កម្មករ​ ក្នុង​នោះ​មានកា​រ​ទាម​ទារមិន​ឲ្យ​ខាង​ភាគី​រោងចក្រ​ចង​គំនុំលើ​កម្មករ​ ​ចំពោះ​រឿងធ្វើ​កូដកម្ម​កន្លង​មក​នោះ។​

«ទីមួយ​គឺយើង​ឲ្យ​គាត់ចូល​ធ្វើ​ការ​វិញ​ នៅ​ក្នុង​តួនាទី​មុខងារ​ និង​អតីត​ភាព​ការងារ​ដដែល។ ​ទីពីរ​គឺ​យើង​ស្នើ​តាម​គាត់​ហ្នឹង​គឺ​ បើសិន​ជា​ម៉េច​គឺថា​ លៃ​យ៉ាង​ម៉េច​កុំ​ឲ្យ​មាន​ការ​គុំកួន​ ឬធ្វើ​ទុក្ខ​បុកម្នេញ​ការ​ទូទាត់​សំណង។​ ​ពេលធ្វើ​កូដកម្ម​អីហ្នឹង​ គឺ​យើង​ស្នើ​តាម​អ្វី​ដែល​កម្មករ​បាន​លើក​ឡើង​ហ្នឹង»។

បុគ្គលិករដ្ឋបាល​ស្ត្រីមួយ​រូបរបស់​រោង​ចក្រ​ W&D Cambodia Co., LTD​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ ​ដោយ​សារ​អ្នកស្រី​មិន​បាន​ដឹង​ពី​ការណ៍​ដែល​រោងចក្រ​មិន​ព្រម​ទទួល​យក​កម្មករ​ឲ្យ​ចូល​ធ្វើការ​វិញ។

«ខ្ញុំ​អត់​មានដឹង​ដែរ​បង​ ព្រោះ​ខ្ញុំគ្រាន់តែ​ជានាម​តែ​រដ្ឋបាល​ តែ​ក្នុង​ការ​គ្រប់​គ្រង​ ឬ​ក្នុង​ការ​ដោះស្រាយ​អីគឺនៅ​លើ​ថៅកែ​ ​បង!»​

VOA ​មិន​អាច​ទាក់​ទង​លោក​ហេង សួរ​ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។​

កូដកម្ម​ទាមទារ​ប្រាក់​អតីត​ភាព​ការ​ងារ​ប្រចាំ​ឆ្នាំ ​ដែល​បាន​ផ្ទុះឡើង​នៅ​តាម​រោងចក្រ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​ផ្សេងៗ​ទៀត​មាន​ខេត្ត​តាកែវ​ផង​នោះ​ បាន​ទទួលរង​ការ​ព្រមាន​ពី​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​លោក​ហ៊ុន​ សែន​ថា​ មាន​លក្ខណៈ​ផ្ទុយ​នឹង​ច្បាប់​ ហើយ​ថា​ ការ​ទាមទារ​យ៉ាង​ដូច្នេះ​អាច​នឹង​ធ្វើ​ឲ្យ​រោង​ចក្រប្រមាណ​៨០០​រោងចក្រ​ ក្នុង​ចំណោម​រោងចក្រជាង​១១០០​រោងចក្រ​បិទទ្វារ​ផង​ដែរ៕

XS
SM
MD
LG