ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង នាំមុខ​ក្នុង​ការបោះឆ្នោត​សភា​រដ្ឋ Duma នៅ​ពេល​មាន​ការចោទ​ប្រកាន់​ពី​ការអុកឡុក


សមាជិក​នៃ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ក្នុង​តំបន់ ទម្លាក់​សន្លឹក​ឆ្នោត​ពី​ប្រអប់​បោះឆ្នោត​មួយ មុន​ពេល​ចាប់ផ្តើម​រាប់​សន្លឹកឆ្នោត បន្ទាប់ពី​បិទ​ការបោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​នៅខាង​ក្នុង​ស្ថានីយ​រថភ្លើង Kazansky ក្នុង​ទីក្រុង​មូស្គូ នៅ​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។
សមាជិក​នៃ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ក្នុង​តំបន់ ទម្លាក់​សន្លឹក​ឆ្នោត​ពី​ប្រអប់​បោះឆ្នោត​មួយ មុន​ពេល​ចាប់ផ្តើម​រាប់​សន្លឹកឆ្នោត បន្ទាប់ពី​បិទ​ការបោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​នៅខាង​ក្នុង​ស្ថានីយ​រថភ្លើង Kazansky ក្នុង​ទីក្រុង​មូស្គូ នៅ​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។

គណបក្ស ​United Russia​ ជា​គណបក្ស​កាន់​អំណាច​គាំទ្រ​ដោយ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង ​បាន​ត្រៀមខ្លួន​ឈ្នះ​យ៉ាង​ស្រួល​ក្នុង​ការ​បោះឆ្នោត​សភា​ថ្នាក់រដ្ឋ​រុស្ស៊ី បន្ទាប់​ពី​ការ​បោះឆ្នោត​រយៈពេល​៣​ថ្ងៃ​ដែល​មាន​ភាព​មិន​ប្រក្រតី​ និង​ការ​ចោទ​ប្រកាន់​ពី​ការ​អុកឡុក​ការ​បោះឆ្នោត​ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី១៩ ​ខែ​កញ្ញា។​

ដោយ​សន្លឹក​ឆ្នោត​ជិត​៤០​ភាគរយ​បាន​រាប់​រួច​ហើយ​នោះ ​គណៈ​កម្មការ​រៀបចំ​ការបោះឆ្នោត​កណ្តាល ​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២០ ​ខែ​កញ្ញា​នេះ​ថា ​គណបក្ស ​United Russia ​ដែល​គាំទ្រ​ដោយ​លោក​ប្រធានាធិបតី Vladimir Putin ​បាន​ទទួល​សន្លឹក​ឆ្នោត​ជាង​៤៥​ភាគរយ​សម្រាប់​សភា​ថ្មី​រដ្ឋ​ Duma។ ​

គណបក្ស​កុម្មុយនិស្ត​ ដែល​ជាគូ​ប្រជែង​ប្រកិត​បំផុត​ មាន​សំឡេង​ឆ្នោត​ប្រហែល​២២​ភាគរយ ​ហើយ​គណបក្ស​ប្រជា​ធិបតេយ្យ​សេរី​ជាតិ​និយម​ បាន​ទទួល​សន្លឹក​ឆ្នោត ​៨,៥​ភាគរយ។ គណបក្ស​២​ទៀត​គឺ​ គណបក្ស​រុស្ស៊ី​យុត្តិធម៌​ទទួល​សន្លឹក​ឆ្នោត​ប្រហែល​ ៧,៥%​ និង​គណបក្ស​ប្រជា​ពលរដ្ឋ​ថ្មី​ បាន​ទទួល​សន្លឹក​ឆ្នោត​ ៦​%។​

ដោយ​អះ​អាង​ទទួល​បាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​ថ្មី​ រដ្ឋ​ Duma​ ​ លោក​ Andrey Turchak ​អគ្គលេខាធិការ​គណបក្ស ​United Russia ​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​នៅ​ឯ​ទីស្នាក់ការ​ធំ​របស់​គណបក្ស​នេះ​ថា ​ជ័យ​ជម្នះ​នេះ​ មាន​ភាព​ស្មោះត្រង់​ និង​ស្អាត​ស្អំ។​

ការ​បោះឆ្នោត​នេះ​គ្មាន​ការ​ចូលរួម​របស់​គណបក្ស​ប្រឆាំង​ទេ​ បន្ទាប់ពី​ពួក​អាជ្ញាធរ​បាន​ប្រកាស​ថា ​ក្រុម​ណា​ដែល​ជាប់​ទាក់ទិន​លោក ​Aleksei Navalny ​ឥស្សរជន​គណបក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ ​គឺជា​អ្នក​ជ្រុល​និយម​ ដោយ​រារាំង​មិន​ឲ្យ​មនុស្ស​ក្នុង​បណ្តាញ​របស់​លោក​ឈរ​ឈ្មោះ​បោះឆ្នោត​ទេ។​

លទ្ធផល​នៃ​ការ​បោះឆ្នោត​អនឡាញ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ក្នុង​តំបន់​ចំនួន​៧​ រួម​ទាំង​ទីក្រុង​ម៉ូស្គូផង ​មិន​ទាន់​បាន​រាប់​នៅ​ឡើយ​ទេ។​

លោក ​Leonid Volkov ​អនុប្រធាន​កំពូល​ម្នាក់​របស់​លោក​ Navalny ​បាន​លើក​ឡើង​ថា ​ពួក​អាជ្ញាធរ​មាន​គម្រោង​ប្រើប្រាស់​ការ​បោះឆ្នោត​តាម​អនឡាញ​ដើម្បី​គាំទ្រ​បេក្ខជន​គណបក្ស​កាន់​អំណាច ​ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​នានា​ដែល​មាននិន្នាការ​សេរីនិយម ​ដូចជា​ទីក្រុង​ម៉ូស្គូ​ និង ​St. Petersburg៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង Reuters។

XS
SM
MD
LG