ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​បី អំពាវនាវ​ឲ្យ​លុប​ចោល​ការផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ព្រះវិហារ


ស្លាកសញ្ញារបស់ក្រុមហ៊ុន Rui Feng នៅតាមបណ្តោយផ្លូវជាតិក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
ស្លាកសញ្ញារបស់ក្រុមហ៊ុន Rui Feng នៅតាមបណ្តោយផ្លូវជាតិក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

ស្រុក​ចំនួន​៣​ ដែល​រងផល​ប៉ះពាល់​មាន​ស្រុក​ត្បែង​មានជ័យ​ ស្រុក​ឆែប​ និង​ស្រុក​ជ័យសែន។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ប៉ឹក សោភ័ណ ប្រធាន​អង្គការ​ពន្លក​ខ្មែរ។ ​ លោក​បន្ថែម​ថា​ ៥០​ទៅ​៦០​ ភាគរយ​ នៃ​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ការ​វិនិយោគ​នោះ ​ជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ។​

អង្គការ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៣ ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ Hengfu ​ដោយ​លើក​ឡើង​ថា​ ក្រុមហ៊ុន​នេះ​បាន​រំលោភ​សិទ្ធិ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ នៅ​ពេល​ចាប់​ផ្តើម​ដំណើរ​ការ​វិនិយោគ​ក្នុង​ឧស្សហ​កម្ម​ស្ករអំពៅ​ក្នុង​ខេត្ត​ព្រះវិហារ ខណៈ​ការ​វិនិយោគ​នេះ​ លែង​មាន​ដំណើរ​ការ​អ្វី​ទាំង​អស់​មក​ដល់​ពេល​នេះ។​

អង្គការ​ទាំង​នោះ​រួម​មាន​ សម្ព័ន្ធ​ប្រជាជន​ដើម្បី​អធិបតេយ្យ​ស្បៀងអាហារ ​(People's Coalition on Food Sovereignty) ​អង្គការ​ស្រាវជ្រាវ​អន្តរជាតិ​ មួយ​ឈ្មោះ​ Grain ​និង​អង្គការ​ពន្លក​ខ្មែរ​របស់​កម្ពុជា ​ដែល​តែង​តែ​ធ្វើការ​ជាមួយ​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​រង​គ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុន​ចិន​នេះ។

កាល​ពីឆ្នាំ​២០១១ ​រដ្ឋាភិបាល​កម្ពុជា ​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​៥ ​របស់​ក្រុម​ហ៊ុន​ Hengfu​ ដែល​រួមមាន​ក្រុម​ហ៊ុន​ Lan Feng, Rui Feng, HengNong, Heng Rui និង​ Heng You​ ដែល​គ្រប​ដណ្តប់​ដី​ប្រមាណ​៤​ ម៉ឺន​ ហិកតា​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។

​ក្រុមហ៊ុន​បាន​ស្ថាបនា​រោងចក្រ​ផលិត​ស្ករ​អំពៅ​ ដែល​មាន​តម្លៃ​ប្រមាណ​ ៣៦០ ​លាន​ដុល្លារ​អាមេរិក ​និង​ត្រូវ​បាន​សម្ពោធ​ កាល​ពី​ឆ្នាំ​២០១៦។​ រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ រោងចក្រ​ស្ករស​នេះ​ជា​រោង​ចក្រ​ធំ​ជាង​បំផុត​នៅ​អាស៊ី។​ ប៉ុន្តែ​ក្រុម​ហ៊ុន​មួយ​នេះ​ បាន​ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​រហូត​មក​ដល់​ពេល​នេះ ​ដោយ​មិន​មាន​ដាំ​អំពៅ ​និង​មិនមាន​ចម្រាញ់​យក​ជា​ស្ករ​ទៀត​ទេ។ ​

មិន​មាន​ព័ត៌មាន​ផ្លូវ​ការ​ថា​ មូលហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​ចិន​មួយ​នេះ​ លែង​មាន​ដំណើរ​ការ​នោះ​ទេ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​៣ ​បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ថា៖​

«ក្រុម​ហ៊ុន​ Hengfu​ បាន​ធ្វើ​ឲ្យ​សហគមន៍​ជា​ច្រើន​បែក​ខ្ញែក ​បំផ្លាញ​ការ​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ​ធ្វើ​ឲ្យ​ហិនហោច​បរិស្ថាន ​ជាន់​ឈ្លី​វប្បធម៌​របស់​ជន​ជាតិ​ដើម​ភាគតិច ​និង​រំលោភ​សិទ្ធិ​មនុស្ស»។​

លោក ​ប៉ឹក សោភ័ណ​ ប្រធាន​អង្គការ​ពន្លក​ខ្មែរ ​ដែល​បាន​ចូល​រួម​ចេញ​សេចក្តី​ថ្លែង​ការណ៍​ខាង​លើ​ បាន​ប្រាប់​វីអូអេ​ថា ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ​Hengfu​ ក្នុង​ឧស្សាហ​កម្ម​ស្ករ​អំពៅ ​បាន​ប៉ះពាល់​ដីស្រែ​ និង​ចម្ការ​របស់​ប្រជា​ពលរដ្ឋ​ជិត​ ៨០០ ​គ្រួសារ​ក្នុង​ស្រុក​ចំនួន​៣ ​នៃ​ខេត្ត​ព្រះវិហារ។​

លោក​បន្ត​ថា​ ចាប់​តាំង​ពី​ឆ្នាំ​២០១៩ ​មក​ការ​ដំា​អំពៅ​ និង​សង្វាក់​ផលិត​កម្ម​ស្ករ​ស​របស់​ក្រុមហ៊ុន​នេះ ​លែង​ដំណើរ​ការ។​ លោក​បញ្ជាក់​ទៀត​ថា​ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ​ប្រជា​ពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន ​បាន​ចាប់​ផ្តើម​ចូល​ទៅ​ប្រើប្រាស់​ដី​ដែល​ក្រុមហ៊ុន​ទុក​ទំនេរ​ចោល​នោះ ​មួយ​ផ្នែក​រួច​ហើយ។​ លោក​បន្ថែម​ថា​ មិន​មាន​ព័ត៌មាន​លម្អិត​ថា​ ក្រុមហ៊ុន​ Hengfu​ បោះ​បង់​ការវិនិយោគ​របស់​ខ្លួន​ ឬ​យ៉ាង​ណា​ទេ។​

«ក្រុមហ៊ុន​ហ្នឹង​កំពុង ​...​យើង​អាច​និយាយ​ថា​ក្ស័យ​ធន់​ក៏​ថាបាន​ មិន​មាន​ប្រតិបត្តិការ​ក៏ថា​បាន។​ ក៏ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​សង្ស័យ​នៅ​ឡើយ​ថា​ ក្រុមហ៊ុន​នេះ​នឹង​អាច​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សេង។​ អ៊ីចឹង​បើ​នៅ​ ស្ថិត​ក្នុង​ដំណាក់​កាល​ផ្ទេរ​ មាន​ន័យ​ថា ​ វា​អត់​ទាន់​លុប​ទេ។​ អ៊ីចឹង​ទៅ​បាន​គាត់​ទទូច​ស្នើ​សុំ​ថា​ ឲ្យ​លុប​តែ​ម្តង។​ លុប​ទៅ​ដើម្បី​យក​ដី​ហ្នឹង​ចែក​ជូន​ទៅ​ដល់​ពលរដ្ឋ​ ប្រជា​ពលរដ្ឋ​អ្នក​ខ្វះ​ខាត​អី​ ជូន​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​អី​ ដែល​គាត់​អាច​ធ្វើ​ទៅ​ជា​ដី​សម្បទាន​សង្គម​កិច្ច​អី​បាន​អ៊ីចឹង​ណ៎ា»។

ស្រុក​ចំនួន​៣​ ដែល​រងផល​ប៉ះពាល់​មាន​ស្រុក​ត្បែង​មានជ័យ​ ស្រុក​ឆែប​ និង​ស្រុក​ជ័យសែន។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ប៉ឹក សោភ័ណ។ ​លោក​បន្ថែម​ថា​ ៥០​ទៅ​៦០​ ភាគរយ​ នៃ​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ការ​វិនិយោគ​នោះ ​ជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ។​

អ្នកស្រី​ ពឿន ជឿន​ អាយុ​៤៨​ឆ្នាំ ​ជា​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ឃុំ​ព្រះ​មេរុ ​ស្រុក​ត្បែង​មានជ័យ​ ចង់​ឃើញ​ការ​ចាក​ចេញ​របស់​ក្រុមហ៊ុន​ចិន ​Hengfu​ នេះ​ ដើម្បី​បើក​ឱកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ទាំង​មូល ​អាច​ចុះ​បញ្ជី​ដី​សមូហ​ភាព​របស់​ពួក​គាត់។​

អ្នក​ស្រី ​ជឿន​ ដែល​មាន​កូន​៤​នាក់ ​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​ចង់​បាន​ការ​ប្រគល់​ដី​នោះ​ មក​ឲ្យ​សហគមន៍​ជនជាតិ​ដើម​យើង​វិញ ​ព្រោះ​សហគមន៍​ជនជាតិ​ដើម​យើង​ សុំ​...​សុំ​ចុះ​បញ្ជី​ដី​ជា​សមូហ​ភាព​តាំង​ពី​ឆ្នាំ​២០១៣​ ឆ្នាំ​២០១៤​មក​ម្ល៉េះ។​ ប៉ុន្តែ​ដោយ​សារ​អាជ្ញាធរ​ គាត់​មិន​ទទួល​ក្នុង​ការ​ចុះ​បញ្ជី​ដី។​ យើង​ដាក់​ពាក្យ​ស្នើ​សុំ​ហើយ ​គាត់​ថាដី​យើង​វា​ច្រើន​ពេក។ ​តាម​ពិត​គាត់​អត់​យក​ចិត្ត​ទុក​ដាក់។​ បើ​សិន​ជា​គាត់​យក​ចិត្ត​ទុក​ដាក់​ មិន​មែន​ច្រើន​ទេ»។​

អ្នកស្រី​បន្ថែម​ថា​ អ្នកស្រី​បាន​បាត់បង់​ដី​ស្រែ ​៥​ ហិកតា​ ទៅ​ក្នុង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ​Hengfu​ ដោយ​ឥឡូវ​នេះ​ អ្នកស្រី​នៅ​សល់​ដី​ធ្វើ​ស្រែ​តែ​ ២​ ហិកតា​ ប៉ុណ្ណោះ។ ​ អ្នកស្រី​ថា​ ការ​មក​ដល់​របស់​ក្រុមហ៊ុន​នេះ ​បាន​ត្រឹម​តែ​បង្ក​ការ​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ​ និង​ធ្វើ​ឲ្យ​ខូចខាត​អនុផល​ព្រៃ​ឈើ​ ដែល​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ធ្លាប់​អាស្រ័យ​លើ។​

ដើមអំពៅដែលត្រូវបោះបង់ចោលក្នុងក្រុមហ៊ុន Rui Feng ក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
ដើមអំពៅដែលត្រូវបោះបង់ចោលក្នុងក្រុមហ៊ុន Rui Feng ក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

VOA ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុម​ហ៊ុន​ Hengfu ​បាន​នៅ​ឡើយ​ទេ។​

អភិបាល​ខេត្ត​ព្រះវិហារ​ លោក​ ប្រាក់ សុវណ្ណ​ មិន​ឆ្លើយ​នឹង​សំណួរ​ថា ​តើ​ខាង​អាជ្ញាធរ​ខេត្ត​នឹង​លើក​សំណើរ​ទៅ​ខាង​ថ្នាក់​ជាតិ​ ដើម្បី​ពិចារណា​លុបចោល​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ ឬ​ យ៉ាងណា​ទេ តែ​លោក​ថា​ ដី​សម្បទាន​សេដ្ឋកិច្ច​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ផ្ទេរ​អ្នក​គ្រប់គ្រង។ ​មុន​ពេល​ទម្លាក់​ទូរស័ព្ទ​ចុះ លោក​មាន​ប្រសាសន៍​ថា៖ ​«ក្រុមហ៊ុន​គេ​មិន​ទាន់​នេះ​ណា៎!​ គេ​ផ្ទេរ​ឲ្យ​អ្នក​ថ្មី​ តែ​ថា​ ដោយ​សារ​កូវីដ ​គេ​មិន​ទាន់​អាច​មក​ទទួល​ការងារ​ហ្នឹង​បន្ត​ទៀត»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​៣ ​ដែល​រួម​មាន​អង្គការ​ពន្លក​ខ្មែរ ​អះអាង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​ក្រុមហ៊ុន Hengfu ​ចាប់​ផ្តើម​ជួល​ដី​ឲ្យ​អ្នក​ភូមិ​ ដើម្បី​ទាញ​យក​ប្រាក់​កម្រៃ ​ខណៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​នេះ ​ផ្អាក​ដំណើរ​ការ។​ ការ​ធ្វើ​យ៉ាង​ដូច្នេះ​ គឺ​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​កិច្ច​សន្យា​ដែល​ក្រុមហ៊ុន​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ​

សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ទៀត​ថា ​ចាប់​តាំង​ពី​កម្ពុជា​ព្រមព្រៀង​បង្កើត​ទំនាក់​ទំនង​យុទ្ធសាស្ត្រ​ជា​មួយ​ចិន កម្ពុជា​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​លក្ខណៈ​សមូហភាព​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ​ដែល​មាន​ទំហំ​ជាង​២៨​ ម៉ឺន​ហិកតា ​នៅ​ទូទាំង​ប្រទេស៕

XS
SM
MD
LG