មុនពេលបិទការិយាល័យអាស៊ីសេរីកាលពីថ្ងៃទី១៣ ខែកញ្ញា លោក យ៉ង ចាន់តារា អតីតអ្នកយកព័ត៌មានវ័យក្មេងម្នាក់នៅស្ថាប័ននេះនៅមានរឿងចំនួនពីរទៀតត្រូវបញ្ចប់ ក្រោយលោកបានចុះទៅប្រមូលព័ត៌មានក្នុងខេត្តកោះកុង។ រឿងដែលលោកត្រូវសរសេរនោះ គឺទីមួយអំពីសក្តានុពលទេសចរណ៍នៃកោះមួយក្នុងខេត្តកោះកុង និងមួយទៀតអំពីស្ថានភាពនៃសកម្មជនបរិស្ថានរបស់ចលនាមាតាធម្មជាតិ ដែលតស៊ូមតិទៅលើបញ្ហាបូមខ្សាច់។
ពីរថ្ងៃមុនការបិទការិយាល័យ និងបញ្ចប់ការរាយការណ៍របស់អ្នកព័ត៌មានអាស៊ីសេរីនៅកម្ពុជា អត្ថបទរបស់លោក ចាន់តារា មួយត្រូវបានផ្សព្វផ្សាយស្តីអំពីភាពខុសគ្នានៃទិន្នន័យនាំខ្សាច់ចេញទៅកោះតៃវ៉ាន់ ដែលមានការបាត់បង់ទឹកប្រាក់ជាង ៣០លានដុល្លារអាមេរិក។
លោក ចាន់តារា ក៏បានបង្ហាញក្តីសោកស្តាយដែរ ដែលលោកមិនអាចរាយការណ៍បន្តទៀត ទាក់ទងនឹងបញ្ហានាំចេញខ្សាច់។ លោកបានថ្លែងប្រាប់ VOAថា៖
«អ្វីដែលជាការសោកស្តាយជាងគេបំផុតរបស់ខ្ញុំនោះគឺ សេចក្តីរាយការណ៍ព័ត៌មានដែលទាក់ទងនឹងជំនួញមិនប្រក្រតី ដូចជារឿងខ្សាច់រឿងអីអីចឹង»។
លោកបន្តថា មានរឿងរ៉ាវជាច្រើន ដែលអ្នកកាសែតឯករាជ្យ អាចចូលរួមជួយរាយការណ៍មុនការបោះឆ្នោតសាកលនៅឆ្នាំ២០១៨ខាងមុខនេះ។
លោក ចាន់តារា ដែលបានធ្វើការជាមួយវិទ្យុអាស៊ីសេរីជាង២ឆ្នាំ បាននិយាយថា លោកក៏បានរៀបចំគម្រោងធ្វើរឿងផ្សេងៗទៀតទាក់ទងនឹងអាជីវកម្មរ៉ែនៅខេត្តព្រះវិហារ និងតាមបណ្តាខេត្តផ្សេងទៀត បញ្ហាដីធ្លី និងរឿងស្ករអំពៅ។
លោក ចាន់តារា អាយុ២៥ឆ្នាំ ដែលបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា លោកនឹកសេចក្តីរាយការណ៍របស់លោកនៅវិទ្យុអាស៊ីសេរី និងក្រុមការងារដែលធ្លាប់ធ្វើការជាមួយគ្នា។
លោកមានប្រសាសន៍ថា៖
«នឹកដែរ នឹកខ្លាំង មិនមែននឹកដែរទេ តាមពិតនឹកខ្លាំង»។
លោកលើកឡើងថា ចុងក្រោយនេះ លោកមានបំណងធ្វើសេចក្តីរាយការណ៍អំពីសកម្មជនបរិស្ថានពីរនាក់របស់ចលនាមាតាធម្មជាតិ ដែលត្រូវបានចាប់ខ្លួន កាលពីខែកញ្ញា និងត្រូវបានឃុំខ្លួនរហូតមកដល់ពេលនេះ។
លោកបន្តថា វិទ្យុអាស៊ីសេរីតែងតែផ្តល់សំឡេងដល់អ្នកមិនសូវមានសំឡេងនៅក្នុងប្រទេសកម្ពុជា។ លោកមានប្រសាសន៍ថា៖
«មានន័យថា សហគមន៍ដែលរងគ្រោះ យើងឧស្សាហ៍តាមដានព័ត៌មាន។ យើងឧស្សាហ៍ផ្សាយព័ត៌មានពីពួកគាត់ណាស់។ អីចឹងហើយវាក៏ជាក្តីសង្ឃឹមមួយសម្រាប់ពួកគាត់ដែរ ដើម្បីទាមទារឲ្យមានដំណោះស្រាយចំពោះបញ្ហារបស់គាត់ហ្នឹងណា៎។ ក៏ប៉ុន្តែនៅពេលយើងត្រូវបានបិទទ្វារអីចឹងទៅ ខ្ញុំគិតថា ពួកគាត់កាន់តែចង្អៀតទៅទៀត នៅក្នុងការតស៊ូមតិ ដើម្បីឲ្យបានដំណោះស្រាយជុំវិញបញ្ហាដីធ្លី ឬមួយក៏បញ្ហាធនធានធម្មជាតិដែលកើតឡើងនៅតំបន់របស់គាត់»។
ទោះមិនអាចរាយការណ៍បានទៀតនាពេលនេះ លោក ចាន់តារា ក៏បានទទួលដំណឹងពីប្រភពផ្សេងៗ ប្រាប់ព័ត៌មានអំពីខ្សាច់ និងរ៉ែ តែលោកថា លោកមិនអាចរាយការណ៍បាននោះទេ សម្រាប់កាលៈទេសៈនេះ។ លោកមានប្រសាសន៍ថា៖
«ខ្ញុំថា ខ្ញុំនឹងអាចបញ្ជូនគំនិតហ្នឹងទៅខាងអាស៊ីសេរីនៅឌីស៊ី [រដ្ឋធានីវ៉ាស៊ីនតោន] ប៉ុន្តែខ្លួនខ្ញុំផ្ទាល់អត់អាចធ្វើអីបានទេ»។
វិទ្យុអាស៊ីសេរីបានសម្រេចបិទការិយាល័យរបស់ខ្លួននៅភ្នំពេញ ដោយសារបញ្ហាពន្ធ និងកិច្ចការរដ្ឋបាលមួយចំនួន ក្រោយរដ្ឋាភិបាលបានចាត់វិធានការលើការបង់ពន្ធរបស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យវិទ្យុមួយនេះដំណើរការបាន២០ឆ្នាំ មុនពេលលើកឡើងអំពីបញ្ហាពន្ធ។
ចំណាត់ការរបស់រដ្ឋាភិបាលលើវិទ្យុអាស៊ីសេរីធ្វើឡើងបន្ទាប់ពីមានការបិទកាសែតឌឹ ខេមបូឌា ដេលី (The Cambodia Daily) វិទ្យុក្នុងស្រុកដែលជួលម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវីអូឌី និងការបិទការិយាល័យប្រចាំប្រទេសនៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI ដែលជាអង្គការអាមេរិកធ្វើការពង្រឹងលទ្ធិប្រជាធិបតេយ្យ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការបិទវិទ្យុ អ្នកស្រី Libby Liu ប្រធានវិទ្យុអាស៊ីសេរី បាននិយាយថា ជិត២០ឆ្នាំមកនេះ វិទ្យុអាស៊ីសេរីបានផុ្តល់ដំណឹងឯករាជ្យ ទុកចិត្ត និងជឿជាក់បានដល់ប្រជាជនកម្ពុជា។
ភាពអត់ការងារធ្វើ ការរើសអើងប្រឆាំងនឹងអ្នកកាសែត
លោក យ៉ង ចាន់តារា បានអះអាងថា លោកមានការលំបាកក្នុងការស្វែងរកការងារធ្វើនៅស្ថាប័នព័ត៌មានដែលអ្នកកាសែតមានសេរីភាពច្រើនក្នុងការរាយការណ៍។ លោកមានប្រសាសន៍ថា លោកមិនអាចធ្វើការនៅស្ថាប័នព័ត៌មានដែលស្ថិតនៅក្រោមគំនាបរបស់រដ្ឋាភិបាលនោះទេ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំខ្លួនឯង ខ្ញុំមិនអាចទៅធ្វើការនៅស្ថាប័នដែលគាំទ្ររដ្ឋាភិបាលបានទេ។ ខ្ញុំនិយាយនេះមិនមែនមានន័យថា ខ្ញុំជាមនុស្សប្រឆាំងរដ្ឋាភិបាលទេ។ ប៉ុន្តែដែលសំខាន់ គឺយើងធ្លាប់ធ្វើការជាអ្នកសារព័ត៌មានដែលឯករាជ្យ ដែលធ្វើទៅតាមវិជ្ជាជីវៈរបស់យើងត្រឹមត្រូវណា៎។ យើងឃើញម៉េច យើងថាអីចឹង។ យើងរាយការណ៍បែបហ្នឹង។ ហើយបើយើងឃើញបញ្ហាហើយ យើងឃើញមានកំហុសហើយ ហើយយើងនៅតែរាយការណ៍ថា វាត្រូវ វាអត់អីចឹងទេ។ វាក្បត់នឹងមនសិកាខ្លួនឯង»។
ទីផ្សារសម្រាប់អ្នកសារព័ត៌មានឯករាជ្យមិនមានច្រើនទេនាពេលបច្ចុប្បន្ននេះ។ យ៉ាងហោចណាស់ អ្នកកាសែតចន្លោះពី ៣០ទៅ ៤០នាក់មកពីវិទ្យុអាស៊ីសេរី និងកាសែត The Cambodia Daily បានអស់ការងារធ្វើ ក្រោយពីស្ថាប័នទាំងពីរបានប្រកាសបិទទ្វារ។
អតីតអ្នកយកព័ត៌មានអាស៊ីសេរីមួយចំនួនលើកឡើងថា ពួកគេចង់សម្រាកមួយរយៈ និងស្វែងរកការងារនាពេលក្រោយ។ អ្នកខ្លះកំពុងតែពិចារណាការរកស៊ី និងអ្នកខ្លះទៀតកំពុងគិតពីការបំពេញការងារនៅផ្នែកផ្សេង ខុសពីអាជីពអ្នកកាសែត ដោយសារពិបាកស្វែងរកការងារធ្វើជាអ្នកកាសែត នាពេលនេះ។
សម្រាប់លោក ចាន់តារា លោកកំពុងគិតពីការបំពេញការងារនៅសង្គមស៊ីវិលអន្តរជាតិ អាចជាមន្រ្តីផ្នែកទំនាក់ទំនង ប្រសិនបើលោកមិនអាចស្វែងរកការងារធ្វើនៅស្ថាប័នព័ត៌មានឯករាជ្យ ក្នុងរយៈពេលពីរបីខែខាងមុខនេះ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំនៅតែស្រឡាញ់ការងារជាអ្នកកាសែត។ ហើយខ្ញុំក៏នឹងពិចារណាដែរទៅលើការដាក់ពាក្យធ្វើការងារជាមន្រ្តីអង្គការសង្គមស៊ីវិល ប៉ុន្តែជាអង្គការអន្តរជាតិអីចឹងទៅ ពីព្រោះនៅទីបំផុតទៅ បើសិនជាខ្ញុំសម្លឹងមើលឃើញថា វិស័យសារព័ត៌មានដែលឯករាជ្យ និងមានវិជ្ជាជីវៈហ្នឹង គេមិនត្រូវការបុគ្គលិកអីទេ មានតែយើងសុខចិត្តចាកចេញពីវិស័យហ្នឹង»។
លោក ចាន់តារា មានបំណងចង់ធ្វើជាអ្នកកាសែតទទួលកម្រៃតាមអត្ថបទ ឬភាសាអង់គ្លេសហៅថា Freelancer ហើយលោកបានសុំបណ្ណព័ត៌មានពីក្រសួងព័ត៌មាន ប៉ុន្តែលោកត្រូវបានគេប្រាប់ថា ក្រសួងនឹងមិនចេញបណ្ណឲ្យនោះទេ។ លោកលើកឡើងថា ឈ្មោះអ្នកកាសែតអាស៊ីសេរី និង The Cambodia Daily ត្រូវបានគេដាក់ក្នុងបញ្ជីខ្មៅ ដែលមិនងាយនឹងទទួលបានបណ្ណព័ត៌មានឲ្យនោះទេ។
លោកមានប្រសាសន៍ថា៖
«អីចឹងមានន័យថា វាជារឿងមួយគួរឲ្យសោកស្តាយណាស់ ពីព្រោះហេតុអីបានជាដោយសារតែខ្ញុំមានអតីតភាពការងារនៅអាស៊ីសេរី ឬមួយក៏អ្នកខ្លះមានអតីតនៅ The Cambodia Daily ហើយត្រូវបានរើសអើង ត្រូវបានក្រសួងមិនចុះបញ្ជីឲ្យយើងជា Freelance»។
កាលពីថ្ងៃទី១៥ ខែតុលា ក្រសួងព័ត៌មានបានចេញសេចក្ដីជូនដំណឹងមួយ ដោយលើកឡើងថា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍មិនផ្តល់បណ្ណសារព័ត៌មានដល់អ្នកកាសែត ដែលបម្រើការងារឲ្យកាសែត The Cambodia Daily និងអាស៊ីសេរីនោះទេ មូលហេតុដោយសារអង្គភាពសារព័ត៌មានទាំងពីរនេះបានប្រកាសឈប់ដំណើរការ និងបិទការិយាល័យរបស់ខ្លួននៅកម្ពុជា ដោយឯកតោភាគី កាលពីខែកញ្ញា ឆ្នាំ២០១៧។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានច្រានចោលការលើកឡើងរបស់អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលថា ក្រសួងមិនចេញកាតសម្រាប់អ្នកយកព័ត៌មានស៊ីកម្រៃតាមអត្ថបទ។ លោកបញ្ជាក់ថា ការសុំកាតគឺត្រូវបំពេញតាមតម្រូវការរបស់ក្រសួង ដូចជាត្រូវមានការធានាត្រឹមត្រូវ សរសេរឲ្យនរណា មានការិយាល័យនៅទីណា និងត្រូវបង្ហាញអត្ថបទដែលសរសេរចុងក្រោយ ទើបក្រសួងចេញកាតឲ្យ។
លោកមានប្រសាសន៍ថា៖
«Freelance គឺគាត់ត្រូវសរសេរតាមតម្រូវការរបស់ក្រសួងព័ត៌មាន តម្រូវការតាមផ្លូវច្បាប់យ៉ាងម៉េច Freelance គេត្រូវមានអីខ្លះ គាត់ធ្វើតាមគេឬទៅ»។
ការប្រឈមនឹងគ្រោះថ្នាក់នៅវិទ្យុអាស៊ីសេរី
អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីបានប្រថុយប្រថាននៅក្នុងព្រឹត្តិការណ៍ និងសេចក្ដីរាយការណ៍រសើបមួយចំនួន រួមមានអំពើពុករលួយ ការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ ការបណ្ដេញចេញដោយបង្ខំ ការសូកប៉ាន់សំណូក ជម្លោះដីធ្លី ការរំលោភសិទ្ធិពលរដ្ឋ ដែលភាគច្រើននៃរឿងរ៉ាវទាំងអស់នេះត្រូវបានព្រងើយកន្តើយ ដោយកាសែតនៅក្នុងស្រុកដែលត្រូវបានគ្រប់គ្រង ឬមាននិន្នាការទៅរករដ្ឋាភិបាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានកាន់អំណាចជាង៣០ឆ្នាំមកហើយ ហើយដែលត្រូវបានរិះគន់កាលពីពេលកន្លងទៅថា កំពុងបំបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅមុនការបោះឆ្នោតឆ្នាំ២០១៨ ធ្លាប់បានលើកឡើងថា វិទ្យុអាស៊ីសេរី និងVOA តែងតែរាយការណ៍ខុស និងលម្អៀង។
កាលពីខែធ្នូ ឆ្នាំ២០១៦ លោក ហ៊ុន សែន បានថ្លែងក្នុងពិធីមួយនៅចំពោះមុខឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាថា៖
«បើសូម្បីតែលោកដូណាល់ ត្រាំ ដែលពេលនោះជាបេក្ខជនប្រធានាធិបតីមិនទាន់ជាប់ឆ្នោត គាត់ហ៊ាននិយាយឲ្យក្បាលម៉ាស៊ីនឃោសនារបស់អាមេរិកមួយចំនួនថា លម្អៀង។ បើប្រព័ន្ធឃោសនានៅអាមេរិកវាលម្អៀងហើយ ទម្រាំប្រព័ន្ធឃោសនាអាមេរិកនៅកម្ពុជា វាលម្អៀងដល់ណាទៀត»។
លោក រ៉ាន់ សំណាង អតីតអ្នកយកព័ត៌មានវីដេអូរបស់អាស៊ីសេរី ដែលបានបំពេញការងារឲ្យវិទ្យុប្រមាណ ៣ឆ្នាំកន្លះ បាននិយាយថា សេចក្តីរាយការណ៍ចុងក្រោយរបស់លោក គឺទាក់ទងនឹងការសុំនៅក្រៅឃុំរបស់អ្នកវិភាគនយោបាយគឺលោក គឹម សុខ ដែលត្រូវបានរដ្ឋាភិបាលប្តឹង និងតុលាការចោទប្រកាន់ និងសម្រេចឃុំខ្លួនទាក់ទងនឹងការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» ក្នុងការអធិប្បាយរបស់លោកដែលថា គណបក្សប្រជាជនកម្ពុជានៅពីក្រោយការសម្លាប់លោក កែម ឡី អ្នកវិភាគសង្គម។ លោកបន្តថា លោកក៏មានគម្រោងរាយការណ៍ជាវីដេអូទាក់ទងនឹងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងខេត្តស្ទឹងត្រែងដែរ នៅពេលវាចាប់ផ្តើមដំណើរការផលិតថាមពលនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
លោក រ៉ាន់ សំណាង អាយុ២៧ឆ្នាំ បានរំឭកថា កាលពីឆ្នាំ២០១៥ លោកបានថតវីដេអូអំពីការតវ៉ារបស់កម្មកររោងចក្រ រហូតដល់មានការគំរាមកំហែងរូបលោក និងការប្រើពាក្យសម្ដីមិនសមរម្យពីខាងនគរបាល ដែលបានចុះទៅធ្វើអន្តរាគមន៍ការតវ៉ានោះ។
ទោះជាយ៉ាងណាក៏ដោយ នេះមិនបានធ្វើឲ្យលោក រ៉ាន់ សំណាង ឈប់រាយការណ៍ព្រឹត្តិការណ៍រសើបនោះទេ។
លោក សំណាង បន្តថា ការបិទស្ថាប័នព័ត៌មានឯករាជ្យ ដូចជាវិទ្យុអាស៊ីសេរី និងកាសែត The Cambodia Daily ធ្វើឲ្យបាត់បង់រឿងមួយចំនួនធំដែលកើតឡើងនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖
«អីចឹងដូចស្ថាប័នខាងអាស៊ីសេរីអីចឹង ភាគច្រើន គាត់ផ្ដោតទៅលើរឿងដែលកាសែតក្នុងស្រុកមិនសូវមានសរសេរ។ អីចឹងរឿងទាំងអស់ហ្នឹងហើយ ដែលប្រជាពលរដ្ឋ គាត់ចង់ដឹង។ គាត់ចង់ឭ គាត់ចង់ឃើញ។ អីចឹងប្រសិនបើបាត់អ្នកកាសែតអាជីពទាំងអ្នកកាសែត The Cambodia Daily ទាំងអ្នកអាស៊ីសេរី អីចឹងទំហំរឿងមួយផ្នែកធំនៃសង្គមខ្មែរ មិនត្រូវបានតាមដានដោយអ្នកកាសែតអាជីព»។
លោកចាត់ទុកការបាត់បង់សំឡេងវិទ្យុអាស៊ីសេរីធ្វើឲ្យរដ្ឋាភិបាលមិនបានដឹងអំពីតួនាទីអសកម្មរបស់មន្ត្រីថ្នាក់ក្រោម។
លោកមានប្រសាសន៍ថា៖
«តួនាទីរបស់សារព័ត៌មានហ្នឹងហើយគឺជាភ្នែក ជាចម្រុះរបស់រដ្ឋាភិបាលទៅវិញទេ ដើម្បីជួយឃ្លាំមើលរាល់មន្ត្រីអសកម្មទាំងឡាយណា ដែលគាត់មិនបានបំពេញការងារត្រឹមត្រូវ តាមដានសកម្មភាពមន្ត្រីក្រោមឱវាទរដ្ឋាភិបាលទាំងឡាយណាដែលគាត់រំលោភច្បាប់ រំលោភសិទ្ធិប្រជាពលរដ្ឋ ប្រើប្រាស់អំណាចហួសទៅវិញទេ»។
ខណៈកំពុងប្រឈមនឹងភាពអត់ការងារធ្វើ លោក សំណាង ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា លោកកំពុងពិចារណាបន្តការសិក្សាផ្នែកសារព័ត៌មានបន្តទៀត ដើម្បីពង្រឹងចំណេះដឹងផ្នែកសារព័ត៌មានរបស់លោក។
លោកមានប្រសាសន៍ថា៖
«អីចឹងសម្រាប់ខ្ញុំនៅក្មេងចេះ ខ្ញុំគិតថា ខ្ញុំនឹងរកមើលឱកាសណាផ្សេងទៀតក្រៅពីការងារ ដូចជាការដាក់រៀនបន្តអីចឹងជាដើម ដើម្បីបង្កើនចំណេះខាងផ្នែកសារព័ត៌មានរបស់ខ្ញុំតទៅទៀត»។
បន្ទាប់ពីការបិទការិយាល័យអាស៊ីសេរី ក្រសួងព័ត៌មានបានធ្វើសន្និសីទសារព័ត៌មានមួយកាលពីពាក់កណ្តាលខែកញ្ញា ដោយបានអះអាងថា អ្នកយកព័ត៌មានអាស៊ីសេរីនឹងប្រឈមនឹងការចាប់ខ្លួន ប្រសិនបើពួកគេបន្តរាយការណ៍នៅកម្ពុជា។ រដ្ឋាភិបាលកម្ពុជាក៏បានចោទប្រកាន់ផងដែរថា វិទ្យុអាស៊ីសេរីបានញុះញង់ប្រជាជនកម្ពុជាឲ្យប្រឆាំងនឹងរដ្ឋាភិបាល។
សំឡេងវិទ្យុអាស៊ីសេរីត្រូវមានអ្នកស្តាប់ច្រើននៅតាមបណ្ដាខេត្ត និងនៅតំបន់ដាច់ស្រយាលផងដែរ ដោយសារវិទ្យុនេះមានអ្នកឆ្លើយឆ្លងព័ត៌មាននៅតាមខេត្តជាច្រើន។ អតីតអ្នកយកអាស៊ីសេរីមួយចំនួនកំពុងតែព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេផងដែរ ខណៈស្ថានភាពនយោបាយនៅកម្ពុជាកំពុងតានតឹង។
អ្នកយកព័ត៌មានអាស៊ីសេរី ដែលប្រចាំការនៅខេត្តមួយ បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា លោកបានទទួលដំណឹងពីប្រជាពលរដ្ឋជាបន្តបន្ទាប់ ស្ទើររៀងរាល់ថ្ងៃអំពីភាពមិនប្រក្រតីមួយចំនួន ដូចជាជម្លោះដីធ្លី ការកាប់បំផ្លាញព្រៃឈើ និងការដឹកឈើខុសច្បាប់ជាដើម។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA អ្នកយកព័ត៌មានរូបនេះ ដែលមិនបញ្ចេញឈ្មោះព្រោះបារម្ភអំពីសុវត្ថិភាព បាននិយាយថា លោកមានភាពប្រុងប្រយ័ត្នជាងមុន ដូច្នេះលោកមិនចង់ចេញមុខច្រើននៅតាមសាធារណៈនោះទេ។
លោកមានប្រសាសន៍ពេលកំពុងបើករថយន្តថា៖
«អីចឹងហើយបានខ្ញុំជិះឡាន ពីព្រោះយ៉ាងហោចណាស់អាចការពារបាន។ ភាគច្រើន ខ្ញុំនៅផ្ទះ មិនសូវចេញមុខទេ។ នៅពេលខ្ញុំទៅណាពេលយប់ ខ្ញុំមានមនុស្សទៅជាមួយ»។
លោកបន្តថា អវត្តមានវិទ្យុអាស៊ីសេរីធ្វើឲ្យអ្នកកាប់ឈើខុសច្បាប់ និងអ្នកមានអំណាចកាន់តែធ្វើសកម្មភាពបន្តទៀត ដោយគ្មានការញញើត។ លោកមានប្រសាសន៍ថា៖
«ឥឡូវអ្នកមានអំណាចកាន់តែហ៊ានធ្វើអំពើផ្តេសផ្តាស។ ពីមុនមានវិទ្យុអាស៊ីសេរីផ្សាយ ចុះទម្រាំតែអត់វិទ្យុអាស៊ីសេរី?»
អាស៊ីសេរីប្រភពព័ត៌មានរបស់ពលរដ្ឋនៅតាមជនបទ
អស់រយៈពេលជិត២០ឆ្នាំហើយ ដែលវិទ្យុអាស៊ីសេរីបានដើរតួនាទីសំខាន់ និងមានវិសាលភាពនៅតាមជនបទ ដោយរាយការណ៍អំពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។
លោក សោម រ៉ែម អាយុ៦៨ឆ្នាំ ជាអ្នកភូមិម្នាក់ក្នុងឃុំអូររៃ ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា លោកតែងតែស្តាប់ព័ត៌មានអាស៊ីសេរី និង VOA ជារៀងរាល់ពេល ដោយលោកចាត់ទុកថា ផ្សាយព័ត៌មានអាចទុកចិត្តបាន ហើយលោកអាចបង្កើនចំណេះដឹងទាក់ទងនឹងប្រជាធិបតេយ្យ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំដឹង ខ្ញុំយល់ ខ្ញុំចេះ ខ្ញុំជឿហើយបានខ្ញុំស្តាប់! បើមិនជឿ មិនស្តាប់ទេ ព្រោះថា អញ្ចុះហើយបានជាចង់ស្តាប់រាប់ថ្ងៃនេះ ព្រោះថា ព័ត៌មាន VOA និងអាស៊ីសេរីនេះវាពិតប្រាកដហើយ។ គេមិនបំផ្លើសមិនអីទេ។ គេចង់ឲ្យប្រជាជនយល់ដឹងពីលទ្ធិប្រជាធិបតេយ្យយ៉ាងម៉េចៗ បានចង់ស្តាប់ តាមដានស្តាប់រហូតខ្ញុំ»។
លោកបញ្ជាក់បន្ថែមថា៖
«បើអត់ដឹង ដូចជាដេក ដេកផ្ទះ ដូចមានអីចុកត្រចៀកអីចឹង។ បើល្ងឹតឈឹងហើយ មិនដឹងអីយ៉ាងម៉េចទេ! អត់ដឹងឮ មិនដឹងអី ដូចមនុស្សវង្វេងព្រៃហើយ!»
ទោះជាយ៉ាងណា លោកថា បច្ចុប្បន្ននេះ លោកអាចស្តាប់វិទ្យុ VOA តាមរយៈរលកវិទ្យុសំឡេងខ្លី តែមិនអាចស្តាប់វិទ្យុអាស៊ីសេរី ដែលផ្សាយចេញពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកបាននោះទេ។ លោកមានបំណងទិញវិទ្យុថ្មីមួយដែលលោកថា អាចស្ដាប់វិទ្យុអាស៊ីសេរីបាន។ ប៉ុន្តែលោកថា មិនទាន់មានថវិកាទិញវិទ្យុនៅឡើយទេ។
បច្ចុប្បន្ននេះ លោក សោម រ៉ែម ក៏ស្តាប់ព័ត៌មានរបស់វិទ្យុជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលដែរ។ លោកថា លោកចង់ដឹងថា តើមានការផ្សាយខុសគ្នាយ៉ាងម៉េចអំពីស្ថានភាពនយោបាយនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖
«ខ្ញុំចង់ស្តាប់ ចង់ដឹងទេនេះ ចង់ដឹងសភាពការណ៍នៅក្នុងប្រទេសយើង វាយ៉ាងម៉េច? ប៉ុន្តែថា ឲ្យចាប់អារម្មណ៍ទៀងទាត់ គឺមិនទៀងទាត់ទេ»។
ប្រជាពលរដ្ឋម្នាក់ទៀតនៅក្នុងឃុំអូររៃគឺលោក ម៉ែន សារ៉ន អាយុ៧៦ឆ្នាំ មានប្រសាសន៍ថា លោកតែងតែស្ដាប់វិទ្យុអាស៊ីសេរី និង VOA ជារៀងរាល់ពេលព្រឹក និងពេលយប់។ ទោះជាយ៉ាងណា លោកថា លោកមិនអាចស្តាប់ព័ត៌មានអាស៊ីសេរីនៅពេលព្រឹក ដូចកាលពីមុននោះទេ។ លោកលើកឡើងថា វិទ្យុអាស៊ីសេរីបានផ្សាយព័ត៌មាននយោបាយពិត ដែលអាចទុកចិត្តបាន និងជួយដល់ការសម្រេចចិត្តក្នុងការបោះឆ្នោតផងដែរ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំមានជំនឿ ជឿជាក់អីចឹង។ ខ្ញុំថា ពិតហើយបានគេផ្សាយ! ជំនួយអារម្មណ៍ ជំនួយចំណេះដឹង យើងខ្ញុំជាប្រជាពលរដ្ឋខំរក្សាវិទ្យុនេះ ដើម្បីស្វែងយល់ ស្វែងយល់ពីកម្លាំងនយោបាយ»។
ទោះជាយ៉ាងណា លោកថា លោកមិនអាចស្តាប់វិទ្យុអាស៊ីសេរីដូចកាលពីមុននោះទេ៕