ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ពិភាក្សា​បង្ហាញ​អំពី​តួនាទី​សំខាន់​របស់​សភា​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន


សភា​កម្ពុជា​នឹង​មាន​តួនាទី​កាន់​តែ​សំខាន់​ ដើម្បី​ដាក់​ចេញ​នូវ​របៀបវារៈ​នៅ​ក្នុង​វិស័យ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ ​និង​នយោបាយ។
សភា​កម្ពុជា​នឹង​មាន​តួនាទី​កាន់​តែ​សំខាន់​ ដើម្បី​ដាក់​ចេញ​នូវ​របៀបវារៈ​នៅ​ក្នុង​វិស័យ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ ​និង​នយោបាយ។

នៅ​ថ្ងៃ​អង្គារ​នេះ ​តំណាង​ជាន់​ខ្ពស់​មូលនិធិ​ខុនរ៉ាដ ​អាដិន​ណៅអ៊ែរ​ (Konrad Adenauer) បាន​ជំរុញ​រដ្ឋសភា​កម្ពុជា​ ឱ្យ​មាន​តួនាទី​សំខាន់​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​បង្កើត​គោល​នយោបាយ ​ដើម្បី​លើក​កម្ពស់​សហគមន៍​សន្តិសុខ​នយោបាយ​នៅ​ក្នុង​តំបន់​តាម​រយៈ​ក្របខ័ណ្ឌ​អន្តរសភា​អាស៊ាន។

សមាជិក​រដ្ឋសភា ​ព្រឹទ្ធសភា ​និង​អ្នក​សារព័ត៌មាន​ប្រមាណ​ ១០០​នាក់​ បាន​ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា​តុ​មូល​ស្តីពី​តួនាទី​សភា​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​អន្តរសភា​អាស៊ាន​ ដើម្បី​លើក​កម្ពស់​សហគមន៍​សន្តិសុខ​នយោបាយ​ នៅ​ក្នុង​តំបន់​អាស៊ាន​នៅ​រដ្ឋសភា​ គាំទ្រ​ដោយ​មូលនិធិ​ខុនរ៉ាដ ​អាដិនណៅអ៊ែរ​ របស់​ប្រទេស​អាល្លឺម៉ង់។

លោក ​ដេនីស ​ស្រៃយ៍ (Denis Schrey) ​តំណាង​មូលនិធិ​ខុនរ៉ាដ ​អាដិនណៅអ៊ែរ​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​ការ​ពិភាក្សា​តុ​មូល​ស្តីពី​តួនាទី​សភា​កម្ពុជា​ នៅ​រដ្ឋសភា​ថា​ សភា​កម្ពុជា​ត្រូវ​មាន​តួនាទី​សំខាន់​ក្នុង​ការ​កំណត់​គោល​នយោបាយ​លើ​វិស័យ​នយោបាយ ​និង​សន្តិសុខ ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១១​នេះ។

សភា​កម្ពុជា​នឹង​មាន​តួនាទី​កាន់​តែ​សំខាន់​ ដើម្បី​ដាក់​ចេញ​នូវ​របៀបវារៈ​នៅ​ក្នុង​វិស័យ​កិច្ចសហ​ប្រតិបត្តិការផ្នែក​សន្តិសុខ ​និង​នយោបាយ។

លោក​ ឈិត ​គឹមយាត ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​ការ​ពិភាក្សា​តុ​មូល​នៅ​រដ្ឋសភា​នេះ​ថា​ សភា​កម្ពុជា​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ថែរក្សា​ស្ថេរភាព​ នយោបាយ​ និង​សន្តិសុខ​ គឺ​ជា​ការ​រួម​វិភាគទាន​យ៉ាង​សំខាន់​ដល់​ដំណើរការ​អភិវឌ្ឍ​នៅ​ក្នុង​សហគមន៍​អាស៊ាន។

លោក​ ឈិត​ គឹមយាត​ បាន​បញ្ជាក់​ថា​សភា​កម្ពុជា​ នឹង​ជំរុញ​អគ្គលេខាធិកា​អន្តរសភា​អាស៊ាន ​ឲ្យ​បង្កើត​ក្រុម​អ្នក​ជំនាញ​ឯកទេស ​ដើម្បី​ជួយ​ដល់​អន្តរសភា​អាស៊ាន​ ជំរុញ​ការ​បង្កើត​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ដ៏​សកម្ម​ ដើម្បី​ត្រួត​ពិនិត្យ​លើ​ការ​អនុវត្ត​សេចក្តី​សម្រេច​នានា​ដែល​អន្តរសភា​អាស៊ាន​បាន​អនុម័ត​ ស្វែងរក​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ ដើម្បី​លើក​កម្ពស់​លេខាធិការដ្ឋាន​អន្តរសភា​អាស៊ាន ​និង​ជាតិ​ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ និង​គុណភាព​ ហើយ​គាំទ្រ​គោល​នយោបាយ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល។

លោក​ សុន ​ឆ័យ ​តំណាងរាស្ត្រ​គណបក្ស​ សម​ រង្សី​ បាន​ថ្លែង​ថា​ សភា​កម្ពុជា​ត្រូវ​តែ​ពង្រឹង​តួនាទី​សភា​របស់​ខ្លួន​ឱ្យ​មាន​ភាព​ឯករាជ្យ​ពី​អំណាច​រដ្ឋាភិបាល​ ដើម្បី​ចូលរួម​លើក​កម្ពស់​សហគមន៍​សន្តិសុខ​នយោបាយ​ នៅ​ក្នុង​តំបន់​អាស៊ាន​តាមរយៈ​ក្របខ័ណ្ឌ​អន្តរសភា​អាស៊ាន។

សភា​ប្រទេស​កម្ពុជា​ត្រូវ​តែ​រឹងមាំ ​ហើយ​ការ​រឹងមាំ​នេះ​គឺ​តួនាទី​ឯករាជ្យ​ពី​អំណាច​របស់​រដ្ឋាភិបាល​ ហើយ​មាន​តួនាទី​ត្រួត​មើល​ការងារ​របស់​រដ្ឋាភិបាល។​ នេះ​ដែល​ជា​ការងារ​មួយ​ដែល​យើង​មិន​ទាន់​ធ្វើ​បាន។ ​មក​ដល់​សព្វថ្ងៃ​នេះ ​ការងារ​របស់​សភា​ច្រើន​តែ​ធ្វើ​អ្វី​ដែល​រដ្ឋាភិបាល​ចង់​បាន។

លោក ​ញ៉ែម​ ប៉ុញ្ញឫទ្ធិ ​តំណាងរាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​ថា​ តួនាទី​សភា​កម្ពុជា​នៅ​មាន​ភាព​យឺតយ៉ាវ​សម្រាប់​លើក​កម្ពស់​សហគមន៍​សន្តិសុខ​នយោបាយ​នៅ​ក្នុង​តំបន់​អាស៊ាន។ តួនាទី​សភា​កម្ពុជា​សំខាន់​បំផុត​ ដែល​ត្រូវ​មាន​ គឺ​ការ​រៀបចំ​ចងក្រង​ធម្មនុញ្ញ​សភា​អាស៊ាន ​និង​អំណាច​សភា​អាស៊ាន​ពិតប្រាកដ។

«យើង​ឃើញ​មាន​កង្វះខាត​ខាង​នយោបាយ​ឯករាជ្យ​យ៉ាង​ពិត​ប្រាដក​របស់​សភា​យើង។​ សភា​កម្ពុជា​គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ ​ដោយ​គណបក្ស​កាន់​អំណាច​តែ​មួយ​។ ​ទាំង​អស់​នេះ​បាត់បង់​អស់​នូវ​តុល្យភាព។​ យើង​យល់​ឃើញ​ថា​វា​ពិបាក​មែនទែន​ ពីព្រោះ​គណបក្ស​សំឡេង​ភាគ​តិច​ជូន​ជា​យោបល់ ​ឬ ​អនុសាសន៍​ទៅ​លោក​ (គណបក្ស​សំឡេង​ភាគច្រើន) ​ពុំ​យក​ចិត្ត​ទុក​ដាក់ ​ឬ ​ពុំ​បើក​ឱកាស​ឱ្យ​យើង​ផ្តល់​មតិយោបល់​ ឬ​ អនុសាសន៍​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ»។

លោក ​ឈាង ​វណ្ណារិទ្ធិ​ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​កម្ពុជា ​ដើម្បី​សហប្រតិបត្តិការ​ និង​សន្តិភាព​ បាន​ថ្លែង​ថា​ សភា​បាន​ចេញ​នូវ​សេចក្តី​សម្រេច​ផ្សេងៗ ​ប៉ុន្តែ​ខ្វះ​ការ​អនុវត្ត។

សភា​កម្ពុជា​យើង​មាន​តួនាទី​មួយ​គឺ​ជំរុញ​ការ​អនុវត្ត​រាល់​សេចក្តី​សម្រេច​ទាំង​ឡាយ​របស់​អាយប៉ា​ AIPA - អន្តរ​សភា​អាស៊ាន)​ តែ​ម្តង​ជា​ពិសេស​ទាក់ទង​នឹង​នយោបាយ​ និង​សន្តិសុខ។

លោក​ ឡេង ​ប៉េងឡុង ​អគ្គលេខាធិការ​រដ្ឋសភា ​បាន​បញ្ជាក់​ថា​ ការ​ពិភាក្សា​តុ​មូល​សភា​នេះ​ បង្កើន​ការ​យល់​ដឹង​អំពី​តួនាទី​សភា​កម្ពុជា​ និង​ការ​ចូល​រួម​ចំណែក​ដ៏​សំខាន់​របស់​សភា​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​អន្តរសភា​អាស៊ាន​ ដើម្បី​រួម​គ្នា​ធ្វើ​ឱ្យ​សម្រេច​ដល់​គោល​ដៅ​នៃ​ការ​បង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ៕

XS
SM
MD
LG