ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ G20 នៅ​ប្រទេស​អាហ្សង់ទីន


រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump
រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump

កិច្ច​ប្រជុំ G20 ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ ប្រឈម​នឹង​ការ​ព្រមាន​បន្ទាន់​នានា​របស់​អង្គការ​រូបិយវត្ថុ​អន្តរជាតិ IMF និង​អង្គការ​ផ្សេងៗ​ទៀត អំពី​គ្រោះថ្នាក់​ដែល​អាច​កើត​ឡើង​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​ដែល​បណ្ដាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក Trump។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាហ្សង់ទីន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​នៃ​ក្រុម​ប្រទេស G20 ដោយ​លោក​មាន​បំណង​មុតមាំ​ក្នុង​ការ​តតាំង​ជាមួយ​ប្រទេស​ចិន​រឿង​ពាណិជ្ជកម្ម និង​សម្រួច​វោហារសាស្ត្រ​របស់​លោក​ពាក់ព័ន្ធ​នឹង​រឿង​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី នៅ​មុន​ជំនួប​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

កិច្ច​ប្រជុំ G20 ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ ប្រឈម​នឹង​ការ​ព្រមាន​បន្ទាន់​នានា​របស់​អង្គការ​រូបិយវត្ថុ​អន្តរជាតិ IMF និង​អង្គការ​ផ្សេងៗ​ទៀត អំពី​គ្រោះថ្នាក់​ដែល​អាច​កើត​ឡើង​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​ដែល​បណ្ដាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក Trump។

បណ្ដា​មេដឹកនាំ​នៃ​ប្រទេស G20 ដែល​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​នោះ​ស្មើ​នឹង ៤ ភាគ ៥ នៃ​ទិន្នផល​សេដ្ឋកិច្ច​សាកលលោក បាន​ជួប​ប្រជុំ​គ្នា​ដំបូង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០០៨ ដើម្បី​បង្កើត​ក្រុម​ជួរ​មុខ​រួម​គ្នា​មួយ​ប្រឆាំង​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​សាកលលោក។

រយៈពេល​មួយ​ទសវត្សរ៍​ក្រោយ​មក​គឺ​នៅ​ឆ្នាំ ២០១៨ នេះ ក្រុម​ជួរ​មុខ​រួម​គ្នា​នេះ​ត្រូវ​បាន​រលុប​បាត់​ទៅ ដោយសារតែ​គោល​នយោបាយ​ផ្ដោត​លើ​សហរដ្ឋ​អាមេរិក​ជា​មុន​របស់​លោក Trump បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​មូល​មតិ​គ្នា​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ទាំង​នេះ។

លោក Trump នឹង​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​ចិន​លោក Xi Jinping ឲ្យ​បើក​ទីផ្សារ​ប្រទេស​ចិន​សម្រាប់​ការ​ប្រកួតប្រជែង​របស់​សហរដ្ឋ​អាមេរិក និង​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​ក្រុមហ៊ុន​បរទេស។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​និយាយ​ថា រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជាក់​ថា លោក Trump នឹង​ជួប​ជាមួយ​នឹង​លោក Vladimir Putin ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​មួយ​នៅ​ឯ​កិច្ច​ប្រជុំ G20 នោះ ទោះបីជា​លោក Trump កន្លង​មក​បាន​ព្រមាន​ថា​នឹង​លុបចោល​ជំនួប​នេះ ដោយសារតែ​ការ​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹង​ការណ៍​ដែល​រុស្ស៊ី​ចាប់​បង្ខាំង​នាវា​អ៊ុយក្រែន​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ក៏​ដោយ៕

XS
SM
MD
LG