ស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្រោមការគំរាមកំហែង ហើយសហគមន៍អន្តរជាតិ ដូចជាសហរដ្ឋអាមេរិកត្រូវតែបង្កើនការជួយដល់ប្រទេសដ៏ក្រីក្រនេះ។ នេះជាការសន្និដ្ឋានរួមរបស់វាគ្មិនដែលបានចូលរួមពិភាក្សានៅឯមូលនិធិ Heritage។
ក្រុមអ្នកជំនាញដែលបានជួបពិភាក្សាគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារកន្លងទៅនេះ បានលើកឡើងពីការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាដោយសារមានការបាញ់សម្លាប់អ្នកវិភាគឯករាជ្យគឺលោក កែម ឡី ការដាក់គុកសកម្មជនសិទ្ធិមនុស្ស និងសមាជិកគណបក្សប្រឆាំង និងការបោះឆ្នោតជាតិក្នុងពេលខាងមុខដែលនៅមិនទាន់ច្បាស់លាស់។
លោកស្រី អេលីហ្សាបែត បែកឃឺ (Elizabeth Becker) អ្នកនិពន្ធ និងជាអ្នកសារព័ត៌មានដ៏ល្បីឈ្មោះម្នាក់ បានប្រាប់ដល់ក្រុមអ្នកចូលរួមស្តាប់ថា ក្នុងរយៈពេលចុងក្រោយនេះ សហរដ្ឋអាមេរិកបានដើរតួនាទីច្រើនជាងពេលមុនៗ ហើយលោកស្រីស្នើដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការងារនេះបន្ថែមទៀត៖
«ខ្ញុំគិតថា នេះគឺជាពេលវេលាដ៏ល្អសម្រាប់សហរដ្ឋអាមេរិកប្រើប្រាស់ឥទ្ធិពល និងអំណាចរបស់ខ្លួន ដើម្បីដើរតួនាទីសំខាន់គាំទ្រជួយដល់ការខិតខំប្រឹងប្រែងរបស់ពលរដ្ឋកម្ពុជាក្នុងការនាំយកលទ្ធិប្រជាធិបតេយ្យមកវិញ»។
លោក Walter Lohman នាយកកម្មវិធីនៃមជ្ឈមណ្ឌលសិក្សាកិច្ចការអាស៊ីរបស់មូលនិធិ Heritage យល់ស្រប ដោយសារតែនយោបាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហាក់លោតចុះឡើងរវាងចិន និងសហរដ្ឋអាមេរិក ជាពិសេសលើបញ្ហាសមុទ្រចិនខាងត្បូង ដោយទទួលផលប្រយោជន៍ជាច្រើន ហើយនៅតែធ្វើបាបពលរដ្ឋខ្លួនដដែល។
លោកបានបន្ថែមថា៖ «លោក ហ៊ុន សែន គឺគ្រាន់តែលេងសើចនឹងយើងទល់នឹងចិនប៉ុណ្ណោះ។ គាត់ទទួលបានផលប្រយោជន៍ពីយើង។ គាត់ទទួលបានផលប្រយោជន៍ពីចិន។ ហើយគាត់នៅបន្តធ្វើអ្វីដែលគាត់ចង់។ ដូច្នេះបើគាត់ចង់ទៅកៀកនឹងចិនឱ្យគាត់ទៅកៀកចិនទៅ»។
វេទិកាពិភាក្សានេះជាផ្នែកមួយនៃការពិនិត្យមើលលើលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវរបស់អន្តរជាតិ បន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ក្នុងរយៈពេល២៥ឆ្នាំមកនេះ កម្ពុជាមិនបានជឿនលឿនទៅមុខខាងផ្នែកលទ្ធិប្រជាធិបតេយ្យ ដូចការរំពឹងទុករបស់សហគមន៍អន្តរជាតិទេ។
ទស្សនាវីដេអូស្តីពីវេទិកាពិភាក្សារបស់មូលនិធិ Heritage Foundation
អ្នកចូលរួមខ្លះបានស្នើឱ្យមានវត្តមានអ្នករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា ដើម្បីធានាថា ការបោះឆ្នោតក្នុងពេលខាងមុខប្រព្រឹត្តទៅដោយត្រឹមត្រូវ។ ប៉ុន្តែ ការណ៍នេះត្រូវបានវាគ្មិនយល់ថា វាជាការពិបាកក្នុងការនាំយកកម្លាំងយោធាពីខាងក្រៅចូលទៅប្រទេសអធិបតេយ្យមួយ ហើយសូម្បីតែអង្គការសហប្រជាជាតិយល់ថា បេសកកម្មរៀបចំការបោះឆ្នោតរបស់ខ្លួនកាលពីឆ្នាំ១៩៩៣បានចប់សព្វគ្រប់ហើយ។
យ៉ាងណាក៏ដោយ លោក Sam LaHood នាយករងថ្នាក់តំបន់នៃវិទ្យាស្ថានសាធារណរដ្ឋអាមេរិកាំងបានកត់សម្គាល់ពីការចូលរួមសកម្មភាពផុលផុសរបស់យុវជនជំនាន់ក្រោយ។ លោកបានលើកពីឧទាហរណ៍ចំនួនពលរដ្ឋដែលចេញមកយ៉ាងច្រើនកុះករ ដង្ហែរបុណ្យសពលោក កែម ឡី និងការមកស្វាគមន៍ លោក សម រង្ស៊ី ពីនិរទេសខ្លួនកាលពីឆ្នាំ២០១៣ជាដើម។
លោក Sam LaHood បានបន្ថែមថា៖
«អ្នកដឹងទេថា ពេលមើលឃើញរឿងដូចនេះកើតមានឡើង វាផ្តល់ឱ្យខ្ញុំនូវការលើកទឹកចិត្ត និងគំនិតដែលថាមានការចាប់អារម្មណ៍ច្រើនក្នុងការចង់ឃើញការផ្លាស់ប្តូរជាងអ្វីដែលបានកើតមានឡើងក្នុងប្រទេសកម្ពុជា»។
លោក អ៊ូ គឹមហួត ពលរដ្ឋខ្មែរអាមេរិកាំងមកពីទីក្រុងហ្វីឡាដែលហ្វៀ (Philadelphia) រដ្ឋផិនស៊ីលវេនៀ (Pennsylvania) មានក្តីសង្ឃឹមច្រើនលើសភាជាតិសហរដ្ឋអាមេរិក។
«នៅសហរដ្ឋអាមេរិកគេឃើញថា យើងគប្បីពឹងផ្អែកទៅលើខាងសភាច្រើនជាង ព្រោះសភាអាចនាំលទ្ធផលល្អសម្រាប់ផ្លូវឆ្ងាយចំណែកខាងរដ្ឋបាលវិញ គឺវាមានបញ្ហាជាច្រើនដែលគេត្រូវដោះស្រាយ។ ដូច្នេះគេពិបាកនឹងផ្ចង់ស្មារតីទៅរឿងមួយៗ។ ដូច្នេះក៏គេចង្អុលប្រាប់យើងឱ្យទាក់ទងសកម្មជាមួយសភានៅក្នុងការជួយដោះស្រាយស្រុកខ្មែរយើងនៅក្នុងផ្លូវវែងឆ្ងាយនេះ»។
អ្នកចូលរួមមួយចំនួនដូចជាលោក ព្រហ្ម សៅរ៍ណូរ៉ា នៃអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងមើលឃើញ ថា ការជំរុញដល់លទ្ធិប្រជាធិបតេយ្យក៏ត្រូវមានការឱ្យតម្លៃទៅដល់អ្នកដែលបានបូជាជីវិតដើម្បីទាមទារបុព្វហេតុនេះ ដូចជាលោក កែម ឡី ផងដែរ។ លោកស្នើថា នៅជារៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង៧ល្ងាច ពលរដ្ឋគួរតែបញ្ចេញសំឡេងតាមរយៈការស៊ីផ្លេម៉ូតូ និងរថយន្តឬផ្លុំកញ្ចែរ ឱ្យបានជាប្រចាំក្នុងរយៈពេលមួយនាទី។
លោកបន្ថែមថា៖ «ហ្នឹងគឺថាយើងលើកដម្កើងឱ្យកិត្តិយសចំពោះលោក កែម ឡីពីព្រោះបើយើងមិនធ្វើអីចឹងទេ តែមួយខែពីរខែទៀត យើងភ្លេចលោក កែម ឡី បាត់ហើយ»។
សមាជិកសភាមួយចំនួនរបស់សហរដ្ឋអាមេរិកបានធ្វើសេចក្តីព្រាងសេចក្តីសម្រេចចិត្តលេខ៧២៨ ដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ហើយកំពុងតែស្នើឱ្យមានអ្នកតំណាងរាស្ត្រជាច្រើនទៀត ចូលរួមគាំទ្រផងដែរ៕