លោក Navalny អ្នករិះគន់រដ្ឋាភិបាលវិមានក្រឹមឡាំងរបស់រុស្ស៊ី បានត្រូវចាប់ខ្លួននៅពេលទៅដល់រដ្ឋធានីមូស្គូកាលពីល្ងាចថ្ងៃអាទិត្យ។ នេះជាការវិលត្រឡប់លើកទី១របស់លោកទៅកាន់ប្រទេសវិញចាប់តាំងពីអ្នកនយោបាយបក្សប្រឆាំងរុស្ស៊ីរូបនេះបានត្រូវគេដាក់ថ្នាំបំពុលកាលពីខែសីហាឆ្នាំមុន ហើយត្រូវបានជម្លៀសទៅព្យាបាលនៅបរទេស។
លោក Navalnyបានធ្វើដំណើរចេញពីប្រទេសអាល្លឺម៉ង់។ លោកបានត្រូវចាប់ខ្លួនដោយប៉ូលិសដែលពាក់ម៉ាស់មុខពណ៌ខ្មៅខណៈដែលចូលកន្លែងត្រួតពិនិត្យលិខិតឆ្លងដែននៅឯចំណតអាកាសយានដ្ឋាន Sheremetyevo ក្រុងមូស្គូ។
មេធាវីរបស់លោកដែលធ្វើដំណើរជាមួយលោក មិនត្រូវបានគេអនុញ្ញាតឲ្យអមដំណើរលោកទេ។ លោក Navalny បានថើបលោកស្រី Yulia Navalnaya ភរិយារបស់លោកមុនពេលត្រូវបានគេនាំខ្លួនទៅបាត់។
គេមិនដឹងភ្លាមៗថា លោកនៅទីកន្លែងណាទេ ហើយបានបណ្តាលឲ្យមានការផ្សាយរកនៅតាមបណ្តាញ Twitter របស់រុស្ស៊ី។
លោក Navalny បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយទៅកាន់ពួកអ្នកកាសែតមុនពេលចាប់ខ្លួនថា៖ «ខ្ញុំមានការសប្បាយរីករាយដែលបានមកដល់។ នេះជាថ្ងៃដ៏ល្អបំផុតរបស់ខ្ញុំក្នុងរយៈពេល៥ខែមកនេះ»៕