តុលាការកំពូលរដ្ឋញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍បានបដិសេធការរាំងខ្ទប់ការផ្ដន្ទាទោសលោក Trump ក្នុងសំណុំរឿងបង់លុយបំបិទមាត់ ដែលធ្វើឲ្យប្រធានាធិបតីជាប់ឆ្នោតរូបនេះ ទំនងជាប្រើជម្រើសចុងក្រោយ គឺតុលាការកំពូលសហរដ្ឋអាមេរិក ដើម្បីរារាំងសវនាការ កុំឲ្យធ្វើឡើងបាននៅថ្ងៃសុក្រនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន AP។
ចៅក្រមម្នាក់នៃសាលាឧទ្ធរណ៍រដ្ឋញូវយ៉កបានចេញបទបញ្ជាខ្លីមួយ ដោយបដិសេធសវនាការដែលស្នើឡើងដោយក្រុមមេធាវីការពារក្ដីឲ្យលោក Trump។
លោក Trump បានស្នើតុលាការកំពូលរដ្ឋញូវយ៉កឲ្យលុបចោលការផ្ដន្ទាទោសនៅថ្ងៃសុក្រនេះ។ ក្រុមមេធាវីរបស់លោក បានងាកទៅរកតុលាការកំពូលរបស់ប្រទេសវិញកាលពីថ្ងៃពុធ ក្រោយពីតុលាការគ្រប់ជាន់ថ្នាក់នៃរដ្ឋញូវយ៉ក បានបដិសេធ ការលើកពេលនៃការផ្ដន្ទាទោសដោយចៅក្រមលោក Juan M. Merchan ដែលធ្វើជាចៅក្រមជំនុំជម្រះក្នុងសវនាការនិងការកាត់ទោសលោក Trump កាលពីខែឧសភាឆ្នាំមុន ពីបទឧក្រិដ្ឋ៣៤ករណីនៃការក្លែងបន្លំកំណត់ត្រាជំនួញរបស់លោកTrump ។
លោក Trump បដិសេធថាលោកមិនបានធ្វើអ្វីខុសទេ។
ក្នុងឯកសារ មួយដាក់ជូនតុលាការកំពូលរដ្ឋញូវយ៉ក ក្រុមមេធាវីរបស់លោក Trump និយាយថាលោកចៅក្រម Merchanនិងសាលាឧទ្ធរណ៍ ដែលជាតុលាការថ្នាក់កណ្ដាលរបស់រដ្ឋនេះ សុទ្ធតែ«ខកខានដោយខុសឆ្គង»ក្នុងការបញ្ឈប់ការផ្ដន្ទាទោស ដោយវែកញែកហេតុផលថារដ្ឋធម្មនុញ្ញតម្រូវឲ្យផ្អាកជាស្វ័យប្រវត្តិពេលក្រុមមេធាវី ប្ដឹងទាស់ការសម្រេចរបស់ចៅក្រម ដែលតម្កល់សាលក្រម។
ខណៈ ដែលលោកចៅក្រម Merchan បានផ្ដល់សញ្ញាថាលោកនឹងមិនដាក់ទោសជាប់ពន្ធនាគារ ឬពិន័យឬព្យួរទោសដោយមានលក្ខខណ្ឌក៏ដោយ ក្រុមមេធាវីរបស់លោក Trump បានវែកញែកហេតុផលថាការកាត់ទោសពីបទឧក្រិដ្ឋនៅតែជះឥទ្ធិពលមិនអាចទទួលយកបាន រួមទាំងការធ្វើឲ្យលោក Trump បែកអារម្មណ៍ពេលលោកកំពុងត្រៀមខ្លួនឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកម្ដងទៀត៕
វេទិកាបញ្ចេញមតិ