កងយោធានៃប្រទេសរុស្សីបាននិយាយនៅថ្ងៃពុធនេះថា ពួកគេនឹងបញ្ជូនកាំជ្រួចមីស៊ីលប្រឆាំងនឹងយន្តហោះទៅដាក់បន្ថែមក្នុងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួននៅក្នុងឧបទ្វីបគ្រីម៉េ ដែលកាន់កាប់ដោយរុស្សី។
ចំណាត់ការនេះធ្វើឡើងនៅពេលដែលប្រទេសរុស្សី និងប្រទេសអ៊ុយក្រែនកំពុងមានជម្លោះអំពីឧប្បត្តិហេតុមួយកាលពីថ្ងៃអាទិត្យ ដែលនៅក្នុងនោះកងកម្លាំងរុស្សីបានរឹបយកនាវាអ៊ុយក្រែនបីគ្រឿង និងក្រុមនាវិកនៃកប៉ាល់ទាំងនេះនៅក្នុងសមុទ្រខ្មៅ។
ប្រទេសរុស្សីបានចោទប្រកាន់ក្រុមនាវិកទាំងនេះ ដែលធ្វើប្រតិបត្តិការនៅក្នុងកប៉ាល់ទាំងនេះថា បានបើកកប៉ាល់ពួកគេចូលទៅក្នុងដែនទឹករុស្សី ហើយមិនបានអើពើដល់ការព្រមានពីពួកឆ្មាំព្រំដែនទឹករុស្សីទេ។ ប្រទេសអ៊ុយក្រែនបានបដិសេធការចោទប្រកាន់ទាំងនេះហើយ។
កាលពីថ្ងៃអង្គារ តុលាការមួយក្នុងតំបន់គ្រីម៉េបានបញ្ជាឱ្យឃុំឃាំងនាវិក ១២នាក់ក្នុងបណ្តាពួកនាវិក២៤នាក់ ដែលបានត្រូវចាប់ខ្លួនចំនួនពីរខែ។ ក្រុមនាវិកនៅសេសសល់មានកំណត់នឹងចេញបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃពុធនេះ។
ប្រទេសអ៊ុយក្រែនបានដាក់កំហិតច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ខ្លះតាមព្រំដែនខ្លួនជាការឆ្លើយតបនឹងឧប្បត្តិហេតុនេះ ហើយប្រទេសអឺរ៉ុបឯទៀតៗច្រើនជាងមុនបានសុំដល់ពួកសម្ព័ន្ធមិត្តបស្ចិមប្រទេសឱ្យដាក់កំហិតការដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលក្រុងម៉ូស្គូ។
លោកប្រធានាធិបតី Petro Poroshenko នៃប្រទេសអ៊ុយក្រែនបានមានប្រសាសន៍ថា ច្បាប់អាជ្ញាសឹកនឹងជួយ«ពង្រឹងសមត្ថភាពខាងកិច្ចការពារប្រទេសនៃប្រទេសអ៊ុយក្រែននៅពេលមានកំណើនអំពើឈ្លានពានហើយបើតាមច្បាប់អន្តរជាតិវាជាសកម្មភាពឈ្លានពានគ្មានមេត្តាដោយសហព័ន្ធរុស្សី។ លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយបន្ថែមថាប្រទេសអ៊ុយក្រែនចង់«ធ្វើតាមកាតព្វកិច្ចអន្តរជាតិទាំងអស់»។ លោកបានទាមទារឱ្យអាជ្ញាធររុស្សីដោះលែងពួកនាវិក និងនាវាអ៊ុយក្រែនទាំងនេះផងដែរ។
ប្រធានាធិបតីរុស្សី Vladimir Putin បានសម្តែងកង្វល់អំពីសេចក្តីសម្រេចដាក់កំហិតច្បាប់អាជ្ញាសឹកនេះហើយលោកបាននិយាយប្រាប់លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ថា លោកសង្ឃឹមថាប្រទេសអាល្លឺម៉ង់អាចមានឥទ្ធិពលលើប្រទេសអ៊ុយក្រែន ដើម្បីបញ្ចៀសកុំឱ្យមាន «សកម្មភាពមិនប្រយ័ត្នប្រយែងណាមួយ»៕