ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ព្រមាន​ក្រុម​អ្នក​តវ៉ា​ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំ​ថា​អាច​ធ្វើ​ឱ្យ​ឧស្សាហ​កម្ម​កាត់ដេរ​ប្រឈម​នឹង​គ្រោះថ្នាក់


People gather to collect food aid in a flooded area following heavy monsoon rainfalls in Companiganj, Bangladesh.
People gather to collect food aid in a flooded area following heavy monsoon rainfalls in Companiganj, Bangladesh.

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​​ លើក​ឡើង​ថា​ ថៅកែ​រោងចក្រ​ក៏​មិន​ទាន់​ធ្លាប់​បើក​ប្រាក់​បំ​ណាច់​អតីត​ភាព​ការ​ងារ​ប្រចាំ​ឆ្នាំ​​កាលពី​ពេល​មុន​មក​​ដែរ ​លុះ​ត្រា​តែ​មានការ​បញ្ឈប់​កម្មករ​ពី​ការងារ។​​

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក​ហ៊ុន សែន​ ​ដែល​ឈ្នះ​ការ​បោះឆ្នោត​ដោយ​គ្មាន​គណបក្ស​ប្រ​ឆាំង​ធំមួយ​ចូលរួម​កាលពី​ឆ្នាំ​២០១៨​នោះ​ ​បាន​ព្រមាន​ពីការ​បិទ​រោងចក្រ​ជាច្រើន​ ​នៅ​គ្រា​មាន​ការ​តវ៉ា​របស់​កម្មករ​រោងចក្រ​មួយ​ចំនួន​ ​ដើម្បី​ទាមទារ​បើក​ផ្តាច់​ប្រាក់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។​

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​កម្មករ​រាប់ពាន់​នាក់​នា​ពិធី​ជួបជុំ​កម្មករ​មួយ​នៅ​ខេត្ត​តាកែវ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ លោក​ហ៊ុន សែនអះអាង​ថា​ ការ​ទាម​ទារ​របស់​កម្មករ​បែប​នេះ​ មិន​អាច​ធ្វើ​ទៅរួច​នោះ​ឡើយ។​

លោក​ ហ៊ុន សែនបាន​សួរ​កម្មករ​យ៉ាង​ដូច្នេះ៖​

«ពូសូម​សួរ​ត្រឡប់​ទៅវិញ​ សូម​បញ្ជាក់​ត្រឡប់​ទៅវិញ​ តើ​ទុកឲ្យ​រោងចក្រ​នេះ​ក្ស័យ​ធន់តាម​រយៈប្រមូល​ទុន​ទាំងអស់​យក​មក​បើក​ឲ្យ​កម្មករ​ តែ​ក្នុង​មួយ​ពេល​ រួច​ហើយ​បិទ​រោងចក្រ​ ឬ​យ៉ាង​ណា?​ ក្មួយៗ​ពិចារណា​មើល​ទៅ!»​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លើក​ឡើង​ថា​ ថៅកែ​រោងចក្រ​ក៏​មិន​ទាន់​ធ្លាប់​បើក​ប្រាក់​បំ​ណាច់​អតីត​ភាព​ការ​ងារ​ប្រចាំ​ឆ្នាំកាលពី​ពេល​មុន​មកដែរ ​លុះ​ត្រា​តែ​មានការ​បញ្ឈប់​កម្មករ​ពី​ការងារ។

«ពី​មុន​នេះ​ បី​ ​បួនឆ្នាំ​មិន​ទាន់​ទាំង​ មិនទាន់​ទាំង​ទូទាត់​ផង​បីបួនឆ្នាំ​ ទាល់​តែ​គេ​ឈប់​ ទាល់​តែ​គេ​បញ្ឈប់​បាន​គេ​ទូទាត់​ឲ្យៗ​ ឥឡូវ​នេះ​ តើមាន​ក្រុម​ញុះញង់​មក​ពី​ទីណា​ទៅ​ ដែល​បង្កើត​ឲ្យ​ស្ថានភាព​ បើក​ផ្តាច់​នៅក្នុង​ខែ​មករា​ ឆ្នាំ​២០១៩​នេះ»។​

លោក​ហ៊ុន សែន​បាន​បញ្ជាក់​ទៀត​ថា​ ​ការ​បិទទ្វារ​រោងចក្រ​អាចនឹង​មាន​ចំនួន២/៣​នៃ​រោង​ចក្រទាំង​អស់​ជាង​១១០០​រោងចក្រ​ ប្រសិនបើ​មាន​ការ​ទាមទារ​ឲ្យ​ថៅ​កែ​បង់​ផ្តាច់​ប្រាក់​អតីត​ភាព​ការងារ​ប្រចាំឆ្នាំ​ដូច្នោះ​មែន។​

លោក​ក៏​បាន​ព្រមាន​ក្រុម​សហជីព​ទាំងឡាយ​ណា​ ដែល​ធ្វើ​ចលនា​បំផុស​បំផុល​ឲ្យ​កម្មករ​ក្រោក​ទាម​ទារ​ប្រាក់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំ ​ដែល​លោក​យល់​ថា​ ជា​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់​ថ្មី​របស់​រដ្ឋាភិបាល​ ដែល​បាន​តម្រូវ​ឲ្យថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នំា​ពីរដង​ក្នុង​មួយ​ឆ្នាំ​ គិត​ចាប់​ពី​ឆ្នាំ​២០១៩​នេះ​តទៅ។

«អ៊ីចឹង​ទេ​ សូម​អំពាវនាវ​ចំពោះ​សហជីព​ដែល​ដឹកនាំកម្មករ​ធ្វើ​បាតុកម្ម​ កូដកម្មទៅ​លើ​បញ្ហា​នេះ។ ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ ដែល​វា​ហៀប​ចូល​ទៅ​ដល់​ក្នុង​ស្ថានភាព​ជ្រុល​និយម​នេះ​ឯង​ ជ្រុល​និយម»។

ប្រកាស​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃ​ទី២១ខែ​កញ្ញា​ និង​មាន​ហត្ថលេខា​របស់​លោក​អ៊ិត សំហេង​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ បាន​បញ្ជាក់​ថា​ ​ដំណើរ​នៃ​ការ​ផ្តល់​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​នឹងត្រូវ​ធ្វើឡើង​ពីរដង​ក្នុង​មួយ​ឆ្នាំ។​

ការ​ផ្តល់​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​២​ដង​ក្នុង​មួយ​ឆ្នាំត្រូវ​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៩​ត​ទៅ​ ​ដោយ​និយោជក​ត្រូវ​ផ្តល់​ឲ្យ​កម្មករ​និយោជិត​ ​ដែល​កំពុង​បម្រើ​ការងារ​នូវ​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ដែល​ស្មើ​នឹង​ប្រាក់​ឈ្នួល​និង​ប្រាក់​បន្ទាប់​បន្សំ​ចំនួន​១៥​ថ្ងៃ​ក្នុង​១​ឆ្នាំ។​ ​ប្រាក់​បំណាច់​នេះ​ ត្រូវ​បើក​ជូន​កម្មករ​និយោជិត​ ​ចំនួន៧,៥​ថ្ងៃ ​(ប្រាំពីរ​ថ្ងៃ​កន្លះ‍)​នៅ​ក្នុង​ខែ​មិថុនានៃ​ឆ្នាំ​នីមួយៗ​ និង​ចំនួន៧,៥​ថ្ងៃ ​(ប្រាំពីរ​ថ្ងៃ​កន្លះ‍)​នៅ​ក្នុង​ខែធ្នូនៃ​ឆ្នាំ​នីមួយៗ។​

​អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក​ហេង សួរធ្លាប់​បាន​បញ្ជាក់​ប្រាប់​ ​VOA​ ​នៅគ្រា​កម្មករ​នៅ​រោងចក្រ​មួយ​ចំនួន​ផ្ទុះ​កូដកម្ម​ទាមទារ​ប្រាក់​បំណាច់​អតីតភាព​ការ​ងារ​ប្រចាំ​ឆ្នាំថា​ កម្មករ​គួរ​តែ​អត់​ធ្មត់​និង​គោរព​តាម​ប្រកាស​ថ្មី​របស់​រដ្ឋាភិបាល​ដែល​តម្រូវ​ឲ្យ​ថៅកែ​រោង​ចក្រ​បង់​ប្រាក់​អតីត​ភាព​ការងារ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ គិត​ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ។

អ្នក​នាំពាក្យ​រូប​នេះ​អះអាង​ថា​ ប្រកាស​ថ្មី​នេះមាន​បំណង​រក្សា​លំនឹង​ហិរញ្ញ​វត្ថុ​របស់​រោងចក្រ​កាត់ដេរ​ ដែល​នឹង​ធានា​បាន​សន្តិសុខ​ការងារ​ដល់​កម្មករ។​

ឧស្សាហ​កម្ម​កាត់​ដេរ​នេះ​ក៏​នឹង​ជួប​វិបត្តិធ្ងន់​ធ្ងរ​ផងដែរ​ ប្រសិន​បើ​សហភាព​អឺរ៉ុប​ឈប់​លើក​លែង​ការ​អនុគ្រោះ​ពន្ធលើ​ការ​នាំ​ចេញទំនិញរបស់​កម្ពុជា។​

សហភាព​អឺរ៉ុប​ ដែល​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​សម្រាប់​ទំនិញ​កម្ពុជា​ បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​ ​បាន​គំរាមដក​ការ​អនុគ្រោះ​ពន្ធពី​កម្ពុជា​តាម​កម្មវិធី«គ្រប់​មុខទំនិញ​ទាំងអស់លើក​លែង​តែ​សពា្វវុធ»​ ឬ​ហៅ​ថា​ EBAចំពោះ​ការ​ធ្លាក់​ចុះ​ធ្ងន់​ធ្ងរ​នៃ​ប្រព័ន្ធ​នយោបាយ​សេរីពហុបក្ស​ ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសឆ្នាំ​១៩៩១។​

សហគមន៍​អឺរ៉ុប​បាន​ទុក​ពេល​ឲ្យ​កម្ពុជា១២ខែដើម្បី​ស្តារ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ មុនពេល​ខ្លួន​ធ្វើការ​សម្រេច​ចិត្ត​លើក​ចុងក្រោយ​លើ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ។​

អ្នក​វិភាគជា​ច្រើន​បាន​និយាយ​ថា​ សេដ្ឋ​កិច្ច​កម្ពុជា​ទាំងមូល​នឹង​រង្គោះ​រង្គើ​ ប្រសិន​បើ​ប្រទេស​នេះបាត់​បង់​ការ​គាំទ្រ​ខាង​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប។ ​ពួក​គេ​និយាយ​ថា​ ប្រសិន​បើ​សហភាព​អឺរ៉ុប​ពិត​ជា​លែង​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា​មែន​ ​នោះ​សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ត័ន្ធ​មិត្ត​ស្អិត​ល្មួត​របស់​សហភាព​អឺរ៉ុប​នឹង​ចាត់​វិធាន​ការ​ស្រដៀង​គ្នា​នេះ​ផង​ដែរ។​

ក្នុង​ជំនួប​ជាមួយ​កម្មករ​នា​ថ្ងៃ​ពុធ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនបាន​ថ្លែង​ថា ​ ការ​បិទ​រោងចក្រនឹង​មិន​អាច​បង្ក​ឡើង​ដោយ​«ភាពអនុគ្រោះ»​ពន្ធ​នោះ​ទេ​ តែ​វា​នឹង​កើត​ចេញ​ពីការ​ក្ស័យ​ធន់​ បើ​កម្មករ​បន្ត​ទាមទារឲ្យ​ថៅ​កែ​បើក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំ​ទាំងអស់​ដល់​ពួកគេ។​

លោក​ហ៊ុន សែមិន​បាន​និយាយ​ដល់​រឿង​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​នោះ​ទេ​ តែលោក​ថា​ ​ក្នុង​ទីផ្សារ​សេរី​តែង​មានការ​យក​ពន្ធ​ពី​គា្ន​ទៅ​វិញ​ទៅ​មក​ ហើយ​ការ​យក​ពន្ធ​នោះ​គឺមិន​បាន​ធ្វើ​ឲ្យ​ចំណូល​ពន្ធគយ​កម្ពុជា​ធ្លាក់​ចុះ​នោះទេ​ បូក​រួម​ទាំង​ការ​យក​ពន្ធគយ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន។​

លោក​បន្ត​ថា​ ប្រទេស​ខ្លះ​ក៏មាន​ការ​ផ្តល់​កិច្ច​អនុគ្រោះពន្ធ​ តែ​ប្រទេស​ផ្សេង​ទៀត​តម្រូវ​ឲ្យ​បង់​ពន្ធ​ក្នុង​កម្រិត​យោគយល់​គ្នា​មួយ។​

អ្នកស្រី​មូរ សុខហួរ​ ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​តាម​សំណើ​របស់​រដ្ឋាភិបាល​ប្រទេស​នេះ​កាលពីឆ្នាំ​២០១៧បានប្រាប់​ VOA ​ថា ​លោក​ហ៊ុន សែនកំពុង​កុហក​កម្មករ​រឿង​ការ​អនុគ្រោះ​ពន្ធ​នេះ។​

អ្នកស្រី​បាន​សរសេរ​តាម​ប្រព័ន្ធ​ឆ្លើយ​ឆ្លង​អេឡិច​ត្រូនិក​មួយ​ជា​ភាសា​អង់​គ្លេស​ និង​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​

«សហភាព​អឺរ៉ុបបាន​កំណត់​លក្ខខណ្ឌ​ជាច្រើន​ទៅ​លើ​ EBA ​ហើយ​លោក​ហ៊ុន សែន​ដឹង​យ៉ាង​ច្បាស់​ថា​ លោក​ត្រូវតែ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​រាប់​បញ្ចូល​ទាំង​ការ​ដោះលែង​លោក​កឹម សុខា​ និង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ដំណើរ​ការ​ឡើង​វិញ។ ​លោក​មិន​បាន​ប្រាប់​កម្មករ​ការណ៍ពិតនោះទេ»។​

អ្នកស្រី​បាន​បន្ថែម​ថា៖

«លោក​ហ៊ុន សែនបាន​ទៅទីក្រុង​ប្រ៊ុយសែល​ និង​បាន​ជួប​គណៈ​កម្មការ​សហ​ភាព​អឺរ៉ុប។​ គាត់​ដឹង​ថា ​អ្វីទៅ​ជា​តម្រូវការ​របស់​សហភាព​អឺរ៉ុប​នោះ»។​

ដោយ​ឡែក​ លោក​រ៉ុង ឈុន​ ដែល​ជា​អតីត​សមាជិក​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ​.ជ.ប.)​ មកពី​កូតា​គណ​បក្ស​ប្រឆាំង​ និងបច្ចុប្បន្នជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនមិន​ត្រូវ​ទម្លាក់​កំហុស​លើ​កម្មករ​នោះទេ​ ចំពោះ​ការ​ទាម​ទារ​ប្រាក់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំ​អាច​ចរចា​គ្នា​បាន​នោះ។

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​ទៅកុំ​ទម្លាក់​កំហុស​ការ​ទាមទារ​របស់​បង​ប្អូន​កម្មករ​កម្មការិនី​ ហើយ​នាយក​រដ្ឋ​មន្ត្រី​គួរ​តែ​ចូលរួម​ធ្វើ​អន្តរាគមន៍​យក​ចិត្ត​ទុកដាក់​ ចំពោះ​បងប្អូន​កម្មករ​កម្មការិនី​ ដែល​យើង​ឃើញ​ទាមទារបួនប្រាំ​រោងចក្រមក​ដល់​ឥឡូវ​ហ្នឹង​ មិនទាន់​មាន​ដំណោះ​ស្រាយ​ផង​ គួរតែ​គាត់​យកបញ្ហា​ទាំង​អស់​ហ្នឹង​ទៅ​ដោះ​ស្រាយ​ ​ ហើយមិនមែន​យក​វេទិកា​ទៅ​ជួប​កម្មករ​គ្រាន់តែ​យក​ឱកាស​ហ្នឹង​វាយ​ប្រហារ​រឿង​នយោបាយ​ ហើយ​មិនបាន​គិត​គូរ​សុខទុក្ខ​របស់​បង​ប្អូន​កម្មករ​ទេ»។​

អតីត​សមាជិក​គ.ជ.ប.រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ការ​អនុគ្រោះ​ពន្ធ​របស់​សហ​ភាព​អឺរ៉ុបគឺ​ជា​ឆ្អឹង​ខ្នង​នៃការ​ទ្រទ្រង់​លំនឹង​របស់​ឧស្សាហ​កម្ម​កាត់​ដេរ​នៅកម្ពុជា។​ លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ៖​

«ចំណុច​សំខាន់​គឺ​ EBA ​ទេ​បាទ។ ​EBA ​បើ​សិន​ជា​យើង​មិន​រូតរះ​ធ្វើការ​ ​រក​ធ្វើ​អន្តរា​គមន៍​ ឬ​មួយ​សម្រប​សម្រួលទៅ​តាម​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប​ អាហ្នឹង​វា​ធ្វើ​ឲ្យ​កម្មករ​នឹង​បាត់​បង់​ការ​ងារ​ ហើយ​អ្នក​ដែល​ទទួល​ផល​ពី​កម្មករ​ហ្នឹងក៏​នឹង​ប៉ះ​ពាល់​ផង​ដែរ​ ហើយ​ជាពិសេសទៅ​ទៀត​នោះ បើ​ក្នុង​ស្ថាន​ភាពវិបត្តិ​នយោបាយ​នៅ​កម្ពុជា​នៅតែ​អូស​បន្លាយ​បែប​ហ្នឹងក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ក្រុម​ហ៊ុន​ដែល​គេ​មាន​កេរ្តិ៍​ឈ្មោះ​ល្អៗ​ គេខ្លាចរអែង​មិន​ហ៊ាន​មក​វិនិយោគ​ទុន​នៅ​កម្ពុជា»។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ខេន លូ​ ​អគ្គលេខាធិការ​ និង​លោក​កាំង​ មុនីកា​ អគ្គលេខា​ធិការ​រង​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា ​ហៅ​កាត់​ថា​ GMAC​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​នៅឡើយ​ នៅ​ថ្ងៃ​ពុធ​នេះ។

ការ​អះអាង​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​នា​ពេល​កន្លង​មក​នោះ​បាន​ឲ្យដឹង​ថា​ ប្រសិន​បើ​កម្ពុជា​មិន​អាច​ធានា​បាន​កិច្ច​អនុគ្រោះ​ពន្ធ​របស់​សហគមន៍​អឺរ៉ុប​នោះ​ទេ​ នោះ​កម្ពុជា​នឹង​ខាត​បង់​ប្រាក់​ពន្ធ​ចំនួន​ប្រមាណ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​ឧស្សាហ​កម្ម​កាត់ដេរ​របស់​ខ្លួន​ ដែល​បាន​ផ្តល់​ការងារ​ដល់​កម្មករ​ ​ដែល​ភាគ​ច្រើន​ជាស្រ្តី ​ចំនួន​ជាង​៧០​ម៉ឺន​នាក់៕

XS
SM
MD
LG