កុលាលភាជន៍រចនាបថខ្មែរដុតក្នុងឡដុតអុសគ្មានផ្សែងមានពណ៌ប្លែកៗគ្នា និងពេញនិយម
កុលាលភាជន៍រចនាបថខ្មែរមានលក្ខណៈធម្មជាតិ ហើយវាមិនត្រឹមតែបានទាក់ទាញចំណាប់អារម្មណ៍របស់និស្សិតអាមេរិកាំងដើមកំណើតខ្មែរប៉ុណ្ណោះទេ តែថែមទាំងទាក់ទាញចំណាប់អារម្មណ៍សាស្ត្រាចារ្យអាមេរិកាំងខាងកុលាភាជន៍ផងដែរ ព្រោះពួកគេអាចសិក្សាអំពីលទ្ធផលខុសៗគ្នានៃការដុតកុលាលភាជន៍ក្នុងឡដុតអុសគ្មានផ្សែង។ កុលាលភាជន៍រចនាបថខ្មែរទាំងនេះមានសណ្ឋាននិងពណ៌សម្បុរខុសគ្នា ហើយវាទាក់ទាញភ្នែក ព្រោះវាជាលទ្ធផលនៃការសិក្សា និងបទពិសោធន៍ដុតកុលាលភាជន៍ក្នុងឡដុតអុសគ្មានផ្សែងដែលជាស្នាដៃរបស់លោកយ៉ារី លីវ៉ាន់ សាស្ត្រាចារ្យផ្នែកកុលាលភាជន៍នៃមហាវិទ្យាល័យសហគមន៍ Middlesex Community Collegeនៅទីក្រុង Lowell រដ្ឋ Massachusetts ស.រ.អា.។ លោក ពិន ស៊ីសុវណ្ណ នៃ VOA រាយការណ៍ពីទីក្រុងឡូវែល រដ្ឋម៉ាសាជូសេត៕