លោក Alexei Navalny អ្នករិះគន់រដ្ឋាភិបាលវិមានក្រឹមឡាំងរបស់រុស្ស៊ីកាលពីថ្ងៃចន្ទម្សិលមិញ បានជំរុញពលរដ្ឋរុស្ស៊ីឱ្យចេញមកតាមផ្លូវនានាដើម្បីតវ៉ាប្រឆាំង បន្ទាប់ពីចៅក្រមម្នាក់បានបញ្ជូនលោកទៅកាន់ពន្ធនាគារឱ្យជាប់ពន្ធនាគាររយៈពេល៣០ថ្ងៃ មុនការកាត់ទោស ថ្វីបើមានការអំពាវនាវមកពីបណ្តាប្រទេសលោកខាងលិចឱ្យដោះលែងអ្នកនយោបាយគណបក្សប្រឆាំងនេះក៏ដោយ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការសម្រេចដើម្បីបញ្ជូនលោកទៅកាន់មន្ទីរឃុំឃាំងចំពោះការរំលោភលក្ខខណ្ឌនៃការកាត់ទោសដែលត្រូវបានព្យួរទោសនោះ កើតមានឡើងមួយថ្ងៃបន្ទាប់ពីលោកបានវិលត្រឡប់មកកាន់ប្រទេសរុស្ស៊ីវិញជាលើកទី១ ចាប់តាំងពីលោកបានត្រូវគេបំពុលដោយឧស្ម័នធ្វើឱ្យខូចសរសៃប្រសាទកាលពីពាក់កណ្តាលឆ្នាំមុន និងអាចធ្វើឱ្យលោកជាប់ពន្ធនាគារច្រើនឆ្នាំ។
នៅពេលដែលលោក Navalny បានត្រូវគេនាំចេញពីស្ថានីយប៉ូលិសមក លោកបានប្រាប់ក្រុមអ្នកគាំទ្រលោកថា អ្វីដែលពួកគេត្រូវខ្លាចនោះ គឺសេចក្តីភ័យខ្លាចរបស់ខ្លួនផ្ទាល់តែប៉ុណ្ណោះ។
លោក Navalny បានបញ្ចាក់នៅក្នុងវីដេអូដែលបានចុះផ្សាយក្នុង Twitter ថា៖ «សូមកុំខ្លាច ចូរចេញមកតាមផ្លូវនានា។ ចូរកុំចេញមកក្រៅដើម្បីខ្ញុំ ចេញមកក្រៅដើម្បីខ្លួនអ្នក និងអនាគតរបស់អ្នក»។
ក្រុមអ្នកគាំទ្រ មានគម្រោងធ្វើបាតុកម្មនៅទូទាំងប្រទេសនៅថ្ងៃសៅរ៍នេះ ហើយពាក្យសុំធ្វើបាតុកម្មដែលមានមនុស្សចូលរួម១០.០០០នាក់នៅចុងខែនេះ ត្រូវបានដាក់ជាមួយអាជ្ញាធរក្រុងម៉ូស្គូរួចហើយ៕