ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិធាន​កា​របញ្ចប់​​ការចិញ្ចឹមសត្វ បែបទារុណ្ឌកម្ម


ចៀម​ចិញ្ចឹម​​នៅ​អាមេរិក​ខាង​ជើង​ចិញ្ចឹម​យក​សាច់។
ចៀម​ចិញ្ចឹម​​នៅ​អាមេរិក​ខាង​ជើង​ចិញ្ចឹម​យក​សាច់។

នៅ​ក្រោម​ច្បាប់​របស់​រដ្ឋ​ California​ សត្វ​ដែល​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​ ដូច​ជា​មេ​មាន់​យក​ពង​ ជ្រូក​បង្កាត់​កូន​និង​កូន​គោ​ចិញ្ចឹម​សម្រាប់​យក​សាច់​ អាច​ដាក់​បាន​នៅ​ក្នុង​ឡាំង​និង​ក្នុង​ទ្រុង​រឹង​មាំ​ ឲ្យ​ធំ​ជាង​ខ្លួន​សត្វ។​ ភាគ​ច្រើន​នៃ​សត្វ​ទាំង​នេះ​មិន​អាច​ដាក់​ផ្តេក​ដាក់​ប្រមៀល ​ឬ​សូម្បី​ដាក់​ឲ្យ​សណ្តូក​ដៃ​ជើង​វា​បាន​ទេ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​វា​រស់​នៅ​ក្នុង​ទ្រុង​មួយ​ជីវិត​ដែរ។​ ឥឡូវ​នេះ​មាន​ការ​ផ្តួច​ផ្តើម​គំនិត​ថ្មី​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​ហៅ ​Proposition​ 2​បាន​អ​នុម័ត​ដោយ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​រដ្ឋ​California​ នៅ​ថ្ងៃ​បោះ​ឆ្នោត​ថា ​នឹង​បញ្ចប់ការ​ធ្វើ​ទារុណ​កម្ម​លើ​សត្វ។

នាង​ Julie​ Taboh ​មាន​សេចក្តី​រាយ​ការណ៍​បន្ថែម​អំពីរឿង​នេះ​ ហើយ​អ្នក​ស្រី ​នុច ​សារីតា

សូម​ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​ត​ទៅ៖

ប្រជា​ពល​រដ្ឋ​អាមេរិកាំង​ជា​ច្រើន ​មាន​ទស្សនៈ​ប្រកប​ដោយ​សុក្រិត​ភាព​អំពី​ជីវិត​របស់​សត្វ​នៅ​ក្នុង​កសិដ្ឋាន។​ ពួក​គេ​គិត​ក្នុង​ចិត្ត​ថា ​សត្វ​នៅ​ក្នុង​វាល​ស្មៅ​ដែល​មាន​ស្មៅ​ដុះ​សម្រាប់​សត្វ​ស៊ី​ទាំង​នោះ​ កំពុង​រស់​ដោយ​សុខ​សន្តិ​ភាព​នៅ​ក្នុង​លំ​នៅ​ដ្ឋាន​ធម្ម​ជាតិ​របស់​វា​ហើយ។​ ក៏​ប៉ុន្តែ​នៅ​ក្នុង​រដ្ឋ​ California​ ជីវិតសត្វ​២០​លាននៅ​ក្នុង​កសិដ្ឋាន​មិន​មាន​ជីវិតដូចទស្សនៈ​នេះ​ទេ។​ សមាគម​សង្គម​សង្គ្រោះ​ របស់ស.រ.អ. ជា​អ្នក​ឧបត្ថម្ភធំ​ នូវ​ការ​ផ្តួច​ផ្តើម​គំនិត​ថ្មី​មួយ​សម្រាប់​ការ​បោះ​ឆ្នោតហៅ​ Proposition ​2 ​នេះ។

វិធាន​ការ​នោះតម្រូវ​ឲ្យ​ក្រុម​កសិករ​លើក​ស្ទួយ​ស្ថាន​ភាព​របស់​សត្វ​គោ ​ជ្រូក ​និងមេ​មាន់យក​ពង។ ​លោក ​Paul​ Shapiro​ជា​នាយក​ជាន់​ខ្ពស់​ម្នាក់​នៃ​សមាគម​ដែល​មាន​ឈ្មោះ​ថា​ Factory​ Farming ​Campaign។

“ភាគ​ច្រើន​សត្វនៅ​ក្នុង​កសិដ្ឋាន​បាន​បង្ខាំង​ទុក​នៅ​ក្នុង​កសិដ្ឋាន​នៃ​រោង​ចក្រ​នានា​ហើយ​សត្វ​ជា​ច្រើន​រយ​លាន​ក្បាល​បាន​បង្ខាំង​ទុក​ក្នុង​ទ្រុង​តូចៗ​ ជា​កន្លែង​ដែល​សត្វ​ពិបាក​នឹង​រើ​កម្រើក​ខ្លួន​ពេញ​មួយ​ជីវិត​របស់​វា។ ​មាន​ទ្រុង​ខ្លះ​ មាន​ទំហំ​គ្រាន់​តែ​ធំ​ល្មម​នឹង​ខ្លួន​សត្វ​ ហើយ​ទ្រុង​ទាំង​នោះ​មិន​មែន​ជា​ទ្រុង​ដាក់​បណ្តោះ​អាសន្ន​ទេ ​គឺ​ជា​ទ្រុង​ដែល​ដាក់​ជា​អចិន្ត្រៃយ៍។​នេះ​គឺ​ជា​កន្លែង​ដែល​សត្វ​ទាំង​នោះនៅ​ឋិត​ថេរ​ដ៏​សែន​វេទនា​អស់​មួយ​ជីវិត​របស់​វា"។

នៅ​ថ្ងៃ​បោះ​ឆ្នោត​ ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ពល​រដ្ឋ​California​បាន​បោះ​ឆ្នោត​ដ៏​ច្រើន​លើស​លប់​គាំទ្រ​ការ​ផ្តួច​ផ្តើម​គំនិត​ថ្មី​ហៅ ​Proposition​ 2​ នេះ។

នៅ​ក្រោម​ល័ក្ខ​ខ័ណ្ឌ​នៃ​ការ​ផ្តួច​ផ្តើម​គំនិត​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ កូន​គោ​ដែល​ចិញ្ចឹម​យក​សាច់ ​មេ​មាន់​សម្រាប់​យក​ពង ​និង​ជ្រូក​សម្រាប់​បង្កាត់​កូន​ មិន​អាច​បង្ខាំង​ទុក​ក្នុង​ទ្រុង​តូច​ចង្អៀត​បាន​ទៀត​ទេ ​ប៉ុន្តែ​ត្រូវ​ឲ្យ​មាន​កន្លែង​គ្រប់​គ្រាន់​សម្រាប់​ឈរ​ ផ្តេក​ខ្លួន​ប្រមៀល​ខ្លួន​ និង​លាត​សន្ធឹង​ជើង​របស់​វា។

ថ្វី​បើច្បាប់ ​Prop ​2 ​ស្តាប់​ទៅ​ដូច​ជា​ធម្មតាៗ​ ប៉ុន្តែ​វា​បាន​ទាក់​ទាញ​ក្រុម​អ្នក​ប្រឆាំង​ដែល​មាន​អំណាច​ជា​ច្រើន។

អ្នក​ស្រី ​Kay ​Johnson​ Smith ​ជា​អគ្គ​នាយក​រង​នៃ​សមាគម​សម្ព័ន្ធ​ភាព​កសិកម្ម​និងសត្វ​ ឬ ​Animal ​Agriculture​ Alliance។ ​សមាគម​នេះ​លើក​ស្ទួយ​នូវ​អ្វី​ដែល​គេ​ហៅ​ថា​ ការ​ដោះ​ស្រាយ​ទទួល​ខុស​ត្រូវ​សុខុមាល​ភាព​សត្វ។​ អ្នក​ស្រី ​Smith ​មាន​ប្រសាសន៍​ថា ​ការ​តម្រូវ​ឲ្យ​មាន​ថ្មីៗ​ទាំង​ឡាយ​នេះ​នឹង​ធ្វើ​ឲ្យ​តម្លៃពង​មាន់​ឡើង​ថ្លៃ​ខ្ពស់ ​ហើយ​និង​នាំ​ឲ្យ​កសិករ​ចិញ្ចឹម​មាន់​យក​ពង​អស់​មុខ​របរ។

“វា​ប្រាកដ​ជា​ដៅ​ទៅ​លើ​ឧស្សាហ​កម្ម​ពង​មាន់ ​ដូច្នេះ​ក្រុម​ផលិតករ​ភាគច្រើន​ដែល​យើង​បាន​និយាយ​ជា​មួយ​នោះ ​និយាយ​ថា​ ពួក​គេ​មិន​អាច​មាន​លទ្ធ​ភាព​ទិញ​អគារ​ទេ។​ ពួក​គេ​មិន​អាច​រត់​រួច​ដើម្បី​ទិញ​ដី​បន្ថែម​ដែល​ត្រូវ​បាន​តម្រូវ​សម្រាប់​ធ្វើ​ជា​កន្លែង​ចិញ្ចឹម​សត្វ​មាន់​(ទា​ឬក្ងាន)​នៅ​ក្នុង​ប្រព័ន្ធ​ធំ​ទូលាយ​ខ្លាំង​បាន​ទេ​ ដូច្នេះ​ពួក​គេ​អាច​បាត់បង់មុខ​របរ"។

ក៏​ប៉ុន្តែ​លោក ​Paul​ Shapiro​នៃ​សមាគម​សង្គម​សង្គ្រោះ​មាន​ប្រសាសន៍​ថា ​ការ​វិភាគ​ផ្ទាល់​របស់​ឧស្សាហ​កម្ម​ពង​មាន់​បង្ហាញ​ថា​ ការ​តម្លើង​ថ្លៃ​ពង​មាន់​បន្ថែម​នោះ​នឹង​បាន​ស្តួច​ស្តើង​ គឺ​បាន​តិច​ជាង​មួយ​សេន​ក្នុង​ពង​មាន់​មួយ។

ពល​រដ្ឋ​California​នឹង​នៅ​តែ​អាច​ទិញ​ពង​មាន់​នាំ​ចូល​មក​ពី​កសិដ្ឋាន​នានា​នៅ​ក្នុង​រដ្ឋ​ដោយ​គ្មាន​បទ​បញ្ជា​បែប​ហ្នឹង​ទេ។ ​អ្នក​ស្រី ​Smith ​មាន​ប្រសាសន៍​ថា​ ពល​រដ្ឋ​California​ ជ្រើស​ទិញ​ពង​មាន់​មាន​តម្លៃ​ថោក​នោះ​ហើយ។

“មនុស្ស​នឹង​បោះ​ឆ្នោត​គាំទ្រអ្វីដែលនាំឱ្យគេចំណេញលុយ ​ហើយ​ខ្ញុំ​ហ៊ាន​និយាយ​ថា​ ពួក​គេ​នឹង​នៅ​តែ​ទិញ​ពង​មាន់​មាន​តម្លៃ​ថោក"។

លោក​Shapiro​ មិន​យល់​ស្រប​ទេ។ ​លោក​មាន​ប្រសាសន៍​ថា ​ជន​ជាតិ​អាមេរិកាំង​ចង់​ឲ្យ​សត្វ​ទាំង​អស់​បាន​ទទួល​ការ​ថែ​ទាំ​ដោយ​សុភាវធម៌។

“ពល​រដ្ឋ​អាមេរិកាំង​មិន​ចង់​ឲ្យ​សត្វ​នៅ​ក្នុង​កសិដ្ឋាន​បង្ខាំង​ទុក​ក្នុង​ទ្រុង​ចង្អៀត​ខ្លាំង​ពេក​ដែល​សត្វ​មិន​អាច​សូម្បី​តែ​ងាក​ខ្លួន​និង​លាត​សន្ធឹង​ដៃ​ជើង​បាន​នោះ​ទេ។​ ធ្វើ​ដូច្នេះ​វា​ខុស​ខ្លាំង​ណាស់ គឺ​ខុស​ទាំង​ស្រុង​តែ​ម្តង"។

ត្រូវ​ឬ​ខុស ​ទាំង​សង​ខាង​គាំទ្រ​ច្បាប់​ដែល​កំពុង​ធ្វើ ​និង​ដាក់​ឲ្យ​ប្រើ​ដើម្បី​ការ​ពារ​សត្វ។ ​ឥឡូវ​នេះ​ច្បាប់ ​Proposition​ 2 ​បាន​អនុម័ត​ហើយ។

ក្រុម​កសិករ​ប្រើ​ច្បាប់​នេះ​រហូត​ដល់​ឆ្នាំ​២០១៥​ ដើម្បី​ប្រតិ​បត្តិ​ការ​ផ្លាស់​ប្តូរ៕

XS
SM
MD
LG