រដ្ឋាភិបាលក្រុងក្រឹមឡាំងនិយាយថា ខ្លួនមិនបានដឹងអំពីកិច្ចប្រជុំកាលពីឆ្នាំ២០១៦រវាងបុគ្គលិកជាន់ខ្ពស់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេធាវីរុស្ស៊ីម្នាក់ដែលបានសន្យាថា នឹងផ្តល់ព័ត៌មានដើម្បីបំផ្លាញកិត្តិយសរបស់លោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យដែលជាគូប្រជែងរបស់លោក ត្រាំ នោះទេ។
លោក Dmitry Peskov អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រុងក្រឹមឡាំងបាននិយាយថា ខ្លួនមិនស្គាល់អ្នកស្រីមេធាវី Natalia Veselnitskaya នោះទេ ហើយលោកមិនអាចតាមដានរាល់មេធាវីរុស្ស៊ីទាំងអស់និងការទំនាក់ទំនងរបស់ពួកគេទៅក្រៅប្រទេសនោះទេ។
កូនប្រុសច្បងរបស់លោក ត្រាំ គឺលោក Donald Trump Jr. បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា លោក Paul Manafort ដែលកាលនោះជាប្រធានគ្រប់គ្រងយុទ្ធនាការរបស់លោក Trump និងលោក Jared Kushner ដែលជាកូនប្រសាររបស់លោកប្រធានាធិបតី ត្រាំ បានជួបជាមួយនឹងមេធាវីរុស្ស៊ីកាលពីខែមិថុនាឆ្នាំ២០១៦ បន្ទាប់ពីលោក ត្រាំ ទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។
អ្នកស្រី Veselnitskaya បាននិយាយថា អ្នកស្រីនឹងចែករំលែកព័ត៌មានដែលអាចធ្វើឲ្យប៉ះពាល់ដល់យុទ្ធនាការរបស់លោកស្រី Clinton។
ប៉ុន្តែកូនប្រុសរបស់លោក ត្រាំ បាននិយាយថា៖ «គ្មានព័ត៌មានលម្អិតឬព័ត៌មានបន្ថែមអ្វីដែលត្រូវបានផ្តល់នោះទេ។ វាច្បាស់ណាស់ថា អ្នកស្រីមិនមានព័ត៌មានសំខាន់អ្វីនោះទេ»៕