ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេទិកា​នយោបាយ​កសាង​វប្បធម៌​នៃ​ការ​ពិភាក្សា​​នៅ​កម្ពុជា


 ការជជែក​ពិភាក្សា​នៅ​ក្នុង​កាហ្វេ​នយោបាយ នៅ​ក្នុង​ការិយា​ល័យ​ Konrad Adenauer Stiftung នៅ​ក្នុង​ប្រទេស​កម្ពុជា។​ (ស៊ុន សុខេន/VOA)
ការជជែក​ពិភាក្សា​នៅ​ក្នុង​កាហ្វេ​នយោបាយ នៅ​ក្នុង​ការិយា​ល័យ​ Konrad Adenauer Stiftung នៅ​ក្នុង​ប្រទេស​កម្ពុជា។​ (ស៊ុន សុខេន/VOA)

បើ​ទោះ​ណា​ជា​មាន​ «វប្បធម៌​សន្ទនា»​ រវាង​អ្នក​នយោបាយ​ក្តី ​ប៉ុន្តែ​គេ​កម្រ​នឹង​ឃើញ​មាន​ការ​ពិភាក្សា​ដេញ​ដោល​បែប​នេះ​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​ណាស់។​ នេះ​ជា​កាហ្វេ​នយោបាយ​ ជា​វេទិកា​ដែល​អ្នក​តាម​ដាន​បញ្ហា​សង្គម​និយាយ​ថា ​វា​បាន​ជួយ​បង្កើត​នូវ​វប្បធម៌​ពិភាក្សា​​ក្នុង​ចំណោម​យុវជន​ខ្មែរ។​

ជារៀង​រាល់​រសៀល​ថ្ងៃ​សៅរ៍ ​នៅ​ក្នុង​បន្ទប់​មួយ​នៃ​ការិយាល័យ​របស់​មូលនិធិ​នយោបាយ​មួយ​របស់​អាល្លឺម៉ង់នៅ​ភ្នំពេញ​ កៅអី​ត្រូវ​បាន​គេ​រៀប​ជា​ទម្រង់​ក្រចក​សេះ។ ​នៅ​ទី​នោះ​មនុស្សម្នារប្រមាណ​ជា​៥០​នាក់​បាន​ម្រមូល​ផ្ដុំគ្នា​ ហើយ​និយាយ​គ្នា​ពី​នេះ​ពី​នោះ។​

ជាយថាហេតុ​ បន្ទប់​នោះ​ក្លាយ​ទៅ​ជា​កន្លែង​ដេញ​ដោល​នយោបាយ​យ៉ាង​រស់​ររើក។​ បើ​ទោះ​ណា​ជា​មាន​ «វប្បធម៌​សន្ទនា»​ រវាង​អ្នក​នយោបាយ​ក្តី ​ប៉ុន្តែ​គេ​កម្រ​នឹង​ឃើញ​មាន​ការ​ពិភាក្សា​ដេញ​ដោល​បែប​នេះ​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​ណាស់។​ នេះ​ជា​កាហ្វេ​នយោបាយ​ ជា​វេទិកា​ដែល​អ្នក​តាម​ដាន​បញ្ហា​សង្គម​និយាយ​ថា ​វា​បាន​ជួយ​បង្កើត​នូវ​វប្បធម៌​ពិភាក្សាក្នុង​ចំណោម​យុវជន​ខ្មែរ។​

លោក​អ៊ូ រិទ្ធី ​សហស្ថាបនិក​របស់​កាហ្វេ​នយោបាយ​ បាន​ប្រាប់​វីអូអេ​ថា អ្នក​ចូល​រួម​ភាគ​ច្រើន​ជា​យុវជន​កម្ពុជា​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា។ ​លោក​បាន​បន្ត​ថា ​ពួក​គេ​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​ទស្សនៈ​និង​ពិភាក្សា​អំពី​នយោបាយ​និង​ប្រវត្តិ​សាស្ត្រ​ប្រទេស​កម្ពុជា​ ​ទំនាក់ទំនង​អន្តរជាតិ ​គោល​នយោបាយ​សាធារណៈ ​ហើយ​នឹង​បញ្ហា​សង្គម​ផង​ដែរ។ ​

កាហ្វេ​នយោបាយ​ត្រូវ​បាន​ផ្ចុង​ផ្ដើម​គំនិត​ឡើង​ដោយ​លោក​អ៊ូ រិទ្ធី​នៅ​ឆ្នាំ​២០១១ ​នៅ​ពេល​ដែល​លោក​បាន​បញ្ចប់​ការ​សិក្សា​ពីប្រទេស​ឥណ្ឌា​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ។ ​លោក​បាន​ពន្យល់​ថា​ លោកដាក់​ឈ្មោះ​ថា ​កាហ្វេ​នយោបាយ​ ដោយសារ​តែ​លោកចង់​ទប់​ស្កាត់​នូវ​និន្ននាការរបស់​យុវជន​ដែល​ជាទូទៅ​តែង​តែ​សេព​នូវ​គ្រឿង​ស្រវឹង​នៅ​ពេល​ដែល​ពួក​គេ​ជួប​ជុំ​គ្នា។​ ដូច្នេះ​ហើយ​បាន​ជា​លោក​យកកាហ្វេ​ជា​មធ្យោបាយនៅពេល​ពួកគេជួប​ជុំ​គ្នា​ពិភាក្សា ​ជាជាង​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង។​

លោក​បាន​បញ្ជាក់​ថា៖​ «ដំបូងឡើង​យើង​ជជែក​ពិភាក្សា​គ្នា​តែ​រឿង​នយោបាយ​ និង​ប្រវត្តិសាស្រ្តទេ។ ​ហើយ​យើង​បាន​រៀន​ពី​គ្នា​ច្រើន​ណាស់​ក្នុង​ការ​ពិភាក្សា​របស់​យើង»។

ការជជែក​ពិភាក្សា​នៅ​ក្នុង​កាហ្វេ​នយោបាយ នៅ​ក្នុង​ការិយា​ល័យ​ Konrad Adenauer Stiftung នៅ​ក្នុង​ប្រទេស​កម្ពុជា។​ (ស៊ុន សុខេន/VOA)
ការជជែក​ពិភាក្សា​នៅ​ក្នុង​កាហ្វេ​នយោបាយ នៅ​ក្នុង​ការិយា​ល័យ​ Konrad Adenauer Stiftung នៅ​ក្នុង​ប្រទេស​កម្ពុជា។​ (ស៊ុន សុខេន/VOA)

​លោក​បាន​បន្ថែម​ថា៖​ «បន្ទាប់​មក​នៅ​ចុង​ឆ្នាំ​២០១២ ​យើង​បាន​គំនិត​ថ្មី​មួយ​ទៀត​គឺ​អញ្ជើញ​អ្នក​ជំនាញ​ និង​វាគ្មិន​ឲ្យ​មក​ចែក​រំលែក​ចំណេះ​ដឹង​របស់​ពួក​គេ»។​

ការ​ពិភាក្សា​នេះ​មាន​ការអញ្ជើញ​ចូល​រួម​របស់អ្នក​ជំនាញ​ និង​វាគ្មិន​ជា​ច្រើន​រូប​ដែល​មាន​ជំនាញ​ផ្សេងៗ​គ្នា​ដែល​ក្នុង​នោះ​មាន​ទាំង​និស្សិតមក​ពី​សាកល​វិទ្យាល័យ ​Oxford, Harvard, Cambridge, ​ព្រះសង្ឃ​ សកម្មជន​ស្រ្តី ​គ្រូបង្រៀន ​មន្រ្តី​ស្ថានទូត​នានា​ និង​អ្នក​វិភាគ​សង្គម​ជា​ដើម។​

អំឡុង​ពេល​ពិភាក្សា​គ្នា​រយៈ​៣​ម៉ោង​នេះ ​ទាំង​វា​គ្មិន​ទាំង​អ្នក​ចូល​រួម​គឺ​ផ្ដល់​ឱកាស​ឲ្យ​បញ្ចេញ​ទស្សនៈ ​និង​ជជែក​វែក​ញែក​ដេញ​ដោល​គ្នា​បាន។​

លោក​រិទ្ធី​បាន​មាន​ប្រសាសន៍​ថា៖​ «យើង​ជឿ​ថា​ ការ​ពិភាក្សា​គឺ​មានសារៈ​សំខាន់​ណាស់ ​ពីព្រោះយើង​ជឿ​ជាក់​ថា​ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ​និង​កសាង​ប្រ​ជា​ធិប​តេយ្យ ​យើង​ត្រូវ​ការ​កត្តា​ពីរ​យ៉ាង ​វប្បធម៌​នៃ​ការ​ពិភាក្សា​ ជជែក​ដេញ​ដោល ​និង​ការ​សរសេរ​ប្លុក។​ ដូច្នេះ​ហើយ​បាន​ជា​យើងជួប​ជុំ​ពិភាក្សា​គ្នា​ជា​រៀង​រាល់​ថ្ងៃ​ហ្នឹង​ ហើយ​យើង​ក៏​បាន​បង្កើត​ជា​គេហទំព័រ​មួយ​សម្រាប់​ឲ្យ​សមាជិក​របស់​យើង​សរសេរ​ផង​ដែរ»។​

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​គុណ​តម្លៃ​នៃ​ការ​ពិភាក្សា​នេះ​គឺ​ថា ​យុ​វជន​អាច​អនុវត្ត​នូវ​ការ​ធ្វើ​នយោបាយ ​ ភាព​ជាអ្នក​ដឹក​នាំ ​ពិភាក្សា​ពីគំនិត​នៃ​គោល​នយោបាយ​នានា ​ដែល​នឹង​អាច​ជួយ​ពួក​គេ​ ដែល​នឹង​ក្លាយ​ជា​អ្នក​ដឹក​នាំ​ប្រ​ទេស​ទៅ​ថ្ងៃ​អនាគត​ស៊ាំ​ទៅ​នឹង​វប្បធម៌នៃ​ការ​ពិភាក្សា​គ្នា។​

គាត់​បន្ថែម​ថា៖​ «គ្មាន​សាលា​ដែល​បាន​បង្រៀន​យើង​អញ្ចឹង​ទេ។​ ខ្ញុំ​យល់​ថា ​រឿង​នេះ​ល្អ​ណាស់​សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​ នៅ​ពេល​អនាគត។​ មុន​ដំបូង​ ពួក​គេនឹង​រៀន​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​សមាជិក​ដទៃ ​(អ្នក​ដែល​ចូល​រួម)»។​

យុវតី​វឌ្ឍនា​ជា​និស្សិត​ឆ្នាំ​ទី​២​នៃ​វិទ្យាស្ថាន​ភាសា​បរទេស ​ដែល​បាន​ចូល​រួមក្នុង​កាហ្វេ​នយោបាយ​តាំង​ពី​ឆ្នាំ​២០១៣​មក ​បាន​ប្រាប់ ​VOA ថា វេទិកា​នេះ​បាន​ផ្ដល់ឱកាសឲ្យ​នាង​បាន​រៀន​ និង​ដឹង​ពី​ស្ថាន​ការណ៍​ដែល​កំពុង​កើត​ឡើង​ ក៏​ដូចជា​ផ្តល់ឱកាស​ក្នុង​ការ​ពិភាក្សា​ពី​បញ្ហា​នានា​ដែល​ជាក្តី​កង្វល់​របស់​ខ្លួន ​ដូច​ជា​រឿង​ព្រំដែន ​បញ្ហា​ស្រ្តី ​ក៏ដូច​ជា​ការ​កសាង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ជាដើម។​

យុវតី​វឌ្ឍនា ​ដែល​បាន​សរសេរ​អត្ថបទ​ចំនួន​៣ផ្សាយ​ក្នុង​គេហ​ទំព័រ​របស់​កាហ្វេ​នយោបាយ​នេះ ​បាន​លើក​ឡើង​បន្ថែមថា៖

«ពីព្រោះ​វាគ្មិន​ដែល​អញ្ជើញ​មក​កាហ្វេ​នយោបាយ​គឺ​ជា​អ្នក​ជំនាញ​ ​បាន​ជា​ខ្ញុំ​យល់​ថា​ ព័ត៌មាន​ដែល​គាត់បាន​ផ្ដល់​ឲ្យ​នោះ​ មិន​អាច​រក​បាន​ទេ​នៅ​ក្នុង​សៀវ​ភៅ​ ឬ​មិនមាន​បង្រៀន​នៅ​សាលាទេ»។​

ក្រៅ​ពី​មាន​ការ​រៀបចំ​កិច្ច​ពិភាក្សា​ប្រចាំ​សប្តាហ៍​ និង​ ​blog​ (គេហ​ទំព័រ​ផ្ទាល់​ខ្លួន)​ ​កាហ្វេ​នយោ​បាយ​ក៏​មាន​ Facebook Group​ ផងដែរ​ ដែល​អនុញ្ញាតឲ្យ​អ្នក​នៅ​ក្នុង​ក្រុម​នោះ​លើក​ឡើង​ពី​បញ្ហា​ណាមួយ ​ហើយ​ពួក​គេ​ពិភាក្សា​គ្នា​នៅ​ទី​នោះ។​ កាហ្វេ​នយោបាយ​មាន​គម្រោង​នឹង​ពង្រីក​ខ្លួន ​ដោយ​ចង់​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជាជន​ខ្មែរ​ទូទៅ។​

លោក​កែម ឡី ​ជាអ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម​ បាន​និយាយ​ថា​ ​ប្រទេស​កម្ពុជា​ពីមុន​មក​មិន​ធ្លាប់​មាន​អ្វី​ដូច​ដែល​កាហ្វេ​នយោបាយ​បាន​ធ្វើ​នា​ពេល​នេះ​ទេ។

លោកបានថ្លែង​សរសើរ​ដល់​ក្រុម​កាហ្វេ​នយោបាយនេះថា៖​ «យុវជន​ក្មេងៗ​ដែល​ជាអ្នក​គាំទ្រ​គណបក្ស​នយោបាយ​នានា​អាច​ចូល​រួម​ជាមួយ​គ្នា ​ខណៈ​ដែល​អ្នក​គាំទ្រ​ដែល​ជា​មនុស្ស​ចាស់​មិន​ចង់​ជួប​ពិភាក្សា​គ្នា​ទេ»។​

យុវជន​តារា​រ័ត្ន​ជា​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត ​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច ​ដែលបាន​ចូល​រួម​ក្នុង​កាហ្វេនយោ​បាយ​ដែរ​នោះ​ បាន​និយាយ​ថា ​ការ​ចូល​រួម​ជាមួយកាហ្វេ​នយោបាយ​នេះ​ បាន​ជួយ​ឲ្យ​តារារ័ត្ន​កសាង​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជា​ច្រើន ​ហើយក៏​បាន​ចែក​រំលែក​នូវ​ចំណេះ​ដឹង​និង​បទពិសោធន៍​ជា​មួយ​អ្នក​ផ្សេង​ទៀតផង។

តារារ័ត្ន​បាន​បន្ថែម​ថា៖​ «វា​ជួយ​ឲ្យ​យុវជន​បាន​បង្ហាញសមត្ថភាព​របស់​ពួក​គេ​ ក៏​ដូចជា​កសាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ផង​ដែរ។​ ខ្ញុំ​បាន​ចូល​រួម​ជាមួយ​កាហ្វេ​នយោបាយ​បាន​ចំនួន​ពីរ​ដង ​ខ្ញុំ​បានអភិវឌ្ឍ​ជំនឿ​លើ​ខ្លួនឯង​ដូចជា​ហ៊ាន​និយាយ​ និង​ហាន​បញ្ចញ​គំនិត​របស់​ខ្ញុំ​នៅ​មុខ​យុវជន​ផ្សេង​ទៀត​ជា​ដើម»៕

XS
SM
MD
LG