ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិមាន​ក្រឹមឡាំង​ថា​លោក​ ពូទីន​ និង​លោក​ ត្រាំ​ នឹង​ជួបគ្នា​នៅ​ក្រៅ​កិច្ច​ប្រជុំ G-20


រូបឯកសារ៖ ប្រធានា​ធិបតី​រុស្ស៊ី ពូទីន និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ចាប់​ដៃ​គ្នា​នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​១០០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​១ នៅ​ទីក្រុង​បារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​១១ វិច្ឆិកា ២០១៨។

ក្រុម​អាជ្ញាធរ​រុស្ស៊ី​កាល​ពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា ​លោក វ្លាឌឺមៀ ពូទីន (Vladimir Putin) នឹង​មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់ ត្រាំ នៅ​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​ G-20​ នៅ​ក្នុង​ទីក្រុង​ប៊ុយណូស៊ែ (Buenos Aires) ប្រទេស​អាហ្សង់ទីន។

នៅ​ពេល​ចោទ​សួរ​អំពី​កិច្ច​ប្រជុំ​រវាង​មេដឹកនាំ​ទាំង​ពីរ​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​ G-20​ ដូច​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​នោះ​ មន្រ្តី​សេតវិមាន​បាន​ឆ្លើយ​ថា ​គ្មាន​ការ​គ្រោង​ជួប​ប្រជុំ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​អត្ថាធិប្បាយ​របស់​មន្រ្តី​សហរដ្ឋ​អាមេរិក​នៅ​ចំហរ​លទ្ធភាព​ដែល​អាច​មាន​ជំនួប​រវាង​ភាគី​ទាំង​ពីរ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ប្រធានាធិបតី ត្រាំ បាន​ថ្លែង​ថា​ លោក​បាន​លុប​ចោល​គម្រោង​ជួប​ជាមួយ​មេដឹកនាំ​រុស្ស៊ី​បន្ទាប់​ពី​រុស្ស៊ី​រឹប​អូស​វានា​អ៊ុយក្រែន​បី​គ្រឿង​ និង​នាវិក​នៅ​ក្នុង​នាវា​ទាំង​នោះ​នៅ​ក្នុង​សមុទ្រ​ខ្មៅ។

លោក ត្រាំ បាន​បង្ហោះ​សារ​នៅ​ពេល​លោក​ធ្វើ​ដំណើរ​តាម​រយៈ​យន្ត​ហោះ​ដឹក​ប្រធានាធិបតី ​Air Force One​ ទៅ​កាន់​ទីក្រុង​ប៊ុយណូស៊ែ​ ប្រទេស​អាហ្សង់ទីន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ផ្អែក​តាម​ការ​ជាក់​ស្តែង​ដែល​នាវា​និង​ក្រុមនាវិក​មិន​បាន​ត្រឡប់​មក​ប្រទេស​អ៊ុយក្រែន​វិញ​ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ​វា​ជា​ការ​ល្អ​បំផុត​ដែល​ភាគី​ជាប់​ពាក់​ព័ន្ធ​ទាំង​អស់​លុប​ចោល​គម្រោង​ប្រជុំ​របស់​ខ្ញុំ​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន»។

ការ​ប្រកាស​លុប​ចោល​គម្រោង​ជួប​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ក្រុម​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក​បង្ហាញ​ថា​ លោក ​Michael Cohen​ អតីត​មេធាវី​របស់​លោក​ប្រធានាធិបតី ត្រាំ​ សារភាព​ថា​ លោក​បាន​និយាយ​មិន​ពិត​ប្រាប់​ទៅ​សភា​អំពី​កិច្ច​ព្រម​ព្រៀង​អចលនទ្រព្យ​របស់ ត្រាំ​ នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ចម្លើយ​សារភាព​នេះ​នឹង​ធ្វើ​ឲ្យ​រដ្ឋ​អាជ្ញា​ពិសេស​ផ្តោត​កាន់​តែខ្លាំង​ជាង​មុន​ទៅ​លើ​ទំនាក់​ទំនង​រវាង​យុទ្ធនាការ​របស់​លោក​ ត្រាំ​ ជាមួយ​នឹង​ក្រុម​មន្រ្តី​រុស្ស៊ី​នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០១៦។

នៅ​ពេល​សួរ​អំពី​ការ​លុបចោល​ជំនួប​របស់​លោក ត្រាំ​ កាល​ពី​ថ្ងៃសុក្រ​ លោក​ស្រី Sarah Sanders ​អ្នក​នាំពាក្យ​សេតវិមាន​បាន​បញ្ជាក់​ថា​ ការ​សម្រេច​លុប​ចោល​នេះ​គឺ​ដោយសារ​ទង្វើ​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ មិន​មែន​ដោយសារ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋអាជ្ញាពិ​សេស​នោះ​ទេ៕

XS
SM
MD
LG