ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខេត្ត​កោះកុង ​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​មានទំនាស់​ដីធ្លី​ជាមួយក្រុមហ៊ុន​របស់​សមាជិក​ព្រឹទ្ធសភា


លោក​​​ ហេង សុខ​ វ័យ​ ៤៨​ ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ចំនួន​៥០​ គ្រួសារ​ដែល​កំពុង​មាន​វិវាទ​ដី​ទំហំ​១០៣ ហិកតា​​​ ជាមួយ​ក្រុម​ហ៊ុន LYP Group ​របស់​លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវបាន​ចាប់​ខ្លួន​ កាលពីថ្ងៃ​សុក្រ​។ (រូបថតដោយ​លោក អ៊ិន គង់ជិត​​ នៃអង្គការលីកាដូ)
លោក​​​ ហេង សុខ​ វ័យ​ ៤៨​ ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ចំនួន​៥០​ គ្រួសារ​ដែល​កំពុង​មាន​វិវាទ​ដី​ទំហំ​១០៣ ហិកតា​​​ ជាមួយ​ក្រុម​ហ៊ុន LYP Group ​របស់​លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវបាន​ចាប់​ខ្លួន​ កាលពីថ្ងៃ​សុក្រ​។ (រូបថតដោយ​លោក អ៊ិន គង់ជិត​​ នៃអង្គការលីកាដូ)

បន្ទាប់​ពី​ការ​តវ៉ា​សុំ​ឲ្យ​មាន​ការ​ចុះបញ្ជី​ដី​ទំហំ​ ១០៣​ហិកតា​ក្នុង​ស្រុក​គិរីសាគរ​ ត្រូវ​បាន​អាជ្ញាធរ​ខេត្តកោះកុង​មិន​អើពើ​នោះ​ តំណាង​ប្រជាពលរដ្ឋ​​មួយ​រូប​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​​​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ ក្រោយ​ពី​តំណាង​ប្រជាពលរដ្ឋ​រូប​នោះ​ ចូល​ទៅ​បោះបង្គោល​លើ​ព្រំ​ដី​នោះ។ ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ថ្លែង​ថា​ អាជ្ញាធរ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ការ​រំលាភបំពាន​ដីធ្លី​ពី​អ្នក​មាន​អំណាច​ តែ​បែរ​ជា​មក​ចាប់​ជន​រងគ្រោះ​ទៅវិញ។

អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ស្រុក​គិរីសាគរ​ ខេត្ត​កោះ​កុង​ បាន​ចាប់​ខ្លួន​តំណាង​ប្រជា​ពលរដ្ឋ​មា្នក់​ ដែល​រង​ការ​ចោទប្រកាន់​ពី​តំណាង​ក្រុមហ៊ុន​របស់​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​កាន់​អំណាច​មួយ​រួប​ថា​ បាន​បោះបង្គោល​ដី​ខុសច្បាប់។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះ​កុង។

លោក​ ហេង សុខ​ វ័យ​ ៤៨​ ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ចំនួន​៥០​ គ្រួសារ​ដែល​កំពុង​មាន​វិវាទ​ដី​ទំហំ​១០៣ ហិកតា​ ជាមួយ​ក្រុម​ហ៊ុន LYP Group ​របស់​លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវបាន​ចាប់​ខ្លួន​ កាលពីថ្ងៃ​សុក្រ​ គឺ​ពីរ​ថ្ងៃ​មុន​ពេល​បោះឆ្នោត​ព្រឹទ្ធសភា​ ​បន្ទាប់​ពីតំណាងប្រជាពលដ្ឋ​រូបនោះ​ បាន​ចូល​ទៅ​បោះបង្គោល​ដីដែល​រង​ការ​ឈូសឆាយ​ដោយ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន កាលពី​ចុង​ឆ្នាំ​២០១៧។

លោក អ៊ិន​ គង់​ជិត​ មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការការ​ពារសិទ្ធិមនុស្ស​លីកាដូ​ ប្រចាំ​ខេត្តកោះកុង​ ថ្លែង​ថា​ លោក​ ហេង​ សុខ​ បាន​ចូល​ទៅ​បោះ​បង្គោល​លើ​ដី​ដែលមាន​ទំនាស់​កាល​ពី​ថ្ងៃ​សុក្រ។ ភ្លាមៗ​ ក្រោយ​ការ​បោះបង្គោល​ដី​ដើម្បី​ចរចា​ជាមួយ​ក្រុមហ៊ុន​នោះ​ លោក​ចាន់​ ណាគ្រី ​តំណាង​ក្រុម​ហ៊ុន LYP ​Group ដែល​គ្រប់​គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​កោះកុង​ បាន​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​លោ​ក​ ហេង​ សុខ តែ​ម្តង។

«លោក​ចាន់ ណាគ្រី​ មេការ​ក្រុមហ៊ុន គាត់​បាន​ប្តឹង​ទៅ​នគរបាល​ស្រុក​គិរី​សាគរ​ និង​នគរបាល​ឃុំ​ព្រែក​ខ្សាច់​ហ្នឹង​ ហើយ​នៅ​ម៉ោង​១២​ [ថ្ងៃត្រង់]​ជាង​ម្សិលមិញ​ហ្នឹង​បាន​ចាប់​ខ្លួន​គាត់​ ហើយបាន​ដឹក​តាម​រថយន្ត​ ក្រុមហ៊ុន​ហ្នឹង​បញ្ជូន​មក​ដល់​ស្នងការ​នគរបាល​ខេត្ត​កោះកុង​ កាល​ពី​ល្ងាច​មិញ​ ម៉ោង​ ៥ [និង​] ២០​នាទី។ អីចឹង​នៅ​ព្រឹក​មិញ​នេះ​ ខាង​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ហ្នឹង​ គាត់​បាន​សាក​សួរ​ ឈ្មោះ​ហេង​ សុខ​ តំណាង​ប្រជាពលរដ្ឋ​ ៥០​គ្រួសារ​ហ្នឹង​ តាម​ពាក្យ​បណ្តឹង​លោក​ ចាន់ ណាគ្រី​ មេកា​ ក្រុមហ៊ុន​ SEZ​ របស់​លោក​ លី យ៉ុង​ផាត់»។

រូបឯកសារ៖ លោក លី យ៉ុងផាត់ ចូលរួមវេទិកាស្តីពីការវិនិយោគទុន និងពាណិជ្ជកម្មរវាងកម្ពុជានិងចិន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦។
រូបឯកសារ៖ លោក លី យ៉ុងផាត់ ចូលរួមវេទិកាស្តីពីការវិនិយោគទុន និងពាណិជ្ជកម្មរវាងកម្ពុជានិងចិន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ អះអាង​បន្ថែម​ថា​ លោក​ លី​ យ៉ុងផាត់​ ដែល​មាន​ងារ​ផ្សេង​ទៀត​ជា​ឧកញ្ញ៉ា​ គឺ​ជា​ ​អ្នក​មាន​លុយ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ខេត្តកោះ​កុង​ ដូច្នេះ​ហើយ​រាល់​បណ្តឹង​ចេញ​ពី​ក្រុមហ៊ុន​របស់​លោក​ ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ចាត់​ការ​ភ្លាមៗ​ ហើយ​សំណុំ​រឿង​តែង​តែ​ទៅ​ដល់​តុលាការ​ ដែល​ជា​រឿយៗ​បាន​ឃុំ​ខ្លួន​ជន​ដែល​ត្រូវ​បាន​ចាប់​ដោយ​កម្លាំង​មាន​សមត្ថកិច្ច។

នៅ​មុន​ពេល​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​លោក​ ហេង សុខ​ ដែល​មាន​លំនៅដ្ឋាន​ក្នុង​ឃុំ​ព្រែក​ខ្សាច់ ​ស្រុក​ គិរីសាគរ​ ខេត្ត​កោះកុង​ តំណាង​ប្រជាពលរដ្ឋ​រូប​នេះ​ បាន​ប្តឹង​ទៅអភិបាល​ខេត្ត​កោះកុង​ គឺអ្នកស្រី​ មិថុនា​ ភូថង ដើម្បី​សុំ​កិច្ច​អន្តរាគមន៍។ នេះ​បើ​យោង​តាម​ពាក្យ​បណ្តឹង​របស់​លោក​ ហេង សុខ ដែល​បាន​ដាក់​ចូល​ទៅ​សាលា​ខេត្ត​កោះកុង​ កាលពី​ថ្ងៃ​ទី​១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧។

ពាក្យ​បណ្តឹង​របស់​លោក​ ហេង សុខ​ បាន​ពណ៌នា​អំពី​ដំ​ណើរ​រឿង​វិវាទ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​លោក​ លី យ៉ុងផាត់​ ដែល​បាន​កើត​ឡើង​ នៅ​ពេល​ក្រុមហ៊ុន​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ បាន​ចូល​មក​ដល់​តំបន់​ព្រែក​ខ្សាច់​នៅ​ឆ្នាំ​ ២០០៥។

វិវាទ​បាន​កើន​កម្តៅ​ខ្លាំង​ ដោយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៦​ ក្រុមហ៊ុន​បាន​នាំ​មន្ត្រី​បរិស្ថាន​មក​បោះ​បង្គោល​ចំនួន​ ៦​ បង្គោល​ ពី​ចំណុច​ឆាយ​ក្រូច​ មក​ដល់​ចំណុច​លើ​ត្រពាំង​គា​ ក្នុង​ភូមិ​សំរុង​តាកែវ​ ដើម្បី​ខណ្ឌ​ព្រំប្រទល់​ដី។ ការ​បោះបង្គោល​នេះ​ បាន​ហ៊ុម​ព័ទ្ធ​ផ្ទៃ​ដី​សរុប​ ១០៣​ហិកតា របស់​ប្រជា​ពលរដ្ឋ​ទាំង​ ៥០​គ្រួសារ។

ពាក្យបណ្តឹង​បាន​រៀបរាប់​ទៀតថា​ ក្រោយ​មក គឺ​នៅ​ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​នេះ ក្រុមហ៊ុន​ដែល​មាន​លោក​ ចាន់​ ណាគ្រី​ ជា​តំណាង​បាន​បញ្ជូន​គ្រឿង​ចក្រ​មក​ឈូស​ឆាយ​ ប៉ះពាល់​លើ​ដី​ប្រជាពលរដ្ឋនៅ​ចំណុច​វាល​ពួចធំ​ ក្នុង​ភូមិ​ សំរុង​តាកែវ​ ធ្វើ​ឲ្យ​បាត់​បង់ស្លាក​ស្នាម​ព្រំប្រទល់​ក្បាល​ដី។

ពាក្យបណ្តឹង​បាន​សរសេរ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖«ពួក​ខ្ញុំ​នាំ​គ្នា​ចេញ​ទៅ​តវ៉ា​សុំ​ឲ្យ​គ្រឿង​ចក្រ​ផ្អាក​ការ​ឈូស​ឆាយ​ ក៏​តំណាង​ក្រុមហ៊ុន​មិន​ព្រម​ស្តាប់​ដែរ»។

លោក​ ហេង​ សុខ​ ក្នុង​បណ្តឹង​របស់​លោក​ ក៏​សុំ​អន្តរាគមន៍​ពី​អ្នកស្រី​ មិថុនា​ ភូថង​ លើ​ចំណុច​បួន​ ដែល​នោះ គឺ «ស្នើ​សុំ​កាត់​ឆ្វៀល​ផ្ទៃ​ដី​ទំហំ​ ១០៣​ហិកតា​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​វាល​ពួច​ធំ​ ភូមិ​ សំរុង​តាកែវ ឃុំ​ព្រែក​ខ្សាច់​ ស្រុក​គិរី​សាគរ​ ពី​ទី​តាំង​អនុវត្ត​គំរោង​របស់​ក្រុមហ៊ុន​ SEZ ​និង​សុំ​ចុះ​បញ្ជី​ដី​គ្រប់​គ្រង​ជា​កម្មសិទ្ធិ»។

លោក​ ញៀប សំអឿន​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​កោះ​កុង​ បាន​ប្រាប់​ VOA ​ថា ​ទោះជា​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ចូល​ដល់​សាលាខេត្ត​ក្តី​ ក៏​មិន​ឃើញ​មាន​ការ​ផ្តល់​ដំណោះស្រាយ​ណា​មួយ​ធ្វើ​ឡើង​ តែ​បែរ​ជា​មាន​ការ​ចាប់​ខ្លួន​ជន​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​នេះ​ទៅវិញ។​

លោកមាន​ប្រសាសន៍​ថា៖

«ខាង​ប្រជាពលរដ្ឋដែល​មាន​លោក​ ហេង​ សុខ​ ជា​តំណាង​ហ្នឹង​ ដាក់​ពាក្យ​ស្នើ​សុំ​កាត់​ឆ្វៀល​ទៅ​ខេត្ត​ ហើយ​រដ្ឋបាល​ខេត្ត​ មិន​ព្រម​ដោះស្រាយ​គាត់​ បែរ​ទៅ​ជា​ចាប់​ឃាត់​ខ្លួន​គាត់​ ក្នុង​សំណុំ​រឿង​ចោទ​ពី​ព្រហ្មទណ្ឌ​ចឹង។ យើង​គិត​ថា​ រឿង​ហ្នឹង​វា​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ហើយ​ ជា​ទូទៅ​ណ៎ា។ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ផង​ដែរ​ បើ​សិន​ណា​ជា​មាន​ការ​ឃុំ​ខ្លួន​គាត់​ម្នាក់​ទៀត​នា​រសៀល​នេះ​ យើង​គិត​ថា​ ក្រុម​ហ៊ុន​នេះ​ គឺ​មិនមែន​ជា​ ​ក្រុមហ៊ុន​ដែល​អភិវឌ្ឍន៍​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុត​អំ​ពី​ភាព​ក្រីក្រ​ទេ»។

រូបឯកសារ៖ ទិដ្ឋភាពការដ្ឋានបូមខ្សាច់មួយកន្លែងនៅខេត្តកោះកុង ដែលជាកម្មសិទ្ធិរបស់លោកឧកញ្ញ៉ា លី យ៉ុងផាត់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១១។
រូបឯកសារ៖ ទិដ្ឋភាពការដ្ឋានបូមខ្សាច់មួយកន្លែងនៅខេត្តកោះកុង ដែលជាកម្មសិទ្ធិរបស់លោកឧកញ្ញ៉ា លី យ៉ុងផាត់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១១។

លោក​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់​ ក៏​បាន​ប្តឹង​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ជា​ញឹក​ញាប់​ និង​ប្តឹងចាប់​តំណាង​ប្រជាពលរដ្ឋ​មួយ​រូប​កាល​ពី​កន្លងមក​ដែរ​ ក្នុង​ករណី​ស្រដៀង​គ្នា​នេះ។

លោក​ ចាន់ ណាគ្រី​ មេការ​ក្រុមហ៊ុន​ LYP Group​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង​ ​បដិសេធ​មិន​ផ្តល់ការ​អធិប្បាយ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ។

ចំណែក​ លោក​ គឹម វណ្ណា​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​ជីក​ ​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ VOAយ៉ាងខ្លី​ មុន​នឹងដាក់​ទូរស័ព្ទ​ចុះ​ នៅពេល​ VOA ​សួរ​លោក​ថា​ តើ​ការ​ចាប់​ខ្លួន​លោក​ ហេង​ សុខ​ ធ្វើ​ឡើង​ទៅ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​លោក​ លី យ៉ុងផាត់ ឬ​យ៉ាងណា។​ លោក​ឆ្លើយ​យ៉ាង​ដូច្នេះ៖

«អ្វី​ដែល​ពាក់​ព័ន្ធ​ច្បាប់​ ធ្វើ​តាម​ច្បាប់»។

អ្នក​ស្រី ​មិថុនា​ ភូថង​ អភិបាល​ខេត្ត​កោះកុង​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​មិន​ទាន់​ទទួល​បាន​ដំណឹង​អំពី​ការ​ចាប់ខ្លួន​ លោក ហេង សុខទេ​ តែ​អ្នកស្រីថា​ អ្នកស្រី​នឹង​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​ពាក់​ព័ន្ធករណី​នេះ។

តាម​ការ​បញ្ជាក់​របស់​លោក​ អ៊ិន គង់​ជិត​ មន្ត្រីសិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​ បាន​ឲ្យដឹង​ថា​ វិវាទ​ដី​ធ្លី​របស់​លោក​ ហេង សុខ​ និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ ជា​មួយ​ក្រុមហ៊ុន​របស់​លោក​សមាជិក​ព្រឹទ្ធសភា​ លី​ យ៉ុងផាត់​ បាន​កើត​ឡើង​ ក្រោយ​ក្រុមហ៊ុន​នេះ​ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ​៩ ៩៧៧ ហិកតា​ពី​រដ្ឋាភិបាលនៅឆ្នាំ​ ២០១០។ ផ្ទៃ​ដី​នេះ​ គឺ​ស្ថិត​ក្នុង​តំបន់​ឧទ្យានជាតិ​បុទុមសាគរ​ នៃ​ខេត្តកោះកុង​ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ អះអាង​ថា​ លោក​ ហេង សុខ​ អាច​នឹង​ត្រូវ​តុលាការ​ឃុំខ្លួន​ ប្រសិន​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត។

លោកបន្តថា​ អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ ​កម្រ​នឹង​ត្រូវបាន​តុលាការ​ដោះលែង​មក​វិញ​ បើ​មើល​ទៅ​លើ​ករណី​ផ្សេងទៀត​ ដូច​ជាការ​ចាប់​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​ពីរ​នាក់​របស់​អតីត​អង្គការ​មាតា​ធម្មជាតិ ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​កញ្ញា​ ឆ្នំា​ ២០១៧។ ពួកគេ​ទាំងពីរ​នាក់​ ក៏​រង​ការ​ប្តឹង​ដោយ​ក្រុមហ៊ុន​របស់​លោក​ លី យ៉ុងផាត់​ ផងដែរ៕

XS
SM
MD
LG