ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេចក្ដី​រាយការណ៍៖ រុស្ស៊ី​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ក្រុមហ៊ុន​ថាមពល និង​នុយក្លេអ៊ែរ​សហរដ្ឋ​អាមេរិក


រដ្ឋលេខាធិការ​ក្រសួង​ថាមពល​អាមេរិក Rick Perry ថ្លែង​នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​កាលពីថ្ងៃ​ទី​២៩​ មិថុនា ២០១៧។

អ្នក​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដែល​បាន​បញ្ជ្រាប​ចូល​ទៅ​ក្នុង​បណ្ដាញ​ការងារ​របស់​ក្រុមហ៊ុន​ថាមពល និង​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ គឺ​ជា​អ្នក​ដែល​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​នៅ​ក្នុង​សារព័ត៌មាន​ល្បី​ឈ្មោះ​មួយ។

សារព័ត៌មាន The Washington Post បាន​រាយការណ៍​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា មន្ត្រី​រដ្ឋាភិបាល​អាមេរិក​មួយ​ចំនួន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​ថា អ្នក​ដែល​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ទាំង​នោះ គឺ​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ទាំង​នោះ បាន​ប្រាប់​សារព័ត៌មាន The Washington Post ថា គោល​បំណង​របស់​រដ្ឋាភិបាល​រុស្ស៊ី គឺ​មិន​ទាន់​បញ្ជាក់​ច្បាស់​នោះ​ទេ ដោយសារតែ​ក្រុមហ៊ុន​ដែល​រងគ្រោះ​ទាំង​នោះ​នៅ​តែ​ដំណើរការ​ជា​ធម្មតា។

ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​មួយ​រូប បាន​និយាយ​ថា ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​នេះ គឺ​ជា «ការ​ប៉ុនប៉ង​ស៊ើបការណ៍​មួយ‍» ដើម្បី​រិះរក​វិធី​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​ទាំង​នោះ ដែល​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​តែងតែ​ធ្វើ។

ការ​វាយ​ប្រហារ​លើ​ប្រព័ន្ធ​អាជីវកម្ម និង​រដ្ឋបាល​របស់​ក្រុមហ៊ុន​ទាំង​នេះ ត្រូវ​បាន​បញ្ជាក់​ថា​បាន​កើត​ឡើង​ពិត​ប្រាកដ​មែន នៅ​ពេល​ដែល​ក្រសួង​ថាមពល​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ជួយ​ការពារ​ក្រុមហ៊ុន​ទាំង​នោះ​ពី​ការ​វាយ​ប្រហារ​ទាំង​នេះ។

ក្រសួង​សន្តិសុខ​មាតុភូមិ និង​ទីភ្នាក់ងារ FBI របស់​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ក្រុមហ៊ុន​ថាមពល​ទាំង​នោះ​ឲ្យ​ដឹង​ជា​មុន​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ​ថា អ្នក​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​គោល​បំណង​វាយ​ប្រហារ​ផ្នែក​នុយក្លេអ៊ែរ ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG