ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ចិន​ចូលរួម​បណ្តាញ​ប្រឆាំង​ការ​ជួញ​ដូរ​សត្វ​ក្នុង​ទ្វីប​អាស៊ី


Seema ជា​សត្វ​ខ្លា​ញី​ប្រភេទ​ Royal Bengal មាន​ប្រតិកម្ម​ទៅ​នឹង​ការ​ថត​រូប​នៅ​ក្នុង​សួន​សត្វ​នៅ​ក្នុង​​អាម៉ាដាបាដ ប្រទេស​ឥណ្ឌា។ ទិន្នន័យ​ជំរឿន​ចុង​ក្រោយ​របស់​ឥណ្ឌា​បង្ហាញ​ថា ចំនួន​សត្វ​ខ្លា​​ដែល​ជិត​ផុត​ពូជ​មាន​ការ​កើន​ឡើង។

ប្រទេស​ចិន​បាន​ចូលរួម​បណ្តាញ​មួយ​នៃ​ប្រ​ទេស​ជាតិ​អាស៊ី​អាគ្នេយ៍​ដើម្បី​ជួយ​ទប់ស្កាត់​ការ​ជួញដូរ​សត្វព្រៃ​ខុស​ច្បាប់។​ កិច្ចខិតខំ​ប្រឹង​ប្រែង​អនុវត្តន៍​ច្បាប់​ក្នុង​តំបន់​និង​អន្តរជាតិ​ ដើម្បី​ប្រយុទ្ធ​ការ​ជួញ​ដូរ​សត្វ​បាន​កើនឡើង​ នៅ​ពេល​ដែល​មាន​ការ​ព្រមាន​អំពី​អនាគត​ដ៏​ក្រៀមក្រំ​នៃ​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​ ហើយ​និង​សេចក្តី​អំពាវនាវ​ឲ្យ​ចាប់​ខ្លួន​មេ​ដឹកនាំ​ពាណិជ្ជកម្ម​ជួញ​ដូរ​សត្វ​ព្រៃ។​ ក្រុម​ប្រឆាំង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​និយាយ​ថា​ ការ​សម្រេច​ចិត្ត​របស់​ចិន​ ចូលរួម​ជា​មួយ​បណ្តាញ​ប្រតិបត្តិ​ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​អាស៊ី​អាគ្នេយ៍ហៅ​កាត់​ថា​ ASEAN​ WEN​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​សត្វ​ខុស​ច្បាប់។

ប្រទេស​ចិន​ជា​ទិសដៅ​ដ៏​សំខាន់​សម្រាប់​សត្វ​ព្រៃ​ខុស​ច្បាប់​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ក្នុង​ស្រុក​ជា​ឱសថនិង​ជា​ម្ហូប​អាហារ។​ អ្នក​វិភាគ​និយាយ​ថា​ ពាណិជ្ជកម្ម​សកល​លោក​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​១​ឆ្នាំៗ។

លោក​ ក្រៃសាក់​ ឈួនហាវ៉ាន់​ (Kraisak​ Choonhavan)​ ជា​ប្រធាន​អង្គការ​ Freeland ​Foundation ​ដែល​ជា​ក្រុម​ប្រឆាំង​ការ​ជួញ​ដូរ​សត្វ​ព្រៃ។​ លោក​និយាយ​ថា​ ចិន​បាន​ចូលរួម​អង្គការ​ ASEAN​ WEN​ ដោយ​សារ​តែ​ការ​គាំទ្រ​របស់​ខ្លួន​ដល់​អនុសញ្ញា​ស្តី​ពីការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​ ឬ​ CITES។

«ដូច្នេះ​នៅ​ទី​បញ្ចប់​ ចិន​បាន​ទទួល​ស្គាល់​អនុសញ្ញា ​CITES។​ ពួកគេ​នឹង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ការ​ហាម​ប្រាម​ការ​ជួញ​ដូរ​សត្វ​ខ្លា​ បំណែក​សត្វ​ដំរី ​បំណែក​សត្វ​ខ្លា​ឃ្មុំ​ នឹង​ត្រូវ​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ វប្បធម៌​ធ្វើ​ម្ហូប​របស់​គេ​ ដែល​ជា​អំពើ​ដ៏​សាហាវ​បំផុត​ប្រឆាំង​នឹង​បរិស្ថាន»។

អង្គការ ​Freeland ​Foundation​ ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បង្កើត​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​រដ្ឋាភិបាល​ក្នុង​តំបន់​ អង្គការ​ប៉ូលីស​ក្នុង​មូលដ្ឋាន​និង​អន្តរជាតិ​ដូចជា​ អាំងទែរប៉ូល​ (INTERPOL)។

អង្គការ ​Freeland ​ប្រាប់​ឲ្យ​ដឹង​ថា​ការ​បង្កើន​ការ​យាមល្បាត​បាន​នាំ​ឲ្យ​មាន​សកម្មភាព​ប្រតិបត្តិ​ច្បាប់​កើន​ឡើង​ចំនួន​១០​ដង​ក្នុង​ទ្វីប​អាស៊ី​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក​នេះ។

យោង​តាម​ទិន្នន័យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដែល​បាន​ចង​ក្រង​ឡើង​ដោយ​អង្គការ​ Freeland ​សកម្មភាព​ប្រតិបត្តិ​ច្បាប់​ជាង​១៩០​បាន​កើត​មាន​ឡើង​ចន្លោះ​ខែ​មេ​សា​និង​ខែ​កញ្ញា ​ឆ្នាំ​២០១០​ ដោយ​មាន​ការ​សង្គ្រោះ​សត្វ​នៅរស់​ជាង​១​ម៉ឺន​៦ពាន់​ក្បាល​ ហើយ​នឹង​បំណែក​សត្វ​១៤​តោន​ដោយ​មាន​តម្លៃ​ជា​ប្រាក់​៦​លាន​ដុល្លារ​នៅ​ទីផ្សារ​ងងឹត។​ ប៉ូលីស​ក៏​បាន​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​ជាង​១០០​ដង​ដែរ។

ប៉ុន្តែ ​លោក​ ស្ទីវ​ ហ្កាល់ស្ទ័រ​ (Steve ​Galster)​ នាយក​អង្គការ​មូលនិធិ​ Freeland​ និយាយ​ថា​ទោះបី​មាន​ការ​ចាប់​ខ្លួន​ក៏​ដោយ​ ពួក​មេ​ដឹកនាំ​ទុច្ចរិត​ បន្ត​គេច​ខ្លួន​ផុត​ពី​ការ​ចាប់​ខ្លួន​នេះ​ជា​ដរាប។

«បញ្ហា​ដ៏​ពិបាក​បំផុត​ទៅ​អនាគត​ គឺ​ធ្វើ​ឲ្យ​ទី​ភ្នាក់ងារ​រដ្ឋាភិបាល​យល់​ស្រប​ជា​មួយ​នឹង​ការ​ចាប់​ខ្លួន​មនុស្ស​ដែល​មាន​ឥទ្ធិពល។​ នៅ​ពេល​ដែល​គោលដៅ​នេះ​បាន​សម្រេច​ហើយ​ ខ្ញុំ​គិត​ថា​អស់​លោក​អ្នក​ នឹង​ឃើញ​ការ​សម្លាប់​សត្វ​ ការ​ជួញ​ដូរ​ហើយ​នឹង​ការ​បន្ត​ការ​ប្រើប្រាស់​សត្វ​ជិត​ផុត​ពូជ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង»។

វៀតណាម​ជា​ទិសដៅ​ដែល​កំពុង​ឡើង​សម្រាប់​ពួក​អ្នក​ជួញ​ដូរ។​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១០​ ប៉ូលីស​ក្នុង​ទីក្រុង​ហាណូយ​បាន​រក​ឃើញ​គ្រោង​ឆ្អឹង​ខ្លា​ចំនួន​១០​ ក្រពះ​នោម​ក្លែងក្លាយ​រាប់​រយ​បាវ​ ហើយ​នឹង​ឆ្អឹង​ដំរី​ចំនួន​៦​រយ​គីឡូក្រាម។​ ពួកគេ​ក៏​បាន​រក​ឃើញ​លលា​ក្បាល​ខ្លាឃ្មុំ​ ភ្លុកដំរី​ លលា​ក្បាល​ខ្លា​រខិន​ ហើយ​នឹង​បំណែកសត្វ​ផ្សេង​ៗ​ទៀត។

លោក​ ដិកក្លាស់​ ហិនឌ្រី​ (Douglas ​Hendrie)​នៅ​អង្គការ​ Education​ for​ Nature​ (ការ​អប់រំ​សម្រាប់​ធម្មជាតិ)​ ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​បាន​និយាយ​ថា​ ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​វៀតណាម​បាន​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​សេចក្តី​ត្រូវការ​ការ​ប្រើ​ប្រាស់​សត្វ​ព្រៃ​ជា​អាហារ។

«វៀតណាម​មាន​និន្នាការ​ក្លាយ​ជា​រដ្ឋ​ដែល​ប្រើប្រាស់​សត្វ​ជា​អាហារ​ដ៏​សំខាន់​មួយ។​ យើង​នៅតែ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​កាត់​តាម​ប្រទេស​ចិន​ ក៏​ប៉ុន្តែ​ខ្ញុំ​និ​យាយ​ថា​ឥឡូវ​នេះ​ ផ្នែក​ដ៏​ធំ​មួយ​នៃ​ពាណិជ្ជកម្ម​នេះ​គឺ​ទៅ​កាន់​ប្រទេស​វៀតណាម។​ ហើយ ​ជា​ពិសេស​សម្រាប់​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ខ្លះ​ដូច​ជា​ខ្លា​ ស្នែង​រមាស​មក​ពី​អាហ្វ្រិក​ខាង​ត្បូង​ ជា​សត្វ​ព្រៃ​សាមញ្ញដែល​គេ​ប្រើ​ប្រាស់​ក្នុង​ភោជនីយដ្ឋាន»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ Hendrie​ និយាយ​ថា​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​បាន​ទទួល​ការ​អប់រំ​ក្នុង​ប្រទេស​វៀតណាម​ បង្ហាញ​នូវ​ការ​ប្រឆាំង​របស់​ខ្លួន​ទល់​និង​ការ​បរិភោគ​សត្វ​ព្រៃ។​ ហើយ​លោក​និយាយ​ទៀត​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រតិបត្តិ​ច្បាប់​ដើម្បី​ការពារ​សត្វ​ព្រៃ​ក៏​កំពុង​ធ្វើ​ឲ្យ​មាន​ការ​លើក​ទឹកចិត្ត​ដែរ។

ប៉ុន្តែ​ នៅ​ពេល​ដែល​មាន​ការ​ជឿនលឿន​ខ្លះ​បាន​ត្រូវ​កើត​ឡើងក្នុង​ទ្វីប​អាស៊ី​ ការ​ជួញ​ដូរ​សត្វ​ខុស​ច្បាប់​កំពុង​រាលដាល​នៅ​ផ្នែក​ផ្សេងៗ​ទៀតរ​បស់​ពិភពលោក។

ក្រុម​ប្រឆាំង​ការ​ជួញ​ដូរ​សត្វ​ បាន​ចង្អុល​ដល់​សេចក្តី​ត្រូវការ​សត្វ​នៅរស់​ឥត​ស្រាកស្រាន្ត​ មក​ពី​ប្រទេស​នានា​ក្នុង​តំបន់​មជ្ឈឹមបូព៌ា​ ភាគ​ច្រើន​សត្វ​ចិញ្ចឹម​តាម​ផ្ទះ​មក​ពី​បរទេស។​ ពួកគេ​និយាយ​ថា​រហូត​មក​ទល់​ពេលនេះ​ ពួក​អ្នក​ជួញ​ដូរ​សត្វ​ អាច​គេច​ខ្លួន​ពី​មន្រ្តី​ប្រតិបត្តិ​ច្បាប់​ក្នុង​ទ្វីប​អាស៊ី​បាន៕

ប្រែ​សម្រួល​ដោយ​ ជឹង ​ប៉ូជីន

XS
SM
MD
LG