ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកការទូត​បារាំង​​បង្ហាញ​ពី​កំហុស​ឆ្គង​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស


អតីតឯកអគ្គរដ្ឋទូតបារាំង Claude Martin រៀបរាប់ពី​ដំណើរការចរចា​សន្តិភាព​និង​ទស្សនៈ​របស់​លោក​ពីការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភា​ព​ទីក្រុង​ប៉ារីស​ក្នុង​រយៈពេល​២៥ឆ្នាំ​កន្លង​មកនេះ។ (ពិន ស៊ីសុវណ្ណ/VOA)
អតីតឯកអគ្គរដ្ឋទូតបារាំង Claude Martin រៀបរាប់ពី​ដំណើរការចរចា​សន្តិភាព​និង​ទស្សនៈ​របស់​លោក​ពីការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភា​ព​ទីក្រុង​ប៉ារីស​ក្នុង​រយៈពេល​២៥ឆ្នាំ​កន្លង​មកនេះ។ (ពិន ស៊ីសុវណ្ណ/VOA)

លោក​Claude Martin ​អតីត​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​បារាំង​និង​ជាអ្នក​ចូលរួម​ផ្តួចផ្តើម​ឱ្យ​មានការចរចា​សន្តិភាព​នៅ​កម្ពុជា​តាំងពីឆ្នាំ​១៩៨៧​បានប្រាប់VOA​ថា​ការអនុវត្ត​​កិច្ចព្រមព្រៀង​នេះបាន​ខុស​ឆ្គង​តាំងពី​ដំបូង​ទី​មកម្ល៉េះ​ហើយ​វា​សម្រេច​បាន​តែ​ពាក់​កណ្តាល​ទេ។

កំណត់និពន្ធ៖ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​១៩៩១​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ដើម្បី​បញ្ចប់​ជម្លោះ​ជាច្រើន​ឆ្នាំ​រវាង​ភាគី​ខ្មែរ​នានា​ដែល​ក្នុង​នោះ​មាន​ភាគី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែល​លើក​បន្តុប​ដោយ​ប្រទេស​វៀតណាម​ ភាគី​អ្នក​តស៊ូ​រាជានិយម​ ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​របស់​លោក​សឺន សាន​និង​ភាគី​ខ្មែរ​ក្រហម។​ ២៥ឆ្នាំ​ក្រោយ​មក​កិច្ច​ព្រមព្រៀង​នេះត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​ត្រូវ​បាន​អនុវត្ត​តាម​ត្រឹមត្រូវ​ទេ។ លោក​Claude Martin ​អតីត​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​បារាំង​និង​ជាអ្នក​ចូលរួម​ផ្តួចផ្តើម​ឱ្យ​មានការចរចា​សន្តិភាព​នៅ​កម្ពុជា​តាំងពីឆ្នាំ​១៩៨៧​បានប្រាប់VOA​ថា​ការអនុវត្តកិច្ចព្រមព្រៀង​នេះបាន​ខុស​ឆ្គង​តាំងពី​ដំបូង​ទី​មកម្ល៉េះ​ហើយ​វា​សម្រេច​បាន​តែ​ពាក់​កណ្តាល​ទេ។ លោក​ម៉ែន គឹមសេង ​អ្នករាយការណ៍​ព័ត៌មាន​VOA​បាន​ជួប​សម្ភាស​ពិសេស​ជាមួយ​នឹង​លោក​ Claude Martin ​នៅ​ទីក្រុង​ប៉ារីស។ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​បទសម្ភាស​ទាំងស្រុង៖

VOA៖ សូម​ជម្រាប​សួរ​លោក​ឯកអគ្គរដ្ឋ​ទូត!

លោក​ខ្លូត ម៉ាតាំង៖ សូមជម្រាបសួរ!

VOA៖ នៅខែ​តុលា​ឆ្នាំ​នេះ​គឺ​ជា​ខួប​លើក​ទី២៥ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ប៉ុន្តែ​មុន​នឹង​ចូល​ដល់​ការពិនិត្យ​មើល​លទ្ធផល​នៃការអនុវត្តកិច្ច​ព្រម​ព្រៀង​នេះ​ តើ​លោក​អាច​ប្រាប់​យើង​បាន​ទេ​ថា​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​យ៉ាងដូច​ម្តេច?​

លោក​ខ្លូត ម៉ាតាំង៖ ដំណើរការ​ចរចា​សម្រាប់​កិច្ចព្រមព្រៀង​នេះ​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៨៧។ ខ្ញុំ​គឺ​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​អាស៊ី​នៅក្នុង​ក្រសួង​ការបរទេស​បារាំង​ហើយ​ខ្ញុំ​ទទួលបាន​ការ​តែងតាំង​ឱ្យ​កាន់​តំណែង​នោះ​នៅក្នុង​ឆ្នាំ​១៩៨៦​ហើយ​ភ្លាមៗ​នោះ​ខ្ញុំ​ចាត់​ទុក​ថា​ជា​គោលដៅ​ចម្បង​របស់​ខ្ញុំ​នៅក្នុង​នាយកដ្ឋាននេះ​គឺ​ព្យាយាម​ស្តារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅពេល​នោះ ​មាន​ការ​ពិភាក្សា​គ្នា​ច្រើន​ណាស់​នៅ​ក្នុង​ប្រទេស​បារាំង​អំពី​ស្ថានការណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។ មាន​មនុស្ស​មួយ​ក្រុម​ដែល​និយាយ​ថា​មាន​រដ្ឋាភិបាល​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​របស់​លោក​ហេង សំរិន​ហើយ​រដ្ឋាភិបាល​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រទេស​វៀតណាម​នៅកំពុង​កាន់​អំណាច ​ហើយ​ប្រសិន​បើ​យើង​មិន​ទទួលស្គាល់​ពួកគេ​ទេ​ក្រុម​ខ្មែរ​ក្រហម​ដែល​ជា​គ្រោះ​គំរាម​កំហែង​ដល់​ពលរដ្ឋ​កម្ពុជា​អាច​នឹង​ត្រឡប់​មក​វិញ។ ដូច្នេះ​ចូរ​យើង​ជួយ​លោក​ហេង សំរិន។ នោះគឺ​ជា​ជំហរ​មួយ។ ជំហរ​មួយ​ទៀត​គឺ​ថា​សម្តេច​សីហនុ​គឺ​ជា​តួអង្គ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ស្តារសន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​ប៉ុន្តែ​ព្រះអង្គ​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​ហើយ​យើង​បាន​ដាក់​សម្ពាធ​ឱ្យ​ព្រះអង្គ​បោះបង់​ចោល​សម្ព័ន្ធ​មិត្ត​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​ ឱ្យ​ឈរ​ជា​តួអង្គ​សំខាន់​មួយ​នៅ​ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព​ដោយ​ពិភាក្សា​ជាមួយ​នឹង​លោក​ហេង សំរិន​ដែល​ក្រោយមក​ពិភាក្សា​ជាមួយ​នឹង​លោក​ហ៊ុន សែន។ ប៉ុន្តែ​សម្តេច​សីហនុ​ថា​ព្រះអង្គ​មិន​បោះបង់​ក្រុម​ខ្មែរ​ក្រហម​ចោល​ទេ។ ព្រះ​អង្គបាន​សន្យា​នឹង​ចិន​ថា​សុខចិត្ត​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​ដូច្នេះ​ខ្ញុំ​នៅ​តែ​រក្សា​សម្ព័ន្ធ​មិត្ត​នេះ​ហើយ​ខ្ញុំ​មិន​អាច​ទទួល​យក​ការចរចា​ណាមួយ​ជាមួយ​នឹង​រដ្ឋាភិបាល​ដែល​វៀតណាម​លើក​បន្តុប​ទេក្នុង​ពេល​ដែល​ទាហាន​វៀតណាម​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​មាន​មនុស្ស​ដទៃ​ទៀត​ដែល​និយាយ​ថា​ចូរ​យើង​ទុក​ពេល​ឱ្យ​ខ្មែរ​និង​វៀតណាម​ពិភាក្សា​គ្នា​ហើយ​នេះ​មិន​មែន​ជា​បញ្ហា​របស់​ប្រទេស​បារាំង​ព្រោះ​យើង​ក៏​រវល់​នឹង​បញ្ហា​អភិវឌ្ឍន៍​អឺរ៉ុប​ផង​ដែរ។ បញ្ហា​នេះ​គ្រប់​គ្រាន់​សម្រាប់​យើង​ហើយ។​

ខ្ញុំ​ក៏លើក​ឡើង​ថា​ប្រទេស​បារាំង​មាន​ការ​ទទួល​ខុសត្រូវ​ព្រោះ​ប្រទេស​កម្ពុជា​ដូចជា​របស់​បារាំងអស់​រយៈ​ពេល​ជាង​១០០ឆ្នាំ​ហើយ។ យើង​មាន​ការអាណិត​អាសូរ​ដល់​ពលរដ្ឋ​ខ្មែរ​នៅពេល​ដែល​ពួកគេ​ស្ថិតក្រោម​ការ​គ្រប់គ្រង​នៃ​របប​ខ្មែរ​ក្រហម​ប៉ុន្តែ​តាំងតែ​ពីមុន​ពេល​ដែល​សម្តេច​សីហនុ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច​ដោយ​ក្រុម​លន់ នល់​និង​សិរិមតៈ។ អ្វី​ដែល​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិនមែនជាអ្វី​ដែល​ពលរដ្ឋ​កម្ពុជា​សម​នឹង​ទទួល​ទេ។ សម្រាប់​បារាំង​និង​ប្រទេស​ដទៃ​ទៀត​មើល​ឃើញ​ថា​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​ត្រូវ​មាន​សន្តិភាព​។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖លោក​ត្រូវបាន​គេ​ដាក់ឱ្យ​ទទួល​ខុសត្រូវ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​ក្រុម​ផ្សេងៗ​ដើម្បី​ស្វែង​រក​ចំណុច​រួម​ដាក់​បញ្ចូល​ក្នុង​កិច្ចព្រមព្រៀង​នោះ។ លោក​អាច​រៀបរាប់​បាន​ទេ​ពី​ស្ថានភាព​ការងារ​ពេល​នោះ​ដែល​ធ្វើ​ការ​ជាមួយ​នឹង​ក្រុម​ផ្សេងៗ​ទាំងនោះ?

លោក​ខ្លូត​ ម៉ាតាំង៖ សម្តេច​សីហនុ​មាន​ប្រៀប​ជាង​ដោយ​សារ​ព្រះ​អង្គ​មាន​ភាពស្របច្បាប់។ ពលរដ្ឋ​កម្ពុជា​ស្ទើរតែ​គ្រប់​រូប​បាន​និយាយ​ថា​ប្រសិន​បើ​សម្តេច​សីហនុ​ត្រឡប់​មក​វិញ​គឺ​ល្អ​ណាស់។ ពលរដ្ឋ​កម្ពុជា​ចង់​ឱ្យ​សម្តេច​សីហនុ​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ។ ក្រុម​ខ្មែរ​ក្រហម​មាន​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​សម្តេច​សីហនុ។​ ប្រទេស​ចិន​និយាយ​ថា​មាន​តែ​សម្តេច​សីហនុ​ទេ។ សម្តេច​សីហនុគឺជា​ដំណោះស្រាយ​តែ​មួយ​គត់។ ហើយ​ក្រុម​អ្នកការទូត​សហរដ្ឋ​អាមេរិក​និយាយ​ថា​យើង​មិនអាច​ទទួល​ស្គាល់​ក្រុម​លោក​ហេង សំរិន ​ដែល​ក្រោយ​មក​មាន​លោក​ហ៊ុន សែន។ យើង​មិន​អាចទទួលស្គាល់​ក្រុម​ខ្មែរ​ក្រហម​បើ​ទោះបី​ជា​មាន​ការិយាល័យខ្លះ​និង​សេវាកម្ម​ខ្លះ​របស់​អាមេរិក​ជួយ​ខ្មែរ​ក្រហម​ខ្លះៗ​ដោយ​សម្ងាត់ក៏ដោយ​ក្នុង​ការ​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចូល​មក​កាន់​កាប់​របស់​វៀតណាម​។

VOA៖ ​លោក​ចង់​និយាយ​ថា​មាន​ជំនួយ​ដល់​ក្រុម​ខ្មែរ​ក្រហម?

លោក​ខ្លូត ម៉ាតាំង៖ គ្រប់​គ្នា​គិត​ថា​ដើម្បី​បណ្តេញ​វៀតណាម​ចេញ​ពី​កម្ពុជា​គឺ​យើង​ប្រើ​គ្រប់​សម្ព័ន្ធមិត្ត​ដើម្បី​ធ្វើ​កិច្ចការ​នេះ។ សម្តេច​សីហនុ​មាន​ទាហាន​មួយ​ក្រុម​តូច។ បុត្រ​របស់​ព្រះអង្គ​គឺ​ជា​អ្នក​ដឹកនាំ​ក្រុម​យោធា​នោះ​ប៉ុន្តែ​វា​ជា​ក្រុមយោធា​ដែល​ទន់​ខ្សោយ​។ ដូច្នេះ​គ្រប់​គ្នា​គិត​ថា​សម្តេច​សីហនុ​គឺ​ជា​ដំណោះស្រាយ​មួយ​ប៉ុន្តែ​អ្នកនៅ ​ខាង​ភ្នំពេញ​ថា​មាន​តែ​សម្តេច​សីហនុ​មួយ​អង្គទេ។ សម្តេច​សីហនុ​ត្រូវ​តែ​បោះបង់​ចោល​ក្រុម​ខ្មែរ​ក្រហម។ ចិន​និង​អាមេរិក​និយាយ​ថា​យើង​មិន​អាច​ទទួល​ស្គាល់​ការចូល​ឈ្លានពាន​របស់​វៀតណាម​ដូច្នេះ​សម្តេច​សីហនុ​ត្រូវ​តែ​ដឹង​ឱ្យ​ច្បាស់​ថា​មិន​ត្រូវ​និយាយ​ជាមួយ​នឹង​ក្រុម​លោក​ហេង សំរិន​ទេ។ ហើយ​តួនាទី​របស់​យើង​គឺ​បញ្ចុះបញ្ចូល​គេ​គ្រប់គ្នា​ថា​កុំ​និយាយ​ថា​ទេ​អីចឹង​អី​ហើយ​ថា​យើង​ត្រូវ​តែ​មើល​ឱ្យឃើញ​ការពិត។ ការទូត​គឺ​ជា​សិល្បៈ​នៃការ​ប្រើ​ប្រាស់​ស្ថានភាព​ពិត​ដើម្បី​បោះជំហាន​ទៅមុខ។

VOA៖ លោក​ឯកអគ្គរដ្ឋទូត ដោយសារតែ​លោក​បាន​ស្គាល់​ព្រះបាទ​នរោត្តម​សីហនុ ​និង​បាន​ធ្វើការ​ជាមួយ​នឹង​ព្រះអង្គផ្ទាល់​ជាច្រើន​ឆ្នាំ​តើ​លោក​គិត​យ៉ាងម៉េច​ដែរ​អំពី​ព្រះបាទ​សីហនុ?

លោក​ខ្លូត ម៉ាតាំង៖ ខ្ញុំ​មាន​ការ​ស្ងើច​សរសើរ​ព្រះអង្គ​ជាច្រើន។ ជាការពិត​ព្រះអង្គមាន​ចំណុច​ខ្សោយ​ដែរ​ហើយ​មនុស្ស​ជាច្រើន​ប្រើ​ប្រាស់​ចំណុច​នេះ​មករិះគន់​ថា​ព្រះអង្គ​សព្វ​ព្រះទ័យ​តែ​នឹងម្ហូបឆ្ងាញ់​ ការរាំរែក ​និង​និពន្ធ​ចម្រៀង​។ល។ ​និង​។ល។ ​ប៉ុន្តែ​ខ្ញុំគិត​ថា​ព្រះអង្គ​ត្រូវ​ការ​របស់ទាំងនេះ​ដើម្បី​បន្ត​ព្រះជន្ម​នៅក្នុង​ស្ថានភាព​ប្រកប​ដោយ​សោកនាដ្យកម្មមួយ​ដែល​អ្នកខ្លះ​មិន​អាច​បន្ត​រស់នៅបាន​ទេ។ នៅពេល​ដែលគិត​ពី​ដំណើរ​ជីវិត​របស់​ព្រះអង្គ​តាំងពី​ដំបូង ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ស្ងើចសរសើរ​ក្នុង​នាម​ជា​អ្នក​ការទូត​គឺ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​ប្រទេស​កម្ពុជា​និង​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​ពិភពលោក។ ខ្ញុំ​គិត​ថា​តាំង​ពី​ដំបូង​ព្រះអង្គ​មាន​ព្រះរាជ​តម្រិះ​តែមួយគត់​គឺ​ធ្វើ​យ៉ាង​ណា​ទាមទារឯករាជ្យភាព​សម្រាប់​ប្រទេស​របស់​ព្រះអង្គ​វិញ។ ដំបូង​គឺ​ទាមទារ​ពី​បារាំង។ លោក​ដឹង​ទេ​ថា​ប្រទេស​បារាំង​មាន​ទស្សនៈតាំងពី​សតវត្សរ៍ទី​១៩​មក​ថា​មាន​ឥណ្ឌូចិន​តែមួយ​ទេ​ដែល​មាន​ប្រទេស​វៀតណាម ​ឡាវ ​និង​កម្ពុជាហើយ​គ្រប់គ្រង​ពី​ទីក្រុង​ហាណូយ​ហើយ​វៀតណាម​ក៏ប្រើ​ប្រាស់​ទស្សនៈ​នេះ​ខុស​ដែរ​គឺ​មាន​រដ្ឋាភិបាល​ឥណ្ឌូចិន​ស្ថិត​នៅក្នុង​ទីក្រុង​ហាណូយ។ អភិបាល​បារាំង​នៅ​ឥណ្ឌូចិន​ស្ថិតនៅទីក្រុង​ហាណូយ។ ដូច្នេះ​ប្រទេស​វៀតណាម​ទទួល​យក​គំនិត​នេះ​ថា​ប្រទេស​បងប្អូន​ទាំងពីរ​គឺ​ឡាវ​និង​កម្ពុជា​ត្រូវ​តែ​ស្ថិត​ក្រោម​ការគ្រប់​គ្រង​របស់​វៀតណាម។ ដូច្នេះ​តាំងតែ​ពី​ដំបូង​ម្ល៉េះ​គឺ​ព្រះបាទ​សីហនុ​តវ៉ា​ប្រឆាំង​នឹង​ការគ្រប់គ្រង​នេះ។ ​នៅក្នុង​ទសវត្សរ៍​១៩៥០​បន្ទាប់ពី​ប្រទេស​បារាំង​បាន​ដកកម្លាំង​របស់​យើង​ចេញពី​ប្រទេស​វៀតណាម ​និង​ឡាវ​ ប្រទេស​កម្ពុជា​មាន​សន្តិភាព​ប៉ុន្តែ​យើង​បាន​ស្នើ​ឱ្យ​ព្រះបាទ​សីហនុ​ដែល​ស្ថិតនៅ​វ័យក្មេង​ឱ្យ​ចូលជា​សមាជិក​នៃ​បណ្តា​ប្រទេស​បារាំង (French Commonwealth) ​ប៉ុន្តែ​ព្រះអង្គ​មាន​បន្ទូល​ថា​«អត់ទេ‍។ អត់ទេ។ ខ្ញុំ​ជា​មហាក្សត្រ​ឯករាជ្យ​នៃ​ប្រទេស​ឯករាជ្យ​មួយ»។ ខ្ញុំ​នៅ​ចងចាំ​បាន​ថា​លើក​ទីមួយ​ពេល​ដែល​ខ្ញុំ​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជាលើក​ទីមួយ​ក្នុង​ឆ្នាំ​១៩៦៥។ ខ្ញុំ​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ដែរ។ ពេល​នោះប្រទេស​វៀតណាម​កំពុង​ស្ថិតនៅ​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម។ នៅទីក្រុង​បៀនហ៊ ខ្ញុំ​បាន​ញ៉ាំអាហារ​ល្ងាច​ជាមួយ​នឹង​ចៅហ្វាយ​ក្រុង​ ហើយ​ក្នុង​ពេល​កំពុង​ទទួល​ទាន​អាហារល្ងាច​មាន​គ្រាប់​ធ្លាក់​នៅ​ជុំវិញ​ភោជនីយដ្ឋាន​ដែល​យើង​កំពុង​អង្គុយ ​ដូច្នេះ​យើង​គិត​ថា​យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​សមរភូមិ​ហើយ។ ពេលត្រឡប់​មក​ទីក្រុង​សៃហ្គន​វិញ​ ខ្ញុំ​បាន​ចេញ​មក​ដើរ​លេង​ពេល​យប់​ ក៏​ឃើញ​ទាហាន​ឈរ​យាម​ការពារ​នៅ​ចន្លោះពីគ្នា​ពីរ​ឬ​បី​ម៉ែត្រ​ ស្រែក​បញ្ជារ​ថា«​ចាក​ចេញ! លោក​មិន​អាច​នៅទីនេះ​បាន​ទេ។ គ្រោះថ្នាក់​ណាស់‍»។ មាន​ការ​ដាក់​គ្រាប់​ផ្ទុះ​គ្រប់​ទីកន្លែង។ ខ្ញុំ​បាន​ជិះយន្តហោះ​ទៅ​ទីក្រុង​ភ្នំពេញ​ ពេលនោះ​មាន​សន្តិភាព ការសប្បាយ​ ការរាំរែក ​តន្ត្រី។ ខ្ញុំ​ស្ថិតនៅក្នុង​ទីក្រុង​សៀមរាប​ពេល​បុណ្យ ​គ្រិស្តម៉ាស​ឆ្នាំ​១៩៦៥។ ព្រះបាទ​សីហនុ​បាន​បញ្ចាំ​ង​ខ្សែភាព​យន្ត​ថ្មី​មួយ​ដែល​ព្រះអង្គបាន​ថត​សម្រាប់​រាជ្យ​បុត្រី​របស់​ព្រះអង្គ​គឺ​សម្តេច​ព្រះរាម​បុប្ផាទេវី។ ភាពយន្ត​នោះ​មាន​ចំណងជើង​ថារបាំ​អប្សរា។ វាជា​ភាព​យន្ត​ដ៏អស្ចារ្យ​ហើយ​ខ្ញុំ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​មាន​អារម្មណ៍​ថា​ដោយ​សារ​តែ​ព្រះបាទ​សីហនុ​ កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​សន្តិភាព។ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​សន្តិភាព។ ដូច្នេះ​ខ្ញុំ​គិត​ថា​ទស្សន​វិស័យ​របស់​ព្រះអង្គ​គឺ​តែងតែ​ខំ​ស្តារឡើងវិញ​នូវ​សន្តិភាព​ដូចនេះ។ ព្រះអង្គ​ប្រើ​ប្រាស់​នូវ​អ្វី​ដែល​ព្រះ​អង្គ​មាន​នៅពេល​ដែល​ក្រុម​លន់ នល់​និង​សិរិមតៈ​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះអង្គ ​ពេល​នោះ​ព្រះ​អង្គបានយាងមក​ប្រទេស​បារាំង។ ព្រះអង្គ​បាន​យាង​ទៅ​ជួប​ប្រធានាធិបតី​ភ្លាម​ហើយ​បាន​មាន​បន្ទូល​ថា​«តើ​ប្រទេស​បារាំង​អាច​ជួយ​ខ្ញុំ​បាន​ទេ?‍»។ តើ​លោក​ដឹងទេ​ថា​ប្រទេស​បារាំង​បាន​ឆ្លើយ​តប​នឹង​ព្រះអង្គ​យ៉ាង​ម៉េច​ទេ? ចម្លើយ​នោះ​នៅតែ​ធ្វើ​ឱ្យ​ខ្ញុំ​ខ្មាស់​អៀន ​ហើយ​នឹង​ស្ថិតនៅតែ​ជា​ការអាម៉ាស់​របស់​ប្រទេស​បារាំង​នោះ​គឺ«ព្រះអង្គ​គួរ​ព្យាយាម​ជួបចរចា​ជាមួយ​នឹង​លន់ នល់​និង​សិរិមតៈ ​ហើយ​ពួកគេ​នឹង​មាន​សណ្តាន​ចិត្ត​ប្រគល់តួនាទី​ណាមួយ​ថ្វាយ​ព្រះអង្គ​ក្នុង​រដ្ឋាភិបាល​‍»។ ដូច្នេះ​ព្រះអង្គ​បាន​យាង​ទៅ​ទីក្រុង​ម៉ូស្គូ ​ហើយ​ពួកសូវៀត​ក៏​បាន​និយាយ​ដូច​គ្នា​បេះបិទគឺ​ថា«សូម​ឱ្យ​ព្រះ​អង្គ​យាង​ត្រឡប់​ទៅប្រទេស​កម្ពុជា​វិញ​នៅ​ជួប​ចរចា​ជាមួយ​នឹង​អ្នកនៅ​កាន់​អំណាច​ឥឡូវនេះ​ គឺ​ព្រះអង្គ​នឹង​រក​ដំណោះស្រាយ​បាន‍»។ នៅទីបញ្ចប់​ព្រះអង្គ​បាន​ទៅប្រទេស​ចិន​ហើយ​ចិន​បាន​និយាយ​ថា​«មិន​អាច​ធ្វើ​អីចឹង​បាន​ទេ។ យើង​គាំទ្រ​ព្រះអង្គ​ហើយ​យើង​នឹង​មិន​ទទួល​ស្គាល់ក្រុម​សេអ៊ីអា ​ក្រុម​របស់​លោក​គីស្ហីងគ័រ ​និង​ក្រុម​ផ្សេង​ទៀត​ដែល​បានធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះអង្គ​ទេ។ យើង​នឹង​ប្រយុទ្ធ​រួមគ្នា​ជាមួយ​ព្រះអង្គ​យើង​នឹងគាំទ្រ​ព្រះអង្គ​រហូតដល់​ថ្ងៃ​ដែល​ព្រះអង្គ​យាង​ត្រឡប់​ទៅកាន់​អំណាច​វិញ។ ប៉ុន្តែមាន​លក្ខខណ្ឌ​តែ​មួយ​ទេ​ដោយ​សារ​តែ​ព្រះអង្គគ្មាន​កងទ័ព​ព្រោះកងទ័ព​នៅ​ជាមួយ​នឹង​លោក​នល់ នល់​ លើក​លែង​តែឧត្តម​សេនីយ៍​ជូឡុង និង​អ្នក​ដទៃ​ទៀតមួ​យចំនួន​តូច​ប៉ុណ្ណោះ​ដែល​នៅ​ស្មោះនឹង​ព្រះអង្គ​គឺ​អ្នក​ដទៃទៀត​នៅ​ជាមួយ​នឹង​ពួកលន់ នល់ ដូច្នេះ​ព្រះអង្គ​គ្មាន​ទាហាន​ទេ។ យើង​អាច​ផ្តល់​ទាហាន​ថ្វាយ​ព្រះអង្គ ថ្វាយ​អាវុធ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​តែ​សហការ​ជាមួយនឹង​ក្រុម​ខ្មែរ​ក្រហម‍។ ដូច្នេះ​ខ្ញុំ​មិន​រិះគន់​ព្រះអង្គ​ទេ‍។

VOA៖ លោក​មាន​ប្រសាសន៍​ខ្លះៗ​ពី​សម្តេច​សីហនុ ​ចុះ​ចំណែក​លោក​ហ៊ុន សែន​វិញ។ លោកគិត​យ៉ាង​ម៉េច​ដែរ​ពី​លោក​ហ៊ុន សែន​នៅ​ពេល​នោះ?

លោក​ខ្លូត ម៉ាតាំង៖ លោក​ហ៊ុន សែន​ចេញ​មុខ​មក​ក្រោយ​ទេ។ នៅ​ពី​ដំបូង​មាន​លោក​ហេង សំរិន។ យើង​ខិតខំ​ស្វែងរក​ថា​តើ​អ្នក​ណា​គឺ​ជា​មេពិត​ប្រាកដ​នៅ​ក្នុង​របប​ក្រុង​ភ្នំពេញ។ ហ៊ុន សែន​លេចមុខ​មក​ដូច​ជា​បុរស​ខ្លាំង​មួយ​ប៉ុន្តែ​មិន​ទាន់​បាន​ចេញ​មក​ភ្លាមៗ​ទេ។ បញ្ហា​នៅ​ត្រង់​ថា​យើង​មិន​មាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​នឹង​ក្រុម​លោក​ហ៊ុន សែន​។ យើង​មិន​ទទួលស្គាល់​ក្រុម​រដ្ឋាភិបាល​ដែល​បន្តុប​ដោយ​វៀតណាម​ទេ។ ប៉ុន្តែ​យើង​ទទួល​បាន​សារ​ពី​លោក​ហ៊ុន សែន​ថា​គាត់​ចង់​ជួបពិភាក្សា​ជាមួយ​នឹង​យើង។ ហើយ​លើស​ពីនេះ​ទៀត​គឺ​គាត់​ចង់​ជួប​ចរចា​ជាមួយ​នឹង​សម្តេច​សីហនុ។ ខ្ញុំ​បាន​ជួបលោក​ហោ ណាំហុង​នៅ​ទីក្រុង​ម៉ូស្គូ។

VOA៖ ពេលនោះ​នៅ​ឆ្នាំ​ណាដែរ?

លោក ខ្លូត ម៉ាតាំង​៖ គឺ​នៅ​ឆ្នាំ​១៩៨៧ ។ គាត់​គឺ​ជា​ឯកអគ្គរដ្ឋ​ទូត​របស់​លោកហ៊ុន សែន​ប្រចាំ​នៅ​ទីក្រុង​ម៉ូស្គូ​។ ដូច្នេះ​ខ្ញុំ​បានទៅ​ទីក្រុង​ម៉ូស្គូ​ហើយ​យើង​បានពិភាក្សា​ពី​វិធី​ដែល​យើង​អាច​ជួយ​ រៀបចំ​កិច្ចប្រជុំ​មួយ​រវាង​សម្តេច​សីហនុនិងលោក​ហ៊ុន សែន​ហើយ​ថា​លោក​ហ៊ុន សែន​ចង់​ជួប​ជាមួយ​នឹង​សម្តេច​សីហនុ​។ សម្តេច​សីហនុ​ថា​ព្រះអង្គ​ត្រៀម​ព្រះកាយ​នឹង​ជួប​ជាមួយ​លោក​ហ៊ុន សែន​ប៉ុន្តែ​មិនមែន​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​មួយ​ទេ​ប៉ុន្តែ​ក្នុង​នាម​ជា​ប្រធាន​ភាគី​មួយ​។ នេះ​គឺ​ជា​ក្រុម​ភាគី​ក្រុង​ភ្នំពេញប៉ុន្តែ​ខ្ញុំ​ក៏​នឹង​ជួបជាមួយ​នឹង​ភាគី​ដទៃ​ទៀត​ផងដែរ។ នោះ​គឺជា​ជំហរ​របស់​សម្តេច​សីហនុ​តាំងពី​ដំបូង។ [ព្រះអង្គ​មាន​បន្ទូល​ថា] «ខ្ញុំ​នឹង​ធ្វើ​ជា​បិតា​នៃ​ភាគី​កម្ពុជា​ទាំងអស់។ មាន​ភាគី​ច្រើន​ហើយ​ខ្ញុំ​ទទួល​ពួកគេ​ទាំងអស់​នៅក្នុង​គ្រួសារ។ ពេល​នោះ​មាន​បួន​ភាគី​គឺ​ខាងភ្នំពេញ ​ក្រុម​លោក​សឺនសាន ​ក្រុម​ខ្មែរ​ក្រហម​និង​ក្រុម​រាជានិយម​ដែល​បុត្រ​របស់​ខ្ញុំ​គឺ​ព្រះអង្គម្ចាស់​រណឫទ្ធិ​ដឹកនាំ​។ ខ្ញុំ​នៅលើ​ក្រុម​ទាំងអស់​នេះ​ហើយ​ខ្ញុំ​នឹង​រៀបចំ​ក្រុម​ចម្រុះដែល​មាន​បួនក្រុមនេះ‍»។ នោះគឺជា​ជំហរ​របស់​សម្តេចសីហនុ​តាំងពី​ដំបូង។ ជំហរ​របស់​ហ៊ុន សែន​នៅ​ពេល​នោះ​គឺ​ថា​ខ្ញុំ​និយាយ​តែ​ជាមួយ​នឹង​សម្តេច​សីហនុទេ។

VOA៖ ឥឡូវ​នេះ​មាន​រយៈពេល​២៥ឆ្នាំ​តើ​លោក​យល់​ថា​ការអនុវត្ត​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​បាន​កម្រិត​ណា​ដែរ?

លោក​ខ្លូត ម៉ាតាំង​៖ ខ្ញុំនឹង​និយាយ​ដោយ​ប្រយ័ត្នប្រយែង​ប៉ុន្តែ​ខ្ញុំ​គិត​ថា​សូម្បី​តែ​នៅ​ពេល​ដំបូង​គឺ​ការ​អនុវត្ត​មិន​ត្រឹម​ត្រូវ​ទេ។ ជាមូលដ្ឋាន​ កិច្ច​ព្រមព្រៀង​នោះ​មាន​ពីរផ្នែក​។ ផ្នែក​ទីមួយ​គឺ ដោះស្រាយ​នៅ​ចុង​បញ្ចប់​ឆ្នាំ​១៩៩០។ ដំបូង​គឺ​កិច្ចព្រមព្រៀង​របស់​ប្រទេស​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៃទីក្រុង​ប៉ារីស​បន្ទាប់​មក​អនុម័ត​យល់​ព្រម​ដោយ​មហា​សន្និបាត​របស់អង្គការ​សហប្រជាជាតិ​និង​ក្រុម​ប្រឹក្សា​សន្តិសុខ។ នោះ​គឺជា​ផ្នែក​ខាងក្រៅ ​ដែល​រួមមាន​ការដក​កងទ័ព​វៀតណាម​ ប្រទេស​ចិន​ឈប់​គាំទ្រ​ខ្មែរ​ក្រហម​ទៀត។ យើង​រៀបចំ​ការ​វិល​ត្រឡប់​នៃ​ជនភៀស​ខ្លួន។ យើង​រៀបចំ​ផែនការ​សេដ្ឋកិច្ច​សម្រាប់​ជួយគាំទ្រ​ដល់​សេដ្ឋកិច្ច​ខ្មែរ។ ហើយ​មាន​កិច្ច​ប្រជុំ​នៅទីក្រុង​តូក្យូ​ដើម្បី​បំពេញ​តាម​គោល​បំណង​នេះ។ ដូច្នេះ​ទាំងអស់​នោះ​បាន​ដោះស្រាយ​រួចរាល់​ហើយ​ហើយ​អ្វី​ដែល​បាន​ដោះស្រាយ​ដែរ​គឺ​ការបង្កើត​នូវ​អ្វី​ដែល​យើង​ហៅ​ថា​អ៊ុនតាក់ (អាជ្ញាធរ​បណ្តោះ​អាសន្នអង្គការ​សហប្រជាជាតិនៅ​កម្ពុជា) ។ បន្ទាប់​ពី​សន្និសីទ​ដំបូង​នៅ​ខែ​សីហា​ឆ្នាំ​១៩៨៩​ សម្តេច​សីហនុ​បាន​ប្រាប់​ខ្ញុំថាយើង​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ពិត​ប្រាកដ​មួយ​ក្នុង​ចំណោម​ភាគី​ទាំងបួន​របស់​យើង។ ប៉ុន្តែ​ក៏កុំ​បង្អង់​ក្នុង​ការ​រៀបចំ​សន្និសីទ​អន្តរជាតិ​មួយ​។ សូម​ធ្វើ​តាម​អ្វី​ដែល​លោក​ចង់​បាន​។ សហគមន៍​អន្តរជាតិ​គួរតែ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ ដោយ​ដាក់​ប្រទេស​កម្ពុជា​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អង្គការ​សហ​ប្រជាជាតិ។ ដាក់​រដ្ឋាភិបាល​របស់​លោកហ៊ុន សែន​នៅ​ម្ខាង​ ជា​រដ្ឋាភិបាល​ចាំផ្ទះ។ យើង​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ក្នុង​ចំណោម​ភាគី​ទាំងបួន​ដើម្បី​រៀបចំ​ឧត្តម​ក្រុមប្រឹក្សា​ជាតិ​។ ដូច្នេះ​នេះ​គឺ​ជា​អ្វី ដែល​យើង​បាន​ធ្វើ​គឺ​យើង​មាន​អ៊ុនតាក់​។ យើង​មាន​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ជន​ភៀសខ្លួន។ យើង​មាន​ក្របខណ្ឌ​ទាំងអស់​សម្រាប់​រៀបចំ​ការបោះឆ្នោត​ប៉ុន្តែ​មាន​ផ្នែក​មួយ​ដែល​ខកខាន​ហើយ​បាន​បន្ត​រហូតដល់​ខែ​តុលា​ ​ឆ្នាំ​១៩៩១គឺ​កាលបរិច្ឆេទ​ពិតប្រាកដ​ក្នុង​ការ​បញ្ចប់​ដំណើរការ​នោះ​ដែល​ភាគី​ទាំងបួន​ជួបប្រជុំ​គ្នា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​សីហនុ។ ប៉ុន្តែ​ជាទូទៅ​៩០ភាគរយ​នៃ​កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​ដោះស្រាយ​រួច​នៅ​ឆ្នាំ​១៩៩០​នៅពេល​ដែល​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​អនុម័ត​លើ​ដំណើរការ​សន្តិភាព​ហើយ​សំណួរ​របស់​លោក​គឺ​ថា​តើ​កិច្ចព្រម​ព្រៀង​នោះ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​ឬទេ? ខ្ញុំ​អាចនិយាយ​បាន​ថា​គឺ​អត់​ទេ។

ដោយ​សារ​តែ​ដូច​ដែល​បាន​និយាយ​អីចឹង​គឺ​ឧត្តម​ក្រុម​ប្រឹក្សា​ជាតិ​រំពឹង​ថា​ត្រូវ​ជួប​គ្នា​នៅ​ទីក្រុង​ភ្នំពេញ។ នោះ​ជា​លក្ខខណ្ឌ​ទីមួយ​ដែល​សម្តេច​សីហនុ​បាន​ដាក់​ចេញ​គឺ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​តែ​ទៅជួបគ្នា​នៅ​ទីនោះ។​ ពេល​ដែលលោកខៀវ សំផន​និង​អ្នក​ដទៃ​ទៀត​បាន​មក​ទីក្រុង​ភ្នំពេញ​ដូចដែល​លោក​បាន​ដឹង​ហើយ​ថា​មាន​ក្រុម​កុប្បករ​បាន​វាយ​ប្រហារ​មកលើ​គាត់​ក្នុង​ស្ថានការណ៍​ដែល​មិន​ដឹង​ច្បាស់​លាស់។ ដូច្នេះ​ពួកគេ​បាន​រត់​ភៀសខ្លួន​ត្រឡប់​ទៅ​តំបន់​ខ្មែរ​ក្រហម​វិញ​ហើយ​ខ្មែរ​ក្រហម​បាន​និយាយ​ថា​យើង​នឹង​នៅ​បន្ត​ប្រយុទ្ធ​តទៅទៀត​ហើយ​យើង​មិន​យល់​ព្រម​ទទួល​យក​ការបោះឆ្នោត​នៅក្នុង​តំបន់​របស់​យើង​ទេ។ ដូច្នេះ​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កិច្ច​ព្រមព្រៀង​មិន​ត្រូវ​បាន​អនុវត្ត​ទេ។

VOA​៖ ប៉ុន្តែ​ភាគី​ដទៃ​ទៀត​បាន​សម្រេច​ថា​ត្រូវ​តែ​ដំណើរការ​ទៅមុខ​ទៀត​ដោយ​មិន​មាន​ក្រុម​ខ្មែរ​ក្រហមចូលរួម​ក្នុង​ការ​បោះឆ្នោត។

លោក ខ្លូត ម៉ាតាំង៖ បាទ​។ នៅពេល​នោះ​ខ្ញុំ​ជា​ឯកអគ្គរដ្ឋ​ទូត​ប្រចាំ​ប្រទេស​ចិនព្រោះ​ខ្ញុំ​បាន​ចាកចេញ​នៅ​ពេល​ចុងបញ្ចប់​នៃ​ដំណើរការ​សន្តិភាព​។ ពេលនោះ​លោក​អាកាស្ស៊ី​បាន​មក​ជួប​ខ្ញុំ​នៅ​ទីក្រុង​ប៉េកាំង។ ខ្ញុំ​បាន​រៀបចំ​អាហារល្ងាច​ទទួលគាត់​ហើយ​យើង​ពិភាក្សា​រហូតដល់​យប់​ជ្រៅ។ ខ្ញុំ​បាន​សួរ​ថា​តើ​ខ្ញុំ​អាច​ធ្វើអ្វី​បាន​ខ្លះ? គាត់​ថា​យើង​មិន​អាច​រៀបចំ​ការបោះឆ្នោត​នៅ​តំបន់​របស់​ពួកខ្មែរ​ក្រហម។ ខ្ញុំ​ថា​លោក​គួរតែ​បង្ខំ​ពួកគេ​។ យើង​មាន​កងទ័ព​ជាង​១៥.០០០នាក់ ​ហើយ​ចំណាយ​ប្រាក់​អស់​រាប់​ពាន់​លាន​ដុល្លារ​ដោយ​មាន​អន្តរជាតិ​ចូលរួម​ហើយ​លោក​មិន​អាច​អនុវត្ត​កិច្ចព្រមព្រៀង​នោះ​បាន​ឬ​យ៉ាងណា? លោក​គួរតែ​បង្ខំ។ នេះ​ជា​កិច្ចការ​ដែល​ត្រូវ​ធ្វើ។ ប៉ុន្តែ​គេ​មិន​បាន​ធ្វើ​អីចឹង​ទេ។ ពួកខ្មែរ​ក្រហម​មាន​មិន​ច្រើន​ទេ​ហើយ​តំបន់​នេះ​ក៏ពិបាកចូល​ដូច្នេះ​អ្នកខ្លះ​យល់​ថា​យើង​អាច​រៀបចំ​ការបោះឆ្នោត​មួយ​ដោយ​គ្មាន​ពួកគេ​បាន។

VOA៖ បើ​ខ្ញុំ​យល់​ពី​សម្តី​លោក​ដែល​ថា​ប្រើ​បង្ខំ​ពួកគេ​នោះ​គឺ​លោក​ចង់​ឱ្យ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​ពួកខ្មែរក្រហម​មែនទេ?

លោក​ខ្លូត ម៉ាតាំង៖ កងកម្លាំង​យោធា​និង​ស៊ីវិល​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីនោះ​ដើម្បី​បង្ខំ​គ្រប់​ភាគី​ទាំងអស់ឱ្យ​គោរព​តាម​កិច្ចព្រមព្រៀង។​

VOA៖ គឺ​មាន​ការប្រើ​កម្លាំង​អាវុធ​ដែរ​មែនទេ?

លោក ខ្លូត ម៉ាតាំង៖ ​នោះ​មានការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​ឱ្យ​ពួកគេ​រៀបចំ​ការ​បោះឆ្នោត​នៅ​តំបន់​នោះ​។ ប្រើ​ប្រាស់​កម្លាំង​ផងដែរ​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​គ្រប់​គ្រង​លើ​អ្វី​ដែល​រដ្ឋាភិបាល​នៅ​ភ្នំពេញ​កំពុង​តែ​ធ្វើ​ពីព្រោះ​ខ្ញុំ​ប្រាកដ​ណាស់​ថា​អ៊ុនតាក់​មិន​បាន​ដឹង​ថា​រដ្ឋាភិបាល​ភ្នំពេញ​ធ្វើ​អ្វី ខ្លះ​ទេ​នៅ​កន្លែង​ផ្សេងៗ​ដើម្បី​ជួយ​ឱ្យ​កម្លាំងលោកហ៊ុន សែន​បាន​ឈ្នះ​ឆ្នោត។

VOA៖ ប៉ុន្តែ​អង្គការ​សហប្រជាជាតិ​ហាក់​ដូច​ជា​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ សូម្បី​តែ​ទាមទារ​យក​ក្រសួង​មួយ​ចំនួន​ពីក្រុម​លោក​ហ៊ុន សែន​មក​កាន់កាប់​ហើយ​លោក​ហ៊ុន សែន​គំរាម​មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត។​

លោក​ខ្លូត ម៉ាតាំង៖ ខ្ញុំ​មិន​ចង់​និយាយ​ជ្រៅ​ដល់​ចំណុច​ហ្នឹង​ទេ​ប៉ុន្តែ​បើ​និយាយ​ឱ្យ​សាមញ្ញ​ទៅ​នោះគឺ​ជា​ប្រតិបត្តិ​ការ​ដ៏​ធំ​បំផុត​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រវត្តិ​របស់​អង្គការ​សហប្រជាជាតិ​។ ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​ខ្ញុំ​បាន​រៀបចំ​កិច្ចការ​នោះ។ មាន​គេ​និយាយ​ថា​ប្រតិបត្តិការ​នោះ​នឹង​ចំណាយ​ថវិកា​ច្រើន​ណាស់​ លោក​រៀបចំ​ហ្នុង​មិន​សមស្រប​តាម​ស្ថានការណ៍​ទេ។ ប៉ុន្តែ​ខ្ញុំ​និយាយ​ថា​ខ្ញុំ​ជឿជាក់​ថា​វា​នឹង​ដំណើរ​ការ​បាន​ប្រសិន​បើ​កងកម្លាំង​អង្គការ​សហប្រជាជាតិ​ធ្វើ​កិច្ចការ​ដែល​ពួកគេ​ត្រូវ​ធ្វើ​នៅទីក្រុង​ភ្នំពេញ​ពីព្រោះ​ជំហរ​របស់​ពួកយើង​ក្នុង​នាម​ជាអ្នក​រៀបចំ​សន្និសីទ​នោះគឺ​ដើម្បី​រំសាយ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន។ នៅទីបញ្ចប់​មនុស្ស​ជាច្រើន​រួមទាំងអ្នកនៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ផង​និយាយ​ថា​ប្រសិន​បើ​យើង​រំសាយ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​គឺ​ក្រុម​ខ្មែរ​ក្រហម​នឹង​វិល​ត្រឡប់​មក​វិញ​ដូច្នេះ​យើង​មិន​រំសាយ​ទេ​ប៉ុន្តែ​ដាក់​លក្ខខណ្ឌ​ថា​រដ្ឋាភិបាល​នោះ​មិន​ធ្វើ​កិច្ច​ការ​របស់​រដ្ឋាភិបាល​ទេ​។ រដ្ឋាភិបាល​អាច​ទុក​បាន​ដើម្បី​រក្សា​សុវត្ថិភាព​ប្រទេស​ប៉ុន្តែ​អ៊ុនតាក់​គឺ​ជា​រដ្ឋាភិបាល​ពិតប្រាកដ​របស់​កម្ពុជា​។ តែ​គេ​មិន​បាន​ធ្វើ​ដូច​ហ្នឹង​ទាំងស្រុង​ទេ។ ដូច្នេះ​ខ្ញុំ​និយាយ​ថា​ប្រតិបត្តិការ​របស់​អង្គការ​សហប្រជាជាតិ​ទទួលជោគជ័យ​បាន​៥០ភាគរយ ​និង​៥០ភាគរយ​ទៀត​បរាជ័យ។

VOA៖ ដូច្នេះ​តើ​លោក​គិត​យ៉ាង​ណា​ដែរ​ពី​លោក​ហ៊ុន សែន​នៅពេល​នេះ?​

លោក​ខ្លូត ម៉ាតាំង៖ ខ្ញុំ​មិន​រិះគន់​គាត់​ទេ​។ បើ​សិន​ជា​ខ្ញុំ​ស្ថិតក្នុង​ស្ថានភាព​ដូច​គាត់​ក៏​ខ្ញុំ​នឹង​ធ្វើ​ដូចគាត់​អីចឹង​ដែរ។ គាត់​ឈាន​មក​ដល់​ដំណាក់​កាលនោះ​ហើយ​។ គាត់​មាន​ជីវិត​រស់​នៅ​លំបាក​នៅ​មុន​ពេល​នោះ​ខ្ញុំ​មិន​និយាយ​ដល់​វគ្គ​ថា​តើ​គាត់​រត់​ភៀស​ខ្លួនទៅ​វៀតណាម​ដោយ​វិធីណា​និង​ត្រឡប់​មក​យ៉ាង​ម៉េច​ទេ។ គាត់​ត្រូវ​តែ​រស់​និង​ប្រយុទ្ធ​ដើម្បី​អ្វី​ដែល​គាត់​គិត​ថា​ជា​ផលប្រយោជន៍​ពិត​របស់​កម្ពុជា​។ ការពិត​គឺ​ថា​តាំងតែពី​ដំបូង​ម្ល៉េះ​គឺ​លោក​ហ៊ុន​ សែនមិន​ចង់​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ទេ។ គាត់​មាន​គំនិត​តាំងពី​ដំបូង​មក​ថា​ខ្ញុំ​នឹង​ចុះ​ហត្ថលេខា​ប៉ុន្តែ​នៅ​ចុង​បញ្ចប់​ខ្ញុំ​នឹង​មិន​ធ្វើ​តាម​។ ប្រហែលជាគាត់​គិត​ថា​ពួកខ្មែរ​ក្រហម​មិន​គ្រោះថ្នាក់​ទៀត​ទេ។ ប្រហែល​ជា​គាត់​គិត​ថា​គាត់​អាច​នឹង​រក​វិធី​ព្រមព្រៀង​គ្នា​មួយ​ជាមួយ​នឹង​ក្រុមខ្មែរ​ក្រហម​នៅថ្ងៃ​ណាមួយ​ហើយ​មាន​សមាជិកខ្មែរ​ក្រហម​ជាច្រើន​បាន​វិល​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ​វិញ​នាពេល​ក្រោយ​មក។ តាម​ពិតទៅក្រុម​របស់​គាត់​មាន​ការ​ចរចា​គ្នា​ជាមួយ​នឹង​ក្រុម​ខ្លះ​នៅ​ផ្ទៃក្នុង​ខ្មែរ​ក្រហម​ប៉ុន្តែ​គាត់​ធ្វើ​អ្វី​ដែល​គាត់​ត្រូវធ្វើ។ កិច្ចព្រម​ព្រៀង​នោះ​មិន​ត្រូវ​បាន​អនុវត្ត​តាម​ដូច​ដែល​បាន​ចែង​ទេ។

VOA៖ ២៥ឆ្នាំ​ក្រោយ​លោក​ហ៊ុន សែននៅ​បន្តកាន់​អំណាច​ដដែល​។ កិច្ច​ព្រមព្រៀង​នេះ​មាន​គោលដៅ​ក្នុង​ការ​នាំ​យក​សេរីភាព​ក្នុង​បញ្ចេញ​មតិ​ សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុន្តែ​លោក​ហ៊ុន សែននៅ​បន្ត​កាន់​អំណាច​ហើយ​មាន​ការរំលោភសិទ្ធិមនុស្ស​ដូចដែល​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ដោយ​មាន​ការផ្តល់​អនុសាសន៍​ជាច្រើន។ តើ​គេ​គួរ​តែ​ធ្វើ​យ៉ាង​ម៉េច​ទៀត​ដើម្បី​ឱ្យ​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​គេ​គោរព​តាម​និង​អនុវត្ត​ដោយ​ត្រឹម​ត្រូវ?

លោក​ខ្លូត ម៉ាតាំង៖ បញ្ហា​នេះ​មិន​មែន​ជា​ការទទួលខុសត្រូវ​របស់​ខ្ញុំទៀត​ទេ​ហើយ​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៩១​និង​ពេល​បច្ចុប្បន្ន​យើង​បាន​ធ្វើ​ខុស​ចំណុច​ណាខ្លះ។ នៅ​ចន្លោះ​ឆ្នាំ​១៩៩១ ៩២ ​និង​៩៣ ​អង្គការ​សហប្រជាជាតិ​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ​ទេ។ កំហុស​ទីពីរ​គឺ​បន្ទាប់ពី​ក្រុម​រាជានិយម​របស់​ព្រះអង្គម្ចាស់​រណឫទ្ធិ​បាន​ឈ្នះ​ឆ្នោត​ហើយ​អាច​មាន​លទ្ធភាព​ក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​នឹង​ភាគី​ដទៃទៀត​ដូច​ជា​គណបក្ស​លោក​សឺន សាន​និង​បក្ស​ដទៃ​ទៀត​ដោយ​មិន​បញ្ចូល​លោក​ហ៊ុន សែន​នោះ​ហើយ​នៅ​ពេល​ដែល​លោកហ៊ុន សែន​ថា​ខ្ញុំ​នៅ​កាន់អំណាចហើយ​មិន​ចេញ​ទេ​គឺ​ប្រទេស​ដែល​ចុះ​ហត្ថលេខា​ទាំងអស់​ត្រូវ​តែ​និយាយ​អ្វី​មួយ​គឺ​មិនមែន​ត្រូវ​តែ​ទទួល​តាម​ទេ។

VOA៖ ពួកគេ​មិន​បាន​និយាយ​អ្វី​ទាំងអស់?

លោក​ខ្លូត ម៉ាតាំង៖ អត់​ទេ។ ពួកគេ​បាន​ទៅជួប​សម្តេច​សីហនុ​ថា​ឥឡូវ​ព្រះអង្គ​គឺ​ជា​ស្តេច​គឺ​ត្រូវ​តែ​ដោះស្រាយ។ នេះ​ជា​បញ្ហា​ផ្ទៃក្នុង។ នោះ​មិនមែន​ជា​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ។ នោះ​គឺជា​បញ្ហា​របស់​សហគមន៍​អន្តរជាតិ​ដែល​បាន​ធ្វើ​ការ​ប្តេជ្ញា​ដោយ​ប្រទេស​ចំនួន​១៩។

VOA​៖ អីចឹង​សហគមន៍​អន្តរជាតិ​ថា​នោះ​គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា?

លោក​ខ្លូត ម៉ាតាំង៖ សហគមន៍​អន្តរជាតិ​និយាយ​ថា​សម្រាប់​យើង​យល់​ថា​វា​ជា​បញ្ហា​របស់​កម្ពុជា​ហួស​ពី​ដែន​សមត្ថកិច្ច​យើង​ហើយ។ ឥឡូវ​នេះ​យើងមាន​បញ្ហា​នៅ​អាហ្វ្រិកនិង​កន្លែង​ដទៃ​ទៀ​ត​។ នេះ​ជា​រឿង​ខុស​ឆ្គងព្រោះ​វាជា​ការ​សាកល្បង​សម្រាប់​អង្គការ​សហប្រជាជាតិ។ វាជាកិត្តិយស​របស់​អង្គការ​សហប្រជាជាតិ។ បរាជ័យ​នៃអន្តរាគមន៍​របស់​អង្គការ​សហប្រជាជាតិ​នាពេល​ក្រោយ​មក​នៅ​ប្រទេស​នៅ​អាហ្វ្រិក​មាន​ឫសគល់​ចេញ​មកពី​កំហុស​ដែល​យើង​បាន​សាង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ យើង​បាន​ប្រើ​ករណី​សាកល្បង​នេះ​ហើយ​និយាយ​ថា​យើង​បាន​បញ្ជូន​មនុស្ស​រាប់​ពាន់​នាក់​និង​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​រៀបចំ​ការបោះឆ្នោត​ប្រកប​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​គឺ​ច្បាស់​ហើយ។ តើ​យើង​បាន​ធ្វើ​អ្វី? គឺ​អត់​ទាំងអស់។ អីចឹង​សម្តេច​សីហនុ តែ​អង្គ​ឯង​ត្រូវ​ទទួល​រ៉ាប់​រង​ហើយ​និយាយ​ថា​ខ្ញុំ​ត្រូវ​រក្សា​សន្តិភាព​សម្រាប់​ប្រទេស​របស់​ខ្ញុំ​ដូច្នេះ​ទាំង​លោក​ហ៊ុន សែន​និង​ព្រះអង្គម្ចាស់​រណឫទ្ធិ​ត្រូវ​ធ្វើ​ជា​នាយករដ្ឋ​មន្ត្រី​ទាំង​ពីរ​នាក់​។ ហើយលោកហ៊ុន សែន​ឆ្លាត​ណាស់​ដែល​ព្រម​ទទួលព្រោះ​គាត់​គ្មានសិទ្ធិ​អ្វី​ទាំងអស់។ ប៉ុន្តែ​ខ្ញុំ​មិន​រិះគន់​គាត់​ទេ​ព្រោះ​នៅចំពោះមុខ​គាត់​គឺ​សហគមន៍​អន្តរជាតិ​មួយ​ដ៏ខ្សោយ ​ហើយ​គាត់​មាន​បក្ស​ដែល​មានការរៀបចំ​យ៉ាង​មាន​របៀប​ ហើយ​នៅ​ចំពោះ​មុខ​គាត់​មាន​ព្រះអង្គម្ចាស់​រណឫទ្ធិ​ដែល​មិន​សូវ​ខ្លាំង​មាន​ឥទ្ធិ​ពល​ដូចលោកហ៊ុន សែន​ អីចឹងលោកហ៊ុន សែន​និយាយថា​គាត់​ត្រូវ​តែ​បន្ត​កាន់​អំណាច។ នោះគឺជា​ស្ថានភាព​ពិត​នៃ​នយោបាយ​មួយ​ដូច​ដែល​ជនជាតិ​អាល្លឺម៉ង់​តែងតែ​និយាយ​។

VOA៖ លោក​ក៏​បាន​មាន​ប្រសាសន៍​ថា​ភ្លាមៗ​ក្រោយ​ពី​ការបោះឆ្នោត​សហគមន៍​អន្តរជាតិ​មាន​ទំនោរ​ទុក​កិច្ចការ​នោះ​ឱ្យ​កម្ពុជា​ដោះស្រាយ។ ប៉ុន្តែ​រយៈ​ពេល​២៥ឆ្នាំ​បន្ទាប់ពី​ពួកគេ​ទុក​បញ្ហា​នោះ​ឱ្យ​កម្ពុជា​ដោះស្រាយ​គឺ​បញ្ហា​នៅ​តែ​មាន​ដដែល​ហើយ​ចំណុច​ខ្លះ​នៃ​កិច្ច​ព្រម​ព្រៀង​នៅ​មិន​ទាន់​អនុវត្ត​តាម​បាន​ជាពិសេស​លើ​ជ្រុង​នៃ​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ព្រម​ទាំង​បញ្ហា​ព្រំដែន​ផងដែរ។ តើ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​គួរតែ​ជួប​គ្នា​ឡើង​វិញ​ដើម្បី​ពិនិត្យ​មើល​ការ​អនុវត្តកិច្ច​ព្រមព្រៀង​នោះ​ទេ​? បើ​ចង់​ធ្វើ​ដូច្នេះ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ពួកគេ​ចាប់​អារម្មណ៍​បាន?

លោក​ខ្លូត ម៉ាតាំង៖ នេះ​ជា​គំនិត​មួយ​ដែល​ថា​ក្រោយ​ពី រយៈពេល​២៥ឆ្នាំ​គឺ​យើង​ជួប​គ្នា​ម្តងទៀត​ដើម្បី​ពិនិត្យ​មើល​ថា​តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​និង​ថា​តើ​យើង​គួរតែ​ធ្វើ​អ្វី​ទៀត​។ ប៉ុន្តែ​ជាថ្មី​ម្តងទៀត​ ការទូត​គឺ​ជា​សិល្បៈ​នៃការ​ប្រើ​ប្រាស់​ស្ថានភាព​ជាក់ស្តែង​។ បច្ចុប្បន្ន​នេះ​តើ​នៅ​មាន​ប្រទេស​ណា​គាំទ្រ​គំនិត​នេះទៀត? ប្រទេស​ចិន​យល់​ច្បាស់​ហើយ​ថា​លោកហ៊ុន សែន​នឹង​នៅ​កាន់​អំណាច​យូរ​ឆ្នាំទៀត​ហើយ​ពួកគេ​បាន​វិនិយោគ​ច្រើន​នៅ​កម្ពុជា​ដោយ​មាន​ផលប្រយោជន៍​សេដ្ឋកិច្ច​នៅ​ទីក្រុង​ភ្នំពេញ។ ប្រទេស​ថៃ​ក៏​មាន​កិច្ចព្រមព្រៀង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​អំពី​ធនធាន​ធម្មជាតិ​និង​ព្រំដែន​។ ប្រទេស​ជិតខាង​រីករាយ​នឹង​ស្ថានភាព​ដែល​កំពុង​មាន​នេះ។ អ្នក​ដែល​មិន​សប្បាយ​ចិត្ត​គឺ​ពលរដ្ឋ​កម្ពុជា​។ ប៉ុន្តែ​តើ​ពួកគេ​មាន​សម្ព័ន្ធ​មិត្ត​មកពី​ណា? ហើយ​តើ​មនុស្ស​ប្រភេទ​ណា​ដែល​ពួកគេ​អាច​ប្រើ​ប្រាស់​បាន​ដើម្បី​ដឹកនាំ​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​ស្តារលទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​កម្ពុជា? ខ្ញុំ​សរសើរ​លោក​សម រង្ស៊ី ​ខ្លាំង​ណាស់។ ខ្ញុំ​គិត​ថា​ការធ្វើ​ជាបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ស្ថានការណ៍​នេះ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថាសហគមន៍​អន្តរជាតិ​នឹង​ចង់​កោះហៅ​ប្រជុំ​សន្និសីទ​ម្តងទៀត​ទេប៉ុន្តែ​ខ្ញុំ​គិត​ថា​ប្រទេស​ហត្ថលេខី​អាច​បញ្ជូន​សារ​ជាប្រចាំ​ឆ្នាំ​ថា​នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​ចង់​បាន ​ហើយ​នេះ​មិនមែន​ជាអ្វី ​ដែល​អ្នក​បាន​សន្យា​ថា​នឹង​ធ្វើ​ទេ។ ធ្វើ​ដូចនេះ​ដើម្បី​ដាក់​សម្ពាធ​ខ្លះ​មកលើ​លោក​ហ៊ុន សែន។ ខ្ញុំ​មិន​រិះគន់​លោក​ហ៊ុន សែន​ទេ។ ខ្ញុំ​អាច​យល់​បាន​ថា​ជាការពិត​អ្នកណា​ដែល​មាន​អំណាច​ ហើយ​ដូច​ដែល​ទស្សនវិទូ​បុរាណ​របស់​បារាំងនៅមុន​បដិវត្តន៍បាន​សរសេរ​អីចឹង​គឺ​ថា«អ្នកណា​ដែល​មាន​អំណាច​មាន​ទំនោរ​ក្នុង​ការប្រើ​អំណាច​ដើម្បី​ខ្លួនឯង‍» ។ នេះគឺជា​អ្វី​ដែល​លោក​ហ៊ុន សែន​កំពុង​ធ្វើ​សម្រាប់​គ្រួសារ​គាត់​ សម្រាប់​មិត្តភក្តិ ​។ល។និង។ល។ ​ប៉ុន្តែ​តើ​ពលរដ្ឋ​ តើ​ប្រទេស​នៅជុំវិញ​កម្ពុជា​ពិតជា​ត្រៀម​លក្ខណៈ​ក្នុង​ការដាក់សម្ពាធ​មកលើ​លោក​ហ៊ុន សែន​ហើយ​ឬនៅ​ដើម្បី​ឱ្យគាត់​ប្តូរជំហរ​ ប្តូរ​វិធី​សាស្រ្ត​? គឺខ្ញុំ​ពិតជាមាន​ទុទ្ទិដ្ឋិនិយម​ខ្លាំង​ណាស់។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​វាអាស្រ័យ​លើ​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​តស៊ូ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ពីខាងក្នុង​មក​វិញ​។ ប៉ុន្តែ​ការណ៍​នេះ​នឹង​មិនកើត​ឡើង​នៅ​ថ្ងៃ​ស្អែក​ខានស្អែកទេ​ប៉ុន្តែ​ថ្ងៃនោះនឹង​មកដល់។

VOA៖ សូមអរគុណ​លោក​ឯកអគ្គរដ្ឋ​ទូតជាខ្លាំងដែល​បាន​ផ្តល់បទសម្ភាស​ដល់​VOA!

XS
SM
MD
LG