ក្រុមហ៊ុន Morningstar-DBRS បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃនៅតំបន់ទីក្រុង Los Angeles នៃភាគខាងត្បូងរដ្ឋ California អាចជាការបំផ្លិចបំផ្លាញខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្ររដ្ឋនេះ ដែលការប៉ាន់ប្រមាណបឋមថាបានឆេះបំផ្លាញផ្ទះសម្បែងដែលគិតជាទឹកប្រាក់ខាតបង់ជាង៨ពាន់លានដុល្លារ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Morningstar-DBRS បានដកស្រង់ពាក្យសម្តីរបស់មន្ត្រីពន្លត់អគ្គិភ័យក្រុង Los Angeles ថា ភ្លើងឆេះព្រៃបានបំផ្លាញផ្ទះសម្បែងជាង១១០០ខ្នងនិងបានគំរាមកំហែងដល់អគារជាង២៨០០០កន្លែង។ អង្គការនេះដែលតាមដាននិងវាយតម្លៃពីហានិភ័យបានថ្លែងថា ខ្លួនរំពឹងថាភ្លើងឆេះព្រៃមានផលប៉ះពាល់អាក្រក់ ប៉ុន្តែអាចគ្រប់គ្រងបានសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងអចលនទ្រព្យរដ្ឋ California។
មន្ទីរគ្រប់គ្រងព្រៃឈើនិងការពារភ្លើងឆេះរបស់រដ្ឋ California បានលើកឡើងក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ភ្លើងឆេះដែលកំពុងកើតឡើងចំនួន៥កន្លែងនៅតំបន់ទីក្រុង Los Angeles រហូតមកដល់ពេលនេះបានបំផ្លិចបំផ្លាញដីជិត១១០០០ហិកតាទៅហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ សេតវិមានបានថ្លែងថា លោកប្រធានាធិបតី Joe Biden ត្រូវបានជម្រាបឲ្យដឹងអំពីផលប៉ះពាល់នៃភ្លើងឆេះព្រៃចុងក្រោយនេះ។ ក្រោយពិធីបុណ្យសពរបស់លោកអតីតប្រធានាធិបតី Jimmy Carter លោក Biden នឹងកោះហៅមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោកឱ្យធ្វើបទបង្ហាញអំពីការឆ្លើយតបរបស់រដ្ឋាភិបាលសហព័ន្ធទៅលើភ្លើងឆេះព្រៃទាំងនេះ។
លោក Biden បានយល់ព្រមប្រកាសអាសន្នសហព័ន្ធសម្រាប់រដ្ឋ California ដើម្បីបញ្ចេញថវិកានិងធនធានសហព័ន្ធដើម្បីជួយប្រយុទ្ធនឹងគ្រោះភ្លើងឆេះព្រៃទាំងនេះ។
សេតវិមានបានថ្លែងកាលពីល្ងាចថ្ងៃពុធថា លោក Biden បានលុបចោលការធ្វើដំណើរដែលបានគ្រោងទុកទៅកាន់អ៊ីតាលី ដើម្បីអាចឱ្យលោក «បន្តផ្តោតលើការដឹកនាំការឆ្លើយតបរបស់សហព័ន្ធឱ្យបានពេញលេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខ»៕
វេទិកាបញ្ចេញមតិ