តំណាងប្រជាពលរដ្ឋប្រមាណ១៧៥គ្រួសារបានចោទប្រកាន់មេប៉ុស្តិ៍មួយរូបថា បានហាមឃាត់មិនឲ្យមានការជួបប្រជុំរបស់ប្រជាពលរដ្ឋដើម្បីរៀបចំផែនការតវ៉ាទាមទារឲ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនស្ករអំពៅថៃក្នុងខេត្តកោះកុង។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង។
ការត្រៀមជួបប្រជុំរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាកើតមានឡើងបន្ទាប់ពីក្រុមមន្ត្រីថ្នាក់ខេត្ត និងថ្នាក់ជាតិរបស់រដ្ឋាភិបាលកម្ពុជាខកខាន មិនបានធ្វើឲ្យដូចពាក្យសន្យា ដែលបានធ្វើឡើងតាំងពីខែមេសាឆ្នាំ ២០១៧ ក្នុងការផ្តល់សំណងជាដីចំនួនបីហិកតា និងប្រាក់ចំនួន២៥០០ដុល្លារក្នុងមួយគ្រួសារសម្រាប់ប្រជាពលរដ្ឋទាំង១៧៥គ្រួសារនោះ។
លោក អ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង មានប្រសាសន៍ប្រាប់ VOA អំពីការហាមឃាត់យ៉ាងដូច្នេះ៖
«គាត់នឹងប្រជុំនៅថ្ងៃ២៣នេះ អីចឹង ពួកគាត់ថា មិនអាចលើកពេលទៅថ្ងៃក្រោយបានទេណា៎ ហើយរឿងហ្នឹងគឺខាងសមត្ថកិច្ចនគរបាល នៅតែបញ្ជាក់ថា គឺមិនអាចឲ្យមានការប្រជុំអីបានទេ ដោយសារ នៅពេលនេះ ជាពេលដែល បេក្ខជនឈរឈ្មោះឲ្យព្រឹទ្ធសភាហ្នឹងគាត់ ឃោសនា។ អីចឹងវាអាច... វាអាចមានឥទ្ធិពលមិនល្អ ឬក៏អាចមានអ្វីមួយវារាំងស្ទះដល់ការឃោសនារបស់បេក្ខជន បាទ»។
ប្រជាពលរដ្ឋប្រមាណ១៧៥គ្រួសារនេះបានជាប់ផុងក្នុងទំនាស់ដីទំហំ៧៨២ហិកតាជាមួយក្រុមហ៊ុន Koh Kong Sugar Industry Co., Ltd និង Koh Kong Plantation Co.,Ltd របស់ថៃ ដែលបានទិញភាគហ៊ុនពីក្រុមហ៊ុន LYP Group របស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាគឺលោក លី យ៉ុងផាត់ នៅឆ្នាំ២០១០។ លោកអ៊ិន គង់ជិតអះអាងថា លោក លី យ៉ុងផាត់ ដែលជាសេដ្ឋី និងជាសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាចមួយរូបផងដែរ បានទទួលដីសម្បទានសេដ្ឋកិច្ចទំហំ១៩.១០០ហិកតា នៅខែសីហា ឆ្នាំ២០០៦ មុនពេលលោកលក់ភាគហ៊ុនរបស់លោកឲ្យទៅក្រុមហ៊ុនស្ករអំពៅរបស់ថៃទាំងពីរនេះ។
អ្នកស្រី ផាវ ញឺង តំណាងប្រជាពលរដ្ឋ១៧៥គ្រួសារ បញ្ជាក់ថា ប្រជាពលរដ្ឋចង់ជួបប្រជុំគ្នាក្នុងភូមិត្រពាំងកណ្តោល ក្នុងឃុំជីខលើ នៅចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ខែកុម្ភៈនេះ តែត្រូវលោក សាក់ ប៊ុនធៀម មេប៉ុស្តិ៍ឃុំជីខលើ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុងប្រាប់ថា មិនឲ្យមានការជួបជុំនោះឡើយ ដោយរង់ចាំដល់ចប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាសិន។ អ្នកស្រីថា ប្រជាពលរដ្ឋមិនអាចទទួលយកបានការស្នើសុំ ដែលមានលក្ខណៈរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការជួបប្រជុំគ្នានោះទេ។
អ្នកស្រីថ្លែងយ៉ាងដូច្នេះ៖
«សហគមន៍ពួកខ្ញុំ គឺអត់ទទួលយកបានទេ យោបល់របស់គាត់ដែលគាត់និយាយថា សុំឲ្យផ្អាកការប្រជុំ ហើយចាំឲ្យដាច់ខែហ្នឹងអីសិនអីចឹង។ ពួកយើងអត់ទទួលយកបានទេ ព្រោះមូលហេតុចាំបាច់បំផុតគឺដំណោះស្រាយ អត់ដោះ អត់បានដោះស្រាយបែរជាបិទសិទ្ធិសេរីភាពក្នុងការជួបប្រជុំរបស់ពួកយើង។ បើសិនណាជាចង់ឲ្យពួកយើងកុំប្រជុំ កុំអីហើយសំណូមពរអីបានហ្នឹងអី អាហ្នឹងដោះស្រាយដីឲ្យពួកយើងឲ្យបានលឿនមក អាហ្នឹងបានពួកយើងទទួលយកបាន»។
អ្នកស្រីបន្តថា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានេះ អ្នកស្រីនិងក្រុមប្រជាពលរដ្ឋនឹងពិភាក្សារៀបផែនការតវ៉ា ទាមទារសំណងដែលក្រុមមន្ត្រីរដ្ឋាភិបាលបានសន្យាថានឹងផ្តល់ឲ្យតាំងពីឆ្នាំ២០១៧មកនោះ។
មុនពេលទម្លាក់ទូរស័ព្ទចុះ លោក សាក់ ប៊ុនធៀម មេប៉ុស្តិ៍នគរបាលឃុំជីខលើ បានច្រានចោលការចោទប្រកាន់នេះ ដោយមានប្រសាសន៍យ៉ាងដូច្នេះថា៖
«បាទ ខ្ញុំអត់បានហាមឃាត់ទេ បាទ! សុំទោសបាទ»។
ជម្លោះដីធ្លីនៅខេត្តកោះកុងត្រូវគេជឿថា នៅបន្តកើតមាន និងមិនទាន់ត្រូវបានដោះស្រាយឲ្យចប់រួចរាល់នៅឡើយ ដោយហេតុថា វិវាទខ្លះគឺមានការជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាច ដែលមាននិន្នាការនយោបាយទៅរកគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយវិវាទខ្លះទៀតគឺពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនចិន ក្នុងនោះមានក្រុមហ៊ុន Union Development Group (UDG)។
ក្រុមហ៊ុន UDG ខាងលើនេះបានទទួលដីសម្បទានសេដ្ឋកិច្ចសរុបចំនួន៤៥.១០០ហិកតាពីរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ដែលត្រូវចំណាយទឹកប្រាក់៣,៨ពាន់លានដុល្លារកាលពីឆ្នាំ២០០៨។ គម្រោងទីក្រុងទេសចរណ៍ដ៏ស្គឹមស្កៃនេះកំពុងដំណើរការនៅចំកណ្ដាលឧទ្យានជាតិបទុមសាគរ ក្នុងខេត្តកោះកុង។
គម្រោងរបស់ក្រុមហ៊ុន UDG ដើម្បីអភិវឌ្ឍទីក្រុងទេសចរណ៍នេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាង១.០០០គ្រួសារ ចាកចេញពីលំនៅដ្ឋានរបស់ពួកគេជាយូរមកហើយ។ ប៉ុន្តែនៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅមិនទាន់បានដំណោះស្រាយសមស្របសម្រាប់ដីដែលពួកគេកាន់កាប់ បន្ទាប់ពីពួកគេបានចាកចេញពីភូមិដ្ឋានចាស់ទៅតាំងលំនៅដ្ឋាននៅភូមិដ្ឋានថ្មី៕