កុលាលភាជន៍រចនាបថខ្មែរមានលក្ខណៈធម្មជាតិ ហើយវាមិនត្រឹមតែបានទាក់ទាញចំណាប់អារម្មណ៍របស់និស្សិតអាមេរិកាំងដើមកំណើតខ្មែរប៉ុណ្ណោះទេ តែថែមទាំងទាក់ទាញចំណាប់អារម្មណ៍សាស្ត្រាចារ្យអាមេរិកាំងខាងកុលាភាជន៍ផងដែរ ព្រោះពួកគេអាចសិក្សាអំពីលទ្ធផលខុសៗគ្នានៃការដុតកុលាលភាជន៍ក្នុងឡដុតអុសគ្មានផ្សែង។
កុលាលភាជន៍រចនាបថខ្មែរទាំងនេះមានសណ្ឋាននិងពណ៌សម្បុរខុសគ្នា ហើយវាទាក់ទាញភ្នែក ព្រោះវាជាលទ្ធផលនៃការសិក្សា និងបទពិសោធន៍ដុតកុលាលភាជន៍ក្នុងឡដុតអុសគ្មានផ្សែងដែលជាស្នាដៃរបស់លោកយ៉ារី លីវ៉ាន់ សាស្ត្រាចារ្យផ្នែកកុលាលភាជន៍នៃមហាវិទ្យាល័យសហគមន៍ Middlesex Community Collegeនៅទីក្រុង Lowell រដ្ឋ Massachusetts ស.រ.អា.។
លោកយ៉ារី លីវ៉ាន់បានឲ្យដឹងថា កុលាលភាជន៍តាមរចនាបថខ្មែរ ដែលដុតក្នុងឡដុតអុសគ្មានផ្សែងនេះមានលក្ខណៈសម្បត្តិ និងលក្ខណៈពិសេសដោយឡែកៗពីគ្នា។
«ភាគច្រើននៅស.រ.អា.នេះ គេចូលចិត្តទិញរបស់ណាដែលកំពិត ឆែប ដូចថា ដូចវាប្លែកណា៎។ ដូចថា វាកំពិត វាអី ដោយអចេតនា គេចូលចិត្តទិញរបស់ហ្នឹង។ របស់ណាដែលស្អាតភ្លឹង ដែលខ្ញុំស្រឡាញ់ហ្នឹង ជួនកាលនៅជាមួយខ្ញុំមួយជីវិតហើយ អត់ទៅណាទេ។ មនុស្សយើងស្រឡាញ់ខុសគ្នា។ យើងថា មិនស្អាត គេថា ស្អាត»។
លោកបន្ថែមថា កុលាលភាជន៍របស់លោកមានព្រលឹងសិល្បៈ ជាវត្ថុតាំងលម្អ ដែលមានតម្លៃខ្ពស់សម្រាប់អតិថិជនអាមេរិកាំង គឺខុសពីគ្រឿងព័កសឺឡែន ដូចជាចាន ពែង ថូទឹក ឆ្នាំង ដែលផលិតជាលក្ខណៈឧស្សាហកម្ម ដុតក្នុងឡអគ្គីសនី ឬឡឧស្ម័ន និងមានរូបរាងដូចៗគ្នា ហើយដែលមិនមានលក្ខណៈសម្បត្តិសិល្បៈនោះទេ។
ឡដុតកុលាលភាជន៍នេះកើតចេញពីគំនិតផ្តួចផ្តើមរបស់លោកយ៉ារី ដោយមានការឧបត្ថម្ភរបស់មហាវិទ្យាល័យសហគមន៍ Middlesex Community College និងអាជ្ញាធរឧទ្យានក្រុង Lowell ដែលផ្តល់ដីសម្រាប់សាងសង់ឡនេះ។
អ្នកស្រី Margaret Rack ដែលជាសាស្ត្រាចារ្យសិល្បៈនៅមហាវិទ្យាល័យសហគមន៍Middlesex Community Collegeនៅទីក្រុង Lowell រដ្ឋ Massachusetts បានឲ្យដឹងថា លោកយ៉ារីគឺជា ស្នូលនៃបណ្តាញសហគមន៍ខ្មែរ ព្រោះអតីតកូនសិស្សរបស់លោកគាំទ្រតាមមើលលោកបណ្តាញសង្គម ទោះជាគេបានរៀនចប់ រៀបការមានកូនហើយក៏ដោយ។ មុខវិជ្ជារបស់លោកទាក់ទាញចំណាប់អារម្មណ៍ ហើយសិស្ស និងគ្រូបង្រៀន២៤នាក់បានទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា។
ចំពោះអ្នកស្រីផ្ទាល់ អ្នកស្រីនិយាយថា៖
«ចំពោះខ្ញុំ វាជាដំណើរជីវិតអស្ចារ្យមួយ ដែលបានស្គាល់គាត់ ហើយខ្ញុំបានយល់ដឹងច្រើនអំពីកម្ពុជា និងសហគមន៍ខ្មែរនិងសិល្បៈខ្មែរ។ តាមពិតទៅ បានស្គាល់គាត់គឺធ្វើឲ្យខ្ញុំចាប់អារម្មណ៍នឹងកម្ពុជាហើយបានទៅប្រទេសកម្ពុជា៣ដង។ វាធ្វើឲ្យជីវិតរបស់ខ្ញុំប្រសើរឡើងនិងបានសប្បាយច្រើន»។
អ្នកស្រី Margaret Rack ឲ្យដឹងថា អ្នកស្រីនិងលោកយ៉ារីបានសហការគ្នាធ្វើគម្រោងជាច្រើន ដែលភាគច្រើនបានជោគជ័យ រហូតដល់បានរង្វាន់ទៀតផង។
«កម្មវិធីទាំងនោះបានជោគជ័យ។ ជោគជ័យណាស់ ហើយកម្មវិធីយុវជនទទួលបានរង្វាន់អស្ចារ្យចំនួន២ ពេលយើងធ្វើការជាមួយគ្នា។ អីចឹងហើយបានជាយើងទៅរដ្ឋធានីវ៉ាស៊ីនតោនទទួលរង្វាន់ធំនៅឆ្នាំ២០០៥។ នោះជាកម្មវិធីល្អបំផុតក្នុងប្រទេស… ក្នុងស.រ.អា.ទាំងមូល។ ដូច្នេះយើងបានជោគជ័យខ្លាំងដោយសារតែគាត់ [លោក យ៉ារីៀ»។
ក្រៅពីរង្វាន់ដែលអ្នកស្រី Margaret បានលើកឡើង លោកយ៉ារីគឺជា ជ័យលាភីរង្វាន់ National Heritage Fellowship កាលពីឆ្នាំ២០១៥ ដែលជារង្វាន់ថ្នាក់ជាតិកម្រិតខ្ពស់ទទួលស្គាល់ស្នាដៃរបស់លោក។
លោកយ៉ារីបានធ្វើឲ្យរចនាបថកុលាលភាជន៍ខ្មែរដែលមានកំណើតតាំងពីសម័យអង្គរមកនោះ មានមុខមាត់ថ្មីតាមរយៈការសិក្សា ច្នៃប្រឌិតជាបន្តបន្ទាប់ក្នុងការដុតកុលាលភាជន៍នៅក្នុងឡនេះ។
អ្នកស្រី Nancy Selvage អតីតនាយកកម្មវិធីកុលាលភាជន៍នៅសាកលវិទ្យាល័យ Havard University ហើយបច្ចុប្បន្នជាសិល្បៈការិនីឯករាជ្យ បានរៀបរាប់អំពីចំណេះដឹង ការច្នៃប្រឌិត បទពិសោធន៍និងការសិក្សាមិនចេះចប់របស់លោកយ៉ារី ថ្វីបើលោកជាសាស្ត្រាចារ្យជើងចាស់ក៏ដោយ។ អ្នកស្រីពន្យល់ថា កុលាលភាជន៍ធ្វើពីដីឥដ្ឋខុសគ្នា ត្រូវមានបច្ចេកទេសនិងសីតុណ្ហភាពក្នុងការដុតខុសគ្នា។ ដូច្នេះ អ្នកជំនាញ ខាងកុលាលភាជន៍ដូចជា លោកយ៉ារីត្រូវតែរៀនសូត្របទពិសោធន៍ថ្មីពីកន្លែងមួយទៅកន្លែងមួយ ដូច្នេះលោកមានបទពិសោធន៍ច្រើន។
«ចា៎ បច្ចេកទេសក្នុងការឆ្លាក់របស់គាត់ពិសេសណាស់ ហើយគ្រប់ៗគ្នាចាប់អារម្មណ៍។ គ្រប់គ្នាចាប់អារម្មណ៍រៀនតាមបច្ចេកទេសរបស់គាត់ និងស្តាប់រឿងកម្សត់ រឿងលំបាករបស់គាត់ ហើយយើងក្លាយជាមិត្តភក្តិ»។
អ្នកស្រី Nancy ក៏បានពន្យល់អំពីផលប្រយោជន៍នៃឡរបស់លោកយ៉ារី ដែលគ្មានផ្សែងក្នុងការដុតកុលាលភាជន៍រចនាបថខ្មែរទាំងនេះ។
«មានប្រសិទ្ធភាពជាង ព្រោះមិនចាំបាច់ប្រើប្រេងឥន្ធនៈ ហើយមិនធ្វើឲ្យខូចខ្យល់អាកាស។ មនុស្សរស់ក្នុងក្រុងនេះមិនខកចិត្តទេ។ ខាងពន្លត់អគ្គីភ័យមិនមកដេញដោលថា "ហ្អេ ធ្វើអីផ្សែងហុយទ្រលោម?" និយាយរួមគឺមានប្រយោជន៍ច្រើន»។
អ្នកស្រី Maggie Holtzberg ជានាយិកាកម្មវិធីសិល្បៈប្រជាប្រិយ ដែលអមដំណើរលោកយ៉ារីមកធ្វើបទបង្ហាញអំពីកុលាលភាជន៍រចនាបថខ្មែរនៅវិចិត្រសាល Arthur M. Sackler Gallery របស់សារមន្ទីរ Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោកស្រីបានសរសើរស្នាដៃ និងឆន្ទៈរបស់លោក។
«ជាពិសេសក្នុងពេល៥ ទៅ១០ឆ្នាំកន្លងមកនេះ លោកយ៉ារី និងស្នាដៃសិល្បៈថ្មីរបស់គាត់គួបផ្សំនឹងប្រពៃណីវប្បធម៌ខ្មែរ បានលើកកម្ពស់មុខមាត់ខ្មែរនៅទីក្រុង Lowell»។
ក្រៅពីបង្រៀនអំពីកុលាលភាជន៍នៅក្នុងមហាវិទ្យាល័យនៅក្រុង Lowell លោកយ៉ារីមានវត្តមានជានិច្ចនៅក្នុងពិធីសំខាន់ៗនៅក្នុងរដ្ឋ Massachusttes ជាពិសេសនៅក្រុងLowell ដូចជា ពិធីបុណ្យប្រពៃណីវប្បធម៌ចម្រុះជាតិសាសន៍ប្រចាំឆ្នាំនៅក្រុង Lowell ដែលបានប្រារព្ធកាលពីចុងខែកក្កដា។ លោកក៏ចូលរួមពិធីសិល្បៈវប្បធម៌នានានៅក្រៅរដ្ឋMassachusttes ផងដែរ ជាក់ស្តែងការបង្ហាញរបៀបធ្វើកុលាលភាជន៍ដល់អ្នកចូលរួមនៅមជ្ឈមណ្ឌល The District Clay Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោនផងដែរ។
ជំនាញធ្វើកុលាលភាជន៍នេះបានសង្គ្រោះជីវិតលោកយ៉ារី លីវ៉ាន់ពីរបបខ្មែរក្រហម ព្រោះពួកកុម្មុយនិស្តអាវខ្មៅនេះបានទុកជីវិតបញ្ញាវន្តរូបនេះឲ្យធ្វើឡដុតក្បឿងសង់ផ្ទះឲ្យកម្មាភិបាលរបស់របបវាលពិឃាដនេះ៕