ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មភាព​ក្នុង​ឆាក​នយោបាយ​របស់​យុវជន​ដែល​មាន​និន្នាការ​មិន​ស្រប​នឹង​រដ្ឋាភិបាល​នៅ​មាន​កម្រិត


លោក តាំង សាមឿន តំណាងយុវជនមកពីគណបក្សប្រជាជនកម្ពុជាប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សាពាក់ព័ន្ធនឹងសំឡេងយុវជនក្នុងនយោបាយកម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។

យុវជន​នៅ​កម្ពុជា​ដែល​មាន​និន្នាការ​មិន​ស្រប​តាម​រដ្ឋាភិបាល ហាក់​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​វិស័យ​នយោបាយ ជា​ពិសេស​ការ​បញ្ចេញ​​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​

មន្រ្តី​គណបក្សសង្គ្រោះ​ជាតិ​លើក​ឡើង​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ការ​ធ្វើ​សកម្មភាព​សង្គម​ផ្សេងៗ​របស់ក្រុមយុវជន​គណបក្ស​ប្រឆាំង​នៅ​មាន​កម្រិត បើ​ធៀប​ទៅ​នឹង​ក្រុម​យុវជន​របស់​គណបក្ស​កាន់​អំណាច។​ ការ​លើក​ឡើង​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ ត្រូវបាន​មន្រ្តី​របស់​គណបក្ស​កាន់​អំណាច​ច្រាន​ចោល ហើយ​ថា ​ក្រុម​យុវជន​ទាំង​អស់​មាន​សិទ្ធិ​និង​សេរីភាព​ស្មើ​គ្នា​ក្នុង​ការ​ធ្វើ​សកម្មភាព​លើ​គ្រប់​វិស័យ។

កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ក្រុម​យុវជន ដែល​មាន​ទាំងយុវជន​មក​ពីគណបក្ស​កាន់​អំណាច ​គណបក្ស​ប្រឆាំង ​និង​សង្គម​ស៊ីវិល​ប្រមាណ​ជា​ជាង​១០០​នាក់​ បាន​ជជែក​ពិភាក្សា​លើ​ប្រធានបទ​មួយ​ដែល​រៀបចំ​ដោយ​មូលនិធិ​ខុនរ៉ាត (Konrad Adenauer Stiftung) ស្តីពី​ «សំឡេង​យុវជន​ក្នុង​នយោបាយ​កម្ពុជា»។

ក្នុង​កិច្ច​ពិភាក្សា​នោះ​ តំណាង​មក​ពី​គណបក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ពី​បញ្ហា​ដែល​កំពុង​កើត​មាន​លើ​យុវជនពាក់​ព័ន្ធ​នឹង​ការ​ចូល​រួម​ក្នុង​នយោបាយ។ ពួកគេលើកឡើង​ថា យុវជន​នៅ​កម្ពុជា​ដែល​មាន​និន្នាការ​មិន​ស្រប​តាម​រដ្ឋាភិបាល ហាក់​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​វិស័យ​នយោបាយ ជា​ពិសេស​ការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​

ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​ លោក ជុំ ចាន់ដារិន តំណាង​យុវជន​មក​ពីគណបក្ស​សង្គ្រោះ​ជាតិ ប្រាប់ VOA ​ថា ក្រុម​យុវជន​របស់​គណបក្ស​ប្រឆាំង​តែង​រង​នូវ​គំនាប​ និង​ការ​គំរាមកំហែង​ផ្លូវ​ច្បាប់​ផ្សេងៗ​រាល់​ពេល​ដែល​ពួកគេ​ធ្វើ​សកម្មភាព​ណាមួយ​ពាក់ព័ន្ធ​នឹង​នយោបាយ។ លោក​បន្ថែម​ថា សិទ្ធិ​សេរីភាព ការ​បញ្ចេញ​មតិ និង​ការ​ធ្វើ​សកម្មភាពផ្នែក​នយោបាយ​របស់​យុវជន​គណបក្សប្រឆាំង​នៅ​មាន​កម្រិត​ បើ​ធៀប​នឹង​យុវជន​របស់​គណបក្ស​កាន់​អំណាច។

តំណាង​យុវជន​មក​ពីគណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា៖

«ទាក់ទង​ទៅនឹង​ការ​រារាំង​ពី​ស្ថាប័ន ការ​រារាំង​ពី​គោល​នយោបាយ​ផ្សេងៗ​ ការ​រារាំង​ពីការ​ចូល​រួម​ពី​សកម្មភាព​សង្គម​ផ្សេងៗ។ ឧទាហរណ៍​ថា បើ​យើង​បញ្ចេញ​មតិ​តែ​មិន​ស្រួល​បន្តិច យើងមាន​បញ្ហា​ ប៉ុន្តែ​ក្រុម​ដទៃ​ទៀត​ស្រែក​ជេរ ពាលា​អាវាសែ​ដាក់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​យ៉ាងម៉េច ហាក់​ដូច​ធម្មតា។ អញ្ចឹង​យើង​គិត​ថា យើង​ចង់​ឲ្យ​សង្គម​ប្រជាធិបតេយ្យ ប៉ុន្តែ​យើង​ត្រូវ​គោរព​ច្បាប់។ អញ្ចឹង​ច្បាប់​ដែល​មាន​ស្រាប់​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ពង្រឹង»។

លោក ជុំ ចាន់ដារិន តំណាងយុវជនមកពីគណបក្សសង្គ្រោះជាតិ ប្រាប់ VOA ក្រោយបញ្ចប់កិច្ចពិភាក្សាពាក់ព័ន្ធនឹងសំឡេងយុវជនក្នុងនយោបាយកម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ជុំ ចាន់ដារិន តំណាងយុវជនមកពីគណបក្សសង្គ្រោះជាតិ ប្រាប់ VOA ក្រោយបញ្ចប់កិច្ចពិភាក្សាពាក់ព័ន្ធនឹងសំឡេងយុវជនក្នុងនយោបាយកម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​បន្ថែម​ថា ការណ៍​នេះ​ជា​ឧបសគ្គរារាំង​មិន​ឲ្យ​យុវជន​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចូល​រួម​ក្នុង​វិស័យ​នយោបាយ។

លោក តាំង សាមឿន អនុប្រធាន​គណៈ​ពង្រឹង​ឃុំ និង​ជា​តំណាង​យុវជនមក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ច្រានចោល​ការ​លើកឡើង​របស់​តំណាង​យុវជន​គណបក្ស​ប្រឆាំង។ លោក​បញ្ជាក់​ថា​ រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​សេរីភាព​ស្មើៗ​ដល់​យុវជនទូទៅ ប៉ុន្តែ​លោក​ថា ការ​បញ្ចេញ​មតិ​របស់​យុវជន​គណបក្ស​ប្រឆាំង​ធ្វើ​ឡើង​ដោយ​ខុសច្បាប់។

លោក តាំង សាមឿន​មាន​ប្រសាសន៍​ថា៖

«ការ​ដែល​រៀប​ចំ​បញ្ចេញ​មតិ ហើយ​និង​ការ​ធ្វើ​បាតុកម្ម ការ​លើក​គ្នា​មក​ធ្វើ​លក្ខណៈ​អនាធិបតេយ្យ វា​ខុសពី​ការ​ជួបជុំ​គ្នា​ដើម្បី​លើក​យោបល់​បែប​លទ្ធិ​ប្រជាធិបតេយ្យ។ ចំពោះ​យុវជន​ទាំងអស់​ខ្ញុំ​គិត​ថា គឺ​សិទ្ធិ​សេរីភាព​យើង​ផ្តល់​ជូន​ទាំងអស់​គ្នា​ ប៉ុន្តែ​គឺ​យុវជន​ខ្លួន​ឯង​ទេ​ថា​ តើ​គាត់​ត្រូវ​រៀប​ចំ​ខ្លួន​ឯង​យ៉ាង​ម៉េច​ដើម្បី​ធ្វើ​ការ​បញ្ចេញ​មតិ​របស់​គាត់ ក្នុង​លក្ខណៈ​មួយ​គេ​ហៅ​ថា ប្រជាធិបតេយ្យ និង​អាច​ទទួល​បាន​ពី​សង្គម»។

លោក តាំង សាមឿន បន្ថែម​ថា ការ​ផ្តល់​ទឹក​ប្រាក់​ឲ្យទៅ​យុវជនក្នុង​ពេល​ចូល​រួម​កម្មវិធី​ណា​មួយ​នោះ មិន​មែន​ជា​ការ​ទិញ​ទឹក​ចិត្ត​យុវជន​នោះ​ទេ។ លោកបន្ថែម​ថា ប្រសិន​បើ​យុវជន​ទទួល​យក​លុយ​ជា​ថ្នូរ​នឹង​ការចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ណា​មួយ​នោះ មាន​ន័យថា​ យុវជន​ទាំង​នោះ​កំពុង​មើល​ងាយ​ខ្លួន​ឯង។​

ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​តែង​មាន​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បញ្ចេញ​មតិ និង​ចូល​រួម​ក្នុង​សកម្មភាពណាមួយ​ពាក់ព័ន្ធ​នឹង​នយោបាយ​ ជាពិសេស​ការ​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម ក្រោយ​ពីមាន​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​យុវជន​មួយ​ចំនួន​បន្ទាប់​ពីពួកគេ​បាន​បង្ហោះ​សារ​ផ្សេងៗដែល​បង្ហាញ​ពី​ការ​មិន​គាំទ្រ និង​ការ​រិះ​គន់ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។

យុវជន បោង ច័ន្ទសម្បត្តិ សមាជិក​នៃ​ Politikoffee ​យល់​ថា យុវជនជា​កម្លាំង​ស្នូលមិន​អាច​ខ្វះ​បាន​ក្នុង​ការចូល​រួម​ក្នុង​ឆាកនយោ​បាយ ដូច្នេះយុវជន​ត្រូវចូល​រួម​បញ្ចេញ​មតិ និង​សកម្មភាព​នយោបាយ​ណា​មួយដោយ​ភាព​ប្រុង​ប្រយ័ត្ន និង​ប្រសិទ្ធភាព។ ​លោក​បាន​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​នៅ​កម្ពុជា​ជំរុញ និង​ផ្តល់​ឱកាស​ឲ្យយុវជន​ចូល​រួម​ពិភាក្សា​ដោយ​ស្មើ​ភាព មិន​ប្រកាន់បក្ស​ពួក ដើម្បី​ជំរុញឲ្យ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ទៅ​មុខដោយ​រលូន។

លោក​បញ្ជាក់​ប្រាប់​ VOA ថា៖

«ពេល​ណា​ដែល​យុវជន​គាត់​ចូលរួម គឺ​គាត់​អាច​ដើរ​តួ​ជា​អ្នក​ឃ្លាំ​មើល ទាំង​រដ្ឋាភិបាល និង​មិន​មែន​រដ្ឋាភិបាល ថា​តើ​បុគ្គល​ថ្នាក់​លើ​និង​រដ្ឋ​អំណាច​ដែល​គាត់​សម្រេច​ចិត្តហ្នឹង ដែល​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​គាត់​សព្វ​ថ្ងៃ​ហ្នឹង បាន​ដល់​ប៉ុណ្ណា​ហើយ? អញ្ចឹង​ពេល​ណា​ដែល​គាត់​ចូល​រួម​បញ្ចេញ​មតិ​ គឺ​ជា​ការ​ក្រើន​រំលឹក​ដល់​រដ្ឋាភិបាល​ថា ពួកគាត់​មិន​មែន​ចេះតែ​ធ្វើ​អ្វី​ដែល​គាត់​ចង់​ធ្វើ​ទេ គឺ​មាន​យុវជន​ មាន​ប្រជាពលរដ្ឋ​ច្រើន​ណាស់​ដែល​ចាំ​មើល​គាត់»។

លោកស្រី ចក់ សុភាព នាយិការ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ប្រាប់ VOA ថា យុវជន​ដែល​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន មាន​ចំនួន​កើន​ឡើង​ច្រើន​ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ​។ លោកស្រី បន្ថែម​ថា​ បើ​ទោះ​បីជា​ការ​ចូល​រួម​របស់​យុវជន​ក្នុង​សកម្មភាព​នយោបាយ​មាន​ការ​កើន​ឡើង​ក៏​ដោយ ប៉ុន្តែ​ឥទ្ធិ​ពល​អវិជ្ជមានជាច្រើន ដូច​ជា​ការ​ធ្វើ​ឃាត​អ្នកវិភាគ ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស និង​យុវជន​ដែល​បញ្ចេញ​មតិទៅ​លើ​បញ្ហា​នយោបាយ​ជាដើម បាន​ធ្វើ​ឲ្យ​យុវជន​រា​ថយ​ក្នុង​ការ​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ឲ្យ​បាន​ពេញ​លេញ។

លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ប្រាប់ VOA ថា ក្រោយបញ្ចប់កិច្ចពិភាក្សាពាក់ព័ន្ធនឹងសំឡេងយុវជនក្នុងនយោបាយកម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ប្រាប់ VOA ថា ក្រោយបញ្ចប់កិច្ចពិភាក្សាពាក់ព័ន្ធនឹងសំឡេងយុវជនក្នុងនយោបាយកម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។

លោកស្រី​មាន​ប្រសាសន៍​ថា៖

«ការ​ចូល​រួម​ប្រឡូក​ក្នុង​បណ្តាញ​សង្គម ព័ត៌មាន​មាន​ច្រើន គ្រប់​ប្រភេទ វា​មាន​ទាំង​ល្អ ទាំង​អាក្រក់ ការ​បញ្ចេញ​មតិ​មួយ​ចំនួន​ហ្នឹង​វា​អាច​ជា​លក្ខណៈ​ការ​ចោទ​ប្រកាន់ ឬក៏​ការ​ការពារ​ខ្លួន​ជា​ដើម។ អញ្ចឹង​យើង​មិន​អាច​សន្មត​ថា ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ហ្នឹង​ល្អ​ទាំង​ស្រុង​ទេ​ ប៉ុន្តែ​ជា​ជាង​យើង​ចាប់​ចង ចោទប្រកាន់​យុវជន​ដែល​នឹង​បង្អាក់​ដំណើរការ​ចូល​រួម​របស់​យុវជន​ យើង​គួរ​នាំ​គ្នា​ចូល​រួម​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​យុវជន​នៅ​ក្នុង​សង្គម​ ដើម្បី​ធានា​ថា ​គាត់​អាច​ចូល​រួម​យ៉ាង​សកម្ម និង​ប្រកប​ដោយ​អត្ថន័យ»។

កន្លង​មក​មាន​យុវជន​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ក្រោយ​ពី​ពួកគេ​បាន​បង្ហោះ​សារ​ផ្សេងៗ​លើ​បណ្តាញ​សង្គម Facebook ពាក់ព័ន្ធ​នឹង​ការ​រិះគន់​រដ្ឋាភិបាល តួយ៉ាង​យុវជន គង់ រ៉ៃយ៉ា ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគាររយៈពេល​១៨​ខែ​ កាល​ពី​ខែមិនា​ ឆ្នាំ​ ២០១៦ ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ក្រោយ​ពេល​យុវជន​រូប​នោះ​បង្ហោះ​អត្ថបទ​ទាក់ទិន​នឹង​បដិវត្ត​ពណ៌​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ស្រដៀង​គ្នា​នេះ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៦​ យុវជន​ ផង់ សីហា ដែល​ជា​ពលករ​ចំណាក​ស្រុក​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ខ្លួន បន្ទាប់​ពី​យុវជនរូប​នោះ​បាន​បង្ហោះ​សារ​គំរាម​សម្លាប់​លោក ​សុខ ទូច ក្នុង​ទំព័រ​ហេ្វសប៊ុក ​កាល​ពី​ខែសីហា ឆ្នាំ​២០១៦។

ក្រុម​សង្គម​ស៊ីវិល​យល់​ថា ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​របស់​យុវជន​ទាំង​នោះ​ គឺ​ជា​ការ​បញ្ចេញ​មតិ មិន​មែន​ជា​បទល្មើស​នោះទេ៕

XS
SM
MD
LG