ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​របាយ​ការណ៍​បង្ហាញ​ការ​បាត់បង់​ទឹក​ប្រាក់​ជាង​៣០​លាន​ដុល្លារ​ក្នុង​ការ​នាំ​ខ្សាច់​ទៅ​តៃវ៉ាន់


កប៉ាល់​យក្ស​ពីរគ្រឿង​ កំពុង​ចត​ទល់​មុខ​ឃុំព្រែកខ្សាច់ ខេត្ត​កោះកុង ដែល​គេ​សង្ស័យ​ថា ដឹក​ខ្សាច់​ស៊ីលីកា នាំចេញ​ទៅ​ក្រៅ​ប្រទេស។ (រូបថតដោយ ចលនា​មាតា​ធម្មជាតិ)
កប៉ាល់​យក្ស​ពីរគ្រឿង​ កំពុង​ចត​ទល់​មុខ​ឃុំព្រែកខ្សាច់ ខេត្ត​កោះកុង ដែល​គេ​សង្ស័យ​ថា ដឹក​ខ្សាច់​ស៊ីលីកា នាំចេញ​ទៅ​ក្រៅ​ប្រទេស។ (រូបថតដោយ ចលនា​មាតា​ធម្មជាតិ)

​របាយ​ការណ៍​បង្ហាញ​ការ​បាត់បង់​ទឹក​ប្រាក់​ជាង​៣០​លាន​ដុល្លារ​ក្នុង​ការ​នាំ​ខ្សាច់​ទៅ​តៃវ៉ាន់​ បន្ថែម​ពីលើ​​ភាព​ខុស​គ្នា​​ជិត​៧០០​លាន​ដុល្លារ​​នៃ​ទិន្នន័យ​នាំ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី។

ទឹក​ប្រាក់​ជាង​៣០​លាន​ដុល្លារ​អាមេរិក​នៃ​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា​ (ខ្សាច់ស)​ទៅ​តៃវ៉ាន់​ ត្រូវ​បាន​រក​ឃើញ​ថា​ បាត់បង់​តាមរយៈ​ការ​ផ្ទៀងផ្ទាត់​ខុស​គ្នា​ឆ្ងាយ​ រវាង​របាយ​ការណ៍​ផ្លូវការ​របស់​រដ្ឋាភិបាល​កម្ពុជា ​និង​របាយ​ការណ៍​ដែល​បាន​មក​ពី​តៃវ៉ាន់។​

របាយ​ការណ៍​ខុស​គ្នា​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុម​បរិស្ថាន​នៃ​អង្គការមាតា​ធម្មជាតិ​ដែល​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​ច្រើន​ឆ្នាំ​មក​ហើយ។​

អង្គការ​មាតា​ធម្មជាតិ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា​ «ជា​ក្រុម​ញុះញង់»​ បាន​បញ្ចេញ​របាយ​ការណ៍​របស់​រដ្ឋបាល​គយ​តៃវ៉ាន់ ​ដែល​បង្ហាញ​ថា ​តៃវ៉ាន់​បាន​នាំ​ចូល​ខ្សាច់​ស៊ីលីកា​ចំនួន១.៥៣៣.៨៥៥ ​តោន​ពី​ប្រទេស​កម្ពុជា ​ក្នុង​ចន្លោះ​ឆ្នាំ​២០១២​ដល់​២០១៦ ​ដែល​មាន​តម្លៃ​៣២. ២៧២.០០០​ដុល្លារ​អាមេរិក។​

ប៉ុន្តែ​ទិន្នន័យ​នេះ​ខុស​ពី​ទិន្នន័យ​ដែល​ត្រូវ​បាន​កត់ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម ​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​មាតា​ធម្មជាតិ។ ​ទិន្នន័យ​របស់​រដ្ឋាភិបាល​កម្ពុជាបង្ហាញ​ថា ​ខ្សាច់​ចំនួន​ ២៨.៩០០​តោន ​ដែល​មាន​តម្លៃ​២៧៥.៦០៦​ដុល្លារ​អាមេរិក ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា។ ​បើ​តាម​ការ​ផ្ទៀង​ផ្ទាត់​ទិន្នន័យ ​ទឹក​ប្រាក់​នៃ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​តៃវ៉ាន់​ខុសគ្នា​ដល់​ទៅ​ជាង​ ៣០​លាន​ដុល្លារ​អាមេរិក។​

VOA ​មិន​អាច​ទទួល​បាន​ទិន្នន័យ​ពី​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាលអំពីការ​នាំ​ខ្សាច់ចេញ​អំឡុង​ពេល​នៃ​ការ​ស៊ើប​អង្កេត​របស់​អង្គការ​មាតា​ធម្មជាតិនោះ​ទេ។​

លោក ​យស មុនីរ៉ាត់ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ ​និង​ថាមពល​នៃ​ប្រទេស​កម្ពុជា ​បាន​បដិសេធ​មិន​បញ្ជាក់​អំពី​ទិន្នន័យ ​ហើយ​បានឲ្យ​អ្នក​យក​ព័ត៌មាន​ទៅ​មើល​របាយ​ការណ៍​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​រដ្ឋាភិបាល​កាល​ពី​មុន។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ កាល​ពីថ្ងៃ​ចន្ទ​ថា៖​

«បើ​យើង​និយាយ​អំពី​ពាក្យ​ស្ថិតិ ​ទោះ​បី​ជា​មក​យក​ពី​ខ្ញុំ​ យក​ថ្ងៃ​ហ្នឹង ​និង​យកស្អែក​ ​ក៏​ស្ថិតិវា​ខុស​គ្នា​ដែរ​ មិន​អីចឹង?​ ដូច្នេះ​ខ្ញុំ​អត់​មាន​អី​ដែល​ហួស​អំពី​អ្វី​ដែល​យើង​បាន​ធ្វើ​ជូន​ទៅ​ខាង​សភា...»។​ ​

លោក​បាន​ចាត់​ទុក​ក្រុម​អង្គការ​មាតា​ធម្មជាតិ​ថា​ ជា​ក្រុម​ប្រឆាំង​រដ្ឋាភិបាល។ ​លោក​មាន​ប្រសាសន៍​ថា៖​

«អាហ្នឹង​គ្រាន់​តែ​វារំខាន​ការងារ​រដ្ឋាភិបាល​យើង»។​

កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៦​ មាន​ការ​បង្ហាញ​របាយ​ការណ៍​ខុស​គ្នា​នៃ​ការ​នាំ​ខ្សាច់​ចេញទៅ​ប្រទេស​សិង្ហបុរី ​ដែល​មាន​ការ​បាត់បង់​ថវិកា​ដល់​ទៅ​ ៧០០​លាន​ដុល្លារ។ ​ក្រោយ​មក​ នៅ​ខែ​កក្កដា ​ឆ្នាំ​២០១៧​ រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​សិង្ហបុរី ​ដោយអ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពលលើក​ឡើង​ថា ​ដើម្បី​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន។​

ជា​ទូទៅ ​ក្រុមហ៊ុន​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់​ពន្ធ​២០​ភាគរយ​ទៅ​លើ​ប្រាក់​ចំណេញ។​

លោក ​យស មុនីរ៉ាត់ ​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​អាច​រក​ចំណូល​បាន​ពី​ការ​នាំខ្សាច់​ចេញ​តាម​រយៈ​ការ​បង់​ថ្លៃ​សួយសារអាករ​លើ​ចំនួន​ខ្សាច់​នាំ​ចេញ​ តែ​លោក​មិន​បាន​ផ្តល់​ចំនួន​ជាក់​លាក់​នោះ​ទេ។​ លោក​បន្ត​ថា ​ក្រុមហ៊ុន​ក៏​ត្រូវ​បង់​ទៅ​ឲ្យ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ នូវ​ថ្លៃ​នាំ​ខ្សាច់​ចេញ ​និង​បង់​ពន្ធ​លើ​ប្រាក់​ចំណេញទៅ​ខាង​ពន្ធដារ​ផង​ដែរ។​

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្រ្តី​នៅ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ​មន្រ្តី​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ ​និង​មន្រ្តី​នៅ​ក្រសួង​ពាណិជ្ជកម្ម ​បាន​នោះ​ទេ។​

កាល​ពី​ចុង​ខែ​សីហា​ ក្រសួង​រ៉ែ និង​ថាមពល​របស់​កម្ពុជា​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដែល​បង្ហាញ​ថា ​ការ​នាំខ្សាច់​ស៊ីលីកា​ចេញ ពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ដល់​ខែ​មិថុនា ​ឆ្នាំ​២០១៧​ សរុប​មាន​ចំនួន​១៥៨.០០០​តោន។​

កប៉ាល់​យក្ស​ពីរគ្រឿង​ កំពុង​ចត​ទល់​មុខ​ឃុំព្រែកខ្សាច់ ខេត្ត​កោះកុង ដែល​គេ​សង្ស័យ​ថា ដឹក​ខ្សាច់​ស៊ីលីកា នាំចេញ​ទៅ​ក្រៅ​ប្រទេស។ (រូបថតដោយ ចលនា​មាតា​ធម្មជាតិ)
កប៉ាល់​យក្ស​ពីរគ្រឿង​ កំពុង​ចត​ទល់​មុខ​ឃុំព្រែកខ្សាច់ ខេត្ត​កោះកុង ដែល​គេ​សង្ស័យ​ថា ដឹក​ខ្សាច់​ស៊ីលីកា នាំចេញ​ទៅ​ក្រៅ​ប្រទេស។ (រូបថតដោយ ចលនា​មាតា​ធម្មជាតិ)

សេចក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ​អាជ្ញាប័ណ្ណ​សម្រាប់​ការ​នាំខ្សាច់​ស៊ីលីកាចេញ​ ត្រូវ​បាន​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​ចំនួន​ពីរ ​គឺ​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​គ្រុប ​ដែល​គ្រប់គ្រង​ដោយ​លោក​ម៉ុង ឬទ្ធី​ ​សមាជិក​ព្រឹទ្ធ​សភា​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​និង​ក្រុមហ៊ុន Sibelco Cambodia។​

លោក ​ម៉ុង ឫទ្ធី​ ម្ចាស់​ក្រុមហ៊ុន​ម៉ុង ឫទ្ធីគ្រុប ​បាន​ថ្លែង​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ក្រុមហ៊ុន​របស់​លោក​បាន​ផ្អាក​ការ​នាំ​ខ្សាច់​ចេញហើយ​នៅ​ពេល​នេះ ​តែ​លោក​បានបដិសេធ​មិន​អធិប្បាយ​ពី​មូលហេតុ​នៃ​ការ​ផ្អាក​នេះ​ទេ។ លោក​ក៏​បាន​បដិសេធ​មិន​អធិប្បាយ​លម្អិត​ទាក់ទង​នឹង​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​ដែរ។​

លោក ​ម៉ុង ឫទ្ធី ​មាន​ប្រសាសន៍​ថា៖​

«កុំ​សរសេរ​ឲ្យ​មនុស្ស​ឈ្លោះ​គ្នា ​ស្អីៗ។ ​ខ្ញុំ​ដឹង​អា​ហ្នឹង​វា​រសើប​ហើយ»។​

កាល​ពី​យប់​ថ្ងៃ​ចន្ទ ​អង្គការ​មាតា​ធម្មជាតិ ​បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ​ដែល​និយាយ​ពី​ការ​បាត់បង់​ខ្សាច់ដែល​លក់​ឲ្យ​តៃវ៉ាន់។​

ស្រប​ពេល​មាន​ព័ត៌មាន​នៃ​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​នាំ​ខ្សាច់​ចេញ​ទៅ​តៃវ៉ាន់ ​និង​ការ​បង្ហោះ​វីដេអូ​របស់​អង្គការ​មាតា​ធម្មជាតិ​ ​សកម្មជន​របស់​មាតា​ធម្មជាតិ​ពីរ​នាក់​នៅ​ខេត្ត​កោះកុង​គឺ​ឈ្មោះ ​ឌឹម គុនឌី ​និងហ៊ុន វណ្ណៈ ​ត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពី​ព្រឹក​ថ្ងៃអង្គារ​ ខណៈ​ដែល​ពួកគេ​បាន​ចុះ​ទៅ​មើល​ការដ្ឋាន​ខ្សាច់​នៅ​ក្នុង​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​នេះ។​

កញ្ញា​ លីម គីមស័រ ​សកម្មជន​របស់​អង្គការមាតា​ធម្មជាតិ ​បាន​ប្រាប់​ VOA ​ថា ​សកម្មជន​ទាំង​ពីរ​នាក់​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចូល​ទៅ​ការដ្ឋាន​ក្រុមហ៊ុន ​ដោយ​គ្មាន​ការ​អនុញ្ញាត។​

កញ្ញា​បាន​បញ្ជាក់​ថា​ ការ​ចាប់​ខ្លួន​នេះ​អាច​មក​ពី​ការ​បង្ហោះ​វីដេអូ​លើ​ហ្វេសប៊ុក ​និង​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​ទាក់ទង​នឹង​ការ​នាំ​ខ្សាច់​ចេញទៅ​តៃវ៉ាន់។​

កញ្ញាបាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​

«វា​ស្រប​ពេល​ជាមួយ​ដែល​យើង​ទើប​ចេញ​វីដេអូ​ថ្មី​ទាក់​ទង​នឹង​ការនាំ​ខ្សាច់​ស៊ីលីកា​ចេញ។ ដល់​ពេល​អីចឹង​ ​យើង​មើល​ឃើញ​ថា ​ក្រុមហ៊ុន​ដែល​នាំ​ខ្សាច់​ស៊ីលីកា​ចេញ​ហ្នឹង​ គាត់​ដូច​ជា​កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច​ជាមួយ​នឹង​ការ​បង្ហាញ​ភស្តុតាង​ពិត»។​

សហ​ស្ថាបនិក​អង្គការមាតា​ធម្មជាតិ​គឺ​លោក ​Alejandro Gonzalez-Davidson ​ដែល​ត្រូវបាន​បណ្តេញ​ចេញ​ពី​កម្ពុជា​កាល​ពីឆ្នាំ២០១៥​ បាន​ការពារ​របាយ​ការណ៍​រក​ឃើញ​របស់​ក្រុម​ការងារ​អង្គការ​នេះ​ ហើយ​ថា​ លោក​ និងអង្គការ​នៅ​តៃវ៉ាន់ នឹង​បន្ត​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​បញ្ហា​ខ្សាច់​នេះ។​

លោក​បាន​ថ្លែង​ប្រាប់ ​VOA ​ថា៖​

«យើង​បាន​ឮ​ថា ​តៃវ៉ាន់​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ ដែល​ឯករាជ្យ​ជាង​ប្រព័ន្ធ​តុលាការក្នុង​ប្រទេស​កម្ពុជា ​និង​សិង្ហបុរី។​ យើង​ក៏​ដឹង​ថា ​តៃវ៉ាន់​មាន​ភ្នាក់ងារ​រឹងមាំ​ប្រឆាំង​អំពើ​ពុករលួយ​ និង​មានច្បាប់​ស្តី​អំពី​សិទ្ធិ​សេរីភាព​នៃ​ការ​ទទួល​ព័ត៌មាន»។​

លោក ​អាឡិចសាន់ដ្រូ ​ហ្កុនហ្សាឡេស​ដាវីតសុន ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ។ (រូបភាព​ដក​ស្រង់​ចេញ​ពី​ទំព័រហ្វេសប៊ុក​ Alejandro Gonzalez Davidson)
លោក ​អាឡិចសាន់ដ្រូ ​ហ្កុនហ្សាឡេស​ដាវីតសុន ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ។ (រូបភាព​ដក​ស្រង់​ចេញ​ពី​ទំព័រហ្វេសប៊ុក​ Alejandro Gonzalez Davidson)

លោក​បន្ថែម​ថា ​រដ្ឋាភិបាល​កម្ពុជា​អាច​ដោះស្រាយ​បញ្ហា​ខ្សាច់​នេះ ​ឲ្យ​ស្អាត​យ៉ាង​ងាយ​ស្រួល ​ប្រសិន​បើ​ពួក​គេ​ចង់​ធ្វើ។​ លោក​បាន​បញ្ជាក់​ថា៖​

«បើ​គេ​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​នោះ​ ​ នោះវា​ងាយ​ស្រួល​បំផុត។ ​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​គឺ​ បើក​មើល​ឯកសារ​កត់ត្រា​របស់​ពួក​គេ»។​

លោក​ Chou Kuo-tung​ អនុប្រធាន​ការិយាល័យ​រ៉ែ​របស់​តៃវ៉ាន់ ​បាន​ប្រាប់​ VOA ​ថា ​លោក​មិន​មាន​ព័ត៌មាន​អំពីក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ទេ​ ហើយ​ការ​ស៊ើប​អង្កេតនឹង​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ស្រាវជ្រាវ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​មិន​មាន​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​តៃវ៉ាន់។​

លោក​មាន​ប្រសាសន៍​ថា៖​

«របាយ​ការណ៍​របស់​យើង​ទៅ​លើ​ក្រុមហ៊ុន​ទាំង​នេះ​គឺ ​មិន​ពេញលេញនោះ​ទេ។ ​យើង​តែង​តែ​ចង់​មើល​វា ​ប៉ុន្តែ​មិន​មាន​មធ្យោបាយ​នោះ​ទេ។ ​មាន​តែ​ការិយាល័យពាណិជ្ជកម្ម​បរទេស​(របស់​តៃវ៉ាន់)​ទេ ​ដែលមាន​ព័ត៌មាន​ទាំង​នោះ»។​

លោក​ ព្រាប កុល ​នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា ​លើក​ឡើង​ថា​ ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​និង​ក្រសួង​រ៉ែ ​និង​ថាមពល ​ត្រូវធ្វើ​ការ​ស៊ើប​អង្កេតដើម្បី​ស្វែង​រក​ការ​គេច​ពន្ធ ​ដែល​បានកើត​មាន​ឡើង។​

លោក​មាន​ប្រសាសន៍​ថា៖​

«វា​មិន​មែន​ជា​ជំនួញ​ធម្មតា​ទេ ​នៅ​ពេល​វាមាន​ភាព​ខុសគ្នា​យ៉ាង​ច្រើន​ និង​វា​កើត​ឡើង​មិនមែន​ក្នុង​ពេល​តែ​មួយ»។​

លោក​បញ្ជាក់​បន្ថែម​ថា៖​

«វា​មាន​សារៈ​សំខាន់​ដែល​រដ្ឋាភិបាល ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធាន​ការ​ម៉ឺង​ម៉ាត់​លើ​បញ្ហា​ទាំង​នេះ​ ហើយ​ប្រជាជន​មាន​សិទ្ធ​ដឹង​ថា​ តើ​មាន​រឿង​អ្វី​កំពុង​កើត​ឡើង»៕

XS
SM
MD
LG