ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​រងគ្រោះ​ក្នុង​គម្រោង​ស្ករ​អំពៅ សរសើរ​ធនាគារ ANZ ចំពោះ​ការទូទាត់​សំណង​ខូចខាត


រូបឯកសារ៖ អគារ​ទីស្នាក់ការ​កណ្តាល ANZ Royal នៅ​តាម​បណ្តោយ​ផ្លូវ​ក្រមួន​ស កែង​នឹង​ផ្លូវ ៦៧ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ​២០១៥។ (វីអូអេ)

ពលរដ្ឋ​មួយ​ចំនួន​ដែល​រង​ផល​ប៉ះ​ពាល់ពី​អាជីវ​កម្ម​ផលិត​ស្ករស​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ជាង​១០​ឆ្នាំ​មក​ហើយ បាន​បង្ហាញ​ការ​ពេញ​ចិត្ត​នឹង​ការ​ទទួល​សម្បទាន​ហិរញ្ញវត្ថុពី​ធនាគារ ​ANZ ដែល​បាន​ជួយ​សម្រាល​ទុក្ខ​លំបាក​មួយ​ចំនួន ក្នុង​នោះ​ មាន​ការ​ដោះ​បំណុល​ខ្លះ​ផង​ដែរ។

ពួកគេ​ចាត់​ទុក​មូលនិធិ​ជួយពលរដ្ឋ​របស់​ធនាគារ​អូស្ត្រាលី​នេះ​ថា ជាគំរូ​ដល់​ក្រុមហ៊ុន​ ឬ​ដៃគូអភិវឌ្ឍ​ផ្សេង​ទៀត​របស់​កម្ពុជា​ ឲ្យ​គិត​គូដោះស្រាយ​បញ្ហា​នានា​ ដែល​បង្ក​ឡើង​ដោយ​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស។ ​

អ្នកស្រី​ សេង ចាន់​ធី​ វ័យ​ ៤៨ ​ឆ្នាំ រស់​នៅ​ក្នុងឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ បាន​បាត់​បង់​ដីស្រែ​របស់​គាត់​ ប្រមាណ​ ៥ ហិកតាទៅ​រោងចក្រ​ស្ករស​ Phnom Penh Sugar company ​របស់​លោក​ លី យ៉ុង​ផាត់​ សមា​ជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកស្រី​ដែល​មាន​កូន​៥​នាក់​និយាយ​ថា ​ទុក្ខលំបាក​ខាង​ហិរញ្ញវត្ថុ​របស់​គ្រួសារ​គាត់​ ត្រូវ​បាន​សម្រាល​មួយ​ផ្នែក​ ក្រោយ​បាន​ទទួល​បា្រក់​មូល​និធិ។

«តាំងពីបាន​មក​ ខ្ញុំរីករាយ​សប្បាយ​ចិត្ត​ ហើយ​ខ្ញុំ​បាន​លុយ​ហ្នឹង​មក​បាន​ដោះបំណុល​ ការ​ធនាគារ​បាន​ខ្លះ ហើយ​បាន​លុយ​កាក់​ហ្នឹងរៀនសូត្រ​ឲ្យ​បានកូនចៅ​គាត់​រៀន​សូត្រ​ គ្រប់​គ្រាន់​របស់​ខ្ញុំ​ បានប៉ុណ្ណឹង​វា​មិនគ្រប់​គ្រាន់​ ប៉ុន្តែ​អាច​ធូរស្រាល​ជាង​ពីមុន»។

អ្នកស្រីបន្ត​ថា​ ធនាគារ​ ANZ ដែល​ព្រម​បង្វែរ​ប្រាក់​ចំណេញ​របស់​ខ្លួន​ពី​ការ​ផ្តល់​កម្ចី​ឲ្យ​ក្រុមហ៊ុន​ Phnom Penh Sugar នោះ​ ក៏​បាន​ផ្តល់​ប្រាក់​សម្រាប់​អភិវឌ្ឍ​សហគមន៍​អ្នកស្រី​មួយចំណែក​ដែរ​។

បើតាម​អ្នកស្រី​ សេង ចាន់​ធី កញ្ចប់​លុយ​សហគមន៍​នោះ​ នឹង​ត្រូវ​យក​ទៅបង្កើត​អាជីវកម្ម​ផលិត​ទឹក​បរិសុទ្ធ​ ដើម្បី​រក​ចំណូល​ទៅ​អភិវឌ្ឍ​សហគមន៍។ ​

ចំណែកលោក​ អ៊ឹម គង់​ វ័យ​៣៧​ឆ្នាំ​ ពលរដ្ឋ​ក្នុងឃុំ​អម​លាំង ស្រុក​ថ្ពង​ និយាយ​ថា​គ្រួសារគាត់​ដែល​មាន​កូន​ ៣​ នាក់​ក្នុងបន្ទុក​នោះ​ ក៏​បាន​ប្រើប្រាស់​ប្រាក់មូលនិធិ​របស់​ធនាគារ​ ANZ​ ដោះ​បំណុល​មួយ​ចំនួន​ធំ​នៅ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ។ លោក​រំពឹង​ថា ការដោះស្រាយ​របស់​ធនាគារ ANZ​ ក្នុងបញ្ហា​សិទ្ធិ​មនុស្ស​នឹង​ក្លាយ​ជាគំរូ​ដល់​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ ឲ្យ​ដោះ​ស្រាយ​រាល់ផលប៉ះពាល់​ទាំងឡាយ​ ដែល​បង្ក​ការ​ខូច​ខាត​ដល់​ពលរដ្ឋ។

លោក​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​ចង់​ឲ្យក្រុមហ៊ុន​ផ្សេងៗ​ទៀត​ អាចអនុវត្ត​តាម​ធនាគារ​ ANZ ដោយសារ​ធនាគារ ANZ​ គឺ​ជា​ធនាគារមួយ​ដ៏គំរូដែរ»។

​សម្រាប់​សហគមន៍​លោក​ អ៊ឹម គង់​ កញ្ចប់​លុយ​ដែល​ធនាគារ ANZ​ ផ្តល់​ឲ្យ​ដើម្បី​បម្រើប្រយោជន៍​សហគមន៍​នោះ​ នឹង​ត្រូវ​ប្រែក្លាយ​ជា​ប្រាក់​កម្ចី​ដល់​អ្នក​ភូមិ​ ដែល​ត្រូវ​ការ​ប្រាក់​កម្ចី​យក​ទៅ​បង្កើត​មុខ​របរ​ និង​បំពេញ​សេចក្តី​ត្រូវ​ការ​ចាំបាច់​ក្នុងគ្រួសារ។​ បើ​តាម​លោក ​អ៊ឹម គង់​ ប្រាក់​កម្ចីនេះ​យក​អត្រា​ការ​ប្រាក់​ទាប​ជាង​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ផ្សេង​ទៀត​។

​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ធនាគារ​ ANZ​ ដែល​បាន​ចាក​ចេញ​ពី​កម្ពុជា​ បានប្រកាស​ជា​សាធារណៈ​ថា​ គ្រួសារ​ជា​ច្រើន​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យផ្លាស់​ទីលំ​នៅ​បាន​ទទួលការ​បង់​ប្រាក់ដែលបាន​សន្យា​ពី​ធនា​គារ ANZ​ ​ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រុមហ៊ុន Phnom Penh Sugar ចាប់​ពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០១៤។

បើ​តាម​សេចក្តី​ប្រកាស​រួម​របស់​អង្គការ​សមធម៌​កម្ពុជា​ (EC) ដែល​ចូលរួម​ដោះ​ស្រាយ​ជម្លោះ​នេះ និងអង្គការ​អភិ​វឌ្ឍន៍​ប្រកប​ដោយ​បរិយាប័ន្ន​អន្តរជាតិ Inclusive ​Development ​International​ (IDI) ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ការ​បើក​លុយ​ឲ្យ​ប្រជា​ពលរដ្ឋ​នេះ​ ធ្វើ​ឡើង​ក្រោយ​ជិត​មួយ​ទស​វត្សរ៍​នៃ​ការ​តស៊ូមតិ​ ដោយ​សហគមន៍​ជាច្រើន​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចេញ​ពីផ្ទះសម្បែង​របស់​ពួក​គេ​នៅ​ឆ្នាំ​២០១០​ និង​២០២១​ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដាំ​ដំណាំ​អំពៅ​ និង​ចម្រាញ់​ស្ករ​ស​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​។

សេចក្តី​ប្រកាស​ដដែល​ឲ្យ​ដឹង​ថា​ កាលពី​ខែ​តុលា​ ឆ្នាំ​២០១៤ អង្គការ​ទាំង​ពីរ​ បាន​ដាក់​ពាក្យប្តឹង​ធនាគារ​ ANZ​ ក្នុង​នាម​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ទៅ​កាន់​ក្រុម​គោល​ដៅ​ទំនាក់​ទំនង​ជាតិ​អូស្រ្តាលី​សម្រាប់​ការ​ធ្វើ​ជំនួញ​មាន​ការ​ទទួល​ខុស​ត្រូវ​ (Australian National Contact Point for Responsible Business Conduct) ​ដែល​ជា​ស្ថាប័ន​មួយ​រដ្ឋាភិបាល​ ដែល​ជំរុញ​ការ​អនុវត្ត​សេចក្តីណែ​នាំ​របស់​អង្គការ​អភិវឌ្ឍ និង​សហ​ប្រតិបតិ្ត​ការ​សេដ្ឋកិច្ច ​(OECD) សម្រាប់​ការ​ប្រព្រឹត្ត​ខុស​របស់​សហគ្រាស​ពហុ​ជាតិ​សាសន៍។

លោក​ David Pred ​នាយកប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ប្រកប​ដោយ​បរិយាប័ន្ន​អន្តរជាតិ​ ត្រូវ​គេ​ស្រង់​សម្តី​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ និង​ប្រែសម្រួល​ជា​ខេមរភាសា​ក្នុង​ន័យដើម​ថា៖ «ខណៈ​ដែល​វា​ត្រូវ​ការ​ពេល​ជាច្រើន​ឆ្នាំ​សម្រាប់​ធនាគារ​មក​អង្គុយ​តុចរចា​ ​ធនាគារ​ ANZ​ ទី​បំផុត​ទៅ​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ជាមួយ​ពួក​យើង ​ដើម្បី​ជួយ​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ទាំងនោះ។ ហើយ​នៅ​ទីបញ្ចប់​ ធនា​គារ​បាន​ធ្វើ​រឿង​ត្រឹមត្រូវ​ សម្រាប់​ទាំង​គ្រួសារ​ទាំង​នោះ​ និង​សម្រាប់​ធនាគារ​ ដែល​បាន​លុបចោល​ស្នាមប្រឡាក់​លើ​កិត្តិយស​របស់​ធនាគារ​តា​រយៈ​ចំណាត់​ការ​នេះ»។

លោក​បន្ថែម​ថា៖ «​ការធ្វើ​ជំនួញ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ គឺ​មាន​ន័យថា​បើ​អ្នក​សាង​កំហុស​ហើយ​នោះ​ អ្នក​ត្រូវ​អ្វីមួយ​ដែល​ចាំបាច់​ដើម្បី​លាង​កំហុស​នោះ​ចេញ»។

បើ​តាម​អង្គការ​សមធម៌​កម្ពុជា​និងអង្គការ​អភិវឌ្ឍន៍​ប្រកប​ដោយ​បរិយាប័ន្ន​អន្តរ​ជាតិ (IDI) មាន​ប្រជាពលរដ្ឋចំនួន​១,០៩៦​គ្រួសារ​ ត្រូវ​បាន​រក​ឃើញ​ថា មាន​សិទ្ធិ​នឹង​ទទួល​ប្រាក់​ពី​ធនាគារ​ ANZ​ ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​ផ្តើម​ចេញ​ពី​ការ​វិនិ​យោគ​ស្ករស​របស់​ក្រុមហ៊ុន​ Phnom Penh Sugar។

នាយកប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​ លោក ​អៀង វុទ្ធី និយាយថា ​ធនាគារ ANZ​ បាន​កសាង​គំរូ​មួយ​សម្រាប់​ម្ចាស់​អាជីវកម្ម​ផ្សេង​ទៀត​ ទាក់ទង​នឹង​ការ​គោរពសិទ្ធិមនុស្ស។ លោក​បានកត់​សម្គាល់​ថា​ ការ​បង់​ប្រាក់​របស់​ធនាគារ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ មិន​មែន​ជា​សំណង​ទេ​ តែ​ជា​ការ​ចូលរួម​ចំណែក​ស្តា​រជីវភាព​ពលរដ្ឋ​ ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន ​Phnom Penh Sugar។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​៖​ «នៅ​ក្នុង​ការ​ដែល​ផ្តល់​ជាប្រាក់​ដែល​ចំណេញ​ហ្នឹង​ គឺ​មិនមែន​ជា​សំណង​ទេ​ ជាការ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ស្តារជីវភាព​ប្រជាពលរដ្ឋ​ ដោយ​សារធនា​គារ​យល់​ឃើញថា​ ខ្លួន​បាន​ចូលរួម​ពាក់​ព័ន្ធ​នៅ​ក្នុង​វិវាទ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ ទៅ​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ នៅ​ក្នុង​តំបន់​ហ្នឹង​»។​

លោក​បន្ថែមថា៖ «អ៊ីចឹង​ វា​ជា​ជម្រើស​ថ្មី​មួយ​ ដែល​យើង​ឃើញ​ថា កន្លង​មក​មិន​ដែល​មាន​។ ហើយ​វា​បាន​បង្កើត​នូវ​ទម្លាប់​មួយ​ដែល​អ្នក​ផ្តល់​មូលនិធិ​នៅ​ជុំវិញ​ពិភព​លោក​នឹង​ធ្វើ​ការ​ពិចារណា​ នៅ​ពេល​ដែល​ខ្លួនផ្តល់​កម្ចី​ ព្រោះ​ថា​ ខ្លួន​មាន​កាតព្វកិច្ច​មួយ​ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំឲ្យ​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​ផ្តល់​មូលនិធិ​ដែល​មាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន»។​

​ធនាគារ​អូស្ត្រាលី​ ANZ ដែល​បាន​ផ្តល់​កម្ចី​៤០​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​លោក​ លី យ៉ុងផាត់ ​កាល​ពីឆ្នាំ​២០១១ បាន​ព្រមព្រៀង​គ្នា​កាលពីខែ​កុម្ភៈ ឆ្នាំ​២០២០ ផ្តល់​ដំណោះ​ស្រាយ​ដល់​គ្រួសារ​រង​គ្រោះ ក្រោម​ការសម្រប​សម្រួល​ដោយ​អ្នក​ត្រួត​ពិនិត្យ​ឯករាជ្យ​ពី​ក្រសួង​រតនាគារ​អូស្ត្រាលី ​ហៅ​ថា ក្រុម​គោលដៅ​ទំនាក់​ទំនង​ជាតិ​អូស្រ្តាលី​សម្រាប់​ការ​ធ្វើ​ជំនួញ​មាន​ការ​ទទួល​ខុស​ត្រូវ ដោយមាន​ការ​ចូលរួម​ពីភាគី​រង​គ្រោះ ​អង្គការ​សមធម៌​កម្ពុជា អង្គការ​អភិវឌ្ឍន៍​ប្រកប​ដោយ​បរិយាប័ន្ន​អន្តរ​ជាតិ និង​ធនាគារ ​ANZ។ ដំណោះ​ស្រាយ​នោះ គឺ​ការ​បង្វែរ​ប្រាក់​ចំណេញរ​បស់​ខ្លួន​ពី​ការ​ឲ្យ​ប្រាក់​កម្ចី​ទៅ​ក្រុម​ហ៊ុន Phnom Penh Sugar។​

វីអូអេ​មិន​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​លោក​ លី យ៉ុង​ផាត់​ សមាជិកព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ឧកញ៉ា​ដ៏មាន​ឥទ្ធិពល​ម្នាក់​នៅ​ខេត្ត​កោះកុង​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។

ប៉ុន្តែ​កាល​ពី​ខែ​មីនា ឆ្នាំ​២០២១ លោក លី​ យ៉ុង​ផាត់ ធ្លាប់​ប្រាប់​វីអូអេ​ថា​ការ​ទូទាត់​ថ្លៃ​ខូច​ខាត​នេះ ជាការ​សម្រេច​របស់​ធនាគារ​ ANZ ​ហើយ​លោក​ការ​ពារ​ថាក្រុមហ៊ុន​របស់​លោក​បាន​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​អស់​ហើយ។

ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ស្ករ​អំពៅ បន្ថែម​ថា ​ស្រប​ពេល​ដែល​ពួក​គេ​បាន​ទទួល​ប្រាក់​បង់​ការ​ខូច​ខាត​នេះ ការ​ទូទាត់​សំណង​ចំពោះ​ការ​បាត់​បង់​ដីធ្លី​របស់​រដ្ឋាភិបាល ​និង​ក្រុមហ៊ុន​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។ ពួកគេ​ថា​ក្រោយ​ការ​ធូរ​ស្រាល​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩​ សកម្មភាព​តស៊ូ​មតិ​ទាម​ទារ​សំណង​ដីធ្លី​នេះ​នឹង​ចាប់​ផ្តើម​ជាថ្មី​ទៀត។

គួរ​បញ្ជាក់​ថា​ មុន​ការ​បញ្ចប់​ការ​បង់​មូលនិធិ​ដល់ជនរងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ធនាគារ ANZ​ បាន​លក់​ភាគ​ហ៊ុន​ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មី គឺ​J Trust ​Royal ​Bank ដែល​ជា​ផ្នែក​មួយនៃ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​ហិរញ្ញវត្ថុ ​J Trust ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន៕

XS
SM
MD
LG