កំណត់និពន្ធ៖ ព្រះបាទនរោត្តម សីហនុគឺជាតួអង្គដ៏សំខាន់ជាងគេបំផុតមួយនៅក្នុងការចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ហើយឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ នៅខួបលើកទី២៥នៃការចុះហត្ថលេខានេះ លោក អ៊ីវ ឌុយម៉ុង (Yves Dumont) អតីតប្អូនថ្លៃរបស់ព្រះបាទនរោត្តម សីហនុ បានយល់ព្រមផ្តល់បទសម្ភាសន៍ដល់លោកម៉ែន គឹមសេង នៃ VOA នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ ខាងក្រោមនេះជាខ្លឹមសារនៃបទសម្ភាសន៍នេះទាំងស្រុង។
VOA៖ សូមជម្រាបសួរលោក ឌុយម៉ុង!
លោក ឌុយម៉ុង៖ សូមជម្រាបសួរ!
VOA៖ សូមអរគុណដែលបានអនុញ្ញាតឱ្យ VOA មកសម្ភាស។ តើលោកអាចបញ្ជាក់បានទេថា ហេតុអ្វីបានជាលោកមានជាប់ពាក់ព័ន្ធតាមដានកិច្ចការនយោបាយក្នុងប្រទេសកម្ពុជា?
លោក ឌុយម៉ុង៖ ដំបូងដោយសារខ្ញុំបានជួបស្ត្រីម្នាក់ ហើយខ្ញុំក៏បានបាក់ចិត្តស្រឡាញ់។ នៅពេលក្រោយមកទើបខ្ញុំដឹងថា គាត់ជាព្រះអនុជរបស់ព្រះបាទសីហនុ។ នៅពេលនោះ គឺក្នុងឆ្នាំ១៩៧៨។ ខ្ញុំបានរៀបការនឹងភរិយារបស់ខ្ញុំដែលជាបុត្រីរបស់សម្តេចព្រះនរោត្តមសុរាម្រិត ដូចព្រះបាទសីហនុដែរ។ គាត់គឺជាជនភៀសខ្លួននៅប្រទេសបារាំង ហើយមកដល់ឆ្នាំ១៩៧៨ គ្មានអ្នកណាម្នាក់ដឹងថាសម្តេចសីហនុនៅមានព្រះជន្មនៅឡើយទេ។ ក្រោយមកបានយើងដឹងថា ព្រះអង្គត្រូវគេចាប់ឃុំនៅក្នុងរាជវាំងក្នុងទីក្រុងភ្នំពេញ។ ថ្ងៃមួយប្រពន្ធរបស់ខ្ញុំនិយាយថា មានដំណឹងល្អគឺព្រះរៀមរបស់ខ្ញុំនៅមានព្រះជន្មនៅឡើយទេ។ ហើយព្រះអង្គយាងមកទីក្រុងញូវយ៉ក បន្ទាប់ពីវៀតណាមបានចូលកាន់កាប់កម្ពុជា។
VOA៖ បាទល្អ។ អីចឹងហើយបានជាធ្វើឱ្យលោកចាប់អារម្មណ៍នឹងនយោបាយកម្ពុជា។ ឆ្នាំនេះគឺជាខួបលើកទី២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលបានចុះ ហត្ថលេខាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ តើលោកអាចបញ្ជាក់ហេតុការណ៍ពីដំបូងថា តើក្រុមតស៊ូជាពិសេសក្រុមរាជានិយមមានការរៀបចំខ្លួនក្នុងការចរចាយ៉ាងណាដែរ មុននឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង?
លោក ឌុយម៉ុង៖ ខ្ញុំមិនចូលរួមក្នុងការចរចាដោយផ្ទាល់ទេ ប៉ុន្តែខ្ញុំតាមដានជាប់ជាប្រចាំហើយតាមទម្លាប់នៅពេលបន្ទាប់ពីការចរចាតឹងតែងព្រះអង្គម្ចាស់នរោត្តមសីហនុសព្វព្រះទ័យក្នុងការរៀបចំពិធីអាហារថ្ងៃត្រង់ ឬអាហារល្ងាចនៅសណ្ឋាគារដែលព្រះអង្គស្នាក់នៅ។ បើទោះបីជាព្រះអង្គមិនថ្លែងដោយផ្ទាល់ ប៉ុន្តែយើងបានដឹងរឿងច្រើនពីព្រះអង្គ និងអ្នកប្រឹក្សារបស់ព្រះអង្គ។ អ្វីដែលខ្ញុំដឹងនៅពេលនោះគឺមានក្តីសង្ឃឹមជាច្រើន ព្រោះពលរដ្ឋខ្មែរទទួលរងគ្រោះខ្លាំងពីរបបខ្មែរក្រហមច្រើនជាងរបបដែលឡើងកាន់អំណាចបន្ទាប់ ហើយមានការរំពឹងថា កម្ពុជានឹងត្រឡប់មកជាប្រទេសដែលមានការញញឹមឡើងវិញ។
ការចរចាពេលដំបូងៗចាប់ផ្តើមដោយមានតែសម្តេចសីហនុ និងលោកហ៊ុន សែន គឺមិនមែនបួនភាគីទេ។ សម្តេចសីហនុទើបតែប្រឡប់ចូលមកក្នុងឆាកនយោបាយវិញ ហើយព្រះអង្គមានភាពស្វាហាប់ ហើយលោកហ៊ុន សែនក៏ស្វាហាប់ ហើយនៅក្មេងដែលមានបទពិសោធន៍ក្នុងកិច្ចការជាច្រើន ប៉ុន្តែមិនមានច្រើននៅខាងផ្នែកនយោបាយនិងការទូតទេ។ ដូច្នេះខ្ញុំគិតថា ព្រះអង្គម្ចាស់សីហនុប្រៀបដូចជាគ្រូរបស់គាត់អីចឹង ហើយលោកហ៊ុន សែន ដែលជាអ្នករៀនរហ័សបានរៀនសូត្រតាមច្រើនពីព្រះអង្គម្ចាស់សីហនុក្នុងអំឡុងពេលនេះ។
VOA៖ ចុះបញ្ហាការគ្រប់គ្រងរបស់ប្រទេសវៀតណាមមកលើកម្ពុជាត្រូវបានគេចរចាយ៉ាងម៉េចដែរ?
លោក ឌុយម៉ុង៖ ខ្ញុំមិនដឹងព័ត៌មានលម្អិតលើផ្នែកហ្នឹងទេ។ ប៉ុន្តែអ្វីដែលខ្ញុំដឹងគឺមានការដាក់សម្ពាធខ្លាំងលើព្រះអង្គម្ចាស់សីហនុ និងភាគីពីរផ្សេងទៀត គឺខ្មែរក្រហម និងសឺន សាន។ ហើយខ្ញុំចាំយ៉ាងច្បាស់ថា សម្ពាធមានខ្លាំងរហូតដល់សម្តេចសីហនុបាក់ទឹកព្រះទ័យ។ ភាពស្វាហាប់របស់ព្រះអង្គរលាយបាត់ ហើយព្រះអង្គត្រៀមចាំទទួលយកអ្វីក៏បាន។ ខ្ញុំនៅចាំបានថា នៅពេលពិសារអាហារល្ងាចនោះគឺព្រះអង្គពិបាកព្រះទ័យមែនទែន ហើយអ្នកដទៃទៀតក៏ពិបាក។
VOA៖ តើសម្ពាធយ៉ាងម៉េច? ហើយតើវាចេញពីប្រភពណាមក?
លោក ឌុយម៉ុង៖ ខ្ញុំមិនដឹងទេ ប៉ុន្តែគឺព្រះអង្គបានជួបពិភាក្សានៅពេលព្រឹក ហើយនៅពេលរសៀលនិងពេលល្ងាចព្រះអង្គបាក់ទឹកព្រះទ័យ ហើយហាក់ដូចជាគ្មានច្រកចេញ។
VOA៖ តើឆ្នាំនោះគឺឆ្នាំ១៩៩០ ឬ ១៩៩១?
លោក ឌុយម៉ុង៖ ប្រហែលជានៅឆ្នាំ១៩៩១។ ប្រហែលជាមួយឆ្នាំ មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដូច្នេះពេលនោះសំខាន់ណាស់។ ព្រះអង្គម្ចាស់សីហនុខិតខំជំរុញកិច្ចការមួយចំនួនតែមួយអង្គឯង ហើយភាគីដទៃទៀតមិនគាំទ្រឡើយក្នុងនោះមានខ្មែរក្រហម សឺន សាន ឬ ហ៊្វុនស៊ីនប៉ិច។ ពេលខ្លះព្រះអង្គមានតែមួយអង្គឯង។ នៅឯពិធីអាហារល្ងាចនោះដែលខ្ញុំចងចាំបានយ៉ាងរស់រវើក គឺព្រះអង្គមានបន្ទូលថា«ចប់ហើយ។ យើងចាញ់ហើយ។ ពួកវៀតណាមបាននិយាយកាលពីមុននេះបន្តិចថា សីហនុដើរមកដល់ចុងខ្សែហើយ»។
ហើយពេលនោះ មនុស្សគ្រប់គ្នាស្ងាត់ច្រៀប។ ខ្ញុំបានធ្វើកិច្ចការមួយដែលខ្ញុំមិនគួរធ្វើទាល់តែសោះ។ លោកដឹងទេថា ពេលដែលយើងនៅចំមុខព្រះភ័ក្ររបស់ព្រះអង្គគឺយើងមិនត្រូវនិយាយអ្វីទាំងអស់ បើព្រះអង្គមិនសួរទេ។ ព្រះអង្គមិនចូលចិត្តឱ្យអ្នកណាម្នាក់និយាយអ្វីភ្លីភ្លើនៅមុខព្រះភ័ក្រព្រះអង្គទេ។ បើសិនជាអ្នកនិយាយអ្វីដោយព្រះអង្គមិនបានស្នើឱ្យបញ្ចេញយោបល់ ហើយបើអ្នកនិយាយអ្វីខុសរួមទាំងវេយ្យាករណ៍បារាំងផងនោះ ព្រះអង្គនឹងស្តីបន្ទោសភា្លម។ ដូច្នេះខ្ញុំស្ម័គ្រចិត្តមានយោបល់ បើទោះបីជាប្រពន្ធរបស់ខ្ញុំសំឡឹងមុខខ្ញុំក្នុងន័យថាកុំនិយាយ។
ខ្ញុំនិយាយថា៖ «ព្រះអង្គនៅពេលណាដែលព្រះអង្គម្ចាស់សីហនុធ្លាក់មកដល់ចុងខ្សែ...»។ ពេលនោះព្រះអង្គមើលមុខខ្ញុំដោយអាការៈថា ម្នាក់នេះនិយាយពីអ្វី។ ខ្ញុំបន្តថា«...ពេលនោះគឺព្រះអង្គអាចចាប់ផ្តើមខ្សែថ្មីមួយទៀត»។ គ្រប់គ្នាសំងំស្ងៀម។ មួយសន្ទុះក្រោយមកព្រះអង្គម្ចាស់សីហនុសើចយ៉ាងខ្លាំង ហើយមានបន្ទូលថា«លោក អ៊ីវ ខ្ញុំចូលចិត្តអ្វីដែលលោកនិយាយល្អខ្លាំងណាស់។ សូមអរគុណដែលបានលើកទឹកចិត្តខ្ញុំឱ្យប្រយុទ្ធតបវិញ»។
VOA៖ តើមូលហេតុអ្វីបានជាធ្វើឱ្យលោកក្លាហានហ៊ានឡើងនិយាយដូច្នេះដាក់ព្រះអង្គ?
លោក ឌុយម៉ុង៖ ខ្ញុំមានអារម្មណ៍ថា វាជាពេលដ៏សំខាន់ដែលមិនគួរណាបំបាក់ទឹកចិត្តអ្នកណាម្នាក់ជាពិសេសព្រះអង្គ។ ហើយខ្ញុំបានរៀនសូត្រពីជីវិតរបស់ព្រះអង្គថាព្រះអង្គជួបប្រទះការលំបាកជាច្រើន ប៉ុន្តែព្រះអង្គតែងតែស្ទុះងើបឡើងវិញ។
VOA៖ លោកថាព្រះអង្គម្ចាស់សីហនុបានទាមទារសម្រាប់ពលរដ្ឋកម្ពុជាក្នុងអំឡុងពេលនៃការជួបចរចា។ តើលោកអាចលើកឡើងនូវចំណុចខ្លះទេថាមានអ្វីខ្លះ?
លោក ឌុយម៉ុង៖ បាទ មានចំណុចបីដែលមានបូរណភាពទឹកដី ដែលជាចំណុចសំខាន់រហូតដល់សព្វថ្ងៃនេះ និងអធិបតេយ្យភាព។ ហើយសូមកុំច្រឡំរវាងចំណុចទាំងពីរនេះ។ អ្នកអាចមានកម្ពុជាមួយដែលមានអធិបតេយ្យភាព ប៉ុន្តែមិនមានព្រំដែន ឬគិតពីអធិបតេយ្យភាពកម្ពុជាដែលមិនមានបូរណភាពទឹកដី។ ដូច្នេះចំណុចពីរនេះសំខាន់ណាស់។ ហើយចំណុចទីបីគឺសិទ្ធិមនុស្សដែលប្រហែលជាមិនទាន់ទទួលបានដូចអ្វីដែលបានគូសវាសកាលពី២៥ឆ្នាំមុនទេ។ ដូច្នេះមានចំណុចបីនេះដែលមិនអាចផ្លាស់ប្តូរបាន។ មានចំណុចបន្ថែមទៀតដែលមិនសូវបានគេដឹង ប៉ុន្តែខ្ញុំបានដឹងខ្លះនោះគឺមានថ្ងៃមួយនៅពេលញ៉ាំអាហារថ្ងៃត្រង់ដែលមិនមានមនុស្សច្រើនដូចកាលពីលើកមុនទេ។ ពេលនោះគឺមានតែមនុស្សបួននាក់។ មានព្រះជាយាម៉ូនិក ប្រពន្ធរបស់ខ្ញុំ សម្តេចសីហនុ និងខ្ញុំ។ ព្រះអង្គបានប្រាប់យើងថា យើងជិតបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប៉ុន្តែមានកិច្ចការមួយដែលខ្ញុំមិនសព្វព្រះទ័យទាល់តែសោះ គឺពួកគេចង់ឱ្យខ្ញុំឡើងសោយរាជ្យ។ ពួកគេចង់ឱ្យកម្ពុជាទៅជាព្រះរាជាណាចក្រវិញហើយឱ្យខ្ញុំឡើងសោយរាជ្យ ហើយខ្ញុំមិនចង់សោយរាជ្យទេ។ ប្រពន្ធរបស់ខ្ញុំសួរថាហេតុអ្វីទៅព្រះករុណា?
ព្រះអង្គបានមានព្រះបន្ទូលថា នៅពេលដែលខ្ញុំដាក់រាជ្យ ខ្ញុំបានស្បថថានឹងមិនឡើងសោយរាជ្យវិញទេ។ ហើយអ្នកដឹងហើយថា វាជាសម្បថមួយដែលខ្ញុំមិនអាចរំលោភបំពានបាន។ ប្រហែលជាអ្វីមួយដែលព្រះអង្គមិនបានមានព្រះបន្ទូលនោះគឺក្នុងនាមជាព្រះមហាក្សត្រ គឺព្រះអង្គមិនមានអំណាចដើម្បីការពារប្រទេសកម្ពុជា និងអនុវត្តកិច្ចព្រមព្រៀងដូចអ្នកកាន់តំណែងនាយករដ្ឋមន្ត្រី ឬប្រធានាធិបតីទេ។
ប៉ុន្តែព្រះអង្គបញ្ជាក់ច្បាស់ណាស់ថា ព្រះអង្គមិនចង់ឡើងសោយរាជ្យវិញទេ។ ហើយនៅពេលក្រោយមកខ្ញុំដឹងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានដាក់ឱ្យព្រះអង្គឡើងសោយរាជ្យវិញ។ ដូច្នេះខ្ញុំបានសួរប្រពន្ធខ្ញុំថា ហេតុអ្វីបានជាទៅជាអីចឹង? ហេតុអ្វីបានជាព្រះអង្គទទួលយក? ហើយប្រពន្ធខ្ញុំនិយាយថាដោយសារតែគ្មានអ្នកណាម្នាក់គាំទ្រព្រះអង្គទេ។ សូម្បីតែ ក្រុមប្រឆាំងនឹងរបបរាជានិយមក៏ចង់ឱ្យព្រះអង្គឡើងសោយរាជ្យដែរដើម្បីកុំឱ្យព្រះអង្គមានអំណាច។ ក្រុមវៀតណាម និងគណបក្សប្រជាជនមិនចង់ឱ្យព្រះអង្គធ្វើជានាយករដ្ឋមន្ត្រី ឬប្រធានាធិបតីទេ។ តើលោកដឹងទេសូម្បីតែមិត្តភក្តិរបស់ព្រះអង្គដែលមានពីគណបក្សហ៊្វុនស៊ីនប៉ិចក៏មិនចង់ដែរ ព្រោះមានព្រះអង្គម្ចាស់ខ្លះប្រហែលជាចង់ធ្វើជានាយករដ្ឋមន្ត្រី ហើយក្រោយមកឡើងសោយរាជ្យហើយប្រសិនបើកម្ពុជាក្លាយទៅជារបបសាធារណរដ្ឋគឺប្រហែលបិទឱកាសពួកគេហើយ។
VOA៖ ខ្ញុំបានមើលឯកសារកិច្ចព្រមព្រៀងគ្រប់ទំព័រគឺមិនមានដាក់ព្រះនាមរបស់ព្រះអង្គទេ។ ដូច្នេះអ្វីដែលលោកទើបប្រាប់ខ្ញុំគឺជាការព្រមព្រៀងក្រៅផ្លូវការមែនទេ?
លោក ឌុយម៉ុង៖ ប្រាកដហើយ។
VOA៖ អីចឹងតើលោកមានប្រតិកម្មដូចលើកមុនពេលដែលលោកនិយាយពីខ្សែពួរនោះទេ?
លោក ឌុយម៉ុង៖ ខ្ញុំអត់មាននិយាយអ្វីទេ។ ខ្ញុំអត់មាននិយាយអ្វីទាំងអស់!
VOA៖ តាមយោបល់លោកតើព្រះអង្គសោយរាជ្យនិងព្រះអង្គកាន់អំណាចជានាយករដ្ឋមន្ត្រី ឬប្រធានាធិបតី តើតួនាទីមួយណាអាចបម្រើប្រទេសបានល្អជាង?
លោក ឌុយម៉ុង៖ ខ្ញុំគិតថាព្រះអង្គគឺជាមនុស្សដ៏អស្ចារ្យ។ គ្មានអ្នកណាការពារមាតុភូមិរបស់ព្រះអង្គបានល្អជាងព្រះអង្គទេ។ ប្រហែលជាមានតែលោកឧត្តមសេនីយ៍ដឺហ្កោល ឬលោកឆឺចឈីលទេ ដែលអាចប្រៀបធៀបជាមួយនឹងព្រះអង្គបាន។ បើព្រះអង្គកាន់អំណាចកិច្ចព្រមព្រៀងប៉ារីសនឹងមានមុខមាត់ថ្មីហើយខ្ញុំជឿជាក់ថាអ្វីៗនឹងបានល្អជាងពេលបច្ចុប្បន្ននេះសម្រាប់ប្រទេសកម្ពុជា ប្រសិនបើព្រះបាទសីហនុមានអំណាចមកអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
VOA៖ លោកមានប្រសាសន៍ថា ប្រទេសកម្ពុជាអាចនឹង«ល្អជាងពេលបច្ចុប្បន្ន»។ នេះគឺជាពាក្យគន្លឹះដ៏សំខាន់។ ឥឡូវនិយាយពីកិច្ចព្រមព្រៀងនេះដែលលោកបាននិយាយយោងដល់បូរណភាព អធិបតេយ្យភាព គឺយើងនៅតែឃើញមានបញ្ហាជាមួយនឹងប្រទេសវៀតណាមហើយថ្មីៗនេះរដ្ឋាភិបាលកម្ពុជាទើបតែចេញនូវកំណត់ទូតមួយតវ៉ាពីការសាងសង់ប៉ុស្តិ៍ប៉ូលិស និងយោធា និងការចូលជីកស្រះនៅតាមបណ្តោយព្រំដែន។ ចុះទស្សនៈទូទៅរបស់លោកយល់យ៉ាងម៉េចដែរពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ?
លោក ឌុយម៉ុង៖ ទស្សនៈរបស់ខ្ញុំដែលមិនរស់នៅក្នុងប្រទេសកម្ពុជាទេប៉ុន្តែមានមិត្តភក្តិនៅកម្ពុជាគឺខ្ញុំមើលឃើញកិច្ចការពីរ។ ទីមួយគឺការព្រួយបារម្ភ និងមួយទៀតបញ្ជាក់ពីក្តីសង្ឃឹម។
ការព្រួយបារម្ភគឺសិទ្ធិមនុស្ស បូរណភាព និងអធិបតេយ្យភាពរបស់កម្ពុជាកំពុងរងការគំរាមកំហែង។ ចំណុចទាំងបីនេះសំខាន់ណាស់។ គ្មានប្រយោជន៍អ្វីទេនៅក្នុងបូរណភាពទឹកដីទេ បើជនជាតិខ្មែរមិនគ្រប់គ្រងប្រទេសកម្ពុជាខ្លួនឯង។ គ្មានប្រយោជន៍អ្វីទេដែលកម្ពុជាត្រូវគ្រប់គ្រងដោយមិនគិតពីសិទ្ធិមនុស្ស។ ដូច្នេះចំណុចទាំងបីមានសារៈសំខាន់ណាស់ ហើយចំណុចទាំងបីនេះទទួលរងការគំរាមកំហែង។ នេះគឺជាការព្រួយបារម្ភដែលខ្ញុំមាន។ ដំណឹងល្អគឺលើសពីពេលមុនទាំងអស់គឺមានឆន្ទៈក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ការប្រារព្ធនៃខួបលើកទី២៥ឆ្នាំនៅខែតុលាក្នុងទីក្រុងភ្នំពេញគឺជាសញ្ញាល្អ។ ខ្ញុំដឹងថាប្អូនថ្លៃរបស់ខ្ញុំគឺព្រះអង្គម្ចាស់នរោត្តម សិរីវុឌ្ឍ ដែលគ្រប់គ្រងវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព (CICP)កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការវាយតម្លៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថា ជាលក្ខខណ្ឌមួយនៃជោគជ័យសម្រាប់ប្រទេសកម្ពុជា និងសម្រាប់តំបន់ទាំងមូល។ ប្រទេសកម្ពុជាគឺជាផ្នែកមួយនៃក្រុមធំនៃបណ្តាប្រទេសតំបន់អាស៊ាន ដែលមានប្រទេសជិតខាងដូចជាឡាវ វៀតណាមនិងថៃ។ ហើយខ្ញុំគិតថា ជោគជ័យក្នុងប្រទេសកម្ពុជានឹងជួយឱ្យមានសន្តិភាពនៅតំបន់នេះ។
VOA៖ មានមាត្រាមួយដែលខ្ញុំបានអាន គឺថាពេលដែលមានការរំលោភព្រំដែនប្រទេសកម្ពុជាគឺប្រទេសហត្ថលេខីត្រូវតែជួប និងពិភាក្សាគ្នាជាបន្ទាន់ ហើយដូចដែលខ្ញុំបានលើកឡើងពីខាងដើមពីការតវ៉ារបស់រដ្ឋាភិបាលកម្ពុជាទៅប្រទេសវៀតណាមអំពីការចូលរំលោភព្រំដែន ប៉ុន្តែហាក់ដូចជាមិនមានប្រតិកម្មអ្វីពីប្រទេសទាំងនោះទេ។ តាមយោបល់លោកតើគួរតែធ្វើយ៉ាងម៉េចដើម្បីឱ្យប្រទេសទាំងនោះចូលរួមមកដោះស្រាយតាមអ្វីដែលពលរដ្ឋកម្ពុជាចង់បាន?
លោក ឌុយម៉ុង៖ នេះជាចំណុចសំខាន់ដែលលោកបានលើកឡើងគឺថាគេមិនគួរទុកពលរដ្ឋកម្ពុជានិងរដ្ឋាភិបាលឱ្យនៅឯកោទេ។ ខ្ញុំគិតថា អ្នកដែលគាំទ្រឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជាប្រទេសធំដូចជាបារាំង សហរដ្ឋអាមេរិក និងចិន ហើយប្រទេសទាំងនេះគួរតែចូលរួមពាក់ព័ន្ធជាងពេលបច្ចុប្បន្ននេះ។ ជាឧទាហរណ៍ ក្នុងនាមជាជនជាតិបារាំងគឺខ្ញុំមានការសោកស្តាយដែលរដ្ឋាភិបាលរបស់ខ្ញុំមិនគាំទ្រថែមទៀតដល់ការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសហើយនៅរាល់ពេលដែលពួកគេឃើញការរំលោភ ពួកគេដែលបានចុះហត្ថលេខាត្រូវតែនិយាយពីចំណុចនេះ។ វាមិនត្រឹមតែជាប្រយោជន៍ដល់កម្ពុជាទេប៉ុន្តែសម្រាប់តួនាទីរបស់បារាំងនៅលើពិភពលោកផងដែរ។
VOA៖ ដូច្នេះតើលោកមានអនុសាសន៍យ៉ាងណាទេដល់ពលរដ្ឋកម្ពុជាដែលចង់ឃើញឱ្យមានការអនុវត្តតាមកិច្ចព្រមព្រៀងនេះ?
លោក ឌុយម៉ុង៖ ខ្ញុំគិតថា គំនិតនៃការរៀបចំសន្និសីទមួយរបស់បណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងប៉ារីសគឺជាគំនិតល្អមួយដែលមានសារៈសំខាន់។ អីចឹងហេតុអ្វីបានជាចិន សហរដ្ឋអាមេរិក និងបារាំង មិនកោះអញ្ជើញឱ្យមានសន្និសីទមួយពិនិត្យមើលពីការអនុវត្តកិច្ចព្រមព្រៀងនោះ។ ខ្ញុំជាអ្នកជំនួញហើយនៅក្នុងរបរជំនួញនៅពេលណាដែលអ្នកធ្វើសេចក្តីព្រមព្រៀងអ្វីមួយ គឺអ្នកធ្វើការប្រជុំដើម្បីពិនិត្យមើលកិច្ចព្រមព្រៀងនោះថា តើត្រូវបានគេអនុវត្តតាមឬទេ? អ្វីដែលនៅបាត់បង់ហើយតើយើងភ្លេចអ្វីខ្លះ? តើយើងគួរតែធ្វើឱ្យប្រសើរឡើងទេ? កិច្ចព្រមព្រៀងស្ថិតនៅជានិច្ចនៅពេលដែលអ្នកចុះហត្ថលេខាហើយក្នុងករណីនេះវាហាក់ដូចជាកិច្ចព្រមព្រៀងបានស្លាប់ហើយ។ វាមិនទាន់ស្លាប់ទេ។ គេមិនគួរធ្វើអីចឹងទេ។
VOA៖ សូមអរគុណលោកឌុយម៉ុងដែលបានផ្តល់បទសម្ភាសដល់ VOA។
លោក ឌុយម៉ុង៖ សូមអរគុណ៕