ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ លុប​ចោល​ជំនួប​ជាមួយ​លោក ពូទីន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​លុប​ចោល​កិច្ច​ប្រជុំ​ដែល​បាន​គ្រោង​ធ្វើ​ចំនួន២ម៉ោង​ ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដើម្បី​ឆ្លើយ​តប​ទៅ​កាន់​រុស្ស៊ី​ដែល​បាន​រឹបអូស​នាវា​ទាហាន​របស់​អ៊ុយក្រែន​ នៅ​ក្នុង​តំបន់​សមុទ្រ​ខ្មៅ។

ខណៈ​ពេល​ដែល​លោក​បាន​ចាកចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ ទៅ​កាន់​ទីក្រុង Buenos Aires និង​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល G-20 នៅ​ចុង​សប្តាហ៍​នេះ​ដែល​នឹង​មាន​ការ​ចូលរួម​ដោយ​មេដឹកនាំ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​នាំ​មុខ​ក្នុង​ពិភពលោក លោក ត្រាំ បាន​សរសេរ​នៅ​ក្នុង​សារ​ Twitter ថា «ដោយ​សារ​តែ​រុស្ស៊ី​មិន​ទាន់​ប្រគល់​នាវា​និង​ពល​ទាហាន​ជើង​ទឹក​ដល់​អ៊ុយក្រែន​វិញ ខ្ញុំ​សម្រេច​ចិត្ត​ថា​ ខ្ញុំ​នឹង​លុប​ចោល​ជំនួប​ជាមួយ​រុស្ស៊ី​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន‍»។

លោក ត្រាំ​ បាន​បន្ថែម​ថា «ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​កិច្ច​ប្រជុំ​កំពូល​ដ៏​មាន​ន័យ​មួយ​ នៅ​ពេល​ដែល​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​រួច​រាល់‍»។

លោក ត្រាំ បាន​បង្ហោះ​សារ​ Twitter អំពី​ការ​លុប​ចោល​កិច្ច​ពិភាក្សា​ជាមួយ​នឹង​លោក ពូទីន មិន​យូរ​ប៉ុន្មាន​ បន្ទាប់​ពី​លោក​បាន​ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​ថា កិច្ច​ប្រជុំ​នេះ​នឹង​បន្ត​ធ្វើ​ឡើង​ដូច​ការ​គ្រោង​ទុក‍។

ពេល​នោះ​លោក​បាន​ថ្លែង​ថា៖«ខ្ញុំប្រហែល​នឹង​ជួប​ជា​មួយ​លោក​ប្រធានាធិបតី ពូទីន។ ​ខ្ញុំ​ចង់​ឲ្យ​វា​កើត​មាន​ឡើង។ ខ្ញុំ​គិត​ថា វា​ជា​ពេល​វេលា​ដ៏​ល្អ​មួយ​ដើម្បី​ធ្វើ​កិច្ច​ប្រជុំ​នេះ»។

ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​បាន​រាយការណ៍​ថា រដ្ឋាភិបាល​រុស្ស៊ី​មិន​ទាន់​បាន​ដឹង​អំពី​ការ​សម្រេច​ចិត្ត​លុប​ចោល​ជំនួប​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ស្ថានទូតរុស្ស៊ី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ថ្លែង​ថា ប្រសិន​បើ​លោក ត្រាំ​ និង​លោក ពូទីន មិន​មាន​ជំនួប​អ្វី​ទេ នោះ​លោក​ ពូទីន នឹង​សល់​ពេល​ប៉ុន្មាន​ម៉ោង​ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សេង​ទៀត​ដែល​មាន​ប្រយោជន៍‍»៕

XS
SM
MD
LG